លោក​​ខៀវ​ កាញារីទ្ធ​៖​​អ្នក​កាសែត​​សរសេរ​​បំភ្លៃ​​ឬ​​មួល​បង្កាច់​​ការពិត​​នឹង​​មាន​​ទោស

19-07-2015 4:34 pm 2246

​ថ្លែង​នៅក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​សមាគម​ទូរទស្សន៍​វៀតណាម នា​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា​នៅ​ទីស្ដីការ​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែងថា អ្នកកាសែត ប្រសិន​បើ​គេ​បញ្ចេញ​មតិ​លើ​ទស្សនៈ​របស់​គេ លើ​បញ្ហា នយោបាយ ក៏​គេ​មាន​ការធានា​មិនឱ្យ​មាន​ការចាប់​ឃុំឃាំង​ដែរ ប៉ុន្តែ​បើ​និយាយ សរសេរ​បំភ្លៃ​ឬ​មួលបង្កាច់​សភាពការណ៍​ពិត​ដោយ​ចេតនា​ក៏​គេ​អាច​មាន​ទោស​ដែរ​។​លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​ទៀតថា និយាយ​រួម គឺ​យើង​ធានា​រក្សាបាន​នូវ​សេរីភាព​សារព័ត៌មាន ក៏ដូចជា សេរីភាព​របស់​អ្នកសារព័ត៌មាន ហើយ​ឥឡូវនេះ ក្រសួង​កំពុង​តែ​រៀបចំ​ព្រាង​ច្បាប់​មួយទៀត គឺ​ច្បាប់​ស្ដីពី សិទ្ធិ​ទទួលបាន​ព័ត៌មាន ដែល​ជា​ច្បាប់​មួយ មាន​ឥទ្ធិពល​ទៅលើ​ច្បាប់​ដទៃ​ឯទៀត​។​

 

​រឿងរ៉ាវ​ទាក់ទង​នឹង​អ្នកសារព័ត៌មាន​នេះដែរ កាលពី​ពេល​ថ្មីៗ​នេះ លោក ឈាង វុន តំណាងរាស្ត្រ​បក្ស​ប្រជាជន​ដូច​គ្នា និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ចាត់ទុកថា ការលើកឡើង​របស់​លោក ខៀវ កាញារីទ្ធ ដោយសារតែ​លោក​មិន បាន​មើល​ច្បាប់​។ ហើយ​លោក ឈាង វុន ក៏​បាន​បញ្ជាក់ថា លោក ខៀវ កាញារីទ្ធ ឈោង​ដៃ​វែង ចូល​ក្នុង​និតិ​បញ្ជា​ត្តិ​ផងដែរ​។​

 

​ថ្លែង​នៅក្នុង​សន្និសីទកាសែត​នៅ​រដ្ឋសភា ថ្ងៃទី​១៧ កក្កដា លោក ឈាង វុន បញ្ជាក់ថា រដ្ឋសភា​មិនមែន​ជា​ទីតាំង​សាធារណៈ ដូច​ទីលាន​ប្រជាធិបតេយ្យ ដែល​មនុស្ស​អាច​ចេញ​ចូល​តាម​ចិត្ត​នោះ​ទេ ព្រោះ មាន​បទបញ្ជា​ផ្ទៃក្នុង ដោយ​តម្រូវ​ឲ្យ​សាធារណជន ឬ​អ្នកកាសែត ចូល​រដ្ឋ​សភា​ត្រូវ​សុំ​ការអនុញ្ញាត​ពី​សន្តិសុខ​ជាមុនសិន​។ លោក​បន្តថា លោក​នឹង​ឲ្យ​ក្រុមការងារ​ផ្ញើលិខិត និង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ឲ្យ​លោក ខៀវ កាញារីទ្ធ ដើម្បី​យក​ទៅ​មើល​។​
 

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៥ កក្កដា លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា រដ្ឋសភា​ជា​កន្លែង​ដែល​អ្នកកាសែត​មាន​សិទ្ធិ​ចេញ​ចូល ដើម្បី​យក​ព័ត៌មាន ហើយ​ការបណ្ដេញ​អ្នកកាសែត​ចេញ​ពី​រដ្ឋសភា គឺ​ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួកគេ​។​

 

​បន្ថែម​ពីលើ​នេះ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ឲ្យ​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ស្របពេល​ដែល​ក្រសួង​ព័ត៌មាន កំពុង​តាក់តែង​សេចក្តីព្រាងច្បាប់ ស្ដីពី សិទ្ធិ​ទទួលបាន​ព័ត៌មាន លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​អះអាង​ថា អ្នកកាសែត​បញ្ចេញមតិ សរសេរ​បំភ្លៃ ឬ​មួលបង្កាច់​សភាពការណ៍​ពិត ដោយ​ចេតនា នឹង​អាច​មាន​ទោស នេះ​ជា​កត្តា​សំខាន់ ដែល​អ្នកកាសែត​ត្រូវតែ​ស្វែង​យល់​ឲ្យបាន​ស៊ី​ជំរៅ​៕

ព័ត៌មានផ្សេងទៀត