រដ្ឋាភិបាល​​កម្ពុជា​​មិន​​ច្បាស់​​ថា​​អង្គការ​សហប្រជាជាតិ​​មាន​​ផែនទី​​កម្ពុជា​​នោះ​ទេ​

21-07-2015 6:21 pm 1254

​អ្នកស្រី​កុយ ពិសី អនុប្រធាន​គណៈកម្មាកា​រ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​ប្រាប់​វិទ្យុ​វាយោ​ឲ្យដឹងថា បើ​អង្គការសហប្រជាជាតិ​ពិតជា​មាន​ផែនទី​កម្ពុជា​វិញ គួរតែ​ឆ្លើយតប​តាម​សំណើរ​របស់​កម្ពុជា មិន​មែន​រហូត​មកដល់​ពេលនេះ​ហើយ នៅ​មិនទាន់​ឆ្លើយ​តប​មក​កម្ពុជា​នោះ​ទេ​។​ការអះអាង​បែប​នេះ បាន​បន្លឺ​ឡើង​ក្រោយ​ពេល​ដែល រដ្ឋាភិបាល​កម្ពុជា​នៅ​មិនទាន់​ទទួលបាន​ផែនទី​ដែល​ស្នើ​ខ្ចី​ពី​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​០៦​កក្កដា​។​កាលពី​ថ្ងៃ​ទី​០៦​កក្កដា រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្ញើ​សារលិខិត​ជូន លោក​បាន គី មូន អគ្គលេខាធិការ អង្ក​ការ​សហប្រជាជាតិ ដើម្បី​ស្នើសុំ​យក​ផែនទី​ភូមិសាស្ត្រ​ទឹកដី​នៃ​កម្ពុជា ដែល​តំកល់ទុក​នៅ​អង្ក​ការ​សហប្រជាជាតិ​យកមក​ធ្វើការ​ផ្ទៀងផ្ទាត់​។​អ្នកស្រី​កុយ ពិសី​បានបញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ច្បាស់​ថា អង្គការសហប្រជាជាតិ​មាន​ផែនទី​កម្ពុជា​ដែររឺទេ​?

​សំឡេង អ្នកស្រី​កុយ ពិសី

បើ​តាម​ការអះអាង​ពី​អ្នកស្រី​កុយ ពិសី អនុប្រធាន​គណៈកម្មាកា​រ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​បានឲ្យដឹងថា កន្លងមក​ក្រុម​ការងារ​ព្រំដែន​កម្ពុជា​ធ្លាប់បាន​ស្រាវជ្រាវ នឹង​ចុះ​រុករក​ផែនទី​កម្ពុជា ពី​ភាគី​អង្គការសហប្រជាជាតិ​ហើយ ប៉ុន្តែ​នៅ​មិនទាន់​អាច​រកឃើញ​។​យ៉ាងណា អ្នកស្រី កុយ ពិសី មិន​អាច​អះអាងថា យ៉ាងណា​នៅឡើយ​ទេ គឺ​យើង​នៅ​រង់ចាំ​មើល​ការឆ្លើយតប​ជា​ផ្លូវការ​ពី​អង្គការ​សហប្រជាជាតិ​ជាមុនសិន​។​

សំឡេង អ្នកស្រី​កុយ ពិសី

 

​ក្រោយ​ពី​បាត់​ដំណឹង​សូន្យឈឹង​ពី​អង្គការ​សហប្រជាជាតិ​លើ​សំណើ​សុំ​ខ្ចី​ផែនទី​កម្ពុជា មក​ផ្ទៀងផ្ទាត់ កាលពី​ថ្ងៃ​ទី​១៥​កក្កដា  តាមរយៈ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្ញើ​សារលិខិត​ជូន​ប្រទេស​មហាអំណាច​ពិភពលោក មាន​អាមេរិក បារាំង និង​អង់គ្លេស ដើម្បី​ស្នើសុំ​កិច្ចសហការ និង​ជំនួយ​ពី​រដ្ឋាភិបាល​អង់គ្លេស សម្រាប់​អធិបតេយ្យ និង​បូរណភាព​ទឹកដី របស់​ប្រទេស​កម្ពុជា​។ ប្រសិនបើ​អង្គការសហប្រជាជាតិ រក​មិនឃើញ​ទេ យ៉ាងហោចណាស់ ក៏​ប្រទេស​មហាអំណាច​មួយ ក្នុងចំណោម​បី​នេះ អាច​រក​ផែនទីបោន​ខ្នាត​១/១០០.០០០ អោយ​កម្ពុជា​បាន​ដែរ​៖

សំឡេង អ្នកស្រី​កុយ ពិសី​

ឆ្លើយតប​នឹង​សំណួរ​ថា ក្នុងករណី​ដែល​អង្គការសហប្រជាជាតិ និង​ប្រទេស​មហាអំណាច​ទាំងបី គ្មាន​ផែនទី​កម្ពុជា មក​ផ្ទៀងផ្ទាត់ តើ​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម នឹង​រីក​ដុះដាល ធំ​ឡើង​ជាង​មុន​រឺ​យ៉ាងណា​?​ហើយ​រដ្ឋាភិបាល​កម្ពុជា មាន​ការព្រួយបារម្ភ​ដែររឺទេ​?​អ្នកស្រី​កុយ ពិសី អនុប្រធាន​គណៈកម្មាកា​រ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​យ៉ាងច្បាស់ៗ​ថា រដ្ឋាភិបាល​មិន​ព្រួយបារម្ភ​ឡើយ ការស្នើ​សុំ​ផែនទី​ពី​អង្គការ​សហប្រជាជាតិ​មក​ផ្ទៀងផ្ទាត់ ដើម្បី​បញ្ជាក់​កាន់តែ​ច្បាស់​ដល់​សាធារណជន ជាពិសេស​អ្នកជំទាស់​លើ​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម​។​ទោះ​គ្មាន​រឺ​មាន​គឺ​មិន​មាន​ផល​អវិជ្ជមាន​ដល់​កម្ពុជា​ឡើយ​។​បច្ចុប្បន្ននេះ កម្ពុជា គឺ​មាន​ផែនទី​រួចរាល់​ហើយ គ្រាន់តែ​ចង់​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​ថែម​មួយកំរិត​ទៀត​។​
 

សំឡេង អ្នកស្រី​កុយ ពិសី

 

​ក្រោយ​ពី​សរសេរ​លិខិត​ស្នើ​សុំ​ផែនទី​ពី​ប្រទេស​មហាអំណាច​ពិភពលោក មាន​អាមេរិក បារាំង និង​អង់គ្លេស ជាដើម ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន បាន​អះអាង​ថា ប្រសិនបើ​រដ្ឋាភិបាលរ​បស់​លោក​ទទួលបាន​ផែនទី​ពី​ប្រទេស​ទាំងនោះ លោក​នឹង​បើក​ឲ្យ​បក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ពិនិត្យ​ផ្ទៀងផ្ទាត់​ទាំងអស់​គ្នា​ជាមួយ​ផែនទី​រដ្ឋាភិបាល​បច្ចុប្បន្ន​។ លោកនាយក​រដ្ឋមន្ត្រី បន្ថែម​ទៀតថា ការបើក​ឲ្យ​ពិនិត្យ​រួម​គ្នា ដើម្បី​ស្វែងរក​ការពិត និង​ជម្រះ​មន្ទិល​ដែល​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ចោទប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា​បាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​នា​ពេលកន្លងមក​។

 

​លោក​នាយក​រដ្ឋមន្ត្រី មាន​សុទិដ្ឋិនិយម​ថា អាមេរិក និង​បារាំង ច្បាស់​ជា​មាន​ផែនទី​របស់​កម្ពុជា ខ្នាត ១/១០០.០០០ មិន​ខាន ហើយ​អង់គ្លេស​អាច​នឹង​មាន​ផែនទី​នេះ​ផង​ដែរ​។  ក្រៅ​ពី​យក​ផែនទី​មក​ផ្ទៀតផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល​បច្ចុប្បន្ន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​អះអាងថា ការស្នើ​សុំ​ផែនទី​នេះ ក៏​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ផង​ដែរ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ដូច្នេះ​ថា «​សំខាន់​យើង​ធ្វើឲ្យ​មាន​ការឯកភាព​ផ្ទៃក្នុង​សិន ចាំ​ដោះស្រាយ​ជាមួយ​គេ​ទៀត​»​។​ទាក់ទង​នឹង​ផែនទី ដែល​រដ្ឋាភិបាល​ស្នើសុំ​ខ្ចី​ពី​អង្គការ​សហប្រជាជាតិ​នោះ លោក ហ៊ុន សែន បញ្ជាក់ថា ខាង​ភាគី​អង្គការ​កំពូល​នេះ មិន​ទាន់​រកឃើញ​ផែនទី​នោះ​ឡើយ​៕

ព័ត៌មានផ្សេងទៀត