ចិន​​ជំទាស់​​ការ​ថ្កោលទោស​​របស់​អាមេរិក​​ពាក់​ព័ន្ធ​​ការ​និរទេស​​មូស្លីម​អ៊ុយ​ហ្គួ​រ​​ពី​​ថៃ​

12-07-2015 12:12 pm 1486
ជនជាតិភាគតិចអ៊ុយហ្គួរត្រូវអាជ្ញាធរថៃបញ្ជូនចាកចេញពីប្រទេស

ជម្លោះ​ពាក្យសំដី​រវាង​អាមេរិក​និង​ចិន ទាក់ទង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ទើបតែ​ស្ងប់ស្ងាត់​បន្តិច ស្រាប់តែ​លេច​រឿង​មួយ​ទៀត​ធ្វើឲ្យ​អាមេរិក​និងចិន​ឆ្លើយឆ្លង​គ្នា​ជា​ថ្មី​តាម​សេចក្តីថ្លែងការណ៍​។ ជា​សេចក្តី​ថ្លែង​​​​ការណ៍​មិន​សុខចិត្ត​របស់​ចិន ចំពោះ​អាមេរិក​ដែល​បាន​ថ្កោលទោស​ថៃ រឿង​និរទេស​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​រ កាន់សាសនា​មូស្លីម​រស់នៅ​ខេត្ត​ស៊ីន​ជាំ​ង​ប្រទេស​ចិន ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​។ ជា​ការ​បញ្ជូន​ធ្វើឡើង​ដោយ​បង្ខំ ផ្ទុយ​ពី​កាតព្វកិច្ច​របស់​ថៃ ខុស​ពី​ច្បាប់​អន្តរជាតិ ដែល​បញ្ជូន​ជនជាតិ​អ៊ុយ​ហ្គួ​រ​ទៅ​កន្លែង​រង​ការ​ធ្វើ​បាប​។

 

​ចិន​មិន​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​អាមេរិក ហើយ​ថា​ការ​ថ្កោលទោស​របស់​អាមេរិក​ធ្វើ​ខុស​ពី​ការពិត ជា​សកម្មភាព​មួយ​លើក​ទឹកចិត្ត​ឲ្យមាន​អន្តោប្រវេសន៍​ខុស​ច្បាប់​បន្ថែម​ទៀត​។ ចិន​ក៏​បាន​ជម្រុញ​អាមេរិក​មើល​ឲ្យបាន​ត្រឹមត្រូវ​លើ​ការខិតខំ​របស់​ខ្លួន ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អន្តោប្រវេសន៍​ខុសច្បាប់ ហើយ​ឲ្យ​អាមេរិក​បញ្ឈប់​ការចេញ​សេចក្តីថ្លែងការណ៍​ខុស​បែបនេះ​តទៅទៀត​។​

 

​ក្រៅ​ពី​ប្រតិកម្ម​លើ​ការ​ថ្កោលទោស​របស់​អាមេរិក ទីក្រុង​ប៉េកាំង បាន​បដិសេធ​ការចោទប្រកាន់​របស់​ក្រុម​អង្គការ​សិទ្ធិមនុស្ស ថា​ចិន​រឹតត្បឹត​លើ​សេរីភាព​សាសនានិង​ប្រពៃណី​របស់​ជនជាតិ​អ៊ុយ​ហ្គួ​រ និង​ប​ដិ​សេធ​​ការប្រើ​អំពើហិង្សា​លើ​ជនជាតិ​អ៊ុយ​ហ្គួ​រ​ផងដែរ​។ ចិន​បាន​បន្ទោស​ភាពចលាចល​នៅ​ខេត្ត​ស៊ីន​ជាំ​ង ដែល​ជា​កន្លែង​ប្រមូលផ្តុំ​ដោយ​ជនជាតិ​អ៊ុយ​ហ្គួ​ររស់​នៅ បង្កឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម ដែល​​រស់​នៅ​លាយឡំ​ជាមួយ​ជនជាតិ​អ៊ុយ​ហ្គួ​រ​ទាំងនោះ​។​

 

​ចិន ជា​ប្រទេស​ដែលមាន​អ្នក​កាន់​សាសនា​មូស្លីម​ប្រហែល​២០​លាន​នាក់​រស់នៅ ក្នុងនោះ​ក៏​មាន​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​រ​និយាយ​ភាសា​តួ​គី​ដែរ​។ នៅ​សប្តាហ៍​នេះ​ជនជាតិ​អ៊ុយ​ហ្គួ​រ​និយាយ​ភាសា​តួ​គី​ជាង​១០០​នាក់ ដែល​ថៃ​ចាប់ខ្លួន​បាន​កាលពី​ឆ្នាំ​២០១៤ ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូនទៅ​ប្រទេស​ចិន​វិញ ក្រោយ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​។ កាល​ពី​មួយ​ខែ​មុន ថៃ​ក៏​បាន​បញ្ជូន​ជនជាតិ​អ៊ុយ​ហ្គួ​រ និយាយ​ភាសា​តួ​គី ជាង​១៧០​នាក់​ត្រឡប់​ទៅ​ប្រទេស​តួ​គី​វិញ​ដូច​គ្នា​ដែរ​។

 

​យ៉ាងណាក៏ដោយ ជនជាតិ​អ៊ុយ​ហ្គួ​រ​នៅតែ​ចាត់ទុកថា​ការរស់នៅ​ក្នុង​ប្រទេស​ចិន រង​ការ​ធ្វើទុក្ខបុកម្នេញ​។ កាលពី​យប់​ថ្ងៃ​ព្រហស្បត្តិ៍ ក្រុមបាតុករ​ក្នុងប្រទេស​តួ​គី បាន​វាយប្រហារ​លើ​ស្ថាន​កុងស៊ុល​ថៃ​ក្នុង​ក្រុង​​អ៊ី​ស្តង់​ប៊ុល ដើម្បី​ប្រឆាំង​ចិន​ក្រោយ​ថៃ​បញ្ជូន​ជនជាតិ​អ៊ុយ​ហ្គួ​រ​ដើមកំណើត​តួ​គី ទៅ​ប្រទេស​ចិន​បាន​មួយថ្ងៃ​។ ការរើបម្រាស​ប្រឆាំង​ចិន​បាន​ផ្ទុះ​ឡើង​ខ្លាំង នៅក្នុង​ពិធីបុណ្យ​រ៉ា​ម៉ា​ដន ដែល​ចិន​មិន​ផ្តល់​សិទ្ធិ​ឲ្យ​​ពួក​មូស្លីម​ម​អ៊ុយ​ហ្គួ​រ គោរព​ពិធីបុណ្យ​សា​នា​មួយ​នេះ​ឲ្យបាន​ត្រឹមត្រូវ​៕

(​ដោយ​៖​អ៊ុន សុខ​ឡា​)

 

 

ព័ត៌មានផ្សេងទៀត