ក្រោយ​អនុម័ត​​ទាំង​​ទទឹងទិស​​ច្បាប់​​សន្ដិសុខ​ថ្មី​​លោក​​អាបេ​​បង្ក​ក្ដីបារម្ភ​​ដល់​ចិន

17-07-2015 5:12 pm 1828

​សភា​ជាន់​ទាប​របស់​ជន​ប៉ុន​កាលពី​ថ្ងៃ​ទី​១៦​កក្កដា​នេះ ស្ថិតក្រោម​ការជំរុញ​ពី​លោកនាយក​រដ្ឋមន្ដ្រី​ស៊ីន​ហ្ស៊ូ អាបេ បាន​អនុម័ត​ច្បាប់​សន្ដិសុខ​ថ្មី​ហើយ ទោះបីជា​មាន​ការតវ៉ា​ពី​ប្រជាជន​ជប៉ុន​រាប់​ម៉ឺន​នាក់ និង​ក្រុម​បញ្ញាវន្ដ​ជាច្រើន​ពាន់​នាក់​ក្ដី​។ ការព្រួយបារម្ភ​របស់​ប្រជាជន​ជប៉ុន នៅពេល​អនុម័ត​សេចក្ដីព្រាងច្បាប់​នេះ​រួច ​ខ្លាច​ធ្វើឲ្យ​ជប៉ុន​ជួប​រឿង​អាក្រក់​ជា​ថ្មី គឺ​សង្គ្រាម​តែម្ដង​។​ម្យ៉ាងវិញទៀត ប្រជាជន​ជប៉ុន​បាន​លើកឡើង​ថា សេចក្ដីព្រាងច្បាប់​នេះ វា​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ​សន្ដិភាព​និយម​របស់​ជប៉ុន​។


​សេចក្ដីព្រាងច្បាប់​សន្ដិសុខ​ថ្មី​នេះ​ទៀតសោត មិន​ត្រឹម​ល្បី​តែ​នៅក្នុង​ប្រទេស​ជប៉ុន​ទេ ប៉ុន្ដែ​វា​បាន​ល្បី​ទៅ​ដល់​ប្រទេស​ចិន​ជា​គូ​ជម្លោះ​មួយ​របស់​ជប៉ុន រឿង​ដែនសមុទ្រ​ចិន​ខាងកើត​។ បន្ថែម​លើ​នេះ ចិន​ក៏​ជា​ប្រទេស​រងគ្រោះ​ដោយសារតែ​សកម្មភាព​របស់​ជប៉ុន នៅមុន​និង​ក្នុងអំឡុង​សង្គ្រាមលោក​លើក​ទី​ពីរ​ដែរ ជាពិសេស​គឺ​កងទ័ព​ជប៉ុន​ចាប់​ស្ដ្រី​ជនជាតិ​ចិន​រាប់ពាន់​នាក់​ទៅ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​។ កំហឹង​នេះ​នៅតែ​ដ​ក់ជាប់​ក្នុង​អារម្មណ៍​ប្រជាជន​ចិន​នៅឡើយ​។


​ដូច្នេះ​បើ​ជប៉ុន​អនុម័ត​ច្បាប់​សន្ដិសុខ​ថ្មី វា​ខុស​ពី​សន្ធិសញ្ញា​ការពារ​ជាតិ​ជាមួយ​អាមេរិក​ចុះ​កាលពី​ឆ្នាំ​១៩៥១​។ ក្រោម​សន្ធិសញ្ញា​នេះ កងទ័ព​ជប៉ុន​បំពាក់អាវុធ​សម្រាប់តែ​ការពារ​សុវត្ថិភាព​ក្នុង​ប្រទេស​ខ្លួន​ប៉ុណ្ណោះ​។ ប៉ុន្ដែ​បើ​សេចក្ដីព្រាងច្បាប់​សន្ដិសុខ​ថ្មី​ត្រូវអនុម័ត​ចេញ​ជា​រូបរាង​ហើយ កងទ័ព​ជប៉ុន​មាន​សិទ្ធិ​អំណាច​ទូលំទូលាយ​ជាង​មុន អាច​អន្ដរាគមន៍​នៅ​ក្រៅប្រទេស​បាន​។ អញ្ចឹង​ត្រង់​ចំណុច​នេះ​ហើយ​ដែល​ចិន​ព្រួយបារម្ភ​ខ្លាច​ជប៉ុន​នឹកឃើញ​សកម្មភាព​ដូច​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​ទៀត​។ បញ្ហា​នេះ ក៏​ជា​ក្ដី​កង្វល់​របស់​ប្រជាជន​ជប៉ុន​ដែរ ហើយ​រហូត​មក​ដល់​សព្វថ្ងៃ អន្ដរជាតិ​មិនទាន់​ឈប់​ថ្កោលទោស​ជប៉ុន​ឡើយ ក្រៅ​តែ​ពី​ចិន​មាន​កូរ៉េខាងត្បូង​មួយទៀត រួម​ទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប​ផង​ដែរ​ទាក់ទង​នឹង​ទង្វើ​របស់​ជប៉ុន​ក្នុង​សង្គ្រាមលោកលើកទីពីរ​។


​មក​ចាប់​អារម្មណ៍​ពី​ការព្រួយបារម្ភ​របស់​ចិន ក្រុមប្រឹក្សា​រដ្ឋ​ចិន​លោក Yang Jiechi បាន​ជំរុញ​ឲ្យ​ជប៉ុន​ត្រូវ​សម្លឹងមើល​រឿង​ប្រវត្ដិសាស្ដ្រ​ទុកជា​មេរៀន​។ លោក​ជំរុញ​ឲ្យ​ជប៉ុនប​ន្ដ​ឈរលើ​គោលការណ៍​អភិវឌ្ឍន៍​ដោយ​សន្ដិភាព គោរព​ការព្រួយបារម្ភ​ពី​បញ្ហា​សន្ដិសុខ​ភាគច្រើន នៃ​ប្រទេស​ជិតខាង​របស់​ខ្លួន ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​អន្ដរាយ​ដល់​សន្ដិសុខ​និង​ស្ថេរភាព​ក្នុង​តំបន់​ឡើយ​។ លោក Yang Jiechi​បាន​បញ្ជាក់​ដែរ​ថា ច្បាប់​សន្ដិសុខ​ថ្មី​របស់​ជប៉ុន នឹង​អាច​ឲ្យ​កងទ័ព​ជប៉ុន​មាន​តួនាទី​ការពារ​ខ្លួន​ទូលាយ​ជាង​មុន​។


​យ៉ាងណា​ក៏ដោយ​ចំពោះ​លោកនាយក​រដ្ឋមន្ដ្រី​ស៊ីន​ហ្ស៊ូ អាបេ​វិញ លោក​នៅ​តែ​ប្រកាន់​ជំហ​រថា ការធ្វើ​បែប​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ទ័ព​របស់​ជប៉ុន ចូលរួម​ក្នុង​ការថែរក្សា​សន្ដិសុខ​ក្នុង​តំបន់ មិន​ត្រូវ​ពឹងផ្អែក​លើ​អន្ដរជាតិ​ទាំង​ស្រុង​ទេ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត