ការផ្តន្ទា​ទោស​​​សកម្មជន​​ទាំង​​​១១​នាក់​​​៖​ច្បាប់​​តែ​មួយ ​​ហេតុអ្វី​​មាន​ទិដ្ឋភាព​​២​​ផ្សេង​គ្នា​?​​​​

22-07-2015 8:24 pm 991

​ការសម្រេច​ផ្តន្ទាទោស​សកម្មជន​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំ ទៅ​២០​ឆ្នាំ របស់​តុលាការ​រាជធានី​ភ្នំពេញ នៅតែ​ត្រូវបានលោកជួង ជូងី ​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​ទាំងនោះ អះអាងថា ជាការ​បំពាន​ទៅ​នឹង​ក្រមនីតិវិធី ព្រោះ​ជា​សវនាការ​ដែល​មិន​បាន​ផ្តល់​ដំណឹង​ជាមុន ដល់​មេធាវី​ការពារ​ចុងចោទ ដើម្បី​ត្រៀម​ខ្លួន​។ តាម​នីតិវិធី​តុលាការ ត្រូវ​ផ្តល់​ដំណឹង​យ៉ាងតិច​២​សប្តាហ៍ មុន​បើកសវនាការ​។ ជាមួយគ្នានេះ ភាគី​ពាក់ព័ន្ធ មិនបាន​ចូលរួម ចៅក្រម​បរាជ័យ​ក្នុង​ការកោះហៅ​ដើម​បណ្តឹងរដ្ឋប្បវេណី​។ ដើម​បណ្តឹងរដ្ឋប្បវេណី​មាន​រហូតដល់​ទៅ​៣៩​រូប ប៉ុន្តែ​ក្នុង​សវនាការ​តាំងពីដើម​ដល់​ចប់ មានតែ​៩​រូប​ទេ ដែល​បាន​ចូល​ទៅ​ដេញដោល​ក្នុង​ទី​សវនាការ​។​

 

សវនាការ​ថ្ងៃទី​១៤ កក្កដា ចៅក្រម កោះហៅ​ដើម​បណ្តឹងរដ្ឋប្បវេណី​ចំនួន​១០​នាក់ ចូល​សវនាការ តែ​ចូលរួម​បាន​តែ​៤​នាក់​ប៉ុណ្ណោះ ដោយ​អវត្តមាន​៦​នាក់ ហើយ​ចៅក្រម បាន​អាន​ចម្លើយ​របស់​ដើមបណ្តឹង ពី​ចៅក្រម​ស៊ើបសួរ ហើយ​យកជាការ​តែម្តង​។ នៅ​ថ្ងៃ​ទី​២០ កក្កដា ចៅក្រម​បន្ត​កោះហៅ​ដើមបណ្តឹង​១០​នាក់​ទៀត ប៉ុន្តែ​មក​ចូលរួម​សវនាការ​តែ​៥​ប៉ុណ្ណោះ​។ នីតិវិធី​បែប​នេះ គឺ​ជា​បាន​បំពាន​ទៅ​លើ​នីតិវិធី និង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ការសម្រេចសេចក្តី​។​

 

លោកជួង ជូងី ​បានបន្ថែមថា ពាក់ព័ន្ធ​នឹង​ខ្លឹមសារ ឬ​គតិ​ច្បាប់​វិញ គឺ​កើតមាន​អំពើហិង្សា​ក្នុង​បាតុកម្ម ប៉ុន្តែ​មិន​មាន​កុប្បកម្ម ដូច​ការចោទប្រកាន់រ​បស់​តុលាការ​ទេ​។ ដើម្បី​ឲ្យមាន​បទល្មើស​កុប្បកម្ម​បាន លុះត្រាតែ អំពើ​ហិង្ស​នោះ​ឯង ធ្វើឲ្យប៉ះពាល់​ដល់​បូរណភាព​ទឹកដី ឬ​ធ្វើឲ្យប៉ះពាល់​ដល់​ស្ថាប័ន​ជាតិ​។ ប៉ុន្តែ​អំពើហិង្សា​កើតឡើង​នៅ​ថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០១៤ មិន​មាន​ប៉ះពាល់​ទាល់តែ​សោះ​ដល់​ស្ថាប័ន​ជាតិ​។ ហើយ​បាតុករ ក៏​មិន​បាន​វាយបំផ្លាញ​លើ​អគារ​សាលា​រាជធានី​ភ្នំពេញ អគារ​របស់​រដ្ឋ​ណាមួយ ឬក៏​សាលាខណ្ឌ សាលា​សង្កាត់​ណាមួយ​ដែរ ប៉ុន្តែ​បែរជា​តុលាការ​ចោទប្រកាន់​ពីបទ​កុប្បកម្ម​ទៅវិញ​។ ម្យ៉ាងវិញទៀត ការសម្រេច​ផ្តន្ទទាទោស លើ​សកម្មជន​ទាំង​១១​នាក់ គឺ​ធ្វើឡើង​ដោយ​មិន​មាន​ភស្តុតាង​អ្វី​ទាល់តែ​សោះ តែ​បែរជា​តុលាការ​ដាក់ទោស​យ៉ាងធ្ងន់ធ្ងរ​។ នេះ​ជា​ភាពអយុត្តិធម៌ ដែល​បាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ណាស់ លើ​ប្រព័ន្ធ​តុលាការ​។​

 

​នេះ​ជា​ការអះអាង ពី​សំណាក់​លោក​ជួង ជូ​ងី មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​នាក់ ក្នុងចំណោម​១១​នាក់ រួម​មាន​លោកមា​ជ សុវណ្ណ​រ៉ា អ៊ុក ពេជ្រ​សំណាង , សាង សីហ​, អាន បឋម និង​ទេព ណារិន​។​

 

​ក្រោយ​ការឃុំ​ខ្លួន​សកម្មជន​ទាំង​១១​នាក់ នៅ​ថ្ងៃ​ទី​២២ កក្កដា ដែល​ខួប​១​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​នយោបាយ រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​(២២​កក្កដា ២០១៤-២២​កក្កដា ២០១៥) គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍ បាន​បង្ហាញ​ការភ្ញាក់ផ្អើល និង​សោកស្តាយ​ជាខ្លាំង ដែល​តុលាការ​រាជធានី​ភ្នំពេញ បានសម្រេច​ដាក់ពន្ធនាគារ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១​នាក់ និង​បាន​ហៅ​ទង្វើ​នេះ​ថា ជា​ការ​ធ្វើឲ្យ​មាន​ភាព​តានតឹង ខាង​នយោបាយ​ឡើងវិញ ដែល​ផ្ទុយ​នឹង​ស្មារតី​កិច្ចព្រមព្រៀង​នយោបាយ កាលពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤​កន​ក្លង​មក​។

 

​ក្រៅពី​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​លីកាដូ ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ភ្លាមៗ​ផងដែរ កាលពី​ថ្ងៃ​ទី​២១ កក្កដា ដោយបាន ចាត់ទុកថា ការកាត់ទោស សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់ របស់​តុលាការ​រាជធានី​ភ្នំពេញ ជាការ​បំភ័យ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​មាន​ព្រឹត្តិការ​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន ខេត្ត​ស្វាយរៀង និង​ការធ្វើ​ពហិការ កិច្ចប្រជុំពេញអង្គ​រដ្ឋ​សភា ក្នុង​ការអនុម័ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ពី​សំណាក់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នា​ពេលកន្លងមក​។

 

​ជាមួយគ្នានេះ អង្គការ​លីកាដូ ក៏​បាន​អំពាវនាវ ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការប្រើប្រាស់​តុលាការ ជា​ឧបករណ៍​នយោបាយ និង​ឲ្យ​លុបចោល​សាលក្រម និង​ការផ្តន្ទាទោស ដោយ​ផ្អែក​លើ​ភាពមិនប្រក្រតី នៃ​ការកាត់ទោស និង​អង្គហេតុ​នៃ​រឿងក្តី​នេះ​ផង​ដែរ​។​

 

​ក្រៅ​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​ការពារ​សិទ្ធិមនុស្ស សូម្បី​តែ​អ្នក​តាមដាន​ស្ថានការណ៍​សង្គម ក៏​បាន​មើលឃើញ​ដែរ​ថា ការកាត់ទោស​លើ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​ការរៀបចំ​ឆាក​នយោបាយ​មួយ ដើម្បី​ដាក់​សំ​ពាធ​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បង្វែរ​ការទាក់ទាញ​ប្រជាប្រិយភាព តាមរយៈ​សកម្មភាព​ចុះ​ពិនិត្យ​បញ្ហា​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​ជា​ការអះអាង​ពី​សំណាក់​លោក កែម ឡី លោក​កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម​។ លោក​កែម ឡី បន្តថា ល្បែង​នយោបាយ​នេះ គឺ​នឹង​មិន​មាន​ផលចំណេញ​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ មាន​តែ​ការនាំ​ផលវិបាក​ដល់​សង្គម​ទៅវិញ​ទេ​។​


​យ៉ាងណាក៏ដោយ បន្ទាប់​ពី​មាន​ការលើកឡើង មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សេចក្តីថ្លែងការណ៍ គណបក្ស​សង្គ្រោះ​ជាតិ សេចក្តីថ្លែងការណ៍​អង្គការ​លីកាដូ បូករួម​នឹង​ការវិភាគ​ពី​អ្នកតាមដាន​ស្ថានការណ៍​សង្គម ហាក់​មាន​ភាពស្រដៀងគ្នា​បែបនេះ​ ​លោក​គឹម សន្តិភាព អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​២២ កក្កដា បាន​ចេញ​មក​បកស្រាយ និង​ពន្យល់​ផ្លូវ​ច្បាប់​លើ «​ការផ្តន្ទាទោស​លើ​សកម្មជន​ទាំង​១១​រូប និង​ការសម្រេច​ផ្តន្ទាទោស​របស់​តុលាការ​។​

 

​លោក​គឹម សន្តិភាព បានបញ្ជាក់​ថា ឆ្លើយតប​នឹង​បញ្ហា​ផ្តន្ទាទោស​ជនល្មើស​ទាំង​១១​រូប​៖ សកម្មភាព​ដែល​កើតឡើង​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងមកនេះ យើង​បានដឹង​ទាំងអស់គ្នា​ហើយ​ថា ជា​អំពើ​បង្ក​ឲ្យមាន​ហឹង្សា​កើតឡើង​យ៉ាង​ពិតប្រាកដ ដែល​បង្ក​ឲ្យមាន​ជនរងគ្រោះ​ដោយសារ​អំពើ​នេះ​មាន​ជាង​៣០​នាក់​។ សកម្មភាព​នេះ​បង្កឡើង​ដោយ​មាន​ការដឹកនាំ និង​ញុះ​ញ៉​ង់​ពី​ជន​មួយក្រុម ក្នុង​គោលបំណង​ដណ្តើម​កាន់កាប់​ទីលាន​ប្រជាធិប្យតេយ្យ ប្រឆាំងនឹង​បទបញ្ជា​របស់​អាជ្ញាធរ ដែល​បាន​សម្រេច​បិទ​ទីតាំង​នោះ​ជា​បណ្តោះអាសន្ន​។ សកម្មភាព​នេះ​បើ​គិត​មកដល់​ពេល​បច្ចុប្បន្ន មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ ដែល​យើង​ឃើញថា ស្ថាប័ន​តុលាការ​បាន​ប្រើប្រាស់ សម្រាប់​ធ្វើ​ការស៊ើបអង្កេត​មុន​ឈាន​ដល់​ការសម្រេចសេចក្តី​នៅថ្ងៃនេះ ហើយ​តាម​ព័ត៌មាន​ដែល​យើង​ទទួលបាន​គឺថា សវនាការ​របស់​តុលាការ​គឺ​បាន​ធ្វើឡើង​ជា​ច្រើន​ដង​នា​ពេលកន្លងមក​។ ការ​ពហិការ​មិន​ចូលរួម​ក្នុង​សវនាការ​របស់​មេធាវី​នោះ យើង​ឃើញថា នេះ​ជា​ការ​មិន​គោរព​អនុវត្ត​វិជ្ជាជិវៈ​របស់​ខ្លួន ដែល​ក្នុង​នាម​ជា​មេធាវី​ការពារ​កូនក្តី​ខ្លួន​បែ​ជា​មិន​មក​អនុវត្ត​កាតព្វកិច្ច​នេះ​។​

 

​សម្រាប់​ការសម្រេច​ផ្តន្ទាទោស​របស់​តុលាការ ត្រូវបាន​លោក​គឹម សន្តិភាព​ពន្យល់ថា​៖​សម្រាប់​លោក មា​ជ សុវណ្ណារ៉ា​, លោក​អឿ ណា​រិទ្ធ និង​លោក ឃិន ជំរឿន ដែល​ផ្តន្ទាទោស​២០​ឆ្នាំ​នោះ​គឺ បើ​យើង​ពិនិត្យ​ក្រមព្រហ្មទណ្ឌ​មាត្រា​៤៥៩ ឃើញថា អំពើ​ដឹកនាំ​ចលនា​កុប្បកម្ម ត្រូវ​ផ្តន្ទាទោស​ពី​២០ ឆ្នាំ​៣០​ឆ្នាំ ដូច្នេះ​អ្វី​ដែល​ចៅក្រម​សម្រេច​ផ្តន្ទាទោស​នោះ គឺជា​កំរិត​ទោស​អប្បរ​មា​តែប៉ុណ្ណោះ​។​
​ត្រង់​ចំណុច​នេះ លោក​មេធាវី ជួង ជួងី បាន​បដិសេធ និង​បាន​បញ្ជាក់ថា មាន​អំពើ​ហិង្សា​ក្នុង​បាតុកម្ម ប៉ុន្តែ​មិន​មាន​កុប្បកម្ម ដូច​ការចោទប្រកាន់រ​បស់​តុលាការ​ទេ​។ ដើម្បី​ឲ្យមាន​បទល្មើស​កុប្បកម្ម​បាន លុះត្រាតែ អំពើ​ហិង្ស​នោះ​ឯង ធ្វើឲ្យប៉ះពាល់​ដល់​បូរណភាព​ទឹកដី ឬ​ធ្វើឲ្យប៉ះពាល់​ដល់​ស្ថាប័ន​ជាតិ​។ ប៉ុន្តែ​អំពើហិង្សា​កើតឡើង​នៅ​ថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០១៤ មិន​មាន​ប៉ះពាល់​ទាល់តែ​សោះ​ដល់​ស្ថាប័ន​ជាតិ​។

​សម្លេង​លោក​ជួង ជូ​ងី

 

​លោក​គឹម សន្តិភាព បាន​ពន្យល់​បន្តថា រីឯ​អ្នក​ទាំង​៨​ផ្សេង​ទៀត​នោះ ដែល​ត្រូវ​ផ្តន្ទាទោស ៧​ឆ្នាំ ពី​បទ​អំពើ​ចូលរួម​ក្នុង​ចលនា​កុបកម្ម បើ​យើង​ពិនិត្យ​ក្រមព្រហ្មទណ្ឌ​មាត្រា​៤៥៧ ឃើញថា អំពើ​នេះ​ត្រូវ​ផ្តន្ទាទោស​ពី ៧​ឆ្នាំ ទី​១៥​ឆ្នាំ ដូច្នេះ​អ្វី​ដែល ចៅក្រម​សម្រេច​ផ្តន្ទាទោស​នោះ​គឺ ជា​កំរិត​ទោស​អប្បរ​មា​តែប៉ុណ្ណោះ​។ អ្នក​ទាំងអស់​មាន​សិទ្ធិ​ប្តឹង​ឧទ្ទរណ៌​រយៈ​៣០​ថ្ងៃ បើ​មិន​ពេញចិត្ត​នឹង​សេចក្តីសម្រេច របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

 

​សេចក្តីសម្រេច​ផ្តន្ទាទោស​របស់​តុលាការ គឺជា​អំណាច​ឯករាជ្យ​របស់​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ​។ សំណុំរឿង​នេះ​ជា​សំណុំរឿង​អ្នកនយោបាយ ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ដែល​អំពើ​របស់​អ្នកនយោបាយ​នោះ មាន​ចែង​ជា​អំពើ​ល្មើស​ក្នុង​ក្រម​ព្រហ្មទណ្ឌ​របស់​យើង​។ សេចក្តីសម្រេច​ផ្តន្ទាទោស​របស់​តុលាការ​នេះ មិន​បាន​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា របស់​ប្រមុខ​គណបក្ស​ទាំង​២​ឡើយ ព្រោះ​វប្បធម៌​សន្ទនា ជា​រឿង​របស់​គណបក្ស​នយោបាយ រីឯ​សេចក្តីសម្រេច​ផ្តន្ទាទោស​របស់​តុលាការ​ជា​ការអនុវត្ត​ច្បាប់ ដែល​ជា​វប្បធម៌​នៃ​សង្គម​នីតិរដ្ឋ​។

 

​គួរបញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​លោក មា​ជ សុវណ្ណ​រ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១០​នាក់​ផ្សេង​ទៀត ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧​ឆ្នាំទៅ​២០​ឆ្នាំ ពី​បទ​ដឹកនាំ និង​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម បង្ក​ឲ្យ​កើតមាន​អំពើ​ហិង្សា​នៅក្បែរ ទីលាន​ប្រជាធិបតេយ្យ​កាលពី ខែកក្កដា ឆ្នាំ​២០១៤៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត