ចិន​-​ជប៉ុន​​កំពុង​​ដណ្ដើម​​អំណាច​គ្នា​​និង​ចង់​បង្ហាញ​​​ឥទ្ធិពល​ខ្លួន​​ក្នុង​​តំបន់​អាស៊ី​

02-07-2015 3:17 pm 3556
ប្រធានាធិបតីចិន​(ឆ្វេង)​​​និងនាយករដ្ឋមន្ដ្រី​​ជប៉ុន

នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ ពេញ ផេង​នឹង​រាយការណ៍​ជូនប្រិយ​មិត្ដអ្នកស្ដាប់​ទាក់ទង​នឹង​ការប្រជែក​គ្នា​ដណ្ដើ​មអំ​ណាច​ក្នុង​តំបន់​អាស៊ី​រវាង​ចិន​និង​ជប៉ុន​។ ភាគី​ទាំង​ពីរ​បច្ចុប្បន្នកំពុង​ប្រើប្រាស់​យុទ្ធសាស្ដ្រ​ផ្សេងៗ​គ្នា ដើម្បី​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី ជាពិសេស​គឺ​ការ​រឹតចំណង​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​។ ជប៉ុន​ចង់​ទាញយក​ផល​ចំណេញ​ពី​ប្រទស​ជា​សមាជិក​អាស៊ាន ដើម្បី​បំបាក់​ចិន​ស្រប​ពេល​ដែល​ចិន​បាន​នឹង​កំពុង​ប្រើ​ល្បឿន​សេដ្ឋកិច្ច​ខ្លួន​វាយលុក​ខ្លាំង​ក្នុង​តំបន់​អាស៊ី​។​តើ​ភាគី​ទាំង​ពីរ​ប្រើប្រាស់​មធ្យោបាយ​អ្វីខ្លះ​ប្រកួតប្រជែង​គ្នា​? តើ​អាច​ទេ​ចំពោះ​ការប្រឈមមុខ​ដាក់​គ្នា​ដោយ​អាវុធ រវាង​មហាអំណាច​អាស៊ី​ទាំង​ពីរ​? ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង​ដូចតទៅ​៖


​សំឡេង​៖


​និយាយ​ពី​ប្រទេស​ចិន​និង​ជប៉ុន នរណា​ក៏​ស្គាល់​ថា​ជា​ប្រទេស​ល្បី​និង​រីកចម្រើន​ដែរ​នៅក្នុង​តំបន់​អាស៊ី​។​ចិន​គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​មួយ ដែល​កំពុង​ចង់​វាយប្រហារ​អាមេរិ​កឲ្យធ្លាក់​ក្រោម​ខ្លួន​។ ដោយឡែក​ជប៉ុន​វិញ​ក៏​ជា​ប្រទេស​រីកចម្រើន​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​។ និយាយឲ្យចំ​ទៅ ចិន ជប៉ុន និង​អាមេរិក គឺជា​ប្រទេស​កំពុង​ដណ្ដើម​អំណាច​សេដ្ឋកិច្ច​គ្នា ត្បិត​ពេលនេះ​អាមេរិក​កំពុង​ស្ថិត​ក្នុង​លំដាប់​លេខ​មួយ​ក៏ដោយ​។


​យើង​ងាក​មក​និយាយ​ពី​រឿងរ៉ាវ​រវាង​ចិន​និង​ជប៉ុន​វិញ​ម្ដង​។ ក្រៅតែពី​ការសហការ​គ្នា​ខាង​ផ្នែក​សេដ្ឋកិច្ច ប្រទេស​មហាអំណាច​ក្នុង​តំបន់​អាស៊ី​ទាំងពីរ ក៏​មាន​រឿងរ៉ាវ​ឈ្លោះប្រកែក​គ្នា​ជា​ប្រវត្ដិសាស្ដ្រ​ដែរ​។ រឿង​ធំ​ទី​មួយ​គឺ​ទាក់ទង​នឹង​សម័យ​សង្គ្រាមលោក​លើក​ទី​២ ដែល​ជប៉ុន​បានធ្វើ​សកម្ម​ភាពឃោឃៅរ​បស់​ខ្លួន​លើ​ប្រជាជន​ក្នុង​តំបន់​អាស៊ី ជាពិសេស​គឺ​ប្រជាជន​ចិន​តែម្ដង​។​មុន​និង​ក្នុងអំឡុងពេល​សង្គ្រាមលោក​លើក​ទី​២ កងទ័ព​ជប៉ុន​បាន​ចាប់​ស្ដ្រី​ជនជាតិ​ចិន​រាប់ពាន់​នាក់​ឲ្យទៅ​ធ្វើ​ជា​ស្ដ្រី​បម្រើ​ផ្លូវភេទ និយាយឲ្យចំ​ទៅ​គឺ​ដូច​ជា​ទាសករ​ផ្លូវភេទ​ដូច្នេះ​ដែរ​។ នេះ​គឺជា​គំនុំ​ពី​អតីតកាល​មួយ​របស់​ចិន កំពុង​គុំគួន​នឹង​ជប៉ុន​។ ប្រជាជន​ចិន​នៅតែ​បន្ដ​ចងកំហឹង​ជាមួយ​ជប៉ុន​មិន​ទាន់​បាត់​ទេ​។


​រឿងរ៉ាវ​មួយ​ទៀត​ទាក់ទង​នឹង​ជម្លោះ​នៅ​ប្រជុំ​កោះ​សេន​កា​គូ​ឬ​ទាវ​យូ ដែល​ចិន​និង​ជប៉ុន​កំពុង​ដណ្ដើម​គ្នា​កាន់កាប់ ហើយ​សុទ្ធតែ​អះអាងថា​ជា​ដែន​កោះ​របស់​ខ្លួន​។ ជម្លោះ​នេះ កំពុងតែ​រុញច្រាន​ឲ្យ​មហាអំណាច​ទាំងពីរ ស្ទើរតែ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ម្ដងៗ​ទៅ​ហើយ​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងកើត​។ ចិន​ក៏​ធ្វើ​សកម្មភាព​ញឹកញយ​នៅក្នុង​ដែន​កោះ​នេះ គឺ​តាមរយៈ​ការប្រើ​យន្ដហោះ​ហោះ​ពីលើ​ដែន​កោះ​សេន​កា​គូ​ជាដើម​។ ទង្វើ​នេះ​ជប៉ុន​បាន​អះអាង​ចិន​បាន​រំលោភ​លើ​ដែនអាកាស​របស់ខ្លួន ហើយ​ជប៉ុន​ក៏​បញ្ជូន​យន្ដហោះ​ប្រដេញ​របស់ខ្លួន​ទៅ​ត្រួតពិនិត្យ​នៅ​ប្រជុំ​កោះ​ដែរ​។


​ម្ដងៗ​នៅពេល​ចិន​ជប៉ុន​ប្រឈមមុខ​ដាក់គ្នា​រឿង​ប្រជុំ​កោះ​សេន​កា​គូ អន្ដរជាតិ​ភ័យ​បុក​ពោះ​មិន​តិច​ទេ​។ ប៉ុន្ដែ​យ៉ាងណា​ក៏ដោយ​ប្រទេស​ដែល​មាន​អ្នក​ដឹកនាំ​ជា​អ្នកនយោបាយ​ចាស់ទុំ​ទាំងពីរ​នេះ ក៏​មិន​ភ្លេច​គិត​ពី​ផលប្រយោជន៍​ប្រទេស​ជាតិ​ដែរ ព្រោះ​បើ​បង្ក​សង្គ្រាម​ជាមួយគ្នា ពិតជា​ខាតបង់​ទាំងសងខាង ហើយ​អ្នក​ដែល​អង្គុយ​ចាំ​ចំណេញ​វិញ​មាន​តែ​អាមេរិក​និង​អឺរ៉ុប​ប៉ុណ្ណោះ​។ ដូច្នេះ​ទើប​ចិន​-​ជប៉ុន​ព្យាយាម​ឲ្យអស់​លទ្ធភាព​ដោះស្រាយ​បញ្ហា​តាមផ្លូវ​ការទូត គេច​ឲ្យ​ផុត​ពី​ការប្រើ​អាវុធ​ដាក់គ្នា​។ តែ​រឿង​ដែន​ជម្លោះ​នៅ​ប្រជុំ​កោះ វា​ផ្ទុះឡើង​ម្ដងៗ​នៅពេល​មាន​ការផ្លាស់ប្ដូរ​មេដឹកនាំ ព្រោះ​ពួកគេ​តែង​លើកយក​បញ្ហា​នេះ​មកប្រើប្រាស់ ដើម្បី​ស្វែងរក​ប្រជាប្រិយភាព​រៀងៗ​ខ្លួន​។​


​បច្ចុប្បន្ន​ទាំង​ជប៉ុន​និង​ចិន កំពុង​តែ​ដណ្ដើម​គ្នា​បញ្ចេញ​ឥទ្ធិពល​ក្នុង​តំបន់​អាស៊ី​ដោយ​ប្រើ​មធ្យោបាយ យុទ្ធសាស្ដ្រ​និង​នយោបាយ​ខុសៗ​គ្នា​។ ជប៉ុន​បាន​បញ្ជាក់​ប្រាប់​តំបន់​អាស៊ី​ថា​ខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ​។ ចំណែក​ចិន​វិញ​មិន​និយាយ​ពី​នយោបាយ​ប៉ុន្ដែ​ប្រើ​គោលការណ៍​មិន​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃ​ក្នុង​ប្រទេស​ផ្សេង និង​ទាញ​យក​វិស័យ​សេដ្ឋកិច្ច​ជា​ធំ​។ ចិន​បាន​ប្រើ​អំណាច​សេដ្ឋកិច្ច​ផ្ដល់​ជា​ជំនួយ​ឥត​ចំណង​ដល់​បរទេស តែ​ធាតុ​ពិត​ទៅ​ជំនួយ​ចិន​ពិតជា​មិន​មែន​ឥត​ចំណង​ទេ​។​រីឯ​ជប៉ុន​វិញ​គឺ​ឲ្យ​តម្លៃ​លើ​គម្រោង​អភិវឌ្ឍ​យូរអង្វែង សង្គម​ស៊ីវិល និង​អភិបាលកិច្ច​ល្អ​ជា​ដើម​។


​សម្រាប់​ចំណុច​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ក្នុង​គោលនយោបាយ​ការ​បរទេស ជប៉ុន​បាន​ងាក​ទៅ​ចាប់​យក​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដើម្បី​ពង្រីក​វិស័យ​សេដ្ឋកិច្ច ហើយ​បាន​រឹតចំណង​មិត្ដភាព​ជាមួយ​ប្រទេស​មួយចំនួ​ន​ដូចជា​វៀតណាម ហ្វីលីពីន និង​ថៃ​ជាដើម​។ និយាយ​ពី​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ​វិញ បន្ទាប់​ពី​ឡើងកាន់តំណែង លោក​បាន​ធ្វើ​ទស្សនកិច្ច​ក្រៅ​ប្រទេស​លើក​ដំបូង​ក្នុង​ប្រទេស​បី​នៅ​អាស៊ី មាន​វៀតណាម ថៃ និង​ឥណ្ឌូនេស៊ី ដែល​ជា​សមាជិក​អាស៊ាន​។​នេះ​គឺជា​សញ្ញា​មួយ​បង្ហាញ​ថា ជប៉ុន​បាន​ផ្ដោត​អាទិភាព​កាន់តែ​ខ្លាំង​លើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ដោយ​ជប៉ុន​សំឡឹង​ឃើញ​ពី​សក្ដានុពល​របស់​អាស៊ាន​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ការនាំ​ចេញ​ទំនិញ​ជប៉ុន​។ វា​ក៏​ជា​វិធីសាស្ដ្រ​យកឈ្នះ​ចិន​ដែរ​។​


​មួយវិញទៀត នៅពេល​ដែល​ជម្លោះ​ដែនទឹក​រវាង​ចិន​ជប៉ុន​កើន​កាន់តែ​ខ្លាំង​ក្នុង​សមុទ្រ​ចិន​ខាងកើត រួម​ទាំង​ជម្លោះ​ដែនទឹក​រវាង​ចិន​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន ការពង្រឹង​ទំនាក់ទំនង​រវាង​ជប៉ុន​និង​ប្រទេស​សមាជិក​អាស៊ាន គឺ​មាន​សារៈសំខាន់​ណាស់​ដើម្បី​រក្សា​សន្ដិភាព និង​វិបុលភាព​ក្នុង​តំបន់​។ អ្វី​ដែល​ជា​ការចាប់អារម្មណ៍​មួយទៀត​នោះ គេ​សង្កេតឃើញថា​អាមេរិក​ក៏​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ តាមរយៈ​ការជួយ​គាំទ្រ​ដល់​ជប៉ុន​។ តាមពិត​ទៅ​អាមេរិក​មាន​ជាប់​សន្ធិសញ្ញា​សម្ព័ន្ធមិត្ដ​អាមេរិក​-​ជប៉ុន ដែល​អាមេរិក​ត្រូវ​តាម​ការពារ​ជប៉ុន ពី​ការវាយប្រហារ​ណាមួយ​ពី​បរទេស​។ ហេតុនេះ​ទើប​អាមេរិក​តែងតែ​លូក​ដៃ​ក្នុង​រឿង​ជម្លោះ​ជប៉ុន​-​ចិន ក្នុងន័យ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី​។​


​ម្យ៉ាងវិញទៀត​ចំពោះ​វត្ដ​មាន​អាមេរិក​ក្នុង​ដែន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​វិញ អ្នកតាមដាន​ស្ថានការណ៍​បានបញ្ជាក់​ថា វា​ក៏​ជា​ចេតនា​របស់​អាមេរិក​ដែរ ព្រោះ​អាមេរិក​ចង់​ឲ្យ​ចិន​រវល់​ខ្លាំង​នឹង​ជម្លោះ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​។ បើសិនជា​អញ្ចឹង​ហើយ វា​ជា​ឱកាស​មួយ​ដែល​អាមេរិក​អាច​ឆ្លៀត​ពេល​ដណ្ដើម​ឥទ្ធិពល​ក្នុង​តំបន់​អាស៊ី ព្រោះ​អាមេរិក​ក៏​មាន​គោលនយោបាយ​ពង្រឹង​អំណាច​ខ្លួន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែរ​។


​យ៉ាងណា​ក៏ដោយ​ចំពោះ​ការដណ្ដើម​អំណាច​គ្នា​ក្នុង​តំបន់​អាស៊ី ចិន​និង​ជប៉ុន​បាន​ប្រើ​វិធីសាស្ដ្រ​យក​ឈ្នះ​គ្នា​ទៅវិញទៅមក​មែន ប៉ុន្ដែ​តួអង្គ​ទាំង​ពីរ​នៅ​តែ​មិន​អាច​ខ្វះ​គ្នា​បាន​។​ទាំង​ចិន​និង​ជប៉ុន​ត្រូវការ​គ្នា​ទៅវិញទៅមក ព្រោះ​អាច​ស្វែងរក​ផលចំណេញ​ពីគ្នា​។ ទាក់ទង​នឹង​បញ្ហា​ជម្លោះ បើទោះបី​ចិន ជប៉ុន និង​អាមេរិក​មិន​ចង់​ឲ្យ​វា​កើត​ឡើង​ក្ដី តែ​ការព្រួយបារម្ភ​នៅតែមាន ព្រោះ​បើ​ភាព​តានតឹង​នៅតែ​បន្ដ​ដដែលៗ ស្ថានភាព​ប្រាកដ​ជា​កាន់​តែ​ផុយស្រួយ ហើយ​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​អាច​នឹង​កើតឡើង​ដោយ​ចៃដន្យ​ដែរ​។ បើ​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង​មែន​រវាង​ចិន​និង​ជប៉ុន ដូច​បាន​បញ្ជាក់​ហើយ​ថា អ្នក​ចាំ​ទទួល​ផល​ចំណេញ​គឺ​អាមេរិក និង​សហគមន៍​អឺរ៉ុប​តែប៉ុណ្ណោះ​។​នេះ​ក៏​ជា​អ្វី​ដែល​ជប៉ុន​និង​ចិន​ត្រូវ​គិត​ដែរ ថា​ត្រូវ​ប្រជែង​គ្នា​ដោយ​សន្ដិវិធី ហាម​ដាច់ខាត​ការប្រើប្រាស់​អាវុធ​៕​​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត