ចិន​៖​អាមេរិក​​គួរតែ​​ឈប់​ធ្វើ​​អាជ្ញាកណ្ដាល​​រឿង​​ជម្លោះ​ក្នុង​សមុទ្រ​ចិន​​ខាងត្បូង​ទៅ​

27-07-2015 10:14 am 1583
ទិដ្ឋភាពនៃកោះស៊ី​សា​ឬប៉ារ៉ាសែល​ក្នុងដែនសមុទ្រចិនខាងត្បូង

​ទោះបី​មិន​មែន​ជា​ភាគី​ពាក់ព័ន្ធ ប៉ុន្ដែ​អាមេរិក​បាន​លូក​ដៃ​យ៉ាង​ជ្រៅ​ក្នុង​រឿងរ៉ាវ​នៃ​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​។ បើ​តាម​ការអះអាង​របស់​អាមេរិកកន្លង​មក សកម្មភាព​ឈឺឆ្អាល​របស់​ខ្លួន​នៅ​ដែន​ជម្លោះ​នេះ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សន្ដិភាព​ក្នុង​តំបន់ កុំឲ្យ​កើនឡើង​កម្ដៅជម្លោះ​រវាង​ភាគី​ពាក់ព័ន្ធ​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​តទៅទៀត ជាពិសេស​រវាង​ចិន វៀតណាម និង​ហ្វីលីពីន​។ ម្យ៉ាងវិញទៀត អាមេរិក​ក៏​ចង់​ការពារ​សម្ព័ន្ធមិត្ដ​របស់​ខ្លួន​ដែរ មាន​ហ្វីលីពីន និង​វៀតណាម​ផង ដែល​អាមេរិក​ទើបតែ​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​វៀតណាម​ថ្មីៗ​។


​ប៉ុន្ដែ​ការ​យក​អាសារ​របស់​អា​មេរិក​ក្នុង​សមុទ្រចិន​ខាងត្បូ​ង​នេះ ត្រូវ​ចិន​ចោទ​ថា​ធ្វើ​ជា​អាជ្ញាកណ្ដាល​ទាំង​ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​សោះ​។ ម្យ៉ាងវិញទៀត​អ្វី​ដែល​ចិន​អន់ចិត្ដ​ខ្លាំង​នោះ គឺ​បន្ទាប់ពី​ការដើរ​តួនាទី​ខុស​រឿង​នៅក្រៅ​កិច្ចការ​របស់​តុលាការ​អង្គការសហប្រជាជាតិ ធ្វើឡើង​ដោយ​មន្ដ្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​។ សូមបញ្ជាក់​ថា តុលាការ​អង្គការសហប្រជាជាតិ​មួយ​ដែល​ជា​អាជ្ញាកណ្ដាល​នៃ​រឿងនេះ ត្រូវ​ហ្វីលីពីន​ស្នើ​សុំឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ខ្លួន​មាន​ជាមួយ​ចិន​។


​អញ្ជឹង​ហើយ​ទើប​អ្នកនាំពាក្យ​ក្រសួងការបរទេ​សចិន​លោក​Lu Kang និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ការព្យាយាម​ជំរុញ​ឲ្យមាន​ការផ្ដួចផ្ដើ​ម​ជា​ឯកតោភាគី​របស់​ហ្វីលីពីន ដែល​មាន​អាមេរិក​ជា​អាជ្ញាកណ្ដាល​នៅ​ក្រៅ​តុលាការ​នេះ គឺជា​រឿង​មិន​សមស្រប​មួយ ហើយ​អាច​និយាយបាន​ថា អាមេរិក​កំពុង​បង្ក​ជា​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ដល់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ លោក​Lu Kang​បន្ដថា ព្រោះតែ​អាមេរិក​មិនមែន​ជា​បុគ្គល​ពាក់ព័ន្ធ​នឹង​ជម្លោះ ដូច្នេះ​អាមេរិក​គួរតែ​រស់នៅ​តាម​ការប្ដេជ្ញា​របស់ខ្លួន ថា​ព្រម​ទទួលយក​ការទប់ស្កាត់​សកម្មភាព​ផ្សេងៗ​ប្រឆាំង​នឹង​សន្ដិភាព ស្ថេរភាព​ក្នុង​តំបន់​។​


​គួររម្លឹកថា ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​ចាប់ផ្ដើម​ឡើង​កម្ដៅ​ជាថ្មី ក្រោយពេល​ចិន​មិន​ស្ដាប់​ការអំពាវនាវ​របស់​ប្រទេស​ពាក់ព័ន្ធ ជាពិសេស​គឺ​ហ្វីលីពីន​និង​វៀតណាម ឲ្យ​បញ្ឈប់​សកម្មភាព​ក្នុង​ដែន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ផ្ទុយ​ពី​ការអំពាវនាវ​នេះ ចិន​បាន​ទាំង​សាងសង់​កោះ​សិប្បនិម្មិត​មួយចំនួន​ទៀត​ក្នុង​តំបន់​ជម្លោះ​។ ហេតុនេះ​ទើប​ប្រទេស​ពាក់ព័ន្ធ​មិន​សុខចិត្ដ ប្ដឹង​ឲ្យ​តុលាការ​អង្គការសហប្រជាជាតិ​ជួយ​ដោះស្រាយ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត