ការធ្វើអាជីវកម្មបូមខ្សាច់យ៉ាងអាណាធិបតេយ្យ នៅតំបន់ជាច្រើន ក្នុងខេត្តកោះកុង បានធ្វើឲ្យប្រជាពលរដ្ឋ ពិសេសក្រុមសកម្មជនចលនាមាតាធម្មជាតិ ព្រួយបារម្ភពីផលប៉ះពាល់ដល់ធនធានធម្មជាតិ ដូចជាការបំផ្លាញព្រៃកោងកាង ដែលដុះតាមមាត់ព្រែក ជីវចម្រុះក្នុងទឹក និងមច្ឆជាតិ ជាប្រភពស្បៀងរបស់ពលរដ្ឋ ដែលប្រកបមុខរបនេសាទ និងធ្វើឲ្យបំពុលទឹក បាក់ឆ្នេរ និងបាត់កោះតូចៗដូចជា កោះកាបុងជាដើម។ តំបន់ដែលធ្វើអាជីវកម្មបូមខ្សាច់យ៉ាងអាណាធិបតេយ្យនោះ គឺស្ថិតក្នុង តំបន់ស្ពានស្រែអំបិល ស្ពានអណ្តូងទឹក ស្ពានស្រែរូង និងស្ពានតាតៃជាដើម។ ក្រុមហ៊ុនដែលធ្វើសកម្មភាពបូមខ្សាច់ទាំងនោះ គឺជាក្រុមហ៊ុនវៀតណាម។ នេះបើតាមការអះអាងពីសំណាក់លោកស៊ន ចាន់ដារ៉ា សកម្មជនចលនាមាតាធម្មជាតិ ប្រាប់ដល់វិទ្យុវាយោនៅថ្ងៃទី២៤ មិថុនានេះ។ ក្រុមសកម្មជនចលនាមាតាធម្មជាតិ ក៏នឹងជួបជុំគ្នាផងដែរនៅមុខមន្ទីររដ្ឋសភា និងស្ថានទូតសិង្ហបុរី នៅថ្ងៃទី២៥ មិថុនា ដើម្បីធ្វើយុទ្ធនាការ បញ្ឈប់ការបូមខ្សាច់ នៅទូទាំងខេត្តកោះជាបណ្តោះអាសន្ន ដើម្បីរង់ចាំការសិក្សាពីផលប៉ះពាល់ពីក្រុមអធិការកិច្ច ក្រសួងរ៉ែ និងថាមពល។
សម្លេងលោកស៊ន ចាន់ដារ៉ា
កន្លងមកក្រុមសកម្មជនចលនាមាតាធម្មជាតិ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមនឹងសកម្មជនមួយចំនួនទៀត ធ្លាប់បានធ្វើយុទ្ធនាការបណ្តេញក្រុមហ៊ុនដែលធ្វើសកម្មភាពបូមខ្សាច់នេះ និងការផ្ញើញត្តិដាក់ជូនរដ្ឋសភា ដើម្បីឲ្យគណៈកម្មការទី៣នៃរដ្ឋសភា កោះហៅក្រសួងពាក់ព័ន្ធដើម្បីចាត់វិធានការចំពោះបញ្ហានេះ ប៉ុន្តែគ្មានការឆ្លើយតប។
សម្លេងលោកស៊ន ចាន់ដារ៉ា
ក្រសួងរ៉ែ និងថាមពល តាមរយៈលោកឌិត ទីណា រដ្ឋលេខាធិការ បានអះអាងថា សម្រាប់ការបូមខ្សាច់នៅតំបន់មួយចំនួនក្នុងខេត្តកោះកុង មិនមានក្រុមហ៊ុនណាមួយដែល ខុសច្បាប់នោះទេ សុទ្ធតែជាក្រុមហ៊ុន មានអាជ្ញាបណ្ណត្រឹមត្រូវ។ លោកឌិត ទីណា បានសង្កត់ធ្ងន់ថា សម្រាប់ការតវ៉ា លើបញ្ហាបូមខ្សាច់នៅខេត្តកោះកុងនេះ អាចជាការតវ៉ាបែបនយោបាយ និងទាំងងងឹតងងុល ដោយមានគ្មានហេតុផលបច្ចេកទេសច្បាស់លាស់។ ក្រុមអធិការកិច្ច ក្រសួងរ៉ែ និងថាមពល បានចុះពិនិត្យជាទៀងទាត់ លើការធ្វើអាជីវកម្មខ្សាច់នៅខេត្តកោះកុងនេះ ដោយមិនមានក្រុមហ៊ុនណាធ្វើអាជីវកម្មដោយអាណាធិបតេយ្យនោះឡើយ។
សម្លេងលោកឌិត ទីណា
បើតាមការអះអាងពីសកម្មជនចលនាមាតាធម្មជាតិ បានបញ្ជាក់ថា ក្រុមហ៊ុនដែលតែងតែបង្កការព្រួយបារម្ភ តាមរយៈការបូមខ្សាច់នេះ បានបង្ហាញអាជ្ញាបណ្ណ ដែលចេញដោយក្រសួងធនធានទឹក និងឧតុនិយម ប៉ុន្តែប្រជាពលរដ្ឋដឹងថា ជាអាជ្ញាបណ្ណដែលផុតសុពលភាព។ យ៉ាងណាក៏ដោយ លោកឌិត ទីណា បានបញ្ជាក់ថា ក្រសួងនឹងបង្ហាញពីក្រុមហ៊ុនបូមខ្សាច់ដែលមានអាជ្ញាបណ្ណត្រឹមត្រូវនៅលើទំព័ហ្វេសប៊ុកក្រសួង ដើម្បីបញ្ជាក់ឲ្យបានច្បាស់។
សម្លេងលោកឌិត ទីណា