ឆ្លៀតក្នុងឱកាស នៃការរៀបចំកម្មវិធី ផ្សព្វផ្សាយការចាប់ផ្ដើមទទួលភាគទាន ដើម្បីទ្រទ្រង់ការផ្សព្វផ្សាយទូរទស្សន៍ព្រះអាទិត្យ នាថ្ងៃទី២៧ មិថុនានេះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ដល់អ្នកសារព័ត៌មានថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីស្វែងរកផែនទី១/១០០.០០០០ បង្ហាញទៅកាន់ភាគីវៀតណាម ក្នុងការដោះស្រាយបញ្ហានៅតំបន់ព្រំដែន។ ផែនទីមួយនេះ នឹងមានឥទ្ធិពលដ៏វិជ្ជមានបំផុត ក្នុងការស្រាយបំភ្លឺពីបញ្ហាបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម។ ជាមួយគ្នានេះ លោកសម រង្ស៊ី បានក៏អំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវបានត្រូវតែក្លាហាន និងធ្វើជាសាក្សី ក្នុងការកំណត់ទីតាំងព្រំដែនជាមួយភាគីវៀតណាម តាមរយៈភាពសុក្រិត្យត្រឹមត្រូវ និងមានមូលដ្ឋានច្បាស់លាស់ ដែលបង្ហាញនៅលើផែនទី។
សម្លេងលោកសម រង្ស៊ី
ទាក់ទងនឹងការធ្វើដំណើរស្វែងរកផែនទី១/១០០.០០០០ នៅប្រទេសបារាំង ពីថ្នាក់ដឹកនាំគណបកសង្គ្រោះជាតិ ត្រូវបានលោកវ៉ា គីមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា ឆ្លើយតបទាំងឌឺដងថា ទុកលុយថ្លៃជិះយន្តហោះទៅបារាំង មកឲ្យរូបលោកវិញទៅ វាល្អជាង ព្រោះលោកមានផែនទី១/១០០.០០០០នេះស្រាប់។
សម្លេងលោកវ៉ា គីមហុង
យ៉ាងណាក៏ដោយ លោកសម រង្ស៊ី បានបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាល មានផែនទី១/១០០.០០០០នេះ លោកនឹងផ្ទៀតផ្ទាត់ និងស្នើសុំបង្កើតគណៈកម្មការចម្រុះមួយដើម្បី ពិនិត្យរួមគ្នា ក្នុងនាមជាសមាជិករដ្ឋសភា ហើយប្រសិនបើមានចំនុចណាខ្វះចន្លោះ យើងអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក នោះយើងនឹងមានមូលដ្ឋានមួយច្បាស់លាស់។
សម្លេងលោកសម រង្ស៊ី
គួររម្លឹកបន្តិចថា ទាក់ទងនឹងបញ្ហាព្រំដែន កម្ពុជា វៀតណាមនេះ នៅរសៀលថ្ងៃទី ២៣ ខែមិថុនា កន្លងទៅនេះ លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានទទួលជួបជាមួយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ក្នុងឱកាសនោះលោកហោ ណាំហុង បានរំឭកពីការលើកឡើងជាបន្តបន្ទាប់ជាច្រើនដង ជាមួយថ្នាក់ដឹកនាំវៀតណាម ដែលបានស្នើឲ្យវៀតណាមកុំធ្វើអ្វី នៅក្នុងតំបន់ដែលមិនទាន់បាន បោះបង្គោលព្រំដែន ដូចជាការជីកស្រះនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងការសាងសង់ប៉ុស្តិ៍យាម នៅជាប់ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលជាដើម។ លោកបានស្នើយ៉ាងទទូចជាថ្មីម្តងទៀត ឲ្យភាគីវៀតណាមអនុវត្តតាម គោលការណ៍នេះ ដែលស្របតាមសេចក្តីប្រកាសព័ត៌មានរួម ថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៩៥ រវាងកម្ពុជានិងវៀតណាម។ ជាការឆ្លើយតបពី អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានអះអាងថា កំណត់ទូត របស់ក្រសួងការបរទេសកម្ពុជា នាពេលកន្លងមក ថ្នាក់ដឹកនាំវៀតណាមបានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ធ្វើរបាយការណ៍ជូន ថ្នាក់ដឹកនាំវៀតណាម ហើយបច្ចុប្បន្នកំពុងរង់ចាំរបាយការណ៍នេះ៕ ដោយៈសៅ វិសាល