ក្តី​ច្រណែន​​លើ​ករណី​ឈូក​​បណ្ឌិត​​ ​​និង​​​​លោក​សុខប៊ុន-​សាសា​​ ត្រូវ​បាន​បក​ស្រាយ​​

17-07-2015 5:10 pm 1859

​ក្រោយ​ការអន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​កំពូល​រដ្ឋាភិបាល ដែល​រួមមាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លើ​សំនុំរឿង​ក្តី​លោក​សុខ ប៊ុន និង​កញ្ញា​សា​សា រួចមក មាន​មជ្ឈដ្ឋាន​ជាច្រើន ពិសេស​អ្នក​តាមដាន កិច្ច​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ នៅ​កម្ពុជា បាន​សម្តែង​នូវ​ការគាំទ្រ​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការគាំទ្រ​នេះ ក៏​មាន​មតិ​រិះគន់​ផងដែរ ថា ការអន្តរាគមន៍ របស់​ថ្នាក់​ដឹកនាំ​​​​​រដ្ឋាភិបាល មាន​ភាពលម្អៀង​។ ភាពលម្អៀង​នេះ ត្រូវ​បាន​ប្រៀបធៀប ទៅ​នឹង​សំនុំរឿង​ក្តី លោក​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ដែល​បាន​បាញ់​លើ​កម្មការិនី​៣​នាក់ បណ្តាលឲ្យ​រងរបួស​ជា​ទម្ងន់ កាលពី​ឆ្នាំ​២០១២ តែ​លោក​ឈូក បណ្ឌិត នៅតែ​បន្ត​រួចខ្លួន រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ ដោយ​គ្មាន​កិច្ច​អន្តរាគមន៍​ណាមួយ​ឡើយ​។​

 

​លោក​អ៊ូ វីរៈ អ្នកស្រាវជ្រាវ​គោលនយោបាយ​សាធារណៈ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ បាន​បញ្ជាក់​ប្រាប់​ដល់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​១៧ កក្កដា​នេះ​ថា ករណីនេះ គឺ​បាន​បង្ហាញ​បញ្ហា និទណ្ឌភាព​នៅក្នុង​ប្រទេ​ស​កម្ពុជា​។ ម្យ៉ាងវិញទៀត ករណី​លោក​សុខ ប៊ុន ប្រើ​អំពើហិង្សា​លើ​កញ្ញា​សា​សា ប្រសិនបើ​គ្មាន​ខ្សែ​វីដេអូ ជា​ភស្តុតាង​ទេ ប្រហែលជា លោក​សុខ ប៊ុន ដែលជា​អ្នក​មាន​លុយ មានអំណាច រួច​ខ្លួន​បាត់​ទៅ​ហើយ​។ ត្រង់​ចំនុច​នេះ លោក​អ៊ូ វីរៈ បាន​អះអាង​ថា សូម្បី​តែ​លោកនាយក​រដ្ឋមន្ត្រី​ក៏​ទទួលស្គាល់​ពី​បញ្ហា​នេះដែរ​។ ​លោក​អ៊ូ វីរៈ បាន​បញ្ជាក់បន្ថែម​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា បច្ចុប្បន្ន​គឺ​នៅ​មាន​កម្រិត​នៅឡើយ ដោយ​អ្នកមាន​ខ្សែ មាន​ខ្នងបង្អែក គឺ​តែងតែ​រួចផុត​ពី​សំណាញ់​ច្បាប់​។

សម្លេង​លោក​អ៊ូ វីរៈ

 

ទាក់ទង​នឹង​លោក​ឈូក បណ្ឌិត កន្លងមក​ក៏​ធ្លាប់​មាន​ការអន្តរាគមន៍​ពី​សំណាក់​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឲ្យ​តាម​ចាប់ខ្លួន​ផង​ដែរ ប៉ុន្តែ​រហូត​មកដល់ពេលនេះ ស្ងាត់ឈឹង​ទៅវិញ​។​ យ៉ាង​ណា​​​ក៏​​​ដោយ លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​អះអាង​ថា ករណី​លោក​ឈូក បណ្ឌិត និង​ករណី​លោក​សុខ ប៊ុន និង​កញ្ញា​សា​សា គឺជា​ករណី​២​ផ្សេងគ្នា​។ ផ្សេងគ្នា ដោយសារតែ ករណី​លោក​ឈូក បណ្ឌិត ត្រូវបាន​តុលាការ​ជំនុំជម្រះ ដោយ​សម្រេច​ចេញ​សាលក្រម​ផ្តន្ទាទោស​រួចរាល់ ហើយ​ស្ថិត​ក្នុង​ការអនុវត្ត​ដី​ការចាប់ខ្លួន​ពី​តុលាការ​។ ដោយឡែក​ករណី​លោក​សុខ ប៊ុន​-​កញ្ញា​សា​សា វិញ​គឺ​មិនមែន​ជា​ការអន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី​ទេ ប៉ុន្តែ​គឺ​ជា​ការអំពាវនាវ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​មួយ​រូប ដូច​នឹង​ការអំពាវនាវ​របស់​ព​ល​រដ្ឋ​ដទៃ​ផ្សេងទៀត​។ ម្យ៉ាងវិញទៀត ករណី​លោក​សុខ ប៊ុន គឺ​នៅ​មាន​មេធាវី​ការពារ​ក្តី អាច​ឆ្លើយឆ្លង​គ្នា​បាន ដូច្នេះ​រាល់​ដំណឹង​ផ្សេងៗ​លោក​សុខ ប៊ុន អាច​នឹង​លឺ ហើយ​ចូលខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​។​

សម្លេង​លោក​ជិន ម៉ា​លីន

 

​បើ​តាម​ការអះអាង​ពី មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ធ្វើការ​ផ្នែក​ច្បាប់ និង​សិទ្ធិមនុស្ស ធ្លាប់បាន​លើកឡើង​ថា ការប្រើ​អំពើហិង្សា​លើ​ស្ត្រី​ក្រីក្រ ស្ត្រី​សកម្មជន​ដីធ្លី កន្លងមក មិនសូវ​មាន​ការ​យក​ចិត្ត​ទុកដាក់​ទេ ចំណុច​នេះ​ថ្នាក់ដឹកនាំ​ត្រូវ​គិតគូរ​ឡើងវិញ​។ ជាមួយគ្នានេះ ប្រព័ន្ធយុត្តិធម៌ នៅ​កម្ពុជា បែងចែក​ជា​ពីរ គឺ​បើ​រឿងក្តី ប៉ះពាល់​ផលប្រយោជន៍ អ្នក​មាន​ឥទ្ធិពល នោះ​នឹង​មាន​ចំណាត់ការ​លឿន ចំណែក​រឿង​ក្តី​​ដែល​​​​ប៉ះពាល់​ប្រយោជន៍​អ្នកក្រីក្រ បង្កឡើង​ដោយ​អ្នកមាន ប្រាក់ និង​អំណាច​វិញ តុលាការ​មិន​ងាយ​ចាត់ការ​ទេ​។​

 

​យ៉ាងណាក៏ដោយ ទាក់ទង​នឹង ភាពអយុត្តិធម៌​សង្គម តាមរយៈ​ដំណើរការ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ដែល​រង​ការរិះគន់ ពី​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នោះ ត្រូវបាន​លោក​ជិន ម៉ា​លីន អះអាងថា ដើម្បី​ធានា​ថា សេវា​យុត្តិធម៌ ឆ្លើយតប​ទៅ​លើ​ប្រជាពលរដ្ឋ​គ្រប់​រូប​នោះ គឺ​ក្រសួង​យុត្តិធម៌ បាន​ធ្វើ​កំណែទម្រង់​ជា​២​ផ្នែក ទី​១​គឺជា​លក្ខណៈ​គោលនយោបាយ ដែល​មាន​ការ​តាក់​តែ​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត និង​ទី​២ ការដាក់​ឲ្យ​អនុវត្ត​ជា​ក់​ស្តែង ដូចជា​ការដាក់ទោសទណ្ឌ​លើ​មន្ត្រី​តុលាការ ដែល​ប្រព្រឹត្ត​ល្មើស​ទៅនឹង​ច្បាប់​ជាដើម​។​

​សម្លេង​លោក​ជិន ម៉ា​លីន​

 

​ដោយៈ​សៅ វិសាល​

 


ព័ត៌មានផ្សេងទៀត