ដំណើរ​​ត្រួត​ពិនិត្យ​​ព្រំដែន​ អាជ្ញាធរ​​ខេត្ត​ស្វាយ​រៀង និង​​លោក​រៀល ខេ​មរិ​ន្ទ្រ​​កំពុង​​ចោទគ្នា​​ទៅ​វិញ​​មក​​

20-07-2015 4:27 pm 2470

​បន្ទាប់​ពី​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​មនុស្ស​ជាង​២​ពាន់​នាក់ បាន​នាំគ្នា​ធ្វើដំណើរ ទៅ​ត្រួតពិនិត្យ បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២០២​និង​២០៣ នៅ​ស្រុក​កំពុងរោទិ៍ ខេត្ត​ស្វាយរៀង​រួចមក​។ មន្ត្រី​សាលាខេត្ត​ស្វាយរៀង បាន​ចោទប្រកាន់​ទៅលើ​ក្រុម​ថ្នាក់​ដឹកនាំ​ការងារ​ត្រួតពិនិត្យ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា បាន​បំពាន​លើ​កំណត់ហេតុ​រួម​គ្នា​នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា​។  ប៉ុន្តែ​ការចោទប្រកាន់​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ការងារ​ត្រួតពិនិត្យ ព្រំដែន​របស់ គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ ហើយ​បាន​ចាត់ទុកថា ការចោទប្រកាន់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង មិនមែន​ជា​ការពិត​។ ចង់​ដឹង​ថា​ការ​ចោទ​ប្រកាស់​ដាក់​គ្នា​នេះ​យ៉ាងណា​នោះ​ជា​បន្ត​សូម​ស្តាប់​គួន សំបូរ​ដូចតទៅ​៖

 

 

​ការចោទប្រកាន់​របស់​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បំពាន​លើ​កំណត់ហេតុ​រួមគ្នា នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ បាន​ធ្វើឡើង​ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​តំណាងរាស្ត្រ​របស់ គណបក្ស​សង្គ្រោះ​ជាតិ  បាន​ដឹកនាំ​មនុស្ស​ជាង​២​ពាន់​នាក់ ធ្វើដំណើរ​ទៅ​ត្រួតពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២០២​និង​២០៣ នៅ​ស្រុក​កំពុងរោទិ៍ ខេត្ត​ស្វាយរៀង​។​

 

 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាខេត្ត​ស្វាយរៀង​ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥ បានអោយដឹងថា ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​ពិនិត្យ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ស្មារតី​កំណត់ហេតុ​ចុះ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៥ ដោយ​បណ្តោយ​អោយ​អ្នកចូលរួម មួយចំនួន​យក​ទៅ​ជាមួយ​នូវ​ឧបករណ៍​គ្រោះថ្នាក់ ដូចជា​កាំបិត ពូថៅ ការឡើង​ឈរ​លើ​បង្គោល​ព្រំដែន ការ​ពោល​ពាក្យ​មិន​សមរម្យ និង ការបង្ក​អោយ​មាន​ការ​កកស្ទះ​ចរាច​រណ៍ នៅតាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​។

 

 

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្តថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់គ្រង​កម្លាំង​របស់​ខ្លួន​មិនបាន​ល្អ គ្មាន​ការទទួលខុសត្រូវ មាន​ភាពអនាធិបតេយ្យ​ធ្វើអោយ​ប្រជាពលរដ្ឋ មាន​ការព្រួយបារម្ភ និង ភ័យខ្លាច ព្រមទាំង​បណ្តាល​អោយ​កម្លាំង​របស់​ខ្លួន​ចំនួន​បួន​នាក់​គ្រោះថ្នាក់​ដោយសារ​ក្របី​របស់​អ្នកស្រុក​វ័ធ​ផងដែរ​។​

 

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ បាន​អំពាវនាវ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ឈប់​យក​បញ្ហា​ព្រំដែន​បង្កើត​អំពើហិង្សា ភាព​អ​នា​ធិប​ត្យេ កេងចំណេញ​ខាង​នយោបាយ ដែល​ផ្ទុយ​ទាំងស្រុង​ពី​សុ​ឆន្ទៈ និង កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​ក្នុងការ​កា​ពារ​អធិបតេយ្យភាព និង បូរណភាព​ទឹកដី​ស្របតាម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​។

 

​ជា​ការឆ្លើយតប លោក​រៀល ខេ​មរិ​ន្ទ្រ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​ស្វាយរៀង ដែល​ជា​អ្នកដឹកនាំ​ការងារ​ត្រួតពិនិត្យ​ព្រំដែន បាន​បដិសេធ​ហើយ​បាន​ចាត់ទុក​ថា​ការចោទប្រកាន់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង មិនមែន​ជា​ការពិត​។ បើ​តាម​លោក​រៀល ខេ​ម​រិន្ទ្រ​បាន​ប្រសាសន៍​ប្រាប់​វិទ្យុ​វា​យោថា អ្នក​ដែល​បង្ករ​បញ្ហា​ពេល​ចុះ​ពិនិត្យ​ព្រំដែន នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា​នោះ មិនមែន​ជា​ក្រុម​របស់​លោក​នោះទេ គឺជា​ខាង​សមត្តកិច្ច​ទេ​ដែល​ជា​អ្នក​បង្ករបញ្ហា​។

​សម្លេង​លោក​រៀល ខេ​មរិ​ន្ទ្រ​៖

 

 

​បើតាម​កំណត់ហេតុ​រវាង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​អាជ្ញាធរ​ខេត្ត​ស្វាយរៀង បានបញ្ជាក់​ថា អាជ្ញាធរ​ហាម​មិនឲ្យ​ទៅ​ពិនិត្យមើល​កន្លែង​ផ្សេង​ទៀត​ឡើយ នៅពេល​ទៅ​មើល​បង្គោល​ព្រំដែន ហាម​ដាច់ខាត​ឡើង​ឈរ​លើ​បង្គោល​ព្រំដែន និង​ធ្វើឲ្យ​ប៉ះពាល់​ខូចខាត​បង្គោល​ព្រំដែន ផលដំណាំ​កសិកម្ម ទ្រព្យសម្បត្តិ​សាធារណៈ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន​។​បញ្ហា​នេះ​លោក​រៀល ខេ​ម​រិន្ទ្រ​បាន​ឆ្លើយថា ព្រំដែន​ដែល​លោក​ឡើង​នោះ​គឺជា​ព្រំដែន​របស់​ខ្មែរ​ដូច្នេះ លោក​មាន សិទ្ធិ​ឡើង​ផងដែរ​។​

​សម្លេង​លោក​រៀល ខេ​មរិ​ន្ទ្រ​៖

 

 

​គួរបញ្ជាក់​ថា​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលម៉ិញ​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​មនុស្ស​ជាង​២​ពាន់​នាក់​បាន​នាំគ្នា​ធ្វើដំណើរ​ទៅ​ត្រួតពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០២​និង​២០៣​ដែល​ពួកគេ​សង្ស័យ​ថា​ធ្វើអោយ​ខាត​ទឹកដី​របស់​កម្ពុជា​ក្រោយពី​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​។ តែ​ការព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​១៥​កក្កដា​សប្តាហ៍​មុន គឺ​អនុញ្ញាត​អោយ​តែ​មនុស្ស​១០០​នាក់​ប៉ុណ្ណោះ អាច​ទៅ​ដល់​បង្គោល​ព្រំដែន​ដោយសារ​ទីតាំង​មិន​អំណោយផល​ព្រោះ​ដី​ទាំងអស់​នៅ​ជុំវិញ​បង្គោល​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើ​ការបង្កបង្កើន​ផល​។​

 

​បើតាម​កំណត់​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​មិន​ត្រូវ​យក​ទៅ​ជាមួយ​អាវុធ ដំបង និង​ឧបករណ៍​ផ្សេងៗ​ទៀត​ដែល​អាច​បង្ក​គ្រោះថ្នាក់ មិន​ត្រូវ​ប្រើ​ពាក្យសម្តី​អសុរោះ ស្រែក​ឡូឡា ជេរ​ប្រមា​ថា មើលងាយ​មើលថោក រើសអើង​ជាតិ​សាសន៍​។ ក្រុមការងារ​ត្រូវ​ស្តាប់​ការណែនាំ​របស់​សមត្ថកិច្ច ឈរជើង​នៅ​ព្រំដែន ជាពិសេស​មិន​ត្រូវ​ឆ្លង​ចូល​ដី​វៀតណាម​ជាដាច់ខាត​។​

 

​កំណត់ហេតុ​បញ្ជាក់បន្ថែម​ថា ការហាមឃាត់​នេះ​ដោយសារ​អាជ្ញាធរ ចង់​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ដំណើរការ​ពិនិត្យ​បង្គោល​ព្រំដែន ប្រព្រឹត្តទៅ​ដោយ​រលូន​និង បញ្ចៀស​នូវ​អំពើហិង្សា​៕

 

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត