ចិន​វាយបក​ទៅ​​សម្ដី​ជប៉ុន​​និយាយ​​ដាក់ខ្លួន​រឿង​​សកម្មភាព​​ក្នុង​សមុទ្រ​ចិន​​ខាងកើត​

23-07-2015 11:08 am 1977
សកម្មភាពរុករកប្រេងរបស់ចិនក្នុងសមុទ្រចិនខាងតើត

ឆ្លើយតប​នឹង​ការស្នើសុំ​របស់​ជប៉ុន​ឲ្យ​ចិន​បញ្ឈប់​សកម្មភាព​នៅក្នុង​សមុទ្រ​ចិន​ខាងកើត ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ចិន​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍ​និង​រុករក​ប្រេង ឧស្ម័ន នៅក្នុង​សមុទ្រ​ចិន​ខាងកើត ជា​ដែន​មិនមែន​ជា​កម្មសិទ្ធិ​របស់​ជប៉ុន​។ ចិន​បាន​វាយបក​ទៅ​ជប៉ុន​វិញ​ថា សកម្មភាព​របស់​ជប៉ុន​ចោទប្រកាន់​ចិន​កន្លងមក រួម​ទាំង​ការបង្ហាញ​ពី​រូបភាព​សកម្មភាព​សាងសង់​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងកើត នឹង​ធ្វើឲ្យ​មាន​ការប្រឈមមុ​ខ​គ្នា​កាន់តែ​ខ្លាំង​រវាង​ប្រទេស​ទាំង​ពីរ​។ ការធ្វើ​បែប​នេះ ក៏​មិន​បាន​ជួយ​អ្វី​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​ការចរចា​ដោយ​សន្ដិភាព​ដែរ​។


​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​ស​ចិន​បន្ដ​ថា “​ជប៉ុន​ពិតជា​បង្ក​បញ្ហា​រវាង​ប្រទេស​ទាំង​ពីរ​ហើយ ហើយ​វា​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ការរៀបចំ​ស្ថានការណ៍​ក្នុង​សមុទ្រ​ចិន​ខាងកើត​ទេ​។ ម្យ៉ាងវិញទៀត​វា​ក៏​មិន​បាន​ជួយ​បង្កើន​ទំនាក់ទំនង​ទ្វេរ​ភាគី​ចិន​-​ជប៉ុន​ដែរ ហើយ​ធ្វើ​បែប​នេះ​រឹតតែ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​”​។​


​គួររម្លឹកថា ដែនសមុទ្រ​ចិន​ខាងកើត ជា​ដែន​ចិន​-​ជប៉ុន​មាន​ជម្លោះ​ជា​យូរណាស់​មកហើយ ប៉ុន្ដែ​ភ្លើងកំហឹង​ទើប​តែ​ឆេះ​ខ្លាំង​ជាង​មុន​កាលពី​ឆ្នាំ​២០១២​។ កាលណោះ​រដ្ឋាភិបាល​ចិន​ខឹងសម្បា​នឹង​ជប៉ុន​យ៉ាងខ្លាំង ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​ដេញថ្លៃ​ទិញ​កោះ​ចំនួន​បី​នៅ​ប្រជុំ​កោះ​ជម្លោះ​សេន​កា​គុឬទាវ​យូ ហើយ​បាន​បង្ក​ជា​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីក្រុង​ប៉េកាំង​ទៀតផង​។ ចាប់តាំងពី​ពេលនោះ​ហើយ ដែល​ចិន​បាន​កាត់បន្ថយ​សកម្មភាព​មួយចំនួន​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​ជាមួយ​ជប៉ុន ក្នុង​ការអភិវឌ្ឍន៍​រួមគ្នា​នូវ​ធនធាន​ក្រោម​សមុទ្រ នៅក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងកើត​។


​ដោយឡែក​ចំពោះ​ការព្រួយបារម្ភ​របស់​ជ​ប៉ុន​លើ​សកម្មភាព​ចិន​ក្នុង​ដែន​សមុទ្រ​ចិន​ខាងកើត​នេះ ព្រោះ​ទីក្រុង​តូ​ក្យូបារម្ភ​ថាកា​រុករក​ប្រេង​ឧស្ម័ន​របស់​ចិន អាច​ប៉ះពាល់​ដល់​អណ្ដូងប្រេង ឧស្ម័ន​ក្រោម​សមុទ្រ​របស់ខ្លួន ហើយ​ចិន​អាច​ប្រើប្រាស់​ទីតាំង​នេះ​ធ្វើជា​មូលដ្ឋាន​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ​យន្ដហោះ​ចម្បាំង​ផ្សេងទៀត តាមដាន​សកម្មភាព​ដែន​អាកាស និង​ដែនសមុទ្រ​នៅ​ជិត​ប្រជុំ​កោះ​ជម្លោះ​សេន​កា​គុឬទាវ​យូ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត