លោក​​ឈាង វុន ជំរុញ​ឲ្យ​​កែប្រែ​​២​មាត្រា​​ក្នុង​​ច្បាប់​NGO​​ក្រោយ​ការទាមទា​រ​របស់​​សង្គម​​ស៊ីវិល​​​​

08-07-2015 5:26 pm 1135

​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​រៀបចំ​ដោយ​រដ្ឋសភា នា​ថ្ងៃ​ទី​០៨ កក្កដា​នេះ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ ក្រោយពី​មាន​ការពិគ្រោះ​យោបល់​ពី​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ រួម​នឹង​អង្គការ សមាគម រយៈពេល​ជាង​៤​ម៉ោង​។ សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មួយចំនួន យល់​ឃើញ​ខុសៗ​គ្នា ដោយមាន​អង្គការ​សមាគម​ខ្លះ​គាំទ្រ និង​ខ្លះ​មិន​គាំទ្រ ក្នុង​ការអនុម័ត​។​

 

​ក៏​មាន​ការបកស្រាយ​យ៉ាង​ក្បោះក្បាយ​ផងដែរ​ពី​មន្ត្រី​តំណាង​រដ្ឋាភិបាល ដែលជា​អ្នក​រៀបចំ​តាក់តែង​ច្បាប់​មួយ​នេះ ដែល​រួមមាន​មន្ត្រី​តំណាង​ក្រសួងការបរទេស ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និង​ក្រសួង​យុត្តិធម៌​ជាដើម​។​

 

​លោក​សឿង សារឿ​ន នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​(CCC) បានលើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថា រូបលោក និង​អង្គការ​សមាគម​ដទៃ​ច្រើន​ទៀត មិន​គាំទ្រ​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​អង្គការ​សមាគម​បច្ចុប្បន្ននេះ​។ មិន​គាំទ្រ ដោយសារតែ​មាន​មាត្រា​ជាច្រើន រហូតដល់​២៥​មាត្រា ក្នុងចំណោម​៣៩ មាត្រា ដែល​មាន​ពាក្យពេចន៍​មិន​ច្បាស់លាស់ និង​មាន​ខ្លឹមសារ​ដែល​អាច​ប្រាស់ចាក​នឹង​រដ្ឋធម្មនុញ្ញ ដូចជា​មាត្រា​២ ដែល​បាន​ចែង​កំណត់​ពី​ទំហំ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល មាត្រា​៥ ការកំណត់​អតីត​ប្រធាន​សមាគម ឬ​អង្គការ​ដែល​ត្រូវបាន​លុប​ចេញ​ពី​បញ្ជី មិន​អាច​មាន​សិទ្ធិ​បង្កើត​អង្គការ ឬ​សមាគម​ថ្មី និង​មាត្រា​៩ ដែល​កំណត់​ពី​ការចុះបញ្ជី ដែល​រួមមាន​ទាំង​ការ​កំណត់​អាយុ​ស្ថាបនិក​អង្គការ សមាគម​។​

សម្លេង​លោក​សឿង សារឿ​ន​

 

​យ៉ាងណាក៏ដោយ ក្រោយ​បញ្ចប់​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ច្បាប់​NGO​នេះ លោក​ឈាង វុន ប្រធាន​គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ថ្លែង​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថា គណៈកម្មការ នឹង​លើកយក​២​ចំនុច​សំខាន់ ក្នុង​សេចក្តីព្រាងច្បាប់​NGO​នេះ ទៅ​ពិភាក្សា និង​ពិចារណា​បន្ថែម​ជាមួយ​តំណាង​រដ្ឋាភិបាល ក្នុង​ការកែប្រែ​។ ទាំង​២​ចំនុច​នោះ​រួមមាន​ទី​១ ការកំណត់​អាយុ​ស្ថាបនិក​អង្គការ​សមាគម និង​ទី​២ ការ​មិន​អនុញ្ញាតិឲ្យ​ប្រធាន​អង្គការ​សមាគមណា ដែល​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី មិន​មាន​សិទ្ធិ​ក្នុង​ការបង្កើត​អង្គការ ឬ​សមាគម​ថ្មី​បាន​។​

សម្លេង​លោក​ឈាង វុន​

 

​ជា​ការ​មួយ​ដែល​ល្អ​ប្រសើរ​ដែល​តំណាង​រដ្ឋាភិបាល​បាន​ទទួលយក​នូវ​មតិយោបល់​របស់​សង្គម​ស៊ីវិល មក​ពិចារណា​ឡើងវិញ​អំពី​ចំនុច​អវិជ្ជមាន​មួយចំនួន ដែល​មាន​ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ច្បាប់​NGO នា​ថ្ងៃ​ទី​០៨ កក្កដា​នេះ ពិតជា​បាន​បើក​ឱកាស​ដ៏​ទូលំទូលាយ ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​សង្គម​ស៊ីវិល ដែល​អាច​ផ្តល់​ជា​យោបល់ និង​លើក​ឡើង​ពី​បញ្ហា​ប្រឈម​។ នេះ​ជា​ការបញ្ជាក់​ពី​សំណាក់​លោក​លី ច័ន្ទ​តុលា សាស្ត្រាចារ្យ​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​។​

សម្លេង​លោក​លី ច័ន្ទ​តុលា​​

សម្រាប់​លោក​តឹក វណ្ណា​រ៉ា នាយក​ប្រតិ​ប​ត្តអង្គ​ការ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា បាន​អះអាង​ថា ទោះបីជា​មាន​ការកែប្រែ​នូវ​២​ចំណុច​ខាងលើ​យ៉ាងណាក៏ដោយ ក៏​អង្គការ​សង្គម​ស៊ីវិល មិនទាន់​គាំទ្រ ក្នុង​ការអនុម័ត​ច្បាប់​ស្តី​ពី​សមាគម​នេះ នៅឡើយ​ទេ ព្រោះ​នៅ​មាន​ចំនុច​អវិជ្ជមាន​ជាច្រើន​ផ្សេង​ទៀត​។ ជា​ជំហរ​រួម ប្រសិនបើ​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ស្ថិត​ក្នុង​ទម្រង់​ដដែល អង្គការ​សង្គម​ស៊ីវិល មិន​អាច​ទទួលយកបាន​នោះទេ​។ ទន្ទឹមនឹងនេះ លោក​តឹក វណ្ណា​រ៉ា ក៏​បាន​ទាមទារ​ឲ្យ​ពន្យា​ពេល​អនុម័ត និង​ស្នើ​ឲ្យ​បើក​ការពិគ្រោះ​យោបល់​ឲ្យបាន​ទូលំទូលាយ​បន្ថែម​ទៀត​។​

សម្លេង​លោក​តឹក វណ្ណា​រ៉ា​​​

គួរបញ្ជាក់​ថា សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នាពេល​បច្ចុប្បន្ន​នេះ មាន​ចំនួន​៩​ជំពូក ៣៩​មាត្រា ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​គណៈកម្មការ​ចំនួន​៣ ពិនិត្យ និង​ពិភាក្សា ដោយ​ការដឹកនាំ​ដោយ​លោក​ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា​។ ដោយឡែក នៅ​ថ្ងៃ​ទី​០៨ កក្កដា សេចក្តីព្រាងច្បាប់​មួយ​នេះ ត្រូវបាន​ដាក់​ឲ្យមាន​ការពិគ្រោះ​យោបល់​ជា​សាធារណៈ នៅ​វិមាន​រដ្ឋ​សភា​៕ ដោយៈ​សៅ វិសាល​
 

ព័ត៌មានផ្សេងទៀត