ការសុំ​ផ្ទៀងផ្ទាត់​ផែនទី​​របស់​លោក​ហ៊ុន សែន​គឺជា​វិធីដ៏​ល្អ​ក្នុងការ​បញ្ចប់​បញ្ហា​​​រិះគន់​​លើ​បញ្ហា​ព្រំដែន​​

06-07-2015 5:29 pm 1543

​បើទោះបី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ស​ន្និសិទ​បង្ហាញ​ផែនទី​ផ្លូវ​ការ ជូន​តាម​សំណើរ របស់​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ក្តី ក៏​ផែនទី​ផ្លូវការ​នោះ នៅតែ​មិន​អាច​រំងាប់​ចម្ងល់ និង​ការ​ចោទសួរ របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានឡើយ​។ អាច​ជា​ការ​ចង់​បញ្ចប់ បញ្ហា និង​ការចោទប្រកាន់ លើ​បញ្ហា​ព្រំដែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សម្រេចចិត្ត សរសេរ​លិខិត​ជូន លោក​បាន គី មូន អគ្គលេខាធិការ អង្ក​ការ​សហប្រជាជាតិ ដើម្បី​ស្នើសុំ​យក​ផែនទី​ភូមិសាស្ត្រ​ទឹកដី​នៃ​កម្ពុជា ដែល​តំកល់ទុក​នៅ ក្នុង​អង្គការសហប្រជាជាតិ​យកមក​ធ្វើការ​ផ្ទៀងផ្ទាត់​។ ការស្នើរ​សុំ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ត្រូវ​បាន​សាទរ​ពី​មជ្ឈដ្ឋាន​ទូទៅ និង​ត្រូវបាន គេ​ចាត់ទុកជា​វិធី​ដ៏​ល្អ​ក្នុង​ការបញ្ចប់ បញ្ហា កា​រិះគន់ លើ​បញ្ហា​ព្រំដែន ក៏​ដូចជា​ការបង្ហាញ ? ជា​បន្ត​សូម​ស្តាប់​ការរាយការណ៍​​របស់ គួន សំបូរ​៖


​ភាពចម្រូងចម្រាស រវាង​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​មិន​អាច​បិទ​បញ្ចប់​បាន បើទោះបី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​តា​មរយៈ​លោក​វ៉ា គីម​ហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​ធ្វើ​ស​ន្និសិទ​បង្ហាញ​ផែនទី​ផ្លូវ​ការ ជូន​តាម​សំណើរ របស់​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ក្តី ក៏​ផែនទី​ផ្លូវការ​នោះ នៅតែ​មាន​ការចោទប្រកាន់​ពី​សំណាក់​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ផែនទី​ក្លាង​ក្លាយ​។


​ដោយសារ​ហេតុ​ដូច្នេះ​ហើយ ទើបបាន​ធ្វើឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​គឺ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សម្រេចចិត្ត សរសេរ​លិខិត​ជូន លោក​បាន គី មូន អគ្គលេខាធិការ អង្ក​ការ​សហប្រជាជាតិ ដើម្បី​ខ្ចី​ផែនទី​ដើម​ទាំងអស់ ដែល​កម្ពុជា​បាន​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ មក​ប្រើប្រាស់​ដើម្បី​ផ្ទៀងផ្ទាត់​បញ្ជាក់​អំពី​ភាពត្រឹមត្រូវ​ពិតប្រាកដ ជាមួយ​ផែនទី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ប្រើប្រាស់​សម្រាប់ កំណត់​ព្រំដែន​គោក និង​ព្រំដែន​ទឹក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយនឹង​ប្រទេស​ជិតខាង​។​


​បើ​តាម​លិខិត​របស់​លោក ហ៊ុន សែន ផ្ញើជូន​លោក​បាន គី មូន ចុះ​ថ្ងៃ​ទី​៦ ខែកក្កដា​នេះ បានឲ្យដឹងថា​លោក​សរសេរ​លិខិត​នេះ​ជូន​លោក​បាន គី មូន គឺ​ដើម្បី​ស្នើសុំ​កិច្ចសហការ​ពី​សំណាក់​អង្គការ​សហ​ប្រជាជាតិ​លើ​កិច្ចការ​មួយ ដែល​មាន​សារៈសំខាន់​ជាទីបំផុត សម្រាប់​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​។ លិខិត​បន្តថា នៅ​ឆ្នាំ១៩៦៤ ព្រះ​បរម​រតន​កោដ្ឋ​បាន​យក​ផែនទី​បោន​(Bonne) ខ្នាត​១/១០០ ០០០ បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​ទៅ​តម្កល់ទុក​នៅ​អង្គការ សហប្រជាជាតិ​។ ហើយ​នៅក្នុង​ពេល​នោះ ព្រះ​បរម​រតន​កោដ្ឋ​បាន​អំពាវនាវ​ឲ្យមាន​ការធានារ៉ាប់រង ពី​សំណាក់​មហាអំណាច​នានា ក្នុង​ការគោរព​បូរណភាព​ទឹកដី​កម្ពុជា​តាម​ផ្លូវច្បាប់​អន្តរជាតិ និង​ឲ្យទទួល​ស្គាល់ ព្រមទាំង​គោរព​ឯករាជ្យ អព្យាក្រឹត្យភាព បូរណភាព​ទឹកដី​កម្ពុជា ក្នុង​រង្វង់​ខ្សែ​ព្រំដែន​បច្ចុប្បន្ន ដោយ​បាន​ប្រកាស​ដាច់ខាត​ថា​ខ្សែ​ព្រំដែន​នេះ​មិន​អាច​សើរើ និង​កែប្រែ​បាន​ឡើយ​។​


​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បន្ត​ថា​មជ្ឈដ្ឋាន​ក្នុងប្រទេស​កម្ពុជា​មួយចំនួន​កំពុង​ញុះញង់​បង្កើត ស្មារតី​ជាតិនិយម​ជ្រុល បំភាន់​មតិ​ជាតិ និង​អន្តរជាតិ ដើម្បី​កេងចំណេញ​នយោបាយ​លើ​បញ្ហា​កំណត់ និង​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​។ ដូច​ច្នេះ​លោក​សូម​ស្នើ​លោក​អគ្គលេខាធិការ​មេត្តា​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល កម្ពុជា​ខ្ចី​ផែនទី​ដើម​ទាំងអស់ ដែល​កម្ពុជា​បាន​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ មក​ប្រើប្រាស់​ដើម្បី​ផ្ទៀងផ្ទាត់​បញ្ជាក់​អំពី​ភាពត្រឹមត្រូវ​ពិតប្រាកដ ជាមួយ​ផែនទី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ប្រើប្រាស់​សម្រាប់ កំណត់​ព្រំដែន​គោក និង​ព្រំដែន​ទឹក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយនឹង​ប្រទេស​ជិតខាង​។​


​តាម​លិខិត​ដដែល​បាន​បញ្ជាក់ថា លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ដើម្បី​បុព្វ ហេតុ​សន្តិភាព នៅក្នុង​តំបន់ ក៏​ដូចជា​ក្នុង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា ដែល​ជា​សមាជិក​មួយ​នៃ​អង្គការសហប្រជាជាតិ លោក អគ្គលេខាធិការ ពិតជា​នឹង​ផ្តល់​នូវ​កិច្ច​សហការ​តាម​ការស្នើសុំ​នេះ​ជាក់​ជាមិន​ខាន​។


​ការស្នើ​សុំ​ខ្ចី​ផែនទី​កម្ពុជា ដែល​តំកល់ទុក​នៅ​អង្ក​ការ​សហប្រជាជាតិ របស់​លោក​ហ៊ុន សែន​ពេលនេះ ត្រូវបាន​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការ​សាទ​ចំពោះ​ចំណាត់ការ​នេះ​។ លោក​សាទ​ដោយ​លោក​លើកឡើង​ថា សព្វថ្ងៃ​កម្ពុជា​កំពុងតែ​ស្វែងរក​ឯកសារ ដ៏​សំខាន់​ជាទី​បំផុត​ដែល មាន​ចែក​នៅក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។


​សម្លេង​លោក​សម រង្ស៊ី​៖


​យ៉ាង​ក្តីទាក់ទង​លិខិត​របស់​លោក ហ៊ុន សែន ដែល​លើកឡើង​ថា មាន​មជ្ឈដ្ឋាន​ក្នុងប្រទេស​កម្ពុជា​មួយចំនួន​កំពុង​ញុះញង់​បង្កើត ស្មារតី​ជាតិនិយម​ជ្រុល បំភាន់​មតិ​ជាតិ និង​អន្តរជាតិ ដើម្បី​កេងចំណេញ​នយោបាយ លើ​បញ្ហា​កំណត់ និង​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​នោះ មិន​ត្រូវបាន​លោក​សម រង្ស៊ី បកស្រាយ​នោះទេ ដោយ​លោក​លើកឡើង​ថា អ្វី​ដែល​សំខាន់​នោះ​គឺ​យើង​បាន​ផែនទី​មក​សិន​។​


​សម្លេង​លោក​សម រង្ស៊ី​៖


​អ្នកជំនាញ់​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​លោករ​ស់ រ៉ាវុធ បាន​ចាត់ទុកថា សុំ​ខ្ចី​ផែនទី​កម្ពុជា ដែល​តំកល់ទុក​នៅ​អង្ក​ការ​សហប្រជាជាតិ របស់​លោក​ហ៊ុន សែន គឺជា​រឿង​ត្រឹមត្រូវ​មួយ​ក្នុងនាម​រូបលោក ជា​នាយករដ្ឋមន្ត្រី​។ លោក​ថា សុំ​ខ្ចី​ផែនទី​ពេលនេះ អាច​ជួយ​កាត់បន្ថយ​ការបង្ករ​អំពើហិង្សា​ដាក់គ្នា ជាមួយ​យ​នឹង​ប្រទេស​ជិតខាង​ផងដែរ​។​


​សម្លេង​លោករ​ស់ រ៉ាវុធ​៖


​សូមបញ្ជាក់​ថា បញ្ហា​ព្រំដែន​រវាង​កម្ពុជា  និង​វៀតណាម បាន​ចាប់ផ្ដើម​ឡើង​កម្ដៅ នៅក្នុង​ខែ​ឧសភា បន្ទាប់​ពី ប្រជាពលរដ្ឋ​វៀតណាម ដោយ​មាន​ទាហាន​ព្រំដែន​វៀតណាម​បាន​រំលោភ​ឈ្លានពាន នៅ​ខេត្ដ​រតនគិរី ដោយ​បាន​ជីក​ស្រះ​ទឹក ចំនួន ៧ ។ លើសពីនេះទៅទៀត តំណាង រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៃ​ប្រទេស​កម្ពុជា មួយចំនួន​បាន​ដឹកនាំ​សកម្មជន​គណបក្ស និង អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ព្រំដែន​កម្ពុជា​វៀតណាម ជា​បន្ដបន្ទាប់ ដូចជា​នៅ​ខេត្ដ​កំពត ស្វាយរៀង មេមត់ ជាដើម​។ ហើយ​សកម្មភាព​ទាំងនេះ ត្រូវបាន​ប្រមុខ​ការទូត​កម្ពុជា​លោក​ហោ ណាំហុង បាន​ធ្វើ​កំណត់​ទូត ទៅកាន់​ប្រទេស​វៀតណាម​ជា​បន្ត​បន្ទប់​ប៉ុន្តែ​វៀតណាម​មិន​ឆ្លើយ​បត​។ ករណី​នេះ​ហើយ​បាន​ធ្វើ​ក្រុម តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិន​ស្ងាម ហើយ​ទាមទា​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​នូវ​ផែនទី​ផ្លូវការ​ថែមទៀត ៕

 

(​ដោយ​៖​គួន សំបូរ​)

 

 

ព័ត៌មានផ្សេងទៀត