ការបង្ហាញ​​ផែនទី​ព្រំដែន​​កម្ពុជា​-​វៀតណាម មិន​អាច​​រំងាប់​​ចម្ងល់​​តំណាងរាស្ត្រ​​គណបក្ស​ប្រឆាំង​

02-07-2015 5:09 pm 2303

​បើទោះបី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ស​ន្និសិទ​បង្ហាញ​ផែនទី​ផ្លូវ​ការ ជូន​តាម​សំណើរ របស់​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ក្តី ក៏​ផែនទី​ផ្លូវការ​នោះ នៅតែ​មិន​អាច​រំងាប់​ចម្ងល់ និង​ការ​ចោទសួរ របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានឡើយ​។ សម្រាប់​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក​អ៊ុំ សំអាន និង​លោក​រៀល ខេមរិន្ទ នៅតែ​អះអាងថា  រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ប្រើប្រាស​ផែនទី​ក្លែងក្លាយ​។ ចំណុច​ដែល​បង្ក​ការសង្ស័យ គឺ​នៅ​លើ​ការបកស្រាយ​របស់​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង  អះអាងថា ផែនទី​ថ្មី​ត្រូវ​បាន​បោះពុម្ព​ឡើងវិញ ដោយ​ស្នាដៃ​ភាគី​វៀតណាម ដោយសារ​ផែនទី​ចាស់ ដែល​ធ្លាប់​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ មាន​សភាព​ចា​ស់រិច​រិល និងរ​ហែក ។ តើ​ស​ន្និសិទ​កាសែត ដែល​មាន​ភាព​ប្រទាំង​ប្រទើស និង​ការប្រឈមមុខ រវាង​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​មិញ​នេះ មាន​ស្ថានភាព​បែប​ណាខ្លះ ? សូម​ស្តាប់​ការរាយការណ៍​របស់ គួន សំបូរ​៖

 

​សន្និសីទ​កាសែត​ស្តីពី​ការបោះបង្គោល កំណត់​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម បាន​ប្រព្រឹត្តទៅ​ដូច​ការគ្រោងទុក​នៅ​ព្រឹក​ថ្ងៃទី​២​ខែមិថុនា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ សន្និសីទកាសែត ដើម្បី​បង្ហាញ​ផែនទី​ផ្លូវ​ការជូន​តាម​សំណើ​របស់​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ទាមទារ អស់​ជា​យូរ មកហើយ​។​

 

​សន្និសីទកាសែត​ជាង​២​ម៉ោង មាន​សភាព​ក្តៅគគុក ដោយសារ​មាន​ភាព​ប្រទាំង​ប្រទើស និង​ការប្រឈមមុខ​រវាង​លោក​វ៉ា គីម​ហុង ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​គឺ​លោក​អ៊ុំ សំអាន និង​លោក​រៀល ខេមរិន្ទ​។ អ្នកយក​ព័ត៌មាន ត្រូវបាន​គៀង​ចេញ និង​បិទ​មិន​ឲ្យ​សាកសួ​រលោក​អ៊ុំ សំអាន​បន្ថែម ក្រោយ​បញ្ចប់​សន្និសីទកាសែត​។​
​ដោយឡែក​នៅក្នុង​សន្និសីទ​កាសែត លោក​វ៉ា គីម​ហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន បានបង្ហាញ​ផែនទី​ផ្លូវការ​ជា​ច្រើន​សន្លឹក តាម​សំណើ​របស់​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ។

 

លោក​វ៉ា​គីម​ហុង បាន​ថ្លែងថា ការ​ចោទ​របស់​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ថា​រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ប្រើប្រាស​ផែនទី​ក្លែងក្លាយ គឺ​មាន​ភាព​ធ្ងន់ធ្ងរ​ណាស់ លោក​បាន​ប្រៀបធៀប​ការ​ចោទ​នេះ ស្មើ​នឹង​អំពើ​ក្បត់ជាតិ​យ៉ាងដូច​ច្នោះ​ដែរ ។ លោក​វ៉ា គីម​ហុង​ថ្លែងបន្ត​ថា រដ្ឋាភិបាល​មិន​មាន​បំណង ធ្វើឲ្យ​បាត់បង់​ទឹក​ដី​ដូច​ជា​ការចោទ​ប្រកាន់​នោះ​ឡើង​។

​សម្លេង​លោក​វ៉ា គីម​ហុង​៖

លោក​វ៉ា គីម​ហុង​បាន​បញ្ជាក់បន្ថែម​ថា  ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ប្រើប្រាស់​សព្វថ្ងៃ​នេះ គឺជា​ផែនទី ដែល​កំណត់​ដោយ​ភូមិសាស្ត្រ​ឥណ្ឌូចិន  និង​ជា​ផែនទី​ដែល​បាន​យក​ទៅ​តម្កល់ នៅ​អង្គការ​សហប្រជាជាតិ​។ ដូច្នេះ​លោក​សុំ​ស្នើ​ឲ្យ​ប្រជាជន​កម្ពុជា និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សូម​ឈប់​ដើរ​ចោទថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ប្រើ​ផែនទី​ក្លែងក្លាយ​តទៅ​ទៀត​ទៅ​។​

​សម្លេង​លោក​វ៉ា គីម​ហុង​៖

 

​យ៉ាងណាក៏ដោយ ការបកស្រាយ​និង​ពន្យល់ របស់​លោក​វ៉ា គីម​ហុង មិនបាន​ធ្វើឲ្យ​បាត់​ចម្ងល់ របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ ចំណុច​ដែល​បង្ក​ការសង្ស័យ ត្រូវបាន​លោក​អ៊ុំ សំអាន បញ្ជាក់ថា គឺ​នៅ​លើ​ការបកស្រាយ របស់លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង  ដែល​និយាយថា ផែនទី​ថ្មី​ត្រូវ​បាន​បោះពុម្ព​ឡើងវិញ ដោយ​ភាគី​វៀតណាម ដោយសារ​ផែនទី​ចាស់ ដែល​ធ្លាប់​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ មាន​សភាព​ចា​ស់រិច​រិល និងរ​ហែក​។ ចំណុច​នេះ បាន​ធ្វើឲ្យ​លោក អ៊ុំ សំអាន ច្រានចោល ការបកស្រាយ​របស់​លោក​វ៉ា គឹមហុង និង​នៅ​តែ​ថា ផែនទី​ដែល​លោក​វ៉ា គឹមហុង បង្ហាញ​នោះ គឺជា​ផែនទី​បោះពុម្ព​ឡើង​ដោយ​វៀតណាម មិនមែន​ជា​ផែនទី ត្រឹមត្រូវ​ពិតប្រាកដ​ឡើយ ។​

​សម្លេង​លោក អ៊ុំ សំអាន​៖

 

​ជា​ចុងក្រោយ​លោក​វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន គណៈកម្ម​ការធិការ ចម្រុះ​កិច្ចការ​ព្រំដែន​ទូទៅ បាន​សំណូមពរ ឲ្យ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ បញ្ឈប់​សកម្មភាព យក​ករណី​ព្រំដែន​កម្ពុជា​-​វៀតណាម មក​ធ្វើជា​ឈ្នាន់​នយោបាយ ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​។ ហើយ​លោក​ក៏​ស្វាគមន៍​ចំពោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចង់​យក​ផែនទី មកពី​ប្រទេស​បារាំង មក​ធ្វើការ​ផ្ទៀងផ្ទាត់​គ្នា​ផង​ដែរ​។​

 

​សរុប​រួម​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ មិន​បាន​បញ្ចប់​ភាពចម្រូងចម្រាស រវាង​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ ដោយឡែក​សំនួរ​ពាក់​ពន្ធ័​នឹង​ការរំលោភ​ចូល​ទឹកដី កម្ពុជា ពី​ភាគី​វៀតណាម នា​ពេលកន្លងមក ក៏​មិន​មាន​ការឆ្លើយបំភ្លឺ​ដែរ ដោយសារ​សន្និសីទកាសែត ត្រូវ​បាន​បញ្ជាក់ថា ធ្វើឡើង​ដើម្បី​តែ​បកស្រាយ​រឿង​ផែនទី​ប៉ុណ្ណោះ៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត