ចិន​ធ្វើ​សមយុទ្ធ​បាញ់​​គ្រាប់​ពិត​​នៅ​សមុទ្រ​ចិន​ខាងត្បូង​​មិន​ខ្វល់ពី​ភ្នែក​​អ្នកដទៃ​​

29-07-2015 12:11 pm 2321
កងទ័ពជើងទឹកចិន

មិន​ខ្វល់​ពី​ន​ណារ​ឡើយ ចិន​បាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ស្ថិតនៅ​តំបន់​ដែល​មាន​ជម្លោះ​ជាមួយ ហ្វីលីពីន ព្រុយ​ណេ តៃវ៉ាន់ ម៉ាឡេស៊ី​និង​វៀតណាម​។ ការធ្វើ​សមយុទ្ធ​នេះ មាន​ការចូលរួម​ពី​កងទ័ពជើងទឹក​ចិន​១០០​នាក់ និង​មានកងទ័ព​ចិន​ជាច្រើន​នាក់​ទៀត មានតួនាទី​បាញ់​មី​ស៊ី​ល និង​បាញ់កាំភ្លើង​ធំ។ នេះ​បើ​តាម​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨​កក្កដា​នេះ​។ ការធ្វើ​សមយុទ្ធ​នេះ ចិន​បាន​អះអាង​ថា​ធ្វើ​ឡើង​នៅ​ដែនសមុទ្រ​របស់ខ្លួន​ប៉ុណ្ណោះ ហើយ​មិន​រំលោភ​លើ​ដែនសមុទ្រ​អន្តរជាតិ​ណា​ឡើយ​។ តែ​យ៉ាងណាក្ដី នៅ​មិនទាន់មាន​ប្រទេស​ពាក់ព័ន្ធ​ប្រតិកម្ម​នៅឡើយ​។ តែ​ហ្វីលីពីន​បានបញ្ជាក់​ថា ខ្លួន​នឹង​ពង្រីក​ថវិការ​២៥%​បន្ថែម​ទៀត​នៅ​ឆ្នាំក្រោយ ដើម្បី​ទាមទារ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​


​ជា​ការកត់សម្គាល់ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​ពង្រីក​កងទ័ពជើងទឹក​ជាច្រើន​នាក់ ហើយ​បាន​ពង្រីក​កង​នាវាមុជទឹក​ជាច្រើន​នាក់​ទៀត​ដែរ​។ បច្ចុប្បន្ន​ចិន​បាន​សាងសង់​កោះ​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាងត្បូង ទោះបីជា​មាន​ការប្រឆាំង​ពី​អន្តរជាតិ​ក៏​ដោយ​។ ចិន​បាន​និយាយ​ហើយ​ថា ខ្លួន​មិន​បោះបង់​ការទាមទារ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ ព្រោះនេះ​ជា​កម្មសិទ្ធិ​ខ្លួន តាំងពី​យូរណាស់​ហើយ​ពោល​​តាំងពី​មុន​កើតសង្គ្រាម​មកម្ល៉េះ​។ ម្យ៉ាងទៀត បើ​តាម​ផែនទី​របស់​ខ្លូន នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​របស់​ខ្លួន ដូច្នេះ​ប្រទេស​ជិតខាង​មិន​អាច​ទាមទារ​បាន​ឡើយ​។


​ទាក់ទង​នឹង​បញ្ហា​នេះ កាលពី​សប្ដាហ៍​មុន ជប៉ុន​បាន​រិះគន់​ការដេញថ្លៃ​របស់​ចិន ក្នុង​ការទាមទារ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង យកមក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។ ការរិះគន់​របស់​រដ្ឋាភិបាល​ជប៉ុន ធ្វើឡើង​ចំ​ពេល​ដែល​លោក​អាបេ​ពង្រីក​តួនាទី​យោធា​របស់​ខ្លួន​។​


​គួរបញ្ជាក់​ថា នៅ​សមុទ្រ​ចិន​ខាងត្បូង​ចិន​មាន​ជម្លោះ​ដ៏​រុំារៃជា​មួយ ហ្វីលីពីន ព្រុយ​ណេ តៃវ៉ាន់ ម៉ាឡេស៊ីនិង​វៀតណាម​។ នៅ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ឡើង​កំដៅ​ម្ដងទៀត ចាប់តាំងពី​អាមេរិក​និង​ជប៉ុន​ជំរុញ​ឱ្យ​ចិន​បញ្ឈប់​ការទាមទារ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ចិន​ធ្លាប់​បាន​បញ្ជាក់​ម្ដង​ហើយ ម្ដងទៀត​ថា ៩០​ភាគរយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​កម្មសិទ្ធិ​ខ្លួន​៕(​ដោយ​៖​លាង ធីតា​)

 

ព័ត៌មានផ្សេងទៀត