ឈ្លោះ​គ្នា​​ផង​​ត្រូវ​គ្នា​ផង​​ជា​អាកប្ប​កិរិយា​​របស់​ចិន​​និង​អាមេរិក​

25-06-2015 9:41 am 2697
រូបភាព​តំណាង​ឱ្យ​អាមេរិក​និងចិន

​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ យើង​មាន​ការរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង ទាក់ទង​នឹង​រឿងរ៉ាវ​រវាង​ប្រទេស​មហាអំណាច​ពីរ​គឺ​ចិន​និង​អាមេរិក​។ មួយ​រយៈពេល​ចុងក្រោយ​នេះ ចិន​និង​អាមេរិក​ចាប់ផ្ដើម​ប្រជែង​គ្នា​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ដណ្ដើម​ឈ្មោះ​ជា​ប្រទេស​មហាអំណាច​ក្នុង​ពិភពលោក​។ ក្រៅពីនេះ​ក៏​មាន​រឿងរ៉ាវ​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង រួម​ទាំង​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​របស់​ចិន​មកលើ​អាមេរិក​ផង​។ ចំណុចក្ដៅ​ទាំងពីរ កំពុង​ធ្វើឲ្យ​ចិន​និង​អាមេរិក​ចោទគ្នា​ទៅវិញទៅមក​។ តែ​យ៉ាងណាក៏ដោយ ត្បិត​មហាអំណាច​ទាំងពីរ​ប្រកែក​គ្នា​តឹងសរសៃក ប៉ុន្ដែ​ធាតុពិត​នៅតែ​មាន​ទំនាក់ទំនង​នឹង​គ្នា​ដដែល​។ ចង់​ដឹង​ថា​ការឈ្លោះគ្នា​យ៉ាងណាខ្លះ ហើយ​ការ​រឹតចំណង​មិត្ដភាពរ​វាង​គ្នា​យ៉ាងណាខ្លះ​។ ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​បន្ថែម​ពី​ពេញ ផេង​៖


​សំឡេង​៖


​មួយ​រយៈពេល​ចុងក្រោយ​នេះ សកម្មភាព​ចិន​និង​អាមេរិក​ហាក់​រកាំរកូស​នឹង​គ្នា​ខ្លាំង ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ដែន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ អាមេរិក​ក៏​បាន​លូក​យ៉ាង​កប់​ដៃ​ទៅ​ហើយ​ក្នុង​ជម្លោះ​នេះ​។ អញ្ចឹង​មានតែ​តទល់​ដល់​ទីបញ្ចប់ ដូច​ពាក្យ​ថា​លូក​ប្រហុក​សោះនឹង​ស្អុយ​ដដែល លូក​ឱ្យ​កប់​ក្លៀក​តែម្ដងទៅ​។ អាមេរិក​បាន​តាមដាន​សកម្មភាព​មួយចំនួន​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​កន្លងមក​អាមេរិក​ក៏​បាន​បញ្ជូន​នាវា​របស់ខ្លួន​ចូល​ធ្វើ​ប្រតិ​បត្ដិការនៅ​ដែន​ជម្លោះ​។ ដែនអាកាស​វិញ​កងទ័ព​អាមេរិក​កាលពី​ខែ​មុន​ក៏​បាន​ហោះ​ក្នុង​ដែន​លើ​សមុទ្រ​ចិន​ខាងត្បូង​ដែរ ក្រោយមក​ត្រូវ​ចិន​បញ្ជា​ឲ្យ​ចាក​ចេញ​ជា​បន្ទាន់ពី​ដែនអាកាស​របស់ខ្លួន​។


​ការបំពាន​គ្នា​ទៅ​វិញ​មក​របស់​ភាគី​ទាំងពីរ បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់​ប្រទេស​ផ្សេង ព្រោះ​ខ្លាច​មហាអំណាច​ទាំងពីរ​ប្រឈមមុខ​ដាក់​គ្នា​រហូត​ប្រើប្រាស់​អាវុធ​។ អាមេរិក​បាន​ព្រមាន​ទៅ​ចិន​មិន​ឲ្យ​បន្ដ​សកម្មភាព​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង ជាពិសេស​គឺ​ការសាងសង់​កោះ​សិប្បនិម្មិត​។ តែ​ចិន​វិញ​នៅ​តែ​រឹងទទឹង ហើយ​ប្រកាស​ទៀត​ថា​ខ្លួន​នឹង​បញ្ជូន​កងទ័ព​ទៅ​ដាក់​នៅ​កោះ​ដែល​សាងសង់​រួច ដើម្បី​ការពារ​សុវត្ថិភាព​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​។ ភាព​រឹងរូស​នេះ​បាន​រុញច្រាន​ឲ្យ​ភ្លើងកំហឹង​កាន់តែ​ឆេះ​ក្ដៅ​ឡើងៗ​ស្ទើរ​ទ្រាំ​ពុំ​បាន​ទៅ​ហើយ​សម្រាប់​ភាគី​ទាំងពីរ​។


​អាមេរិក​ថា​ចិន​កំពុង​រំលោភ​យក​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​ដែន​អន្ដរជាតិ​សម្រាប់​ធ្វើ​នា​វាចរ​និង​ធ្វើ​ជំនួញ​ផ្លូវទឹក​របស់​ប្រទេស​ផ្សេងៗ ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​។ ឥរិយាបទ​នេះ​ជា​ភាព ព្រហើន​មួយ​របស់​ចិន ដោយ​មិន​គោរព​ទៅតាម​ច្បាប់​អន្ដរជាតិ ហើយ​អាមេរិក​ក៏ឲ្យប្រទេស​ពាក់ព័ន្ធ​ធ្វើ​យ៉ាងណា​ត្រូវ​ដោះស្រាយ​បញ្ហា​ជាមួយ​ចិន​ដែរ ព្រោះ​ចិន​កាន់តែ​ពង្រីក​ខ្លួន​ធំ​ជាង​មុន​ហើយ​។ យើង​បានដឹង​ហើយ​ដែរ​ថា វៀតណាម​និង​ហ្វីលីពីន​ជា​ប្រទេស​ចេញមុខ​ខ្លាំង​ប្រឆាំង​ចិន និង​ចង់​ដណ្ដើម​យក​ដែន​ក្បែរ​ប្រទេស​ខ្លួន​ធ្វើ​ជា​កម្មសិទ្ធិ ក៏​ត្រូវ​អាមេរិក​រឹតចំណង​ជាមួយ​ថ្មីៗ​នេះដែរ​។ នេះ​ជា​ចេតនា​របស់​អាមេរិក​ខណៈ​ដែល​វៀតណាម​និង​ហ្វីលីពីន​កំពុង​ទាស់ទែង​ជាមួយ​ចិន​។


​និយាយ​ពី​ហ្វីលីពីន​វិញ ក៏​បាន​សហការ​គ្នា​ធ្វើ​សមយុទ្ធ​នៅលើ​កោះ​ជា​តំបន់​ប្រឈម​មុខ​គ្នា​ជាមួយ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែរ ក្នុងន័យ​ការពារ​និង​ពង្រឹង​សមត្ថភាព​យោធា​ប្រទេស​ទាំង​ពីរ​។ ប៉ុន្ដែ​និយាយឲ្យចំ​គឺ​អាមេរិនិង​ហ្វីលីពីនក៏​ចង់​បង្ហាញអា​នុ​ភាព​របស់​ខ្លួន​ដល់​ចិន​ដែរ វា​ហាក់ដូចជា​ការធ្វើ​សមយុទ្ធ​គំរាម​ចិន ត្បិត​ហ្វីលីពីន​និង​អាមេរិក​លើក​ឡើង​ថា​ជា​សមយុទ្ធ​ធម្មតា​ក៏ដោយ​។ ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន លោក​ប្រធានាធិបតី​ហ្វីលីពីបេ​នី​ណូ អាគីណូ​បាន​ប្រដូចសកម្មភាព​វាទយក​ទឹកដី​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ទៅ​នឹង​របប​ណា​ហ្ស៊ី​អាល្លឺម៉ង់​។ សម្ដី​នេះ​បានធ្វើឱ្យ​ចិន​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​ព្រមាន​ឱ្យ​ប្រធានាធិបតី​ហ្វីលីពីន​ដក​សម្ដី​របស់​ខ្លួន​វិញ​ជា​បន្ទាន់​។ នេះ​ហើយ​គឺជា​ការ​ជំពាក់​វា​ក់វិន​ស្រាយ​មិន​រួច រវាង​ចិន​ជាមួយ​ប្រទេស​គូ​ជម្លោះ ដោយ​មាន​អាមេរិក​ជា​អ្នក​រុញ​គូទ​។


​តាម​ការបញ្ជាក់​ពី​អ្នកតាមដាន​ស្ថានការណ៍​មួយចំនួន ថា​សកម្មភាព​របស់​អា​មេរិក​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូ​ង​គឺ​ចង់​ឲ្យ​ចិន​រវល់​នឹង​រឿង​ចម្រូងចម្រាស់​នេះ ងាយស្រួល​ខ្លួន​ឆ្លៀត​ឱកាស​ដណ្ដើមយក​ទីផ្សារ និង​អំណាច​នៅក្នុង​ពិភពលោក ជាពិសេស​គឺ​ក្នុង​តំបន់​អាស៊ី​តែម្ដង​។ អាមេរិក​ក៏​ធ្លាប់​ប្រកាស​ហើយ​ថា​នឹង​មុជ​ចូល​កាន់តែ​ជ្រៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ពង្រីក​អានុភាព​របស់ខ្លួន ហើយ​ក៏​ដើម្បី​ប្រជែង​នឹង​ចិន​ដូចគ្នា ព្រោះ​ចិន​កំពុង​លូតលាស់​ខ្លាំង​មែនទែន​ទូទាំង​ពិភពលោក​។ អញ្ចឹង​បើ​អាមេរិក​មិន​ខំ​ខ្នះខ្នែង​ទេ ចិន​នឹង​ផ្ដួល​អាមេរិកឲ្យ​ដួល​លើ​ឆាក​អន្ដរជាតិ ធ្លាក់​ចេញពី​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​លោក​។


​ចំពោះ​បញ្ហា​មួយទៀត​នោះ អាមេរិក​ក៏​ព្រួយបារម្ភ​ដូចគ្នា​ពាក់ព័ន្ធ​នឹង​ការ​លួច​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​តរបស់​ក្រុម​វាយប្រហារ​(Hackers)​ចិន ទៅលើ​បណ្ដាញ​កុំព្យូទ័រ​រដ្ឋាភិបាល​អាមេរិក​។ អាមេរិក​ក៏​បាន​ពន្លយ​ពាក្យ​ថា​បើ​រដ្ឋាភិបាល​ចិន​មិន​គាំទ្រ​ទេ ក៏​គ្មាន​ក្រុម​វាយប្រហារ​តាម​បណ្ដាញ​អ៊ី​ន​ធឺ​ណេត​នេះដែរ​។ ទង្វើ​នេះ ធ្វើឲ្យ​បញ្ហា​សុវត្ថិភាព​បណ្ដាញ​អ៊ីនធឺណេ​តរឹតតែ​ផុយស្រួយ អាច​មាន​ការលួចចម្លង​ទិន្នន័យ​សំខាន់ៗ និង​បង្ក​ការរាំងស្ទះ​ដល់​ការងារ​ផង​ដែរ​។ អាមេរិក​ក៏​បញ្ជាក់ដែរថា នេះ​ក៏​ជា​កត្ដា​ជំរុញ​ឲ្យមាន​ភាព​រាំងស្ទះ​ដល់​ទំនាក់​ទំនង​អាមេរិក​-​ចិន​។


​យ៉ាងណាក៏ដោយ ត្បិត​រូបភាព​ខាងក្រៅ​បង្ហាញថា​ចិន​និង​អាមេរិក​ដូចជា​ចង់​ស៊ីសាច់ហុតឈាម​គ្នា​ក្ដី ប៉ុន្ដែ​បើ​មើល​ឲ្យដល់​ទៅ​ខ្លាកំ​ណា​ចទាំង​ពីរ​នៅ​តែ​មាន​ឥរិយាបទ​ទន់ភ្លន់​ជាមួយគ្នា​ដែរ វា​ដូចជា​វាយ​ក្បាល​គ្នា​ហើយ​អង្អែល​ខ្នង​គ្នា​វិញ​។​ការអះអាង​បាន​បែបនេះ ត្បិត​ភាព​តានតឹង​លើ​វិស័យ​ការទូត​កើនឡើង ប៉ុន្ដែ​ចំពោះ​ចំណង​មិត្ដភាព​ផ្នែក​យោធា និង​វិស័យ​ពាណិជ្ជកម្ម​វិញ តួអង្គ​ទាំងពីរ​មិន​បាន​ចោល​គ្នា​ឡើយ​។ ថ្មីៗ​នេះ​អាមេរិក​និង​ចិន​បានប្រកាស​រឹតចំណង​មិត្ដភាព​ជា​មួយគ្នា ក្នុងនោះ​ក៏​មាន​លើ​វិស័យ​ការពារជាតិ និង​សេដ្ឋកិច្ច​ផងដែរ​។​អាមេរិក​ប្ដេជ្ញា​ថា​នឹង​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង​ចិន​-​អាមេរិក​ល្អប្រសើរ​ចន្លោះ​ពេល​មាន​ភាព​តានតឹង​ជាមួយគ្នា​។ រីឯ​ចិន​វិញ​ក៏​ដូច្នេះ​ដែរ ចិន​មិន​ចង់​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ណាមួយ​ឡើយ ព្រោះ​វា​ខាតបង់​ទាំងសងខាង​។


​ជារួម​ទៅ​ចំពោះ​ការប្រកួតប្រជែង​គ្នា​ផង ការសហការ​គ្នា​ផង គឺជា​ចេតនា​របស់​មហាអំណាច​ទាំងពីរ ទោះ​ត្រូវ​ឈ្លោះ​គ្នា​យ៉ាង​តឹងសរសៃក ប៉ុន្ដែ​ក៏​មិន​ភ្លេច​ទេ​វប្បធម៌​សន្ទនា​គ្នា​ដើម្បី​ភាព​រីក​ចម្រើន​នៅ​ថ្ងៃមុខ​។ ទាំង​ចិន​និង​អាមេរិក​សុទ្ធ​តែ​ចង់​ដណ្ដើម​គ្នា​ធ្វើ​មហាអំណាច ហេតុនេះ​វា​គ្មាន​អ្វី​ប្លែក​ទេ​ដែល​តែងតែ​មាន​ការបោះ​ពាក្យសម្ដី​ដាក់គ្នា ការខ្វែងគំនិត​គ្នា ការ​ស្រវា​ដណ្ដើម​ដៃគូរ​ពាណិជ្ជកម្ម និង​នយោបាយ​គ្នា​លើ​ឆាក​អន្ដរជាតិ បើ​អ្នកណា​ខ្លាំង​ជាង​អ្នក​នោះ​ឈ្នះ រីឯ​អ្នកចាញ់​ចាប់ផ្ដើម​ឌឺដង​ពាក្យសម្ដី​។​មួយវិញទៀត​ការប្រទូសរ៉ាយ​ដោយ​ពាក្យសម្ដី​កន្លង​មក​រវាង​អាមេរិក​និង​ចិន ក៏​ជា​កញ្ចក់​ឆ្លុះ​មួយ​សម្រាប់​ឲ្យ​ប្រទេស​ផ្សេង​សម្រេចចិត្ដឲ្យ​ច្បាស់​មុន​នឹង​ចាប់​យក​អ្នក​ណា​ជា​ដៃគូ​ពាណិជ្ជកម្ម​ឬក៏​នយោបាយ ឬ​ក៏​ធ្វើ​ជា​សម្ព័ន្ធមិត្ដ​ជាមួយ​ប្រទេស​ទាំង​ពីរ​។​សកម្មភាព​ទាំងអស់​នេះ​គឺជា​យុទ្ធសាស្ដ្រ​ដែល​ចិន​និង​អាមេរិក​កំពុង​ធ្វើ ដើម្បី​ឈានដល់​គោលដៅ​កំពូល​រៀងៗ​ខ្លួន​៕ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត