ចិន​ប្រតិកម្ម​​នឹង​​​នាវា​ហ្វីលីពីន​​ចូល​ក្នុង​​ដែនសមុទ្រ​​ចិន​ខាងត្បូង​ស្ងាត់ៗ​

16-07-2015 1:43 pm 1529
ទិដ្ឋភាពដែនកោះក្នុងសមុទ្រចិនខាងត្បូង

សកម្មភាព​យោធា​របស់​ហ្វីលីពីន​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក ក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​បង្ក​កម្ដៅ​ដល់​ចិន​ទៀតហើយ​។ ចិន​ប្រតិកម្ម​ខ្លាំង​ដោយសារ​នាវាចម្បាំង​របស់​ហ្វីលីពីន បាន​ឈាន​ចូល​តំបន់​នោះ​ដោយ​ខុសច្បាប់​និង​ស្ងាត់ៗ​បំផុត​។ សកម្មភាព​នេះ​ចិន​ថា ហ្វីលីពីន​បំពាន​ដល់​ដែនសមុទ្រ​របស់​ចិន​ហើយ​។ ចិន​ក៏​បាន​ទាមទារ​ឲ្យ​ហ្វីលីពី​នដក​នាវា​របស់​ខ្លួន​ចេញ​ជាបន្ទាន់ និង​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​នៅ​ទីតាំង​នេះ​បន្ដទៀត​។


​ ប៉ុន្ដែ​ទោះជា​មាន​ការអះអាង​ពី​ចិន​បែប​នេះ​ក្ដី ហ្វីលីពីន​បាន​ឆ្លើយតប​វិញ​ថា​សកម្មភាព​ខ្លួន​គ្រាន់​តែ​ដើម្បី​ការពារ​ សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ការរុករក​របស់ខ្លួន​ប៉ុណ្ណោះ មិន​បាន​បំពាន​ដល់​ចិន​ឡើយ​។ ជា​ការកត់សម្គាល់​ឃើញ​ថា ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​រឿង​ក្ដៅ​នៅ​ឡើយ​សម្រាប់​ប្រទេស​ ពាក់ព័ន្ធ​។ ក្នុងនោះ​មាន​វៀតណាម ហ្វីលីពីន និង​ចិន​បាន​បញ្ចេញ​សកម្មភាព​ខ្លាំងជាងគេ​។


​វៀតណាម ហ្វីលីពីន ទាមទារ​យក​តំបន់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​នៅ​ជិត​ប្រទេស​ខ្លួន​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​លើក​ហេតុផល​ថា​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ខ្លួន​។ ប៉ុន្ដែ​ចិន​វិញ​ថា​ស្ទើរតែ​៩០​ភាគរយ​ទៅ​ហើយ​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​ កម្មសិទ្ធិ​របស់​ចិន​។ ហេតុនេះ​ទើប​រាល់​ការទាមទារ​ផ្សេងៗ​ត្រូវ​ចិន​បដិសេធ និង​តែងតែ​លើក​ថា ប្រទេស​ដទៃ​រំលោភ​ដែន​អធិបតេយ្យ​របស់ខ្លួន​។​


​ គួរ​បញ្ជាក់ដែរថា ក្រៅ​ពី​វៀតណាម ហ្វីលីពីន និង​ចិន​ហើយ នៅមាន ម៉ាឡេស៊ី តៃវ៉ាន់ និង​ព្រុយ​ណេ ក៏​ជា​ភាគី​ពាក់ព័ន្ធ​នឹង​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​ដែរ គ្រាន់តែ​ថា​ប្រទេស​ទាំង​បី​នេះ មិន​បាន​លេចមុខ​ខ្លាំង​ទេ​។ បច្ចុប្បន្ន ដែន​នេះ​កំពុងតែ​ស្ថិតក្រោម​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អន្ដរជាតិ ជាពិសេស​គឺ​អាមេរិក​ដែល​កំពុង​លូកដៃ​ធ្វើជា​អ្នកសម្របសម្រួល​។ ប៉ុន្ដែ​សកម្មភាព​របស់​អាមេរិក​ក៏​ត្រូវ​រង​ការរិះគន់​ពី​ចិន ថា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ខ្លួន ដោយ​អាមេរិក​ជា​អ្នក​ដទៃ​សោះ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត