លោក​ហ៊ុន សែន​នឹង​ចំណេញ​ច្រើន​បើ​អាច​បញ្ចប់​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​

16-07-2015 10:50 pm 2519

​បន្ទាប់ពី​នៅ​ទាន់​បាន​ទទួល​ចម្លើយ​ពី អង្គការសហប្រជាជាតិ ចំពោះ​ការស្នើរ​សុំ​ខ្ចី​ផែនទី​ដើម លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សរសេរ​លិខិត​បី​ផ្សេងគ្នា ទៅកាន់​ប្រទេស​មហាអំណាច​ក្នុងនោះ​មាន​អាមេរិក បារាំង និង​អងគ្លេស ក្នុងនោះ​លិខិត​លោក ហ៊ុន សែន ផ្ញើជូន​លោក ហ្វ្រង់​ស័រ ហូ​ឡង់ ប្រធានាធិបតី​បារាំង សុំ​ច្បាប់​ចម្លង​ផែនទី​លិខិត​ផ្ញើជូន ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា សុំ​ជំនួយ​និង​កិច្ច​សហការ ទាក់ទង​នឹង​ផែនទី​និង​លិខិត​ជូន នាយករដ្ឋមន្ត្រី អង់គ្ល​សេ ដេវិត ខេ​ម​រូ​ន សុំ​ជំនួយ​និង​កិច្ចសហការ ទាក់ទង​នឹង​ផែនទី​។​

នៅក្នុង​លិខិត​នី​មួយៗ​បាន​ស្នើរ​ឲ្យ​ប្រទេស​ទាំង​នោះ​ផ្តល់​កិច្ចសហការ ដើម្បី​ដោះស្រាយ​បញ្ហា​តានតឹង​ព្រំដែន​ជាមួយ​វៀតណាម និង​ដើម្បី​បញ្ជៀ​សការ​ញុះញង់​បង្កើតជា​ចលនា​ជ្រុលនិយម​ក្នុងប្រទេស​។ សំណេរ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់​ទៅ​កាន់​មេដឹកនាំ​ពិភពលោក​ថា ការផ្តល់​ផែនទី​ដែល​កម្ពុជា​បាន​តម្កល់​នៅ​ឆ្នាំ​១៩៦៤​នោះ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា និង​ដើម្បី​​​​​​​បញ្ជាក់​ ឱ្យបាន​ច្បាស់​ពី​ភាព​ហ្មត់ចត់ និង​រក្សា​ភាព​ស្អាតស្អំ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបោះបង្គោល​ព្រំដែន​។​

 

​បន្ថែម​ពីលើ​លិខិត​បី​ច្បាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​ប្រគេន​សញ្ញាបត្រ ដល់​សមណៈ​និស្សិត ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កម្ពុជា​នឹង​មិន​ព្រម បោះបង់ចោល​នូវ​សិទ្ធិ​ទាមទារ​ចំណុច​មួយចំនួន​ពី ប្រទេស​ជិតខាង​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​ខ្មែរ​កំពុង​ស្វែងរក​ការឯកភាព​គ្នា នៅ​លើ​ផែនទី​ជាមុនសិន​។ ជាមួយគ្នា​នេះ​ផេង លោក​ហ៊ុន សែន​ក៏​បាន​បញ្ជាក់​ដែរ​ថា នឹង​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកជំនាញ​នានា ពិនិត្យ​ឱ្យ​ល្អិតល្អន់​ជាមួយគ្នា​លើ​ផែនទី នៅពេលដែល UN និង​ប្រទេស​មហាអំណាច​ផ្សេងទៀត ប្រគល់​ផែនទី មក​ឱ្យ​កម្ពុជា​។ ចំណុច​នេះ​លោកនាយក​រដ្ឋមន្ត្រី មាន​ចេតនា​ចង់​ឆ្លើយតប​នឹង​ការរិះគន់ របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​រាជរដ្ឋាភិបាល​កម្ពុជា​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ដែល​លោក​ចាត់ទុកថា ជា​រឿង​អយុត្តិធម៌​សម្រាប់​រដ្ឋាភិបាល ។​

 

ចង់​មិន​ចង់ ខណៈពេលដែល កម្ពុជា​កំពុង​មាន​ភាព មិន​ច្បាស់លាស់​លើ​បញ្ហា​ព្រំដែន និង​ការរំលោភ​ចូល​របស់​ភាគី​វៀតណាម​។ ការរិះគន់​នានា ព្រមទាំង​ការចោទប្រកាន់ ពី​មន្ត្រី​គណបក្សប្រឆាំង​ផង​នោះ មិន​អាចឲ្យ​លោកនាយក​រដ្ឋមន្ត្រី អង្គុយ​នៅ​ស្ងៀមបានឡើយ​។ ការប្តេជ្ញាចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី លិខិត​ទៅ​ប្រទេស​មហាអំណាច គឺជា​អ្វី​ដែល​រដ្ឋាភិបាល​ចង់បង្ហាញ​ថា រដ្ឋាភិបាល​មិន​បាន​នៅ​ស្ងៀម មិន​យកចិត្តទុកដាក់ លើ​បញ្ហា​ព្រំដែន​នោះ​ទេ​។ ចំពោះ​ការ​ចោទថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ នឹង​ត្រូវ​បញ្ជាក់​ដោយ​ផែនទី ដែល​កម្ពុជា​ស្នើរ​សុំ​ពី​ប្រទេស​មហាអំណាច និង​អង្គការ​សហប្រជាជាតិ​។ ជា​ជាង​នៅ​ស្ងៀម រង់ចាំ​ផែនទី​មកដល់ លោកនាយក​រដ្ឋមន្ត្រី ប្រាកដ​ជា​បង្ហាញ​ពី​ភាព​ស្អាតស្អំ របស់ខ្លួន ដែល​មិន​ខ្លាច​ប្រឈម​នឹង​ការ​ពិត​នៅពេល​ខាងមុខ​។ ម្យ៉ាងទៀត ផែនទី​ដែល​កម្ពុជា​ស្នើរ​សុំ នឹង​ក្លាយជា​ប្រយោជន៍​២ ទី​១​គឺជា​ភស្តុតាង​ដ៏​សំខាន់ សម្រាប់​កម្ពុជា​តតាំង​ជាមួយ​ភាគី​វៀតណាម ទី​២​គឺជា​ភស្តុតាង បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​រដ្ឋាភិបាល​។​

 

មើល​ទៅ​មួយ​ជ្រុង​ទៀត ប្រតិកម្ម និង​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្ត យ៉ាង​មុតមាំ​ក្នុង​ការការពារ​ទឹកដី​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មិនមែន​ធ្វើ​ដោយ​ទទេៗ​ទេ​។ រដ្ឋាភិបាល អាច​ធ្វើ​ការងារ​នេះ​ដោយ​ស្ងៀមស្ងាត់ មិនចាំបាច់​តបត​ក៏បាន​។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ចាំបាច់​ការពារ​ខ្លួន ពី​ការចោទប្រកាន់​។​ការចោទប្រកាន់ ថា​រដ្ឋាភិបាល​មាន​ភាពកម្សោយ ក្រោម​ហេតុផល​ជំពាក់​ចំណង មិន​មាន​ហ៊ាន​តតាំង ជាមួយ​វៀតណាម និង​ការចោទប្រកាន់​របស់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​។ ការចោទប្រកាន់​ទាំងពីរ​នេះ សុទ្ធ​តែ​ធ្វើឲ្យប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល តែ​ហ៊ាន​បណ្តោយ ការចោទប្រកាន់​នេះ ទោះ​ពិត​រឺ​មិន​ពិត បើ​មិន​ឆ្លើយតប ក៏​អាចឲ្យ​គេ​ជឿ​ថា​ជា​ការពិត​ដែរ​។​

 

​មួយវិញទៀត ការប្រកាស​តតាំង​ជាមួយ​ភាគី​វៀតណាម របស់​រដ្ឋាភិបាល​កម្ពុ​ជា ទាំង​អ្នក​ប្រឆាំង ទាំង​អ្នកគាំទ្រ សុទ្ធតែ​សាទរ ។ មិនមែន​ជា​រឿង​ចំឡែក ដែល​នាយករដ្ឋមន្ត្រី​ចេញមុខ​ការពារ​ទឹកដី របស់​ប្រទេស​ខ្លួន​នោះ​ទេ ក៏ប៉ុន្តែ​ការបង្ហាញ​ពី​ជំហរ របស់​រដ្ឋាភិបាល​កម្ពុ​ជា ជាមួយ​ភាគី​វៀតណាម មិនមែនជា​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា ងាយស្រួល​ធ្វើ​នោះឡើយ​។ ក្រៅពី​ការពារ​ប្រទេស​ខ្លួន​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី អាចនិយាយបាន​ថា ការចេញមុខ របស់​លោក​ហ៊ុន សែន​ពេលនេះ គឺ​ចង់​បញ្ចប់​ការរិះគន់​ថា រដ្ឋាភិបាល មិន​ហ៊ាន តវ៉ា​ជា​មួយ​វៀតណាម ក៏ដូចជា​បញ្ចប់​ការ​ញុះញង់  ឆ្លៀត​ឳ​កាស​គេង​ចំណេញ​នយោបាយ  ជា​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល បាន​ចោទ​ទៅលើ​សកម្មភាព ឈឺឆ្អាល​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​បញ្ហា​ព្រំដែន​។ បន្ថែម​ពីលើ​នេះ ចង់​មិន​ចង់​ប្រសិនបើ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​រដ្ឋាភិបាល របស់លោក​អាច​បញ្ចប់​បញ្ហា​ព្រំដែន​នោះ ប្រជាប្រិយភាព សម្លេងឆ្នោត ដែល​បាន​បាត់បង់​នា​ពេលកន្លងមក ក៏​អាច​នឹង​ស្តារ​បាន​វិញ​មួយ​កំរិត​ដែរ​៕ ដោយៈយ៉ាន់ លីណា

ស្តាប់បទអន្តរាគមន៍ ពីយ៉ាន់ លីណា៖

ព័ត៌មានផ្សេងទៀត