លោក​ស ខេង​៖ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម និង​ជា​ប្រភព​វិនិយោគទុន​ដ៏​សំខាន់​សម្រាប់​កម្ពុជា​

12-07-2015 10:19 am 2498

​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានថ្លែងថា មកដល់​បច្ចុប្បន្ន​នេះ ប្រទេស​ចិន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម និង​ជា​ប្រភព​វិនិយោគទុន​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ដែល​ក្នុង​កិច្ចព្រមព្រៀង​វិនិ​យោគទុន​ពី​ប្រទេស​ចិន​គឺ​មាន​ចំនួន​លើស​ពី​១០​ពាន់​លាន​ដុល្លា​អា​មេ​រិច​នៅ​កម្ពុជា​។​

 

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់ដំណែង សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា សម្រាប់​អាណត្តិ​ទី​៧ លោក ស ខេង បាន​គូស​បញ្ជា​ថា នៅក្នុង​ចំណោម​ទឹកប្រាក់​វិនិយោគទុន​ចិន​ប្រមាណ​១០​ពាន់​លាន​ដុល្លា​អា​មេ​រិច​​នោះ គឺ​អ្នកវិនិយោគទុន​ចិន​បាន​បោះ​ទុក​វិនិយោគ​នៅក្នុង​វិស័យ​សំខាន់​ដូចជា វិស័យ​កសិកម្ម ហេត្ថារចនាសម្ព័ន្ធ ថាមពល អាកាសចរណ៍ ទេសចរណ៍ ទូរគមនាគមន៍ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ពិសេស​នៅតាម​តំបន់​ព្រំដែន និង​បាន​បង្កើត​ការងារ​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​តំបន់​ដាច់ស្រយាល​ផងដែរ​។​

 

លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សង្កត់ធ្ងន់ថា គោលបំណង​រួមចំណែក គាំទ្រ​ដល់​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដល់​កម្ពុជា រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ដោយ​បាន​ផ្តល់​ជំនួ​យ​ឥតសំណង កំចី​ឥត​ការប្រាក់ និង​កម្ចីអនុគ្រោះ​ជាដើម មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​២​ពាន់​លាន​ដុល្លា​អា​មេ​រិច ដើម្បី​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍន៍​សង្គម​នៅ​កម្ពុជា​។​

 

លោក កៅ ហួរ ប្រធានសភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា មកដល់​បច្ចុប្បន្ន​នេះ សហគ្រាស ដែល​ជា​សមាជិក​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា គឺ​មាន​ចំនួន​លើស ៦០០​ក្រុមហ៊ុន និង​មាន​ក្រុមហ៊ុន​ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​អាណត្តិ​ទី​៧​នេះ មាន​ទៅ​ដល់ ៨២​ក្រុមហ៊ុន ហើយ​ពួកគេ​កំពុង​ធ្វើ​អាជីវកម្ម​ដ៏​សកម្ម​នៅ​កម្ពុជា​។ នៅ​ក្នុងចំណោម​នៃ​ការធ្វើ​អាជីវកម្ម​នោះ សភាពាណិជ្ជកម្ម​ខ្លួនឯង ក៏​បាន​បង្កើត​សមាគម​អាជីវកម្ម​ចំនួន​បី​រួមមាន​៖ អាជីវកម្ម​រ៉ែ​លើ​ប្រព័ន្ធ​ថាមពល​អគ្គីសនី វាយនភ័ណ្ឌ និង​មាន​សមាគមន៍​ចំនួន​១០​កន្លែង​ផ្សេង​ទៀត​ផង​ដែរ​។​

 

បើតាម​លោក កៅ ហួរ ឆ្លងកាត់​ការធ្វើ​កិច្ចសហប្រតិបត្តិកា​រណ៍អស់​ជាច្រើន​ឆ្នាំ​មកនេះ កិច្ចសហការ​ផ្នែក​សេដ្ឋកិច្ច​រវាង​កម្ពុជា​ចិន ត្រូវ​មាន​កត្តា​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​កម្ពុជា​មាន​ដីធ្លី​កំរិត​ទាប តំលៃ​ពលកម្ម​សមរម្យ ការលើកលែង​ពន្ធ​នាំចេញ គ្មាន​ការ​រឹតបន្តឹង​លើ​កូតា មិន​មាន​ការព្រួយបារម្ភ​ទៅ​លើ​ការប្រឆាំង​លក់​បង្ខូច​តំលៃ មិន​មានរ​បាំង​ឧបសគ្គ ការប៉ះទង្គិច​ផ្នែក​ពាណិជ្ជកម្ម និង​មាន​លក្ខខណ្ឌ នាំចេញ​សុទ្ធតែ​ជា​កម្លាំង​ង​ទាក់ទាញ​ដ៏​ធំ​មួយ សម្រាប់​សហគ្រាស​ពាណិជ្ជកម្ម​ចិន​។

 

យ៉ាងណាក៏ដោយ នៅ​ក្នុង​កិច្ច​ទំនាក់ទំនង​ល្អ សភា​ពាណិជ្ជកម្ម​ចិន​បាន​តម្រូវឲ្យ សមាជិក​សហគ្រាស​ទាំង​អស់​ គោរព​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា ច្បាប់​រដ្ឋ និង​ក្រមសីលធម៌​សង្គម ជួយ​ដោះស្រាយ​ដល់​សហគ្រាស​ដែល​ជា​សមាជិក ជួបប្រទះ​ការលំបាក​នៅ​ពេល​កំពុង​អភិវឌ្ឍន៍ បង្កើត​នូវ​យុត្តិធម៌​សម្រាប់​ទីផ្សារសេរី​៕

(​ដោយ​៖ អាំ តាក់​)

ព័ត៌មានផ្សេងទៀត