លោក​​ស ខេង​​៖​​អ្នក​នយោបាយ​​​យក​​បញ្ហា​​ព្រំដែន​​កេង​ចំណេញ​​​​​មិន​មែន​​កើត​ចេញ​ពី​​ឆន្ទៈ​

14-07-2015 5:42 pm 3597

​នៅក្នុង​ពិធី​ផ្សព្វផ្សាយ អំពី​បញ្ហា​ព្រំដែន និង​ការ​បង្គោល​ខណ្ឌសីមា ជូន​ដល់​អាជ្ញាធរ​ខ្មែរ ទូទាំង​ប្រទេស នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា​។​លោក​ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​រិះគន់​ដល់ អ្នកនយោបាយ​មួយចំនួន ដែល​បាន​ប្រើប្រាស់​បញ្ហា​ព្រំដែន ដើម្បី​កេងចំណេញ​ដល់​បក្ខពួក​របស់​ខ្លួន​។​បញ្ហា​ព្រំដែន នៅតែ​ជា​បញ្ហា​រសើប​ដដែល នាពេល​បច្ចុប្បន្ន​នេះ​។​រសើប​រហូត មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់ អ្នកនយោបាយ និង​សាធារណៈជន​ទូទៅ​។​

 

លោក​ស ខេង បាន​មានប្រសាសន៍​បន្ត​ថា មាន​មនុស្ស​ខ្លះ ឆ្លៀត​ប្រើប្រាស់​បញ្ហា​ព្រំដែន ទៅ​ជា​បញ្ហា​នយោបាយ បម្រើ​ផល​ប្រយោជន៍​ដល់​ក្រុម​បក្ខពួក​របស់​ខ្លួន អញ្ជឹងទេ យើង​គិត​ថា​បញ្ហា​នេះ មិនមែន​ជា​ការ​ល្អ​ប្រសើ​រ​ទេ បើ​ត្រឹមតែ​ធ្វើ​នយោបាយ ដើម្បី​បម្រើ​ផលប្រយោជន៍ របស់​ក្រុម​ណាមួយ​នោះ ផ្ទុយ​ទៅ​វិញ​យើង​ចង់ឃើញ ចង់បាន​ហើយ​ក៏​អំពាវនាវ​ឱ្យ​មាន ចូលរួម​ដើម្បី ការពារ​ផលប្រយោជន៍​រួម របស់​ប្រទេសជាតិ​របស់​យើង បម្រើ​ផលប្រយោជន៍​ឱ្យ​គ្រប់​និន្នាការ​នយោបាយ ដែល​មាន​នៅ​កម្ពុជា​។​

សំឡេង លោក ស ខេង

​ទោះបីជា​មិន​សំដៅ​ឲ្យចំ​ឈ្មោះថា អ្នកនយោបាយ​រូប​ណាក៏ដោយ ប៉ុន្តែ​ជា​ការកត់សំគាល់ គឺ​លោក​អ៊ុំ សំអាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា អ្នកនយោបាយ​លូន​ដៃ​ជ្រៅ​ខ្លាំង​លើ​បញ្ហា​ព្រំដែន​។​ថ្លែង​ប្រាប់​វិទ្យុ​វា​យោ ដោយ​ឆ្លើយតប​នឹង​ការរិះគន់​នេះ លោក អ៊ុំ សំអាន​បាន​អះអាងថា សកម្មភាព​ឈឺឆ្អាល​របស់​លោ​កើ​បញ្ហា​ព្រំដែន គឺ​កើត​ចេញពី​ឆន្ទៈ​ជា​ប្រជាពលរដ្ឋ​មួយ​រូប ដែល​ចង់​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា មិនមែន​ធ្វើ​ឡើង​ដើម្បី​គេង​ចំណេញ​នយោបាយ រឺ​កេងចំណេញ​ឲ្យ​បក្សពួក​ដូច​ការលើក​ឡើយ​របស់​លោក​ស​ខេង​ឡើយ​។​

​សំឡេង លោក​អ៊ុំ សំអាន


​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម បាន​ចាប់ផ្តើម​ឡើង​កំដៅ​ជាថ្មី ដោយសារ​តែ​កម្ពុជា បាន​រកឃើញថា វៀតណាម​បាន​រំលោភ​ចូល​មក​ដី​កម្ពុជា និង​ធ្វើ​សកម្មភាព នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដែល​ល្មើស​នឹង​កិច្ចព្រមព្រៀង​ព្រំដែន ឆ្នាំ​១៩៩៥​។​បញ្ហា​ព្រំដែន​នេះ កន្លងមក​ក៏​មាន​ការ​លូន​ដៃ​ចូល​ជ្រៅ​ពី​សំណាក់ អ្នកនយោបាយ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។​លូន​ដៃ​រហូត​ដល់​មាន​ការបកស្រាយ ធ្វើ​សន្និសីទកាសែត​ជា​បន្តបន្ទាប់​ជុំវិញ​ផែនទី​កម្ពុជា វៀតណាម​ដើម្បី​បញ្ជាក់​ពី​អធិតេយ្យភាព​ដែនដី​។​ទោះបីជា​មាន​ការបកស្រាយ និង​ធ្វើ​សន្និសីទកាសែត​យ៉ាងណាក៏ដោយ បញ្ហា​ព្រំដេន​កម្ពុជា និង​វៀត ណាម​នេះ នៅតែ​មិន​ទាន់​អាច​ដោះស្រាយ​បាន​រហូត​មកដល់​ពេលនេះ​៕

ព័ត៌មានផ្សេងទៀត