តើ​កំនែ​​ទម្រង់​​របស់​​ក្រសួង​​អប់រំ​​អាច​កាត់​បន្ថយ​​អំពើពុក​រលួយ​​នៅ​កម្ពុជា​​បាន​​ដែរ​រឺទេ​​?​

25-06-2015 5:01 pm 2101

​លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ​បានឲ្យ ដឹង​ថា​ក្រសួង​អប់រំ​នឹង​ដាក់​កម្មវិធីសិក្សា​ប្រឆាំង​អំពើពុករលួយ នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ​។ ដោយ​លោក​អះអាងថា ការដាក់​នេះ នឹង​ផ្លាស់ប្តូរ​ឥរិយាបថ របស់ សិស្សានុសិស្ស​ទាំងឡាយ​ឱ្យ​ជៀសផុត​ពី​ការប្រព្រឹត្ត​អំពើពុករលួយ ហើយ​ប្រកាន់​យក​សច្ចភាព យុត្តិធម៌​ត្រឹមត្រូវ​សម្រាប់​គ្រួសារ​និង​សង្គមជាតិ​។ តើ​ការសម្រេច​ដាក់ កម្មវិធីសិក្សា​ប្រ​ឆាំង​​អំពើពុករលួយ​នៅក្នុង​ប្រពន្ធ​អប់រំ​នេះ អាច​កាត់បន្ថយ​ការប្រព្រិត្ត​អំពើ​ពុករលួ​យ​នៅ​កម្ពុជា​បាន​ដែររឺទេ​?
​ជា​បន្ត​សូម​ស្តាប់​សេចក្តីរាយការណ៍​របស់ គួន សំបូរ ដូចតទៅ​

សម្លេង៖

 

​អំពើពុករលួយ​ក្នុង​សង្គម​កម្ពុជា គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ​រាប់​ទសវត្សរ៍​មក​ហើយ​បើទោះបីជា​រាជរដ្ឋាភិបាល ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុង​ការបង្ការ ទប់ស្កាត់​និង​កាត់បន្ថយ​អំពើ​នេះ​យ៉ាងណា​ក៏ដោយ ក៏​ប៉ុន្តែ​អំពើពុករលួយ​នៅតែ​មិន​អាច​គាស់​រំលើង​បាន​នោះ​ទេ​។​

 

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​រាជរដ្ឋាភិបាល ពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្រោម​ការដឹកនាំ​របស់​លោក ឱម យ៉ិនទៀង បាន​ចាត់វិធានការ​ដោយ​ចាប់​កាត់ទោស​មន្ត្រី​តុលាការ មេ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​រហូតដល់​មន្ត្រី​ការិយាល័យ​សង្គមកិច្ច​ស្រុក ជាច្រើន​នាក់ ដែល​កិបកេង​ពុករលួយ​ថវិការដ្ឋ ជាដើម​។​

 

​ជាងនេះទៅទៀត​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ផ្ញើ​សារ​ទៅកាន់​មន្ត្រី​របស់​ខ្លួន​ថា ត្រូវ​ប្តេជ្ញា​គាស់​រំលើង​ឫ​សគល់ នៃ​អំពើ​ពុករលួយ​ក្នុង​អាណត្តិ​របស់​រាជរដ្ឋាភិបាល​ថ្មី ដែល​ទើប​បង្កើត​ថ្មី ពេលនេះ​។​លោក​ក៏​បាន​ដាក់បទបញ្ជា​ទៅ​កាន់​ក្រសួង​ស្ថាប័នរដ្ឋ​និមួយៗ​ត្រូវតែ​ខិតខំ ឆ្លុះ​កញ្ចក់ មុជទឹក និង​ដុស​ក្រែល ក្នុងន័យ​កាត់បន្ថយ​និង​ឈាន​ទៅ​លុប​បំបាត់​អំពើពុករលួយ តាម​ក្រសួង​ស្ថាប័ន​រៀងៗ​ខ្លួន​សម្រាប់​អាណត្តិ​ថ្មី​ផង​ដែរ​។

 

ដោយសារ​តែ​សារ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នេះហើយ ទើបបាន​ធ្វើ​មន្ត្រី​នៅ​ជួរ​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ធ្វើការ​យ៉ាង​សកម្ម​លើ​ការងារ​រៀងៗ​ខ្លួន​។​​ជាក់​​ស្តែក​​នៅក្នុង​​ពេល​ប​ច្ច​ប្បន្ន​​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ​លោក​ហង់ ជួន​ណារ៉ុន បាន​សហការ​ជាមួយ និង លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រកាស​ដាក់​កម្មវិធី​សិក្សា​ប្រឆាំង​អំពើពុករលួយ​នៅ​កម្រិត មធ្យម សិក្សា​បឋម​ភូមិ​​។ ការដាក់​នេះ ត្រូវបាន លោក​ហង់ ជួន​ណារ៉ុន អះអាងថា និង​ជួយ​កាត់បន្ថយ​ការប្រព្រិត្ត​អំពើ​ពុករលួ​យ​នៅ​កម្ពុជា ហើយ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​សិស្សានុសិស្ស ទាំងឡាយ​ឲ្យ​ពួកគេ​នឹង​ជៀសវាង ពី​ការប្រព្រឹត្ត​អំពើ​មិន ល្អ​ប្រាសចាក​សីលធម៌​បែរ​មក​ប្រកាន់​យក​សច្ចភាព យុត្តិធម៌​ត្រឹមត្រូវ​សម្រាប់​គ្រួសារ​និង​សង្គមជាតិ​ទាំងមូល​។​

 

​ប្រកាស​ដាក់​កម្មវិធីសិក្សា​ប្រឆាំង​អំពើពុករលួយ​នៅ​ប្រព័ន្ធ​អប់រំ​នេះ ត្រូវបាន​លោក​ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា សម្តែង​ការគាំទ្រ​ចំពោះ​ចំណាត់ការ​ថ្មី​នេះ ហើយ​លោក​ក៏​បាន​ថា​ចំណាត់ ការបន្ថែម​ថ្មី​ក្នុង​នេះ​អាច​អប់រំ​ទៅ​កាន់​យុវជន ជំនាន់​ក្រោយ​ស្រលាញ់​នូវ សុចរិត​ភាព និង​ស្អប់​អំពើពុករលួយ​។ ហើយ​លោក​ក៏​ចង់​ឃើញ​កម្មវិធីសិក្សា​ប្រឆាំង​អំពើពុករលួយ​ចេញ​ក្នុង​ពេល​ឆាប់ៗ​ផងដែរ​។​

​សម្លេង​លោក​ព្រាប កុល​៖

 

​ដោយឡែក​លោក យ៉ែម បុញ្ញ​ឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បាន​លើកឡើង​ថា កម្មវិធីសិក្សា នេះ​ល្អ ពីព្រោះ​ដើម្បី​ជួយ​កាន់​បន្ថយ​នូវ​អំពើ​ពុករលួយ​បាន ត្រូវមាន​ការបង្ការ អប់រំ វិធានការ ហើយ​​និង​វិន័យ​។ លោក​ថា កម្មវិធីសិក្សា​ប្រឆាំង​អំពើពុករលួយ​នៅ​ប្រព័ន្ធ​អប់រំ​នេះ ជា​ការអប់រំ ចំណែក​វិធានការ ជា​បន្ត​គឺ អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​អ្នក​ចាត់វិធានការ​ឲ្យបាន​ជាក់លាក់ មិនមែន​រង់ចាំ​តែ​គេ​ប្តឹង ទើប​ចាត់វិធានការ​នោះទេ​។​

​សម្លេង​លោក យ៉ែម បុញ្ញ​ឫទ្ធិ​៖

 

​លោកស្រី​អុត ឆាយា​វី ប្រធាន​សមាគមន​គ្រូបង្រៀន​ឯករាជ្យ បាន​មានប្រសាសន៍ថា លោក​មិន​គាំទ្រ ចំពោះ​កម្មវិធី​នេះ​ទេ​។ មិន​គាំទ្រ​ដោយសារតែ​ការដាក់​កម្មវិធី​នេះ​គ្រាន់តែ​ជា បំបាំងភ្នែក​យុវជន​ថា មិន​​​មាន​អំពើ​ពុករលួយ ប៉ុន្តែ​មន្ត្រី​ថ្នាក់​លើក​មិន​គោរព ដូច្នេះ​ហើយ​មន្ត្រី​ដែល​ប្រព្រិត្ត​អំពើ​ពុករលួយ នោះ បាន​ក្លាយជា​គំរូ​អាក្រក​ទៅ​ដល់​យុវជន​។​

​សម្លេង​លោក​ស្រីអុត ឆាយា​វី​៖

 

​យ៉ាងណា​ក្តី​បើ​តាម​ភាគី​ទាំង​បី​រូប​ខាងលើនេះ ក៏​បាន​សង្គត់​ធ្ងន់​ដូចគ្នាថា បើសិនជា​មន្ត្រី​ដែល​មាន​ឋានៈ​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល​មាន​ការគោរព​ច្បាប់ មិន​បាន​ប្រព្រិត្ត​អំពើ​ពុករលួយ មន្ត្រី​ទាំងនោះ​និង​ធ្វើ​​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យុវជន ហើយ​អំពើពុករលួយ និង​មាន​ការកាត់បន្ថយ​ផងដែរ​។​

 

​តាម​របាយការណ៍​របស់​អង្គការ​តម្លាភា​ព​កម្ពុជា​ដែល​ទើបតែ​ចេញផ្សាយ​នៅ​ដើមឆ្នាំ​២០១៥​នេះ បានបង្ហាញ​ថា​៩៩​ភាគរយ​នៃ​យុវជន​ដែល​ត្រូវបាន​ស្ទង់​មតិ ឯកភាព​ថា​អំពើ​ពុករលួយ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ ដល់​ការអភិវឌ្ឍ​ជាតិ​។​ប៉ុន្តែ​ជាមួយគ្នានេះដែរ យុវជន​ម្នាក់​ក្នុងចំណោម​២​នាក់​គឺ​ធ្លាប់​បាន​ឆ្លងកាត់​អំពើពុករលួយ​នៅក្នុង​ការសុំ​ឯកសារ​និង​នៅក្នុង​សាលា​។ បើ​ផ្អែក​តាម​របាយការណ៍​ដដែល​យុវជន​ខ្មែរ​មិន​សូវ​យល់​ដឹង ឬ​យល់​ដឹង​តិចតួច​បំផុត​អំពី​ច្បាប់​និង​បទបញ្ញត្តិ​របស់​រដ្ឋាភិបាល​ក្នុង​ការលើកស្ទួយ​សុចរិត​ភាព និង​បង្ការ​អំពើពុករលួយ​។​

 

​សរុបទៅ បើសិនជា​រាជរដ្ឋាភិបាល អាណត្តិ​ថ្មី ពិតជា​មាន​បំណង​កាត់បន្ថយ​ឈានទៅ​លុប​បំបាត់​អំពើពុករលួយ​មែន​នោះ​គឺ​រាជរដ្ឋាភិបាល​ត្រូវតែ​ហ៊ាន​អារកាត់​ដុំ​សាច់​ស្អុយ​របស់ខ្លួន​។​ទន្ទឹម​នេះ​មន្ត្រី​ទទួលខុសត្រូវៗ​ខិតខំ​តែ​ផ្លាស់ប្តូ​ឥរិយាបថ​និង​សកម្មភាព​ខុសឆ្គង​របស់​ខ្លួន​ចោល​ឲ្យអស់​ជា​បណ្តើរៗ​មក​ប្រកាន់យក​ឥរិយាបថ​ថ្មី​សកម្មភាព​ថ្មី​ដែល​បំពេញ​ជា​បំរើប្រជាជន​និង​ជាតិ​ដោយ​ពិតប្រាកដ​។​ពិត​ណាស់​ប្រមុខ​រាជរដ្ឋាភិបាល​តែ​ម្នាក់ឯង​មិន​អាច​សំរេច​នូវ​មហិច្ឆតា​បំបាត់​អំពើពុករលួយ​បាន​ទេ​បើ​មន្ត្រី​ថ្នាក់ៗ​ក្រោមៗ​របស់លោក​មិន​មាន​ការ​តាំងចិត្ត​ចូលរួម​លុបបំបាត់​ទេនោះ​។​

 

​មួយវិញទៀត​ស្ថាប័ន​តុលាការ​ត្រូវ​តែ​ក្លាយជា​ទី​ទុកចិត្ត​។​ចៅក្រម​កាត់ក្តី ក៏​ត្រូវ​ឈរ​លើ​វិជ្ជាជីវៈ ក្រមសីលធម៌ និង​បកស្រាយ​ច្បាប់​ដោយ​មិន​ត្រូវ​ខ្លាច​ឥទ្ធិពល​អ្វី​មួយ​។​នៅពេល​តុលាការ​មិន​មាន​ការជ្រៀត​ជ្រែក​​ពេល​នោះ​ក្នុង​សង្គម​កម្ពុជា​យើង​មិនថាតែ​ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​នឹង​ត្រូវបាន​កាត់បន្ថយ និង​លុបបំបាត់​ទេ តែ​សង្គម​កម្ពុជា​ទាំងមូល​ក៏​អាច​ដំណើរការ ឈាន​ទៅរក​ការអភិវឌ្ឍ រីកចម្រើន​លើស​ពេល​នេះ​ថែម​ទៀត​។ ពេលនោះ​ក៏​នឹង​មាន​ការគោរព​សិទ្ធិមនុស្ស ពិសេស​មាន​យុត្តិធម៌​សង្គម​ជាក់​ជាមិនខាន​៕

 

(ដោយ៖គួន សំបូរ)

 

 

 

ព័ត៌មានផ្សេងទៀត