លោក​ផៃ ស៊ីផា​ន​​៖​ផែនទី​ពី​​UN​​ទោះ​​មិន​​គ្រប់​គ្រាន់​​តែ​​ជា​​ព័ត៌មាន​​សំខាន់​​សម្រាប់​​កម្ពុជា​

28-07-2015 6:22 pm 2268

​កាលពី​ពេល​ថ្មីៗ​នេះ លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន​កម្ពុជា​បញ្ជាក់ថា ផែនទី​១៨​ផ្ទាំង ដែល​អង្គការសហប្រជាជាតិ​ប្រគល់​ឱ្យ​មក​កម្ពុជា​មិនមែន​ជា​ផែនទី ដែល​សម្តេច​ព្រះ​នរោត្តម​សីហនុ យក​ទៅ​តម្កល់​ទុក​នៅ​អង្គការសហប្រជាជាតិ ដើម្បី​ឱ្យ​អន្តរជាតិ ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន​ទេ​។ វា​ជា​ផែនទី​ដែល​ខ្មែរ​ដាក់​ប្តឹងទៅ​អង្គការសហប្រជាជាតិ​ប្រឆាំង នឹង​ការទម្លាក​គ្រាប់បែក​របស់​អាមេរិក​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ១៩៦៤​។​

 

​ កាល​ពី​ប៉ុន្មនា​ថ្ងៃមុន​នេះ លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​អះអាង កម្ពុជា​នឹង​ទទួល​ផែនទីបោន​ខ្នាត​១/១០០.០០០ ពី​អង្គការ​សហប្រជាជាតិ តាម​ការស្នើសុំ ក្នុង​ពេល​ឆាប់ៗ​នេះ​។ ការអះអាង​របស់​លោក​ផៃ ស៊ីផា​ន ធ្វើឡើង ដោយ​យោង​ទៅ​តាម​ប្រសាសន៍​លើកឡើង ដោយ​ផ្ទាល់​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​២៤ កក្កដា​នេះ​។ លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ ដោយ​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​នានា ត្រៀម​ចាំ​ទទួលយក​ផែនទី​ខ្មែរ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​ដែល​អង្គការសហប្រជាជាតិ បាន​ជូនដំណឹង​ថា បាន​រក​ឃើញ​ផែនទី​ចំនួន​១៨​ផ្ទាំង​ហើយ​។ តើ​ក្រោយ​ពី​កម្ពុជា​ទទួលបាន​ផែនទី​ពី​UN រដ្ឋាភិបាល​អាច​នឹង​ដោះស្រាយ​បញ្ហា​នៅ​ព្រំដែន​បាន​ដែរឬទេ​?
​ប៉ុន្តែ​ រហូត​មកដល់ពេលនេះ ផែនទីបោន​ខ្នាត​១/១០០.០០០ ពី​អង្គការ​សហប្រជាជាតិ​នៅ​មិនទាន់​មកដល់​កម្ពុជា​នៅឡើយ​ទេ​។​នេះ​បើ​តាម​ ការលើកឡើង​ពី​លោក​ផៃ ស៊ីផា​ន​អ្នកនាំពាក្យ​ព័ត៌មាន​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​សំឡេង លោក​ផៃ ស៊ីផា​ន​

 

​ លោក​ផៃ ស៊ីផា​ន​អ្នកនាំពាក្យ​ព័ត៌មាន​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បានឲ្យដឹងថា អង្គការសហប្រជាជាតិ​បាន​រកឃើញ​ផែនទី​កម្ពុជា​១៨​ផ្ទាំង​ក្នុងចំនោម​២៦​ ផ្ទាំង ហើយ​ថា​នឹង​ផ្ញើ​ជូន​មក​ឲ្យ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​។​ផែនទី​១៨​ផ្ទាំង ក្នុងចំនោម​២៦​ផ្ទាំង ទោះបីជា​មិន​គ្រប់គ្រាន់​តែ​វា​ជា​ព័ត៌មាន​ដ៏​សំខាន់​បំផុត​សម្រាប់​កម្ពុជា បង្ហាញ​ឲ្យ​សាធារណៈ ជន​បានដឹង​។​ក្រៅពី​នេះ​កម្ពុជា នឹង​ព្យាយាម​ប្រមូល​ព័ត៌មាន និង​ឯកសារ​ជាច្រើន​ទៀត ពី​ផៃ​នទី​របស់​កម្ពុជា​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន​។​នេះ​គឺជា​ ការលើកឡើង​របស់​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ព័ត៌មាន​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ប្រាប់​វិទ្យុ​ វាយោ​នៅ​ថ្ងៃ​ទី​២៨​កក្កដា​នេះ​។​

សំឡេង លោក​ផៃ ស៊ីផា​ន​​

 

​ សម្រាប់​លោក​យង់ ពៅ​សាស្ត្រាចារ្យ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ជា​លេខាធិការ​អចិន្ត្រយ៍​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ និង​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​សិក្សា​ស្រាវជ្រាវ​បញ្ហា​ព្រំដែន បាន​ប្រាប់​វិទ្យុ​វាយោ​ថា ទោះបីជា​ផែនទី​ពី​អង្គការ​សហប្រជាជាតិ ផ្ញើ​មក​កម្ពុជា មិន​គ្រប់គ្រាន់​សម្រាប់​កម្ពុជា តែ​កម្ពុជា នៅ​មាន​ជំរើស​ស្នើ​ពី​ប្រទេស​បារាំង​។​លោក យង់ ពៅ​ជឿជាក់ថា ប្រទេស​បារាំង​នឹង​មាន​ផែនទី​ដែល​កម្ពុជា​ត្រូវការ​។​

​សំឡេង លោក​យង់ ពៅ​​

លោក ​យង់ ពៅ​សាស្ត្រាចារ្យ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ មិន​ចង់​ឃើញ​កម្ពុជា​ពឹងពាក់​បរទេស​មក​ជួយ​បញ្ហា​ផ្ទៃក្នុង​ឡើយ ពីព្រោះ​វា​អាច​ធ្វើឲ្យ​កម្ពុជា​បាត់បង់​ទឹកដី និង​ខាត​ប្រយោជន៍​ជារួម​។​សម្រាប់​លោក​យង់ ពៅ ទោះបី​អង្គការសហប្រជាជាតិ​មិន​អាច​ជួយ​រឿង​ផែនទី​ដល់​កម្ពុជា​បាន តែ​កម្ពុជា អាច​ដោះស្រាយ​បញ្ហា ដោយ​ប្រើ​វប្បធម៌​សន្ទនា​មក​ដោះស្រាយ​។​យ៉ាងណា លោក​ជឿជាក់​ថា រាល់​បញ្ហា នឹង​មាន​ដំណោះស្រាយ​។​

​សំឡេង លោក​យង់ ពៅ​​

កាលពី ​ពេល​ថ្មីៗ​នេះ លោក​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លិខិត​ស្នើ​សុំ​ផែនទី​ពី​ប្រទេស​មហាអំណាច​ពិភពលោក មាន​អាមេរិក បារាំង និង​អង់គ្លេស ជាដើម ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន បាន​អះអាង​ថា ប្រសិនបើ​រដ្ឋាភិបាលរ​បស់​លោក​ទទួលបាន​ផែនទី​ពី​ប្រទេស​ទាំងនោះ លោក​នឹង​បើក​ឲ្យ​បក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ពិនិត្យ​ផ្ទៀងផ្ទាត់​ទាំងអស់​គ្នា​ជាមួយ​ ផែនទី​រដ្ឋាភិបាល​បច្ចុប្បន្ន​។ លោកនាយក​រដ្ឋមន្ត្រី បន្ថែមទៀតថា ការបើក​ឲ្យ​ពិនិត្យ​រួម​គ្នា ដើម្បី​ស្វែងរក​ការពិត និង​ជម្រះ​មន្ទិល​ដែល​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ចោទប្រកាន់​ រដ្ឋាភិបាល​កម្ពុជា​ថា​បាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​នា​ពេលកន្លងមក​។ លោកនាយក​រដ្ឋមន្ត្រី មាន​សុទិដ្ឋិនិយម​ថា អាមេរិក និង​បារាំង ច្បាស់​ជា​មាន​ផែនទី​របស់​កម្ពុជា ខ្នាត ១/១០០.០០០ មិន​ខាន ហើយ​អង់គ្លេស​អាច​នឹង​មាន​ផែនទី​នេះ​ផង​ដែរ​។  ក្រៅ​ពី​យក​ផែនទី​មក​ផ្ទៀតផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល​បច្ចុប្បន្ន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​អះអាងថា ការស្នើ​សុំ​ផែនទី​នេះ ក៏​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ផង​ដែរ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ដូច្នេះ​ថា «​សំខាន់​យើង​ធ្វើឲ្យ​មាន​ការឯកភាព​ផ្ទៃក្នុង​សិន ចាំ​ដោះស្រាយ​ជាមួយ​គេ​ទៀត​»​។​ទាក់ទង​នឹង​ផែនទី ដែល​រដ្ឋាភិបាល​ស្នើសុំ​ខ្ចី​ពី​អង្គការ​សហប្រជាជាតិ​នោះ លោក ហ៊ុន សែន បញ្ជាក់ថា ខាង​ភាគី​អង្គការ​កំពូល​នេះ មិន​ទាន់​រកឃើញ​ផែនទី​នោះ​ឡើយ​៕

ព័ត៌មានផ្សេងទៀត