ការបញ្ជូន​​ជនជាតិ​វៀតណាម​​ខុសច្បាប់​​ចេញពី​កម្ពុជា​​នឹង​នាំ​​ប្រជាប្រិយភាព​​ដល់​រដ្ឋាភិបាល​​បាន​មួយ​ចំនែក​​

15-07-2015 6:54 pm 1865

​នៅក្នុង​រយះពេល​មួយឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាប់ខ្លួន​ជនអន្តោប្រវេសន៍​លួច​ឆ្លងដែន ដោយ​ខុសច្បាប់​បាន​ចំនួន​២៥៩៩​នាក់ ក្នុងនោះ មាន​ជនជាតិ​វៀតណាម​ចំនួន​ជាង​២៣០០​នាក់​។ នេះ​បើ​តាម​អះអាង​ពី​លោក​អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន​ផ្នែក​ស៊ើបអង្កេត​អនុវត្ដ​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ថ្លែង​ឱ្យដឹងថា​នៅ​ថ្ងៃទី​១៥ ខែកក្កដា​នេះ​។​បើ​តាម​លោក​អ៊ុក ហៃ​សីលា បានឲ្យដឹងថា ភាគច្រើន​ប្រជាពលរដ្ឋ​វៀតណាម​ដែល​លួច​ឆ្លងដែន ដោយ​ខុស​ច្បាប់​មក​កម្ពុជា​គឺ​ឆ្លងកាត់​តាម​ច្រករបៀង​ចំនួន​៧០% និង​ឆ្លងតាម​ច្រកទ្វា​អន្តរជាតិ​៣០%​។

​សម្លេង​លោក​អ៊ុក ហៃ​សីលា​៖

 

​ដោយសារ​គ្មាន​សុ​វត្ថ​ភាព នៅ​ច្រករបៀង​នេះហើយ ទើប​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក សខេង បាន​ប្រកាស​ឲ្យ​មន្ត្រី​ក្រោមបង្គាប់​អនុវត្ត​ការបិទ​ច្រករបៀង​និង​បញ្ឈប់​ការជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម​នៅ​តាម​ព្រំដែន​ជៀសវាង​បទល្មើស​និង​ជម្លោះ​ពេលអនាគត​។​

 

​លោក ស ខេង​លើកឡើង​ថា​កម្ពុជា​មាន​ច្រក​អន្តរជាតិ​ធំៗ​គ្រប់គ្រាន់​ហើយ​ដូច្នេះ​មិន​ចាំបាច់​មាន​ច្រករបៀង​ដែល​អាច​មាន​ការប្រព្រឹត្ត​បទល្មើស​ជា​ច្រើន​ឆ្លងកាត់​នោះទេ​។​លោក​បន្ថែម​ថា​បញ្ហា​ចម្បង​មួយទៀត​ដែល​សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់​គឺ​ត្រូវ​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​ហូរ​ចូល​មក​កម្ពុជា  និង​បញ្ឈប់​ការជួល​ដី​ដល់​ជនជាតិ​វៀតណាម​សម្រាប់​ធ្វើស្រែ​ចម្ការ​ឬ​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​ជនជាតិ​វៀតណាម​ដែល​បាន​ជួល​ដី​ខ្មែរ​ដែល​បញ្ហា​ទាំងនេះ​នឹង​បង្ក​ឲ្យក្លាយ​ជា​វិវាទ​ព្រំដែន​ក្នុង​ពេល​អនាគត​។​

 

​ដោយឡែក​មើល​មួយផ្នែក ការងា​រ​បញ្ចូន​ជនជាតិ​វៀតណាម​ខុសច្បាប់​ចេញពី​កម្ពុជា ដែល​ជា​ចំណាត់ការ​ថ្មីៗ របស់​រដ្ឋាភិបាល​កម្ពុ​ជា ត្រូវបាន​សារ​ធារ​ណះ​ជន​សម្តែង​ការគាំទ្រ គាំទ្រ​ក៏​ព្រោះ​បញ្ហា​នេះ បាន​ធ្វើឲ្យ​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក​ហ៊ុន សែន រង​ការរិះគន់​ដោយ​មិន​សំចៃមាត់​ពី​ចំពោះ​ការ​បណ្តែតបណ្តោយ​ឲ្យ​ជន​ជា​តិ​វៀតណាម មក​រស់​លើ​ទឹកដី​ខ្មែរ យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​គ្មាន​ច្បាប់​ទំលាប់​។​
​អាចនិយាយបាន​ថា គណបក្ស​ប្រជាជន កំពុង​ព្យាយាម​ស្រោចស្រង់ ទាញ​យក​សំឡេង​ឆ្នោត ដែល​បាន​បាត់ ស្ទើរ​មិន​គួរឲ្យ​ជឿ​ក្នុង​ឆ្នាំ​២០១៣ ចំនួន​២២ កៅអី​។​

 

​លោករ​ស់ រ៉ាវុធ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លើកឡើងថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​នូវ​ផល​ចំណេញ​ចំនួន​២ ទី​១ សំឡេងឆ្នោត ទី​២ ចំណេញ​សម្រាប់​ប្រទេស​ជាតិ​កម្ពុជា​ទាំងមូល​។​

​សម្លេង​លោករ​ស់ រ៉ា​វិធ​៖

 

​គួរកត់សម្គាល់​ថា បញ្ហា​ហូរ​ចូល​ជន​អន្តោរ​ប្រវេសន៍​វៀតណាម​មក​កម្ពុជា​នេះ ត្រូវបាន​គណបក្ស​ប្រឆាំង​រិះគន់​យ៉ាងខ្លាំង​ពេល​ឃោសនា​បោះឆ្នោត​ម្តងៗ​ថា រដ្ឋាភិបាល​មាន​ភាព​ធូរ​ក្នុង​ការអនុវត្ត​ច្បាប់​។​ចំណែក​ការបាត់បង់​សំឡេងឆ្នោត​កាលពី​ឆ្នាំ​២០១៣​អស់​២២ កៅអី​របស់​គណបក្ស ប្រជាជន​កម្ពុជា ក៏​ត្រូវបាន​អ្នកវិភាគ​យល់ថា ដោយសារ​តែ​បញ្ហា​ជន​អន្តោរ​ប្រវេសន៍​វៀតណាម​ផងដែរ​៕

 

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត