ឈូក បណ្ឌិត​​​អាច​មាន​​​វាសនា​​ដូច​​សុខ ប៊ុន ឬទេក្រោយ​មាន​​​​​​​ការអន្តរាគមន៍​​​ពី​រដ្ឋាភិបាល​​​ដូចគ្នា​​?​​​

29-07-2015 6:44 pm 1073

​បន្ទាប់​ពី​អគ្គលេខាធិការដ្ឋាន នគរបាល​អន្តរជាតិ បាន​ចេញ​និវេទ​ក្រហម​ឲ្យ​ប្រទេសជាង​១៩០​លើ​ពិភពលោក តាម​ចាប់ខ្លួន​ទណ្ឌិត ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត យក​មក​ផ្តន្ទាទោស បាន​ធ្វើឲ្យ​កម្មការិនី​ដែល​ជា​ជនរងគ្រោះ មាន​ភាពកក់ក្តៅ និង​សប្បាយ​ចិត្ត ដោយ​រំពឹងថា នឹង​ទទួលបាន​យុត្តិធម៌​ដ៏​ពិតប្រាកដ​មួយ ពី​ជន​ដៃដល់​រូបនេះ​។ ទន្ទឹម​នឹង​ការ​សាទរ​ពី​សា​ម៉ី​ខ្លួន ដែល​ជា​ជនរងគ្រោះ លោក​កែម ឡី ដែលជា​អ្នក​តាមដាន​ស្ថានការណ៍​សង្គម ក៏​បាន​បង្ហាញ​ពី​ការពេញចិត្ត​ផងដែរ ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​នេះ​។​លោក​ថា ការចាត់វិធានការ របស់​មន្ត្រី​នរគ​បាល​ឬ កងរាជអាវុធហត្ថ ក្នុង​ការ​តាម​ចាប់​ជន​ដែល​ប្រព្រឹត្ត​បទល្មើស គឺជា​ការចូលរួម​ចំណែក​ផ្តល់​នូវ​យុត្តិធម៌​សង្គម ពិសេស​ដល់​ជនរងគ្រោះ​នានា​។ ម្យ៉ាង​វិញ​ក៏​ជា​ការ ផ្តល់​កិត្តិយស​ដល់​រដ្ឋាភិបាល​ផងដែរ​។​

សម្លេង​លោក​កែម ឡី​

 

​លោក​កែម ឡី បន្តថា បើទោះបីជា ការចាត់វិធានការ​នេះ មាន​លក្ខណៈ​យឺត​ក៏ដោយ ក៏​ប៉ុន្តែ​លោក​គិតថា វិធានការ​នេះ​អាច ជា​វិធានការ​ពិតប្រាកដ​មួយ ហើយ​អាច​នឹង​ចាប់ខ្លួន​លោក​ឈូក បណ្ឌិត បាន​ក្នុង​ពេល​ឆាប់ៗ ព្រោះ​ការ​អោបក្រសោប​បុគ្គល​ម្នាក់ ដែល​ធ្វើឲ្យ​ប្រព័ន្ធ​យុត្តិធម៌ មាន​ភាពកម្សោយ នោះ​រដ្ឋាភិបាល​មិន​អាច​ធ្វើ​ឡើយ​។​

​សម្លេង​លោក​កែម ឡី​​

បើ​តាម​លោក​គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ បាន​បញ្ជាក់​ហើយ​ថា រយៈពេល​កន្លងមកនេះ ករណី​ពិរុទ្ធជន​ឈូក បណ្ឌិត គឺជា​ករណី​មួយ​ដែល​តុលាការ​បាន​ជំនុំជម្រះ​សម្រេច​ទោស​រួចហើយ​។ លោក​ថា សមត្ថកិច្ច​បាន​ខិតខំ​ប្រឹងប្រែង​ណាស់​កន្លងមក មិន​បាន​បន្ធូរដៃ​នោះទេ ហើយ​រយៈពេល​កន្លងមក សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន​ថា លាក់ខ្លួន​នៅ​កន្លែង​នេះ នៅ​កន្លែង​នោះ ប៉ុន្តែ​រក​ទៅ​ចេះ​តែ​ឃ្វាង និង​គេចផុត តែ​ទោះជា​យ៉ាងណា និង​មិន​មាន​ការ​បន្ធូរដៃ ក្នុង​ការ​តាម​ចាប់​លោក​ឈូក បណ្ឌិត នោះទេ​។​

 

​អគ្គស្នងការ​រង​នគរបាល​ជាតិ​រូបនេះ បាន​អះអាង​បន្ថែមថា ចំពោះ​ករណី​នេះ ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន នគរបាល​អន្តរជាតិ នឹង​បន្ត​ខិតខំ​ស្រាវជ្រាវ​ចាប់​ពិរុទ្ធជន ឈូក បណ្ឌិត យក​មក​ផ្តន្ទាទោស​ឲ្យបាន ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​កម្មការិនី​រងគ្រោះ​។

 

​ដោយឡែក​សម្រាប់​កញ្ញា​កែវ នា កម្មការិនី​រង​គ្រោះ​ក្នុង​អំពើ​បាញ់ប្រហារ​ពី​សំណាក់​ទណ្ឌិត ឈូក បណ្ឌិត បាន​បង្ហាញ​ពី​ក្តីរំភើប​ប្រាប់​ដល់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​ទី​២៩ កក្កដា​នេះ​ថា រូបនាង រួម​នឹង​កម្មការិនី​រងគ្រោះ​២​នាក់​ផ្សេង​ទៀត មាន​សេចក្តីត្រេកអរ​យ៉ាងខ្លាំង ដែល​រដ្ឋាភិបាល​បាន​អន្តរាគមន៍​ស្វែងរក​យុត្តិធម៌​ជូន​ពួកនាង ហើយ​សង្ឃឹមថា សមត្ថកិច្ច​នឹង​ចាប់​ខ្លួន​លោក​ឈូក បណ្ឌិត បាន​ក្នុង​ពេល​ឆាប់ៗ​។​

​សម្លេង​លោក​កញ្ញា​កែវ នា​

 

​លោក​អំ សំអាត មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​បាន​លើកឡើង​ថា ការចាត់វិធានការ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ គឺ​ដោយសារតែ​មាន​ការតវ៉ា និង​រិះគន់​ច្រើន​ពី​សំណាក់​មហាជន ដោយ​ប្រៀបធៀប​រឿង​វា​យក​ញ្ញា​សាសា ពី​លោក​សុខ ប៊ុន និង​ការបា​ញ់ក​ម្មការ​នី​៣​នាក់ របស់​លោក​ឈូក បណ្ឌិត​។​

សម្លេងលោកអំ សំអាត

 

​តែ​យ៉ាងណាក៏ដោយ ការដាក់ចេញ​នូវ​វិធានការ តាម​ចាប់ខ្លួន​លោក​ឈូក បណ្ឌិត​នេះ ធ្វើឡើង តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​កម្មការិនី​រងគ្រោះ​ទាំង​៣​នាក់ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​មន្ទីរ​រដ្ឋសភា និង​រដ្ឋាភិបាល ដើម្បី​ស្នើសុំ​ការអន្តរាគមន៍​។​

 

​គួររម្លឹកថា លោក​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត បាន​ទាញ​កាំភ្លើង​បាញ់ប្រហារ លើ​កម្មការិនី​៣​នាក់ បណ្តាលឲ្យ​រងរបួស​ជា​ទម្ងន់ ក្នុងអំឡុងពេល ផ្ទុះ​កូដកម្ម​តវ៉ា នៅ​រោងចក្រ​កាត់ដេរ​កៅ​វ៉េ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បាវិត កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១២​។ ក្រោយមក​នៅ​ថ្ងៃ​ទី​២៦ ធ្នូ ឆ្នាំ​២០១៤ តុលាការ​កំពូល បានសម្រេច​តម្កល់​សាលដីកា របស់​សាលាឧទ្ទរណ៍ ទុកជាបានការ​ដដែល និង​បាន​ផ្តន្ទាទោស​ទណ្ទិត ឈូក បណ្ឌិត ឲ្យ​ជាប់​ពន្ធនាគារ រយៈពេល ១​ឆ្នាំ​៦​ខែ គិត​ចាប់ពី​ថ្ងៃ​ចាប់ខ្លួន និង​បង្គាប់​ឲ្យ​សង​ប្រាក់ ជំងឺ​ចិត្ត ចំនួន​សរុប​៣៨​លាន​រៀល ទៅ​ជនរងគ្រោះ​ចំនួន​៣​រូប នៅ​ក្នុង​រឿងក្តី​នេះ​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត