ទិដ្ឋភាព​​ច្បាប់ និង​នយោបាយ​​កំពុង​​លូ​កឡំ​​ក្នុង​ករណី​​ចាប់​ខ្លួន​​សកម្មជន​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​

27-07-2015 5:34 pm 961

​បើទោះបីជា​មាន​ការបកស្រាយ​ពី​សំណាក់​រដ្ឋាភិបាល​ថា រាល់​ការចាប់ខ្លួន​រឺ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​សុទ្ធសឹង​ជា​និតិ​វិធី​របស់​តុលាការ ដែល​រដ្ឋាភិបាល​គ្មាន​សិទ្ធ​លូកដៃ រឺ​អាច​ជ្រៀត​​​ជ្រែក​បាន​ក៏​ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​មាន​សង្ឃឹមថា សកម្មជន​របស់​ខ្លួន នឹង​មាន​ការដោះលែង​ដោយ សំអាង​នូវ​ហេតុផល​ចំនួន​៣ ចំណុច​។  ជា​បន្ត​សូម​ស្តាប់​គួន សំបូរ​ដូចតទៅ​៖

 

​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​តែ​បង្ហាញ​នូវ​ក្តីសង្ឃឹម​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​រូប​នឹង​អាច​នៅ​ក្រៅ​ឃុំ​បាន ក្រោម​ហេតុផល​ចំនួន​៣​។ ការ​ថ្លែង​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើឡើង​ក្រោយ​ពី សួរសុខទុក្ខ​សកម្មជន​ទាំង​១១​រូប នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ព្រឹក​នេះ​។​

 

​លោក​កឹម សុខា បាន​បញ្ជាក់​ប្រាប់​សកម្ម​ជន​របស់​ខ្លួន​ថា កុំ​អស់សង្ឃឹម ព្រោះ​នៅ​តែ​អាច​មាន​ច្រក​ដើម្បី​ឲ្យមាន​ការដោះលែង​។ ហេតុផល​ចំនួន​៣ ដែល​លោក​កឹម សុខា លើកឡើង​នោះ​រួម​មាន​គឺ​៖ ទី​១ ប្ដឹង​ទៅ​ឧទ្ធរណ៍​ដោយសារ​ការកាត់ទោស​ខុស​នីតិវិធី ព្រោះ​មិន​មាន​មេធាវី ដូច្នេះ​អាច​ដោះ​លែង​បាន​ដោយ​សាលាឧទ្ធរណ៍​តាម​ផ្លូវច្បាប់ ទី​២ អាច​ដោះលែង​តាមរយៈ​កិច្ចព្រមព្រៀង​ថ្ងៃទី​២២ កក្កដា ២០១៤ រវាង​គណបក្ស​នយោបាយ​ទាំងពីរ ដែល​ធ្លាប់​ដោះលែង​ម្ដង​ហើយ ទី​៣ តាមរយៈ​វប្បធម៌​សន្ទនា​។ លោក​កឹម សុខា​បាន​ផ្តាំ​ទៅ​សកម្មជន​ទាំង​១១​រូប​ថា សូម​កុំ​អស់សង្ឃឹម អ្នក​ទាំងអស់​គ្នា​មិន​នៅ​ឯកោរ​ទេ​។​

​សំឡេង​៖

 

​បន្ថែម​ពី​នេះ​លោក​កឹម សុខា បានបញ្ជាក់​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់​មាន​សុខភាព​ធម្មតា​មិន​មាន​បញ្ហា​អ្វី​នោញ​ទេ ក្នុង​ការរស់នៅ​ពន្ធនាគារ ចំពោះ​ឧត្តមគតិ​សកម្មជន​ទាំងនោះ​នៅតែ​រឹងមាំ​ដដែល មិន​តក់ស្លុត​ឡើយ និង​បាន​សំណូមពរ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ពង្រឹង​នូវ​ការតស៊ូ​តទៅទៀត ដើម្បី​សម្រេច​គោលដៅ ជួយ​ជាតិ ជួយ​ប្រជាពលរដ្ឋ ដោយ​កុំ​យក​រឿង​ចាប់​ខ្លួន​ទៅ​ដោះដូរ​នយោបាយ​។​

 

​យ៉ាងណា​ក៏ដោយ​នៅ​ក្នុង​ចំណោម​បី​ចំណុច​ដែល​លោក​កឹម សុខា​បាន​លើកឡើង ២​ចំណុច​ចុងក្រោយ​ត្រូវបាន​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២២ កក្កដា ២០១៤ រវាង​គណបក្ស​នយោបាយ​ទាំងពីរ និង​វប្បធម៌​សន្ទនា​មិន​គ្របដណ្តប់​ទៅលើ​ផ្លូវច្បាប់​ទេ​។​

​សំឡេង​៖

 

​លោក​សុខ ឥសាន ថា ការចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ដាក់​គំនាប​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ រាល់​ការចាប់ខ្លួន​រឺ​ដោះលែង គឺ​សុទ្ធសឹង​ជា​និតិ​វិធី​របស់​តុលាការ ដែល​រដ្ឋាភិបាល​គ្មាន​សិទ្ធ​លូកដៃ រឺ​អាច​ជ្រៀតជ្រែក​បានឡើយ​។​

 

តាម​ខ្លឹមសារ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​២២​ខែកក្កដា របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើង​ថា គណបក្ស​ប្រជាជន​គោរព​គោលការណ៍ បែងចែក​អំណាច​ដាច់ពីគ្នា រវាង​អំណាចនីតិបញ្ញត្តិ និង​អំណាច​នីតិប្រតិបត្តិ ស្រប​តាម​រដ្ឋធម្មនុញ្ញ ហើយ​ក៏​ស្របគ្នា​នឹង​ប្រការ​៤ នៃ​កិច្ចព្រមព្រៀង ស្តី​ពី​ដំណោះស្រាយ​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​២២​កក្កដា ឆ្នាំ​២០១៤​។​

 

​ចំណុច​នេះ​គឺជា​អ្វី​ដែល​គណបក្ស​ប្រជាជន​ចង់បង្ហាញ​ថា ខ្លួន​គ្មាន​សិទ្ធ​លើ​ការសម្រេច រឺ​ជ្រៀតជ្រែក ការងារ​របស់​តុលាការ​ទេ​។ ក៏ប៉ុន្តែ​ការបកស្រាយ រឺ​ឆ្លើយតប​របស់​គណបក្ស​ប្រជាជន នៅតែ​មិន​អាច​បញ្ចប់​ការរិះគន់​ថា រដ្ឋាភិបាល​ជា​អ្នក​នៅ​ក្រោយ នៃ​ការចាប់ខ្លួន​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់​។​

 

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១​ខែកក្កដា  សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច ផ្ដន្ទាទោស​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ ១១​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ​ពី​បទ​ដឹកនាំ​និង​ចូលរួម​ក្នុង​ចលនា កុប្បកម្ម​នាំឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា​ឆ្នាំ​២០១៤៕

 

(​ដោយ​៖​គួន សំបូរ​)


ព័ត៌មានផ្សេងទៀត