លោក​ឈាង វុន​ទាមទារ​យ៉ាង​រំអុក​ឲ្យ​CNRP​បញ្ចេញ​ផែនទី​ដែល​យក​ពី​បារាំង​

04-07-2015 6:05 pm 6186

​បន្ទាប់ពី​លេចលឺ​ព័ត៌មាន​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំយក​ផែនទី​ព្រំដែន​កម្ពុជា​-​វៀតណាម តម្កល់​នៅ​បារាំង មកដល់​ប្រទេស​កម្ពុជា លោក​ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បានទាមទារ​យ៉ាង​រំអុក​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ឯកសារ​ផែនទី​ជា​សាធារណៈ មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល​។ ពេលវេលា​នេះ​ជា​ការប្រើប្រាស់​វប្បធម៌​សន្ទនា ចាប់ដៃគ្នា​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​។ ហេតុអ្វី​បានជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​បញ្ចេញ​?

សម្លេង​លោក​ឈាង វុន

 

​ជា​ការឆ្លើយតប​ពី​សំណាក់​លោក​ហុង សុខ​ហួរ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា កិច្ចការងារ​នេះ លោក​នៅ​មិនទាន់​មាន​ការពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​នៅឡើយ អំពី​ការ​យក​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល​។ គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការខកចិត្ត ដោយសារ​តែ​ផែនទី ដែល​បង្ហាញ​កាលពី​ថ្ងៃ​ទី​០២​កក្កដា ហាក់បីដូចជា​មាន​៣​ឈុត ហើយ​ឈុត​១​ដែល​ដាក់​តំរៀប​នៅលើ​ព្រំដែន នៅ​ថ្ងៃ​បង្ហាញ​នោះ ជា​ផែនដី​ដែល​បាត់បង់​អត្តសញ្ញាណ ដូចជា​ទិន្នន័យ ការផលិត ថ្ងៃ​បោះពុម្ភ និង​បោះពុម្ភ​ដោយ​អ្នកណា​ជា​ដើម​។ ការបាត់បង់​អត្តសញ្ញាណ​នេះ គឺជា​ការបាត់បង់​សារៈសំខាន់​របស់​ផែនទី ដែលជា​មូលហេតុ​នាំឲ្យ​មាន​ការពិបាក​ក្នុង​ការផ្ទៀ​ង​ផ្ទាត់​។

សម្លេង​លោក​ហុង សុខ​ហួរ​

 

​ជាមួយគ្នានេះ​លោក​ហុង សុខ​ហួរ បាន​ចោទ​ជា​សំនួរ​ថា តើ​ក្នុង​ចំណោម​ផែនទី​ទាំង​៣​ឈុត​នោះ តើ​ឈុត​មួយ​ណា​ដែល​ក្រុមការងារ​របស់​លោក​វ៉ា គឹមហុង យក​ទៅ​សិក្សា​ជា​ឯកសារ​គោល ក្នុង​ការបោះបង្គោល​ព្រំដែន​? ​យ៉ាងណាក៏ដោយ សម្រាប់​ជំនឿ​ចិត្ត​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​នាំ​យក​ឯកសារ​ផែនទី​ពី​ប្រទេស​បារាំង ត្រូវបាន​លោក​ហុង សុខ​ហួរ អះអាងថា​៖

សម្លេង​លោក​ហុង សុខ​ហួរ​​

 

​ទាក់ទង​នឹង​ដំណោះស្រាយ​បញ្ហា​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវបាន​លោក កែម ឡី អ្នកវិភាគ​ផ្នែក​នយោបាយ និង​សង្គម បាន​រៀបរាប់​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​នូវ​អនុសា​សន៍​មួយ​ចំនួន​ដូចជា​៖ ប្រមុខរដ្ឋ គួរ​បង្កើត​គណកម្មកា​រ​ព្រំដែន ថ្នាក់ជាតិ​១ ដែល​មាន​ការចូលរួម ពី​គ្រប់ភាគី​ពាក់ព័ន្ឋ (​រដ្ឋាភិបាល គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​អ្នកជំនាញ​ព្រំដែន​)​។ សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ ពី​បច្ចុប្បន្នភាព​ព្រំដែន​ទាំង​ផ្លូវច្បាប់​, ផ្លូវ​នយោបាយ​, ភូមិសាស្ត្រ​, ប្រជា​សាស​ន៏​, វិទ្យាសាស្ត្រ និង​វប្បធម៌​។ និង​ដាក់​របាយ​ការណ៏ស្រាវជ្រាវ ឲ្យមាន​ការពិគ្រោះ​យោបល់ ទូលំទូលាយ ពី​អ្នកជំនាញ និង​សាធារណៈជន សម្រាប់​គណកម្មការ​ព្រំដែន​«​ថ្មី​»​ប្រើប្រាស់​។ រៀបចំ​មេធាវី​ល្បីៗ​ទាំង​ជាតិ និង​អន្តរជាតិ​សម្រាប់ គ្រប់​ដំណាក់កាល នៃ​ការប្តឹងតវ៉ា​ជាមួយ​ភាគី ប្រទេសជិតខាង​។

រៀបចំ​ប្តឹងតវ៉ា ទៅ​យន្តការ​តំបន់ (ASEAN) យន្តការ អន្តរជាតិ (Paris Peace Agreement ១៩៩១) និង​តុលាការ​យុត្តិធម៌ អន្តរជាតិ (ICJ)​។ ផ្តល់​អាទិភាព​ខ្ពស់បំផុត លើ​ការរៀបចំ​ផែនការ កសាង​ផ្លូវ​តាម​ព្រំដែន និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​រូបវន្ត តាម​ខ្សែ​បន្ទាត់​ព្រំដែន​។ ពង្រាយ​កងកំលាំងប្រដាប់អាវុធ គ្រប់​ច្រក​តាម​ព្រំដែន និង​យន្តការ​ល្បាត តាម​ព្រំដែន​ជាប្រចាំ និង​តឹងតែង​បំផុត ក្នុង​ការទប់ស្កាត់​ការឈ្លានពាន ពី​សំណាក់​ប្រទេសជិតខាង​។ ការលើកទឹកចិត្ត​ដល់​កងកំលាំង និង​ក្រុមគ្រួសារ​ពួកគាត់ ឲ្យ​រស់នៅ​ក្នុង​សេចក្តីថ្លៃថ្នូរ ជា​ការចាំបាច់​ក្នុង​ការការពារ​ព្រំដែន និង​ទប់ស្កាត់​ជន​អន្តោ​ប្រវេ​សន្ត ហូរ​ចូល​កម្ពុជា​។​

 

​លុបចោល និង​រឹបអូស​មកវិញ នូវ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​មាន​ហានិភ័យ ដល់​បូរណភាព​ទឹកដី​ខ្មែរ និង​រឹប​យក​មក​វិញ​នូវ​ការទិញ និង​ជួល​ដី​តាម​ព្រំដែន ដោយ​ខុសច្បាប់ និង​រំលោភ​លើ​ដែនដី នៃ​ប្រទេស​កម្ពុជា​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត