លោក​​អ៊ុំ សំអាន ​ហួសចិត្ត​​នឹង​​​លោក​ឈាង វុន ​បណ្តេញ​​លោក​​មិន​ឲ្យ​ផ្តល់​​បទ​សម្ភាសន៍​​​​

01-07-2015 4:20 pm 5238

​មានការ​ប៉ះ​សំដី​គ្នា​មួយ​ប្រាវ រវាង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយនឹង លោក ឈាង វុន ប្រធាន​គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា ការ និង​ព័ត៌មាន នៃ​រដ្ឋសភា ដោយសារតែ​លោក​ឈាង វុន បាន​ដេញ​លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិនឲ្យ​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន នៅក្នុង​មន្ទីរ​រដ្ឋសភា​។​ ​លោក​អ៊ុំ សំអាន បាន​បញ្ជាក់​ប្រាប់​ដល់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​០១ កក្កដា​នេះ​ថា លោក ឈាង វុន ដេញ​លោក​មិន​ឲ្យ​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកកាសែត​ក្នុង​មន្ទី​រដ្ឋសភា និង​ឲ្យ​សន្តិសុខ​រដ្ឋសភា​ដេញ​អ្នកកាសែត​ចេញ​ពី​រដ្ឋសភា និង​បាន​ប្រាប់ថា បើ​ចង់​សម្ភាស​ឲ្យទៅ​សម្ភាសនៅ​ក្រៅរបង​សភា ព្រោះ​សម្តេច ហេង សំរិន ចេញ​សារាច​រណ៍​ណែនាំ​ហើយ​។ ​លោក​អ៊ុំ សំអាន បាន​បញ្ជាក់បន្ថែម​ថា នេះ​ជា​ការរំលោភ​សិទ្ធ​តំណាង​រាស្ត្រ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ ហើយ​ទង្វើ​នេះ​ផ្ទុយ​នឹង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​រដ្ឋធម្មនុញ​។

 

​សកម្មភាព​របស់​លោក​ឈាង វុន ដែល​ត្រូវបាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ជា​ការរំលោភ​សិទ្ធ​តំណាងរាស្ត្រ​នេះ បាន​កើតឡើង បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មការ​នីតិកម្ម និង​យុត្ត​ធម៌ នៃ​រដ្ឋសភា​ជាមួយ​គណៈកម្មការ​ទី​៤ និង​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​វិមាន​រដ្ឋ​សភា នា​ថ្ងៃ​ទី​០១ កក្កដា​។​ ​រដ្ឋសភា​សភា​ជា​រដ្ឋសភា​ជាតិ មិនមែន​រដ្ឋសភា​របស់លោក ឈាង វុន សម្តេច ហេង សំរិន និង​គណបក្ស​ប្រជាជន​ទេ​។ រដ្ឋសភា​ជា​កន្លែង​ធ្វើការ​ផ្លូវការ​របស់​តំណាងរាស្ត្រ ហេតុ​អី្វតំណាងរាស្ត្រ​មិន​អាច​ផ្តល់ព​ត៌មាន​ដល់​អ្នកកាសែត និង​ប្រជាពលរដ្ឋ​បាន​នៅក្នុង​វិមាន​រដ្ឋ​សភា​? នេះ​ជា​ការ​បញ្ជាក់បន្ថែម​ពី​សំណាក់​លោក​អ៊ុំ សំអាន​។​

សម្លេង​លោក​អ៊ុំ សំអាន​

 

​នេះ​មិនមែន​ជា​លើក​ទី​១​នោះទេ ដែល​លោក​ឈាង វុន បាន​បញ្ចេញ​ប្រតិកម្ម​រារាំង ការផ្តល់ បទ​សម្ភាសន៍​ពី​សំណាក់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​។ កាលពី​អំឡុង​ខែ មិថុនា ឆ្នាំ​២០១៣ លោក ឈាង វុន ក៏​បាន​បណ្ដេញ​លោក សុន ឆ័យ ចេញពី​បរិវេណ​រដ្ឋសភា​ផងដែរ បន្ទាប់ពី​លោកសុន ឆ័យ បាន​ព្យាយាម​ឆ្លើយ​សំនួរ​អ្នកកាសែត  ជុំវិញ​បញ្ហា​រដ្ឋសភា​បង្កក​ប្រាក់ខែ និង​បញ្ឈប់​តួនាទី​តំណាងរាស្ត្រ​បក្សប្រឆាំង​ចំនួន ២៩​រូប តាមរយៈ​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា​មកពី​គណបក្ស ប្រជាជន​កម្ពុជា​។ កាលនោះ លោក​សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី បានចាត់ទុក​កាយវិកា​រ និង​ពាក្យសម្ដី​ប្រមាថ​របស់ លោក ឈាង វុន ថា ជា​ការបង្ហាញឲ្យឃើញច​រិ​ត​ផ្តាច់កា​ររបស់​មន្ត្រី​បក្ស​កាន់​អំណាច​។​ ​យ៉ាងណាក៏ដោយ ជា​ការឆ្លើយតប​របស់​លោក​ឈាង វុន បាន​អះអាង​ថា លោក​សុន ឆ័យ មិនមែន​ជា​សមាជិក​រដ្ឋសភា​ទៀត​ទេ ដូច្នេះ​លោក សុន ឆ័យ គ្មាន​សិទ្ធិ​ធ្វើ​សន្និសីទកាសែត​ក្នុង​រដ្ឋសភា​ឡើយ​។​

 

​ដោយឡែក កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១២ សមាគម​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា ស្នើ​ឲ្យ​លោក​ឈាង វុន ចេញមុខ​សុំទោស ជា​សាធារណៈ​តាម​ប្រពៃណី​ជនជាតិ បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​រូបនេះ បាន​ប្រើ​ពាក្យ «​ព្នង​» ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ដើម្បី​ធ្វើ​ការវាយប្រហា​រតបត ទៅលើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​។ លោក​ឈាង វុន បាន​ប្រៀបធៀប គណបក្សប្រឆាំង​ថា ជា​មនុស្ស​ព្រៃផ្សៃ ដូច​ព្នង​។​ ​កាលណោះ​លោក​ឈាង វុន បាន​បកស្រាយ​ថា ការប្រើ​ពាក្យ​ព្នង​នេះ មិន​សំដៅ​ទៅ​ជនជាតិដើម​ភាគតិច​កម្ពុជា រស់​នៅ​ភាគ​ឦសាន​នោះឡើយ ព្រោះ​ជនជាតិ​ភាគតិច​ព្នង​លែង​មាន​ឈ្មោះ​ទៀតហើយ​។ ពាក្យ​ព្នង ដែល​លោក​ប្រើ គឺ​សំដៅ​ទៅលើ​មនុស្ស​មិន​គោរព​ច្បាប់ រស់​នៅ​ក្រៅច្បាប់ គ្មាន​វប្បធម៌ គ្មាន​អរិយធម៌​។​

យ៉ាងណាក៏ដោយ សម្រាប់​ការបណ្តេញ​លោក​អ៊ុំ សំអាន មិនឲ្យ​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត ក្នុង​រដ្ឋសភា នា​ព្រឹក​មិញ​នេះ ត្រូវបាន​លោក​ឈាង វុន អះអាង​តាមរយៈ​លិខិត​មួយច្បាប់ ផ្ញើជូន​លោក​ហេង សំរិន នា​ល្ងាចថ្ងៃ​ទី​០១ កក្កដា​នេះ​ថា នៅពេលដែល​លោក​ផ្តល់​បទសម្ភាសន៍ ជាមួយ​អ្នកកាសែត ទាក់ទង​នឹង​យោបល់​របស់​គណៈកម្មកា​រ​ទាំងបី លើ​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល គឺ​លោក​អ៊ុំ សំអាន បាន​មក​ជ្រៀតជ្រែក ហើយ​ទាមទារ​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ដែរ​។ ពេលនោះ លោក​មិន​បាន​អនុញ្ញាត​ឲ្យធ្វើ​កិច្ចសម្ភា​សន៍​ឡើយ ហើយ​បាន​ស្នើ​ឲ្យ​លោក​អ៊ុំ សំអាន សុំ​ការអនុញ្ញាត​ពី​លោក​ហេង សំរិន ជាមុនសិន​។ ប៉ុន្តែ​លោក​អ៊ុំ សំអាន នៅតែ​ចចេស​រឹង​រួស ទាមទារ​កិច្ចសម្ភាសន៍​ដដែល​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត