លោក​​ឈាង វុន​​៖​ច្បាប់​​​​សមាគម និង​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ត្រូវអនុម័ត​​ជាដាច់ខាត​

30-06-2015 6:05 pm 1656
លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ព័ត៌មាន និង​ឃោសនាការ​របស់​រដ្ឋសភា​

​នៅ​ថ្ងៃ​ទី​៣០​ខែមិថុនា លោក​សម​រង្ស៊ី ប្រធានសភា​ភាគតិច​និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ប្រាប់​អំពី​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា នៅពេលដែល​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​ដាក់ឲ្យ​សភាពេញអង្គ​ប្រជុំ ពិភាក្សា​អនុម័ត​នោះ ក្រុម​សមាជិកសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូលរួម​ពិភាក្សា​និង​មិន​ចូលរួម​បោះឆ្នោត​អនុម័ត​ដាច់ខាត​។​លោក​បាន​បញ្ជាក់​បន្តថា​រដ្ឋាភិបាល មិន​ត្រូវ​រឹតត្បិត​សិទ្ធិសេរីភាព ក្នុង​ការសម្តែង​មតិ ការជួបជុំ និង​សកម្មភាព​ការងារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​កម្ពុជា ដែល​ធ្វើការ​ជួយ​ប្រជាពលរដ្ឋ​នោះ​ឡើយ​។ លោក​សម​រង្ស៊ី បានបញ្ជាក់​ថា "​ជំហរ​របស់​យើង គឺ​យើង​មិន​គាំទ្រ​ការអនុម័ត​បង្កើត​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ​"​។​ជាមួយគ្នា​នោះ​ដែរ មេដឹកនាំ​មតិ​ភាគតិច​នៅ​រដ្ឋសភា និង​ជា​ដៃគូ​សន្ទនា​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ទទូច​ឲ្យមាន​ការកែតម្រូវ​ច្បាប់​នោះ ឲ្យបាន​ល្អ​ជាង​នេះ និង​មាន​ការយល់ព្រម​ពី​ក្រុម NGO ផងដែរ​។ លោក​សម​រង្ស៊ី បានបញ្ជាក់​ថា នៅក្នុង​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី នា​ពេល​ថ្មីៗ​នេះ លោក​ហ៊ុន សែន បាន​ប្រាប់​លោក ឲ្យ​ប្រាប់​ក្រុម​មេដឹកនាំ​សង្គម​ស៊ីវិល​វិញ​ថា កុំ​ព្រួយបារម្ភ​ខ្លាំងពេក​។ ច្បាប់​អង្គការ​នេះ ចេញ​ហើយ អង្គការ​ចុះ​ឈ្មោះ​ហើយ មិន​បាច់​ចុះ​ឈ្មោះ​ទេ​។​យ៉ាងណាក៏ដោយ រដ្ឋសភា នឹង​បើក​សិក្ខាសាលា ដើម្បី​ឲ្យ​គ្រប់​ភាគី​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នា​ថ្ងៃ​ទី​១០​កក្កដា​ខាង​មុខ​។​

 

​យ៉ាងណាក៏ដោយ លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ព័ត៌មាន និង​ឃោសនាការ​របស់​រដ្ឋសភា​មានប្រសាសន៍​ឲ្យដឹងថា ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ត្រូវតែ​អនុម័ត​ជាដាច់ខាត ទោះ​មាន​ការរារាំង រឺ​ប្រឆាំងក៏​ដោយ​។​

សំឡេង​

 

​ដូច​ការលើក​ឡើង​នៅ​ខាងដើម របស់​លោក​សម​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រដ្ឋសភា នឹង​បើក​សិក្ខាសាលា ដើម្បី​ឲ្យ​គ្រប់​ភាគី​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នា​ថ្ងៃ​ទី​១០​កក្កដា​ខាង​មុខ​។​ចំពោះ​លោក​ឈាង​វុន ក៏​បាន​អះអាង​ដូច​ជា​ការលើកឡើង​ររ​បស់​លោក​សម​រង្ស៊ី​ដូចគ្នា​។​សម្រាប់​ច្បាប់​នេះ នឹង​មាន​រៀបចំ​សិក្ខាសាលា​នៅ​ដើម​ខែ​កក្កដា​ខាងមុខនេះ​។​

​សំឡេង

លោក​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើបនឹង​ឡើងកាន់ដំណែង​ថ្មីៗ បាន​មានប្រសាសន៍​ប្រឆាំង ដាច់ ចំពោះ​រាល់​ទង្វើ​ជ្រៀតជ្រែក​ពី​មជ្ឈដ្ឋាន​បរទេស​ចូល ក្នុង​ដំណើរការ​បង្កើត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​ស្តី​ពី​សហជីព​។ ការ​ថ្លែង​របស់លោក​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  បាន​ធ្វើឡើង​ក្នុង​ពិធី​មី​ទ្ទិញ​រំឭក​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៤ ថ្ងៃ​បង្កើត គណបក្ស ប្រជាជន​កម្ពុជា​។ អង្គ​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ មិថុនា នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ ដែល​មាន​វត្តមាន​លោក​ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ហេង សំរិន ប្រធានកិត្តិយស គណបក្ស​ប្រជាជន  រួម​នឹង​លោក ស ខេង និង​លោក​សាយ ឈុំ​ដែលជា អនុប្រធាន​គណបក្ស និង​សមាជិក​សមាជិការ​ជាច្រើនរូប​ទៀត​។​

 

​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​ការបង្កើត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​ស្តី​ពី​សហជីព ដើម្បី​ការពារ​ទ្រទ្រង់​សិទ្ធិ​, សេរីភាព និង​ផលប្រយោជន៍​របស់​សមា​គម​, អង្គការ មិន មែន​រដ្ឋាភិបាល និង សហជីព​ទាំងអស់ និង​ផលប្រយោជន៍​សាធារណៈ ព្រមទាំង​ធានា​ឱ្យ​កិច្ច​ដំណើរ ការ​របស់​អង្គការ​ទាំងនេះ ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រសិទ្ធភាព ស្រប​តាម​គោលការណ៍​នីតិរដ្ឋ និង​អភិ បាលកិច្ច​ល្អ​។ គណបក្ស​ប្រឆាំង​ដាច់ខាត ចំពោះ រាល់​ទង្វើ​ជ្រៀតជ្រែក​ពី​មជ្ឈដ្ឋាន​បរទេស​ចូល ក្នុង​ដំណើរការ​នេះ ដែល​ជា​ការរំលោភ​បំពាន​លើ​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា ហើយ​អំពាវនាវ ឱ្យ មាន​ការគោរព​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​រដ្ឋ​អធិបតេយ្យ និង​ជា​សមាជិក​មួយ​នៃ អង្គការសហប្រជាជាតិ​។

 

​ជា​ការកត់សម្គាល់ សេចក្ដីព្រាងច្បាប់ ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ក្លាយជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស់​គ្នា​មួយ​រវាង​រដ្ឋាភិបាល និង​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​។​ដោយ​អង្គការ ក្រៅ រដ្ឋាភិបាល ​មួយចំនួន​យល់ថា​ច្បាប់​ថ្មី​នេះ​មាន​លក្ខណៈ​គាប់សង្កត់​ច្រើន​ទៅលើ​អង្គការក្រៅរដ្ឋាភិបាល​៕(ដោយ៖ ឆេង សូរិយា)

 

ព័ត៌មានផ្សេងទៀត