លទ្ធផល​​កិច្ចប្រជុំ​​កម្ពុជា វៀតណាម ​លើ​បញ្ហា​​ព្រំដែន​​ស្ថិត​​ក្នុង​​ការ​លាក់​បាំង​​

09-07-2015 7:36 pm 1563

​គណៈកម្មការ​ព្រំដែន​កម្ពុជា និង​វៀតណាម បានបញ្ចប់​កិច្ចប្រជុំ​រយៈពេល ៣ ថ្ងៃ នៅ​ល្ងាច​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ អនុប្រធាន​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន លោកស្រី កុយ ពិសី បាន​ចុះហត្ថលេខា​លើ​ឯកសារ​ជា​ច្រើន​សន្លឹក​ជា​មួយ​ភាគី​វៀតណាម​។ បន្ទាប់មក លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន បាន​ចុះហត្ថលេខា​បន្ត​ជាមួយ​ភាគី​វៀតណាម​លើ​ឯកសារ​ជា​ច្រើន​សន្លឹក​ដែរ​។

 

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ភាគី​កម្ពុជា​ឲ្យដឹងថា កិច្ចប្រជុំ​នេះ បាន​ដំណើរការ​ប្រកបដោយ​បរិយាកាស​ស្និទ្ធស្នាល ឈរ​លើ​មូលដ្ឋាន និង​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក​នូវ​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​នីមួយៗ​។ សេចក្តីប្រកាស​បន្ត​ថា «​ភាគី​ទាំង​ពីរ​ទទួលស្គាល់ថា​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​មានការ​ស្មុគស្មាញ​ច្រើន ទោះ​ជា​ភាគី​ទាំងពីរ​បាន​បោះបង្គោល​ព្រំដែន​បាន​ចំនួន​ប្រមាណ​៨៣​ភាគរយ​រួចហើយ​ក៏​ដោយ​។ ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា​នឹង​ខិតខំ​បញ្ចប់​កិច្ចការ​ព្រំដែន​ឲ្យបាន ចប់​នាពេលខាងមុខ​»​។​

 

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្តថា ភាគី​ទាំងពីរ​បាន​ឯកភាព​អនុវត្ត​ឲ្យបាន ម៉ឹងម៉ាត់ តាម​ស្មារតី​នៃ​សេចក្តីប្រកាស​ព័ត៌មាន​រួម ចុះ​ថ្ងៃ​ទី​១៧​ខែ​មករា ឆ្នាំ​១៩៩៥ ស្តី​ពី​ការរក្សា​ស្ថានភាព​បច្ចុប្បន្ន​នៅតាម​បណ្តោយ​ព្រំដែន​។ បន្ថែម​លើ​ពីនេះ ភាគី​ទាំងពីរ​ឯកភាព​ឲ្យ​ក្រុមបច្ចេកទេស​ចម្រុះ​ព្រំដែន ក៏ដូចជា​អាជ្ញាធរ​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ សហការ​គ្នា​ដោះស្រាយ​ឲ្យមាន​ប្រសិទ្ធភាព​រាល់​បាតុភា​ពដែល​កើតមានឡើង នៅតាម​បណ្តោយ​ព្រំដែន ដើម្បី​ទប់ស្កាត់ និង​បញ្ចៀស​ការរីក​រាលដាល ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​។​

 

​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន បាន​បដិសេធ​មិន​បកស្រាយ​បន្ថែម​ទៅ​កាន់​អ្នកសារព័ត៌មាន​លើ​កិច្ចប្រជុំ បញ្ហា​ព្រំដែន​ជាមួយ​ភាគី​វៀតណាម ដោយ​គ្រាន់តែ​ឲ្យ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​សន្លឹក​តែប៉ុណ្ណោះ​។​

 

​យ៉ាងណាក្តី​សេចក្តីប្រកាស​ព័ត៌មាន​របស់​ភាគី​កម្ពុជា​នេះ ត្រូវបាន​អ្នកសារព័ត៌មាន​សម្តែង​ការរិះគន់​។ កា​រិះគន់​នេះ​ក្រោយពី​មាន អ្នកសារព័ត៌មាន ម្នាក់​បាន​ឃើញ​អ្នកសារព័ត៌មាន​វៀតណាម ទ​ទូល​បាន​លទ្ធ​ល​ផល​កិច្ចប្រជុំ ដែល​មាន​រហូត​ទៅ​ដល់​បី​ទំព័រ ចំណែកឯ​អ្នកសារព័ត៌មាន​កម្ពុជា​បាន​ត្រឹមតែ​មួយ​ទំព័រ​។​បើ​តាម​ប្រភព​អ្នកសារព័ត៌មាន បាន​លើកឡើង​ថា អ្នកសារព័ត៌មាន​វៀតណាម​បាន​ទទួល​ឯកសារ​ជា​ភាសា​វៀតណាម ជា​ច្រើន​សន្លឹក ដែល​មាន​អត្ថន័យ​ច្រើន​ជាង​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ផ្តល់​ទៅឲ្យ​អ្នកសារ ព័ត៌មាន​ខ្មែរ​។​

 

​គួរបញ្ជាក់​ថា កិច្ចប្រជុំ​រឿង​ព្រំដែន​នេះ​ធ្វើឡើង​ក្រោយ​ពី​មាន ភាពចម្រូងចម្រាស​នៅតាម​ព្រំដែន រហូត​មាន​ការប្រើ​ហិង្សា​នៅ​ចំណុច​មួយ​នៃ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​ស្វាយរៀង​។ ក្រៅពី​ការប៉ះ​ទង្គិច​​នៅ​ខេត្ត​ស្វាយរៀង​នោះ ក៏​មាន​ការ​បាញ់ថ្នាំ​លើ​ដំណាំ​របស់​កសិករ​ខ្មែរ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ការជីក​ប្រឡាយ​នៅ​ខេត្ត​កំពត និង​ការជីក​ស្រះ​ចូល​ដី​ខ្មែរ​នៅ​ខេត្ត​រតនគិរី​ពី​សំណាក់​វៀតណាម​ជាដើម​។ ក្រោយ​មាន​​ភាពចម្រូងចម្រាស​ទាំង​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាងថា វៀតណាម​ពិតជា​បាន​រំលោភ​ចូល​អធិបតេយ្យ​របស់​កម្ពុជា និង​បាន​ដាក់​កំណត់​ទូត​១២​ដង​ទៅ​វៀតណាម ប៉ុន្តែ​រហូត​មកដល់ពេលនេះ​មិន​ទាន់​មាន​ការឆ្លើយតប​ណាមួយ​នៅឡើយ​ទេ​៕

(ដោយ៖គួន សំបូរ)


ព័ត៌មានផ្សេងទៀត