នៅទីបំផុតទៅ លោកស ខេង និងលោកសាយ ឈុំ ត្រូវបានបោះឆ្នោតជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ទាំង២រូប សូមបញ្ចាក់ថា គឺមិនមានអនុប្រធានទី១ ឬទី២នោះទេ ដោយឡែក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាប្រធានដឹកនាំគណបក្ស។ ការបោះឆ្នោតនេះ ធ្វើឡើងនៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៨ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា។ លោកសាយ ឈុំអនុប្រធានគណបក្សប្រជាជនកម្ពុជា នឹងទទួលបន្ទុកកិច្ចការអគ្គលេខាធិការគណបក្សប្រជាជនកម្ពុជាដដែល ចំណែកឯលោកស ខេង អនុប្រធានដែរនោះ នឹងទទួលបន្ទុកជាប្រធានក្រុមតំណាងរាស្ត្រភាគច្រើនក្នុងរដ្ឋសភា។ នេះបើតាមការបញ្ជាក់របស់លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ ជាបន្តសូមស្តាប់កិច្ចសន្ទនារវាង ឆេង សូរិយា និងអ៊ុន សុខឡា ដូចតទៅ
សួស្តី សូរិយា
សួស្តី សុខឡា
សុខឡា៖ ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៨ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនាបានរៀបចំបោះឆ្នោតសមាជិករបស់ខ្លួន ក្នុងនោះមានការជ្រើសរើសប្រធានគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណបក្សប្រជាជនកម្ពុជា។ ព័ត៌មានបានផ្សព្វផ្សាយហើយថា លោកស ខេង និងលោកសាយ ឈុំ ត្រូវបានបោះឆ្នោតជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ទាំង២រូប សូមបញ្ចាក់ថា គឺមិនមានអនុប្រធានទី១ ឬទី២នោះទេ ដោយឡែក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាប្រធានដឹកនាំគណបក្សប្រជាជនកម្ពុជា។ អ្វីដែលមានការចាប់អារម្មណ៍ខ្លាំងនោះនៅក្នុងការបោះឆ្នោតជ្រើសរើសសមាសភាពគណបក្សប្រជាជនកម្ពុជានៅពេលនោះ គឺទាក់ទងនឹងការជ្រើសរើសអនុប្រធានគណបក្សប្រជាជនកម្ពុជា។តើលោកស ខេង និងលោកសាយ ឈុំ ត្រូវបែងចែកយ៉ាងដូចម្តេច បើតំណែងតែមួយតែមានបុគ្គលពីរនាក់កាន់កាប់នោះ?
សូរិយា៖ជាការពិតណាស់ សុខឡា ជុំវិញ រឿងរ៉ាវនេះ មានមហាជនជាច្រើនបានចាប់អារម្មណ៍ខ្លាំងលើការជ្រើសរើសសមាសភាពគណបក្សប្រជាជនកម្ពុជា។តំណែងដែលគេចាប់អារម្មណ៍ខ្លាំងនោះ មិនមែនជាតំណែងប្រធានគណបក្សប្រជាជនកម្ពុជានោះទេ ពីព្រោះតំណែងនេះ នរណាៗក៏ដឹងហើយថា បានទៅលើលោកហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រីឯតំណែងជាអនុប្រធានគណបក្សប្រជាជកម្ពុជាវិញគឺបានទៅលើបុគ្គលពីររូប គឺលោក ស ខេង និងលោកសាយ ឈុំ។តំណែងជាអនុប្រធានបក្សបែរជាមានបុគ្គលរហូតទៅដល់ពីរនាក់ បានគ្រងតំណែង។ពេលប្រកាសភ្លាម មានការវែកញែកភ្លាម លើរឿងនេះ វែកញែកថា តើតួនាទី និងការបែងចែកការងារ និងធ្វើដូចម្តេចខ្លះ? មកដល់ត្រង់ចំណុចនេះ គឺដល់សំណួរដែលសុខឡា សួរតែម្តង។ចំពោះការបែងចែក តួនាទី គឺលោកសាយ ឈុំអនុប្រធានគណបក្សប្រជាជនកម្ពុជា នឹងទទួលបន្ទុកកិច្ចការអគ្គលេខាធិការគណបក្សប្រជាជនកម្ពុជាដដែល ចំណែកឯលោកស ខេង អនុប្រធានដែរនោះ នឹងទទួលបន្ទុកជាប្រធានក្រុមតំណាងរាស្ត្រភាគច្រើនក្នុងរដ្ឋសភា។ នេះបើតាមការបញ្ជាក់របស់លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។បញ្ជាក់ប៉ុណ្ណឹង គឺពិតជាច្បាស់ហើយសុខឡា ចំពោះការអនុវត្តទៅលើតួនាទីរបស់ពួកគាត់។
សុខឡា៖សូរិយា នាងខ្ញុំកត់សំគាល់ឃើញថា បោះឆ្នោតជាប់ជាប្រធាណ និងអនុប្រធានភ្លាម គឺស្រាប់តែមានការវិភាគភ្លាម លើលទ្ធផលនៃការបោះឆ្នោតសមាភាពគណបក្សប្រជាជនកម្ពុជា លើតំណែង ប្រធាន និងអនុប្រធាន។ តើអ្នកវិភាគ បានកត់សំគាល់ឃើញយ៉ាងណាខ្លះ ចំពោះលទ្ធផល ខាងលើ?
សូរិយា៖មិនខុសនោះទេ សុខឡា គ្រាន់តែដឹងលទ្ធផលភ្លាម អ្នកវិភាគនយោបាយនៅកម្ពុជា និងអ្នកតាមដានស្ថានការណ៍កម្ពុជា ចាប់ផ្តើមចេញមុខបញ្ចេញមតិភ្លាម។អ្នកតាមដានស្ថានការណ៍នយោបាយលោកកែម ឡី បានស្វាគមន៍ចំពោះសន្និបាទគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែមិថុនានេះ ដែលបានសម្រេចបោះឆ្នោតឲ្យលោកហ៊ុន សែន ជាប្រធានគណបក្ស លោកស ខេង និងលោកសាយ ឈុំ ជាអនុប្រធានគណបក្ស។ រីឯលោកហេង សំរិន នៅតែជាប្រធានកេត្ដិ៍យសគណបក្សដដែល។ គណបក្សប្រជាជនកម្ពុជា ដែលបានបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានគណបក្សថ្មីនោះ គឺបន្ទាប់ពីលោកជា ស៊ីម ប្រធានគណបក្ស បានទទួលមរណភាព កាលពីថ្ងៃទី៨ មិថុនាកន្លងទៅនេះ។
លោកកែម ឡី បាននិយាយថា លោកសូមអបអរសាទរចំពោះសមាសភាពថ្នាក់ដឹកនាំថ្មី នៃគណបក្សប្រជាជនកម្ពុជា ដែលមានលោកហ៊ុន សែន ជាប្រធាន ហើយលោកស ខេង និងលោកសាយ ឈុំ ជាអនុប្រធានទាំង២រូប។ លោកកែម ឡី បាននិយាយទៀត ថា អាចមានការស្រុះស្រួលគ្នា សម្រាប់តំណែងប្រធាន និងអនុប្រធានគណបក្សប្រជាជនកម្ពុជានេះ។ តែយ៉ាងណាក៏ដោយ លោកបានលើកជាអនុសាសន៍ ថា គណបក្សប្រជាជនកម្ពុជា គួររៀបចំឲ្យមានគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ហើយការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកកំពូល លើកក្រោយ ត្រូវមានការចូលរួមពីបេក្ខភាពច្រើន។
សម្រាប់លោកអ៊ូ វីរៈ អ្នកឃ្លាំមើលបញ្ហានយោបាយមួយរូបដែរនោះ មិនមានការភ្ញាក់ផ្អើលនោះទេ។ មិនភ្ញាក់ផ្អើលដោយសារតែលោកបានទស្សន៍ទាយ តាំងពីមុនការបោះឆ្នោត ថា គណបក្សប្រជាជនកម្ពុជា នឹងមានអនុប្រធានចំនួន២ គឺលោកស ខេង និងលោកសាយ ឈុំ ហើយលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន នឹងត្រូវឡើងធ្វើជាប្រធានគណបក្ស ជំនួសលោកជា ស៊ីម ដែលទទួលមរណភាព កាលពីពេលថ្មីៗនេះ។ ចំណែកលោកហេង សំរិន នៅតែជាប្រធានកេត្ដិ៍យសគណបក្សដដែល។ ប៉ុន្ដែអ្វីដែលលោកអ៊ូ វីរៈ នៅមិនទាន់អាចទស្សន៍ទាយបាននោះ គឺបុគ្គលដែលនឹងអាចក្លាយជាអគ្គលេខាធិការគណបក្ស ជំនួសលោកសាយ ឈុំ។
សុខឡា៖ ទោះបីជាតួនាទី និងការងាររបស់អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបែងចែកគ្នា យ៉ាងច្បាស់ក៏ដោយ ប៉ុន្តែ គឺជៀសមិនផុតនោះទេ ចំពោះឧបសគ្គមួយចំនួនក្នុងការបំពេញការងារក្នុងតំណែងជាអនុប្រធានដែលគ្រប់គញរងដោយបុគ្គលពីរនោះ។ តើមានការលើកឡើងពីអ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍សង្គមដែររឺទេ ចំពោះហេតុផលនៃការជ្រើសរើសបុគ្គលពីរនាក់គ្រងតំណែងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា?
សូរិយា៖ជាចំណុចរសើបមួយ សុខឡា។ប៉ុន្តែ ឆ្លើយសំណួរសុខឡា គឺថា មានការលើកឡើងពីលោក អ៊ូ វីរៈ។ មានហេតុផលមួយចំនួន ដែលគណបក្សប្រជាជនកម្ពុជា ជ្រើសរើសអនុប្រធានគណបក្ស២រូបនោះ។ ហេតុផលទី១ អាចគណបក្សជ្រើសរើស អគ្គលេខាធិការថ្មី ជំនួយលោកសាយ ឈុំ។ ហេតុផលទី២ គឺអាចចង់បន្ថយអំណាចតំណែងអនុប្រធាន របស់លោកស ខេង។ រីឯលោកកែម ឡីវិញ បានមើលឃើញ ថា មូលហេតុដែលគណបក្សប្រជាជនកម្ពុជា ជ្រើសរើសអនុប្រធានគណបក្ស២រូបនោះ គឺគណបក្សដែលកំពុងតែកាន់អំណាចនេះ ចង់សម្របសម្រួលសមាហរណកម្មអំណាច កុំឲ្យមានការបែកបាក់ផ្ទៃក្នុងបក្ស។ ជាការកត់សម្គាល់ បន្ទាប់ពីសន្និបាទគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសៅរ៍ សម្រេចបោះឆ្នោតឲ្យលោកហ៊ុន សែន ជាប្រធានគណបក្ស លោកស ខេង និងលោកសាយ ឈុំ ជាអនុប្រធានគណបក្សនោះ គេសង្កេតឃើញ ថា មានមន្ដ្រីគណបក្សប្រជាជនកម្ពុជា ជាច្រើនរូប បានផ្ញើរសារអបអរសាទរ នឹងគាំទ្រពេញទំហឹងចំពោះការសម្រេចនេះ ហើយសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំថ្មី នឹងបន្ដដឹកនាំគណបក្សប្រជាជនកម្ពុជា ឲ្យកាន់តែរីកចំរើនបន្ថែមទៀត៕
អរគុណ សូរិយា
ចាស អរគុណ សុខឡា