ច្បាប់​NGO​ជាច្បាប់​គ្រប់​​ទឹក​ឬទេ​​ ពេល​​​​គណបក្ស​CNRP​​​​​មិន​​បោះ​ឆ្នោត​គាំ​ទ្រ​?​​​​

13-07-2015 8:07 pm 2267

​នៅ​ទី​បំផុត​ទៅ សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមាន​៩​ជំពូក ៣៩​មាត្រា ត្រូវបាន​អនុម័ត​ទាំងស្រុង​ហើយ នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៤ នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​១៣ កក្កដា​នេះ ដោយ​សម្លេង​គាំទ្រ ៦៨​សម្លេង លើ​សមាជិក​រដ្ឋសភា​ទាំង​៦៨​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​ដែល​តំណាងរាស្ត្រ​ទាំង​៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ពហិកា​ក្នុង​កិច្ចប្រជុំ​នេះ​។​

 

​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ ត្រូវបាន​ពិភាក្សា និង​អនុម័ត​១​ជំពូក​ម្តងៗ រហូត​ដល់​ជំពូក​ទី​៩ ដែលមាន ៣៩​មាត្រា​។ ក្នុង​ការពិភាក្សា និង​អនុម័ត​លើ​សេចក្តី​​ព្រាង​​​​​ច្បាប់​​នេះ មាន​ការចូលរួម​ផ្តល់​យោបល់​ពី​សមាជិក​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន ដែល​សុទ្ធតែ​បង្ហាញ​ពី​ការគាំទ្រ យ៉ាង​ពេញទំហឹង​លើ​សេចក្តីព្រាងច្បាប់​មួយ​នេះ​។​

 

​បើ​តាម​ការអាន ពី​សេចក្តីថ្លែងហេតុ ការពារ​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ពី​សំណាក់​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​ធានា ការពារ​សិទ្ធិ​សេរីភាព ក្នុង​ការបង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងប្រទេស​កម្ពុជា និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ក្នុង​ភាព​ជា​ដៃគូ​រវាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាមួយនឹង​អាជ្ញាធរ​សាធារណៈ ព្រមទាំង​មាន គោលដៅ​កំណត់​បែបបទ ទទួលស្គាល់​តាម​ផ្លូវច្បាប់ ដែល​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ចុះបញ្ជី ឬ​ចុះ​អនុស្សារណៈ នៅ​ក្រសួង​មាន​សមត្ថកិច្ច ដោយ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដែល​បាន​កំណត់​ក្នុង​ច្បាប់ ។​

 

ជាមួយគ្នានេះ លោក​ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ក៏​បាន​បង្ហាញ​ផង​ដែរ អំពី​ការកែសម្រួល​ទៅលើ​មាត្រា​មួយចំនួន ក្នុង​សេចក្តីព្រាងច្បាប់​NGO​នេះ ទៅ​តាម​អនុសាសន៍ របស់​គណៈកម្មកា​រទាំ​ង​៣ និង​ទៅ​តាម​ការស្នើសុំ​ពី​សង្គម​ស៊ីវិល នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ នា​ពេលកន្លងមក​។ មាត្រា ដែល​មាន​ការកែសម្រួល​រួមមាន មាត្រា​៥ មាត្រា ១១ និង​មាត្រា​៣០​។​

សម្លេង​លោក​ឈាង វុន

 

យ៉ាងណាក៏ដោយ សម្រាប់​ការអនុម័ត​លើ​សេចក្តីព្រាងច្បាប់​NGO​នេះ នៅតែ​ត្រូវបាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល អះអាងថា ធ្វើឡើង​ដោយ​ប្រញាប់ប្រញាល និង​មិន​បាន​ផ្តល់ឱកាស​គ្រប់គ្រាន់ ឲ្យ​សង្គម​ស៊ីវិល ពិភាក្សា និង​ពិគ្រោះ​យោបល់​។​

 

​ក្នុង​សម័យប្រជុំ​សភាពេញអង្គ​លើក​ទី​៤ នីតិកាល​ទី​៥ នា​ព្រឹក​ថ្ងៃទី​១៣ កក្កដា ខណៈ​ដែល​សមាជិក​សភា មកពី​គណបក្ស​ប្រជាជន​ទាំង ៦៨​រូប កំពុង​ពិភាក្សា និង​អនុម័ត ទៅ​លើ​សេចក្តីព្រាងច្បាប់​NGO ក៏​មាន​ការដាក់​កម្លាំង​សមត្ថកិច្ច ការពារ​យ៉ាង​រឹងមាំ​ផងដែរ នៅ​ខាង​មុខ​រដ្ឋសភា ខណៈ​ដែល​គេ​សង្កេតឃើញ​មាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ធ្វើ យុទ្ធនាការ​តវ៉ា​ប្រឆាំង​នឹង ការអនុម័ត សេចក្តីព្រាងច្បាប់​នេះ​។​

 

​លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ក្នុង​ការតវ៉ា លើ​សេចក្តីព្រាងច្បាប់​NGO នៅមុខ​វិមាន​រដ្ឋ​សភា​ផង​ដែរ​នោះ បាន​អះអាង​ថា ជាគោលការណ៍ នៅថ្ងៃនេះ តំណាង​​​​​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​៥៥ រូប មិន​ចូលរួម​កិច្ចប្រជុំសភា ដើម្បី​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​NGO​នេះ​ទេ ព្រោះ​លោក​មើលឃើញថា សេចក្តីព្រាងច្បាប់​នេះ មាន​ភាពលំអៀង និង​ផ្តល់​សិទ្ធិ​អំណាច​ហួសហេតុ ដល់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស ម្យ៉ាងវិញទៀត ការផាកពិន័យ​ក៏​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​ជា​ការបំបាត់​សិទ្ធិសេរីភាព​NGO និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។​

សម្លេង​លោក​អ៊ុំ សំអាន​

 

​លោក​អំ សំអាត មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បានបញ្ជាក់​ថា លោក​សោកស្តាយ ចំពោះ​ការអនុម័ត​លើ​សេចក្តីព្រាងច្បាប់ ដែល​មាន​លក្ខណៈ​ប្រញាប់ប្រញាល ដោយ​ចំណាយ​ពេល​ត្រឹមតែ​មួយ​ព្រឹក គឺ​អាច​អនុម័ត​ច្បាប់​មួយ​ដែល​មាន​រហូតដល់​ទៅ ៩​ជំពូក និង​៣៩​មាត្រា​។ បើទោះបីជា​ការអនុម័ត មាន​សម្លេង​លើសពី​៥០%+១​ក៏ដោយ ប៉ុន្តែ​ជា​ការ​អនុម័​ច្បាប់ ដោយ​ឯក​បក្ស ដោយសារ​គ្មាន​វត្ត​​មាន​ចូលរួម​តំណាងរាស្ត្រ ទាំង​៥៥​រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។ ពហិការ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ក៏​ព្រោះតែ​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋា​ភិ​បាល​​​​​នេះ គឺជា​ច្បាប់​មួយ ដែល​រឹតបន្តឹង​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ និង​អង្គការ សង្គម​ស៊ីវិល​។​

សម្លេង​លោក​អំ សំអាត​

 

​សង្គម​ស៊ីវិល នៅតែ​បន្ត​ឃ្លាំមើល និង​ធ្វើ​យុទ្ធនាការ តស៊ូ រហូត​ដល់​ទីបញ្ចប់ ចំពោះ​សេចក្តីព្រាងច្បាប់​នេះ​។​នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​ពី​សំណាក់​លោក អំ សំអាត​។​

សម្លេង​លោក​អំ សំអាត

 

​ទោះបីជា​យ៉ាងណា​ក៏ដោយ សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​អនុម័ត​ជា​ស្ថាពរ ដោយ​សម្លេង​គាំទ្រ ៦៨​សម្លេង លើ​សមាជិក​រដ្ឋសភា​ទាំង​៦៨​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ការប្រជុំ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​NGO ដែល​មាន​កូរ៉ុម​សរុប​ចំនួន​៦៨​នេះ គឺ​មាន​លក្ខណៈ​ស្រប និង​ត្រឹមត្រូវ ទៅតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​ជា​ការអះអាង​ពី​សំណាក់​លោក​លី ច័ន្ទ​តុលា សាស្ត្រាចារ្យ​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋ​។​

សម្លេង​លោក​លី ច័ន្ទ​តុលា​

ព័ត៌មានផ្សេងទៀត