លោក​​អ៊ុំ សំអាន ​បារម្ភ​ខ្លាច​​ការ​សន្យា​​របស់​វៀត​​ណា​ម​​ជា​​សន្យា​​ខ្យល់​​​

10-07-2015 6:07 pm 2960

​បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម បាន​សន្យា​លុប​ស្រះ​ទឹក​ចំនួន​៣​កន្លែង នៅក្នុង​ខេត្ត​រតនគិរី ផ្អាក​ការសាងសង់​ផ្លូវ នៅ​ខេត្ត​ស្វាយរៀង រួម​នឹង​ការផ្អាក​សាងសង់​ប៉ុស្តិ៍​យោធា ស្ថិតក្នុង​ខេត្ត​កណ្តាល​រួចមក លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការស្វាគមន៍ ចំពោះ​ការសន្យា​នេះ​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ លោក​ស្នើ​ឲ្យមាន​ការលុ​បស្រះ​ទឹក​ចំនួន​៥​បន្ថែមទៀត ព្រោះថា​ការជីក​ស្រះ​ទាំង​៨ របស់​ភាគី​វៀតណាម គឺជា​ការរំលោភ​លើ​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៥​។ ជាមួយគ្នានេះ លោក​អ៊ុំ សំអាន ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា តាមដាន​ចំពោះ​ការសន្យា​នេះ ព្រោះ​កន្លងមក​លោក​សង្កេតឃើញ​ថា ការសន្យា​របស់​វៀតណាម ជា​សន្យា​ខ្យល់​។​

សម្លេង​លោក​អ៊ុំ សំអាន

 

​ការសន្យា​លុប​ស្រះ​ទឹក ផ្អាក​សាងសង់​ប៉ុស្តិ៍​យោធា និង​ផ្អាក​សាងសង់​ផ្លូវ ពី​ភាគី​វៀតណាម​នេះ ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា​អះអាង​ថា ធ្វើឡើង​ក្រោយ ពី​ក្រសួង​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា ជា​ច្រើន​លើក ទៅកាន់​ក្រសួងការបរទេស​វៀត​ណា​ម​។ ហើយ​ការសម្រេច​ពី​ភាគី​វៀតណាម​នេះ ធ្វើឡើង​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​-​វៀតណាម រយៈពេល​៣​ថ្ងៃ នៅ​រាជ​ធានី​​ភ្នំពេញ តាម​ការណែនាំ​ពី​លោក​ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​។ ប៉ុន្តែ​លទ្ធផល​នេះ មិន​ត្រូវ​បាន​បង្ហាញ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ឡើយ​។ ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ត្រូវបាន​លោក ជុំ ស​ន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា អះអាងថា ការ​ដែល​មិន​បញ្ចូល​ការឆ្លើយតប​នេះ ទៅ​ក្នុង​សេចក្តីប្រកាស ព័ត៌មាន​របស់​គណៈកម្មកា​រ ចម្រុះ​ព្រំដែន ដោយសារ ជា​ដែន​សមត្ថកិច្ច​ផ្សេងគ្នា​។

 

​យ៉ាងណាក៏ដោយ ចំពោះ​ការស្នើសុំ​ឲ្យ​ភាគី​វៀតណាម លុប​ស្រះ​ទឹក​ចំនួន​៥​ន្លែ​ង​ទៀត ស្ថិតក្នុង​ខេត្ត​រតនគិរី ដែល​កម្ពុជា​ឃើញថា រំលោភ​ចូល​ដី​ខ្មែរ​ដែរ​នោះ គឺ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​វៀត​ណាម នឹង​ចុះ​ពិនិត្យ​រួមគ្នា ជាមួយនឹង​មន្ត្រី​ជំនាញ​របស់​កម្ពុជា ដើម្បី​សិក្សា​លម្អិត តែ​នៅ​ក្នុង​នោះ​មាន​ស្រះ​ទឹក​ចំនួន​២ ជា​ស្រះ​យូរណាស់​មកហើយ​។ នេះ​បើ​តាម​ការបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស របស់​​ក្រសួងការបរទេស​កម្ពុ​ជា​។​

 

​ដោយឡែក ចំពោះ​ការស្នើឲ្យ​រដ្ឋាភិបាល​ពិនិត្យ​តាមដាន ការសន្យា និង​វិធានការ ចំពោះ​ការ​មិន​គោរព​សន្យា ពី​ភាគី​វៀតណាម មិន​ត្រូវបាន​អះអាង​ថា នឹង​មាន​វិធានការ​យ៉ាងណា​នោះទេ ដោយ​វិទ្យុ​វា​យោ មិនអាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល ដែល​ទទួលបន្ទុក​លើ​កិច្ចការ​ព្រំដែន​។​

 

​សូមបញ្ជាក់​ថា យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃ​ទី​១០ កក្កដា បានបញ្ជាក់​ថា រដ្ឋាភិបាល​វៀតណាម តាមរយៈ​គណៈកម្មាធិកា​រ​ព្រំដែន នៃ​ប្រទេស​នេះ បាន​សន្យា លុប​ស្រះ​​ចំនួន​៣ នៅ​ភូមិ​ឡំ ឃុំ​ប៉ក​ញ៉ៃ ស្រុក​អូយ៉ាដាវ ខេត្ត​រតនគីរី ព្រមទាំង​សន្យាថា នឹង​ផ្អាក​សាងសង់​ប៉ុស្តិ៍​យោធា ដែល​រំលោភ​ចូល​ដី​ខ្មែរ នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល រួម​នឹង​ផ្អាក​សាងសង់ ផ្លូវ​នៅ​ចន្លោះ​បង្គោល​ព្រំដែន លេខ​១៩៤-២០៣ លេខ​២១១-២១៣ និង​លេខ ២១៣-២២៧ នៅ​ស្រុក​ចន្ទ្រា និង​ស្រុក​កំពង់រោទ៌ ខេត្ត​ស្វាយរៀង​ផងដែរ​។​

 

​ការសន្យា​ពី​ភាគី​វៀតណាម​នេះ ធ្វើឡើង​បន្ទាប់​ពី ក្រសួងការបរទេស​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​ចំនួន​៣​លើក លើ​បញ្ហា​ទាំងនេះ​។ នៅ​ថ្ងៃ​ទី​៨ និង​ថ្ងៃ​ទី ១៧ ខែ មិថុនា ឆ្នាំ​២០១៥ ក្រសួង​បាន​ធ្វើ​កំណត់​ទូត​តវ៉ា​ចំនួន ២​ដង ដើម្បី​ស្នើ​ភាគី​វៀតណាម ផ្អាក​ការសាងសង់​ប៉ុស្តិ៍​យោធា​ក្បែរ​ភូមិ​ព្រែក ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល​ជា​បន្ទាន់​។ នៅ​ថ្ងៃ​ទី​១ ខែកក្កដា ក្រសួង ក៏​បាន​ធ្វើ​កំណត់​ទូត​តវ៉ា ១​ទៀត ទៅកាន់​ភាគី​វៀតណាម ដើម្បី​ទាមទារ ឲ្យ​ផ្អាក​ការសាងសង់​ផ្លូវ​នៅ ស្រុក​ចន្ទ្រា និង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ជា​បន្ទាន់​ផង​ដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត