លោក​​ឈាង ​វុន​​ប្រតិកម្មលោកប៉ែន បូណា និងថា​គ្មាន​​ពេល​​ឆ្គួត​​ជាមួយ​​លោក​អ៊ុំ​ សំអាន​​ទេ​​​

03-07-2015 5:51 pm 13630

​មិនមែន​ជា​រឿង​ថ្មី​ឡើយ សម្រាប់​លោក​ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រង​ប្រតិកម្ម​ទាមទារ​ឲ្យចេញ​មុខ​សុំទោស​សាធារណៈ ចំពោះ​សកម្មភាព​របស់​លោក​មួ​យ​ចំនួន នា​ពេលកន្លងមក​។ កាលពី​ឆ្នាំ​២០១២ លោក​ឈាង វុន ធ្លាប់​បាន​ចេញ​មុខ​សំ​ទោស​ជា​សាធារណៈ​ម្តង​រួចមកហើយ តាម​ការស្នើ​ទាមទារ​របស់​បងប្អូន​ជនជាតិភាគតិច  ក្រោយពី​លោក​ឈាង វុន បាន​ប្រៀបធៀប​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ថា មាន​ចរិត​ស​ហាវ ព្រៃផ្សៃ​ដូច​ព្នង​។​

 

​ជា​រឿង​ដដែល ដោយ​គ្រាន់តែ​ប្តូរ​តួអង្គ គឺ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រតិកម្ម​នឹង​ទាមទារ​ឲ្យ​លោក​ឈាង វុន សុំ​ទោស​ជា​សាធារណៈ ចំពោះ​ការរំលោភ​លើ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​។ លោក​អ៊ុំ សំអាន តំណាង​រាស្ត្រា​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា លោក​នឹង​ដាក់​លិខិត ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដោយ​ទាមទារ​ឲ្យ​លោក ឈាង វុន សុំ​ទោស​ជា​សាធារណៈ ចំពោះ​រូប​លោក ពាក់ព័ន្ធ​នឹង​ករណី​មិន​អនុញ្ញាតឲ្យ​លោក​ផ្តល់​បទសម្ភាសន៍​ទៅកា​ន់​អ្នកសារព័ត៌មាន នៅ​វិមាន​រដ្ឋ​សភា និង​ស្នើ​ឲ្យ​សភា​ស្តីបន្ទោស​លោក ឈាង វុន ចំពោះ​ការប្រព្រឹត្ត​ទង្វើ​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​។​

សម្លេង​លោក​អ៊ុំ សំអាន​

 

​យ៉ាងណាក៏ដោយ លោក​ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ថា លោក​គ្មាន​ពេលវេលា​ទៅ​ឆ្គួត ជាមួយ​លោក​អ៊ុំ សំអាន​នោះទេ ហើយ​ស្នើ​កុំឲ្យ​លោក​អ៊ុំ សំអាន បញ្ចេញ​អាកប្បកិរិយា​ថោកទាប ដាក់​រូបលោក ដែល​ទង្វើ​នេះ​មិន​អាច​ទទួលយក​បាន​ឡើយ​។ ជាមួយគ្នានេះ លោក​ឈាង វុន ក៏​បាន​បកស្រាយ​ថា ការដែល​លោក​មិន​អនុញ្ញាតិឲ្យ លោក​អ៊ុំ សំអាន ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត ព្រោះ​ជា​វេទិកា​ដែល​លោក​រៀបចំ ហើយ​លោក​អ៊ុំ សំអាន ជា​អ្នក​មក ជ្រៀត​ជ្រែ​ត កិច្ចសម្ភាសន៍ និង​មិន​បាន​សុំ ការអនុញ្ញាត ពី​ប្រធានរដ្ឋសភា​។ ដូច្នេះ​លោក មិន​អាច​ឲ្យ​លោក​អ៊ុំ សំអាន ខ្ចី​វេទិកា​ធ្វើ​សន្និសីទ ដែល​ខុស​នឹង​សេចក្តីសម្រេច​របស់​ប្រធានរដ្ឋសភា​នោះ​ឡើយ​។​

​សម្លេង​លោក​ឈាង វុន

 

 

​បើទោះបីជា​មាន​ការអះអាង​ពី​ហេតុផល​យ៉ាងណាក៏ដោយ ក៏​លោក​អ៊ុំ សំអាន អះអាងថា សកម្មភាព​ដែល​លោក​ឈាង វុន បាន​បណ្តេញ​រូបលោក និង​អ្នកសារព័ត៌មាន​នោះ គឺជា​ការរំលោភ​សិទ្ធិ​អ្នកសារព័ត៌មាន និង​តំណាងរាស្ត្រ​។ ទន្ទឹមនឹងនេះ លោក​អ៊ុំ សំអាន ក៏​បាន​ប្រើ​ពាក្យ​ឌឺដង​ថា លោក​ឈាង វុន គួរតែ​ប្តូរ​តួនាទី​ជា​ប្រធាន​គណៈកម្មការ មក​ធ្វើជា​ប្រធាន​សន្តិសុខ​រដ្ឋសភា​វិញ​ទៅ​ទើប​ត្រឹមត្រូវ​ជាង​។

សម្លេង​លោក​អ៊ុំ សំអាន​

 

ទាក់ទង​នឹង​បញ្ហា​នេះ មិនមែន​មាន​តែ​ប្រតិកម្ម​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​ទេ សូម្បី​ក្លឹប​អ្នកកាសែត​កម្ពុជា ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោល​ចំពោះ​ទង្វើ​របស់​លោក​ឈាង វុន ចំពោះ​​​អ្នកសារព័ត៌មាន​ផងដែរ​។ សេចក្តីថ្លែងការណ៍ បានចាត់ទុក​ការបណ្តេញ​អ្នកកាសែត ចេញពី​វិមាន​រដ្ឋ​សភា ជា​ការរំលោភ​បំពាន​សិទ្ធិ​ធ្ងន់ធ្ងរ និង​បាន​អំពាវនាវ​ឲ្យ​ស្ថាប័នរ​ដ្ឋ និង​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា គោរព​សិទ្ធិ​សេរីភាព​របស់​អ្នកសារព័ត៌មាន​។

 

​ឆ្លើយតប​នឹង​បញ្ហា​ទាំងនេះ លោក ឈាង វុន បាន​បន្ត​ប្រាប់​វិទ្យុ​វាយោ​ថា លោក​សុំ​ផ្តាំផ្ញើ​ទៅ​លោក​ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា មុន​ចេញ​សេចក្តីថ្លែងការណ៍​ណាមួយ គួរតែ​ស្វែងយល់ឲ្យ​ច្បាស់ ពីអ្វី​ដែល​បាន​កើតឡើង​ជា​មុន​សិន​។ ទន្ទឹមនឹងនេះ លោក​ឈាង វុន ក៏​បាន​ហៅ​អ្នកកាសែត​ថា ជា​ជន​បោកប្រាស់​។ ព្រោះ​កាល​ដំបូង​ថា មក​សម្ភាសន៍​រូបលោក ប៉ុន្តែ​បែរជា​ទៅ​សម្ភាសន៍​អ្នកផ្សេងៗ​ទៅវិញ​។​

សម្លេង​លោក​ឈាង វុន

 

​គួរបញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះទេ ដែល​លោក​ឈាង វុន ទទួលរង​ប្រតិកម្ម​ឲ្យចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​។ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១២ សមាគម​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា បាន​ស្នើ​ឲ្យ​លោក​ឈាង វុន ចេញមុខ​សុំទោស ជា​សាធារណៈ​តាម​ប្រពៃណី​ជនជាតិ បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​រូបនេះ បាន​ប្រើ​ពាក្យ «​ព្នង​» ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ដើម្បី​វាយប្រហា​រតបត ទៅលើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​។ លោក​ឈាង វុន បាន​ប្រៀបធៀប គណបក្សប្រឆាំង​ថា ជា​មនុស្ស​ព្រៃផ្សៃ ដូច​ព្នង​។​

 

លោកប៉ែន បូណា ប្រធាន​ក្លឹបអ្នកកាសែត​​កម្ពុជា បាន​​បញ្ជាក់ថា​​ ការចេញសេចក្តីថ្លែង​​ការណ៍នេះ ​​មិនមែនមាន​​បំណងចង់​​បន្ទោសបង្អាប់​​អ្នកណាម្នាក់​ឡើយ គឺ​គ្រាន់​តែបង្ហាញ​ការ​សោកស្តាយ ​​​និង​ការពារ​សិទ្ធិអ្នក​កាសែត​ប៉ុណ្ណោះ។​​

សម្លេងលោកប៉ែន បូណា

 

​ដោយឡែក កាលពី​អំឡុង​ខែ មិថុនា ឆ្នាំ​២០១៣ លោក ឈាង ក៏​បាន​បណ្ដេញ​លោក សុន ឆ័យ ចេញពី​បរិវេណ​រដ្ឋសភា​ផងដែរ បន្ទាប់ពី​លោក បាន​ព្យាយាម​ឆ្លើយ​សំនួរ​អ្នកកាសែត  ជុំវិញ​បញ្ហា​រដ្ឋសភា​បង្កក​ប្រាក់ខែ និង​បញ្ឈប់​តួនាទី​តំណាងរាស្ត្រ​បក្សប្រឆាំង​ចំនួន ២៩​រូប តាមរយៈ​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា​មកពី​គណបក្ស ប្រជាជន​កម្ពុជា​។ កាលនោះ លោក​សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី បានចាត់ទុក​កាយវិកា​រ និង​ពាក្យសម្ដី​ប្រមាថ​របស់ លោក ឈាង វុន ថា ជា​ការបង្ហាញឲ្យឃើញច​រិ​ត​ផ្តាច់កា​ររបស់​មន្ត្រី​បក្ស​កាន់​អំណាច​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត