គណបក្ស​​សង្គ្រោះ​​ជាតិ នឹង​​រៀប​ចំ​គម្រោង​​​​​សម្រាប់​​ជួយ​​សកម្មជន​​របស់​​ខ្លួន​​

25-07-2015 4:32 pm 2729

​ក្រោយ​ការចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​រូប លោក​យ៉ែម ប៉ុញ្ញឬទ្ធិ អ្នក​នាំ​ពាក្ស​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា  គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​គម្រោង​ថ្មី សម្រាប់​ស្វែង​រក​​ការដោះលែង​សកម្មជន​របស់​ខ្លួន​។ ហើយ​ចំពោះ​គោល​ចំហរ​របស់​គណពក្ស​សង្គ្រោះ​ជាតិ គឺ​ដោះស្រាយ​ដោយ​សន្តិវិធី និង​អហិង្សា ។ ចង់​ដឹង​ថា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​គម្រោង​យ៉ាងណា​ដើម្បី​ជួយ សកម្មជន​ខ្លួន​នោះ​ជា​បន្ត​សូម​ស្តាប់​គួន សំបូរ​ដូចតទៅ​៖

 

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​រៀបចំ​គម្រោង​ថ្មី ដើម្បី​ស្វែងរក​ការដោះលែង​កម្ម​ជន​ទាំង​១១​រូប​។ នេះ​គឺ​ជា​ការបញ្ជាក់​ពី​លោក​យ៉ែម ប៉ុញ្ញឬទ្ធិ អ្នក​នាំ​ពាក្ស​គណបក្ស​សង្គ្រោះ​ជាតិ​។ បើ​តាម​លោក​យ៉ែម ប៉ុញ្ញឬទ្ធិ បានបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិភាក្សា​ជា​ជួយ​នឹង​មេធាវី ដើម្បី​ជួយ​សកម្មជន ទៅតាម​នីតិវិធី​នៃ​ច្បាប់​។ លោក​បន្តថា ក្រៅពី​តវ៉ា​តាមច្បាប់ ក្នុងនោះ​ក៏​មាន​ការ​គម្រោង​ចរចា​ជា​មួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​។ ប៉ុន្តែ​គម្រោង​ចរចា​ជាមួយនិង​គណបក្ស​កាន់អំណាច នៅពេល​ណា​នោះ មិន​ត្រូវបាន​លោក​យ៉ែម ប៉ុញ្ញឬទ្ធិ បញ្ជក់​ពី​ពេលវេលា​ច្បាស់​នោះ​ឡើង ដោយ​គ្រាន់តែ អះអាងថា លោក កឹម សុខា ប្រធានស្តីទី​កំពុង​ធ្វើ​រឿងនេះ​។​

​សំឡេង​៖

 

​គួរបញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​លោក មា​ជ សុវណ្ណ​រ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១០​នាក់​ផ្សេង​ទៀត ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧​ឆ្នាំទៅ​២០​ឆ្នាំ ពី​បទ​ដឹកនាំ និង​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម បង្ក​ឲ្យ​កើតមាន​អំពើ​ហិង្សា​នៅក្បែរ ទីលាន​ប្រជាធិបតេយ្យ​កាលពី ខែកក្កដា ឆ្នាំ​២០១៤​។ លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន អះអាង​ក្នុង​លិខិត​ពី​ប្រទេស​បារាំង​ថា ការចាប់​នេះ​ជា​ទង្វើ​ដ៏​ឃោរឃៅ ហើយ​គណបក្ស​នឹង​បញ្ចេញ​សកម្មភាព​របស់​ខ្លួន​នាពេល​ខាងមុខ​ដើម្បី​សកម្មជន​ផងដែរ​។​

 

​ក្រោយ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​១១ រូប លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ភ្លាមៗ​។ ការ​ចាក​ចេញ​​នេះ​ត្រូវ​បាន​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះផ្សាយ​ការរិះគន់​ថា លោក សម រង្ស៊ី តែងតែ​គេចវេស នៅពេលដែល​មាន​បញ្ហា​កើតឡើង​ក្នុង​ប្រទេស​។​

 

​ជា​ឆ្លើយតប​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា បាន​ឆ្លើយតប​ពី​ទីក្រុង​បារី​ស ដោយ​បាន​សរសេរ​សំនេរ​ជា​ភាសា​អង់គ្លេស មាន​អត្ថន័យ​ថា ការ​ចាកចេញ​ទៅ​ប្រទេស​បារាំង របស់​លោក​នា​ពេល​នេះ មិនមែន​ជា​ការ​គេចវេស អំពី​បញ្ហា​ដែល​កំពុង​កើតឡើង​នោះទេ​។​

 

​លោក សម រង្ស៊ី បានបញ្ជាក់​ថា ការចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី ២១ ខែកក្កដា គឺ​ជា​ទង្វើ​ដ៏​ឃោរឃៅ នូវ​ការបង្ក្រាប​ដែល​មេដឹកនាំ កំពូល​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពិភា​ក្សា និង​សម្រេចចិត្ត ចេញ​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​ភ្លាមៗ​ផងដែរ​។​

 

​លោក សម រង្ស៊ី បន្តថា ថ្ងៃ​នេះ​បើ​គ្មាន​វប្បធម៌​សន្ទនា ការបង្ក្រាប​អាច​នឹង​អាក្រក់​ជាង​នេះ​។ នឹង​មិន​មាន​ការដោះលែង អ្នកទោស​នៅ​ពន្ធនាគា​នៅក្នុង ខែ​មេសា ឆ្នាំ​២០១៥ ហើយ​វា​នឹង​ត្រូវបាន​គេ​ចាប់​ខ្លួន​​បន្ថែម​ទៀត​និង​អំពើហឹង្សា ដូច​មុន​ថ្ងៃទី ២២ ខែកក្កដា​ឆ្នាំ ២០១៤ ជា​ថ្ងៃ​ដែល​បាន​ប្រារព្ធ​ការចាប់ផ្តើម នៃ​វប្បធម៌​នៃ​ការសន្ទនា​នេះ​។​

 

​ជា​ការកត់សម្គាល់ ​ក្រោយពី​មាន​ការចាប់ខ្លួន​សកម្ម​ជន​គណបក្សប្រឆាំង​រួចមក ត្រូវបាន​អ្នកវិភាគ​យល់ ឃើញថា ស្ថានភាព​នយោបាយ​នឹង​ចាប់ផ្តើម​ឡើង​កំដៅ​សាជាថ្មី​។ ដោយ​អ្នកវិភាគ​អះអាងថា ការ​សម្រេច​​របស់​តុលាការ មិន​អាច​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទទួលយក​បាន​នោះឡើយ​។​

 

​ប៉ុន្តែ​​​លោក​យ៉ែម ប៉ុញ្ញឬទ្ធិ អ្នក​នាំ​ពាក្ស​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ការព្រួយបារម្ភ​ចំពោះ​ការឡើង​កំដៅ​នយោបាយ​នេះ​ទេ​។ លោក​ថា​អ្វី​ដែល​សំខាន់​នោះ គឺ​ការដោះស្រាយ​បញ្ហា​ឡើង​កំដៅ​នយោបាយ​ដោយ​សន្តិវិធី និង​អហិង្សា​។​

​សំឡេង​៖

 

​យ៉ាងណា​ក៏​ដោយ​ពាក់ពាន្ធ ទៅនឹង​ការចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ក​ម្ពជា នៅតែ​អះអាង ខ្លួន​មិន​បាន​ដាក់​គំនាប​លើ​គណបក្ស​សង្គ្រោះ​​ជាតិ​នោះ​ទេ រាល់​ការចាប់ខ្លួន​រឺ​ដោះលែង គឺ​សុទ្ធសឹង​ជា​និតិ​វិធី​របស់​តុលាការ ដែល​រដ្ឋាភិបាល​គ្មាន​សិទ្ធ​លូកដៃ រឺ​អាច​ជ្រៀតជ្រែក​បានឡើយ​។​

 

​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២២​កក្កដា​នេះ បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​បញ្ជាក់​ថា ប្រកាន់ខ្ជាប់​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​បន្ត​ប្រតិបត្តិ​ដោយ​ស្មោះត្រង់​នូវ​គោលការណ៍​ទាំង​ឡាយ​​នៃ វប្បធម៌​សន្ទនា ជាមួយ​គណបក្ស​ដៃគូ ដែល​បាន​បង្កើតឡើង ដោយ​មេដឹកនាំ​គណបក្ស​ទាំង​២​។ គណបក្ស​ប្រជាជន​គោរព​គោលការណ៍​បែងចែក​អំណាច​ដាច់ពីគ្នា រវាង​អំណាចនីតិបញ្ញត្តិ និង​អំណាច​នីតិប្រតិបត្តិ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ហើយ​ក៏​ស្របគ្នា នឹង​ប្រការ​៤ នៃ​កិច្ចព្រមព្រៀង ស្តី​ពី​ដំណោះស្រាយ​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​២២​កក្កដា ឆ្នាំ​២០១៤។

 

សេចក្តីថ្លែងការណ៍​បញ្ជាក់បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា សូម​អំពាវនាវ ដល់​គណបក្ស​ដៃគូ​សន្ទនា​(​គណបក្ស​សង្គ្រោះ​ជាតិ​) បន្ត​គោរព​ដោយ​ស្មោះត្រង់​នូវ​កិច្ចព្រមព្រៀង​ទាំងឡាយ ដែល​បាន​ឯក ភាព​គ្នា ដោយ​បែងចែក​ឲ្យដាច់​ស្រឡះរ​វាង​កិច្ចព្រមព្រៀង​នយោបាយ និង​ច្បាប់​៕

 

(ដោយ៖គួន សំបូរ)

 

 

ព័ត៌មានផ្សេងទៀត