ខណៈការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ក្នុងឆ្នាំ២០១៦ នឹងត្រូវធ្វើឡើងក្នុងខែកក្កដា ឬខែសីហា ខាងមុខនេះ។ បញ្ហានៃការធ្វើកូដកម្មរបស់កម្មករនិយោជិត អាចនឹងកើតឡើង ប្រសិនបើការចរចាមិនត្រូវរ៉ូវគ្នា។ ទាក់ទងនឹងបញ្ហានេះ វិវាទការងារក៏ត្រូវបានគេ សន្និដ្ឋានថា នឹងមានការកើនឡើងផងដែរ។ គិតចាប់ពីដើមឆ្នាំ២០១៥រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាស្ថាប័នឯករាជ្យ ទទួលបានអំណាចពីច្បាប់ការងារ ដើម្បីដោះស្រាយវិវាទការងារ បានទទួលពាក្យបណ្តឹងពីភាគីគូទំនាស់ ដែលភាគច្រើនក្នុងវិស័យឧស្សាហកម្មកាត់ដេរ មានប្រមាណជាង១០០ករណី។ នេះបើតាមការបញ្ជាក់ពីសំណាក់លោកម៉ែន និម្មិត នាយកប្រតិបត្តិ របស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ប្រាប់ដល់វិទ្យុវាយោ នៅថ្ងៃទី១៩ មិថុនានេះ។
លោកម៉ែន និម្មិត បានបញ្ជាក់បន្ថែមថា បញ្ហាវិវាទទាំងជាង១០០ករណីនេះ ភាគច្រើនកើតចេញពីការទាមទារប្រាក់ ឈ្នួល ដែលក្នុងនោះរួមមានការទាមទារតម្លើងប្រាក់ឈ្នួល និងប្រាក់រង្វាន់ផ្សេងៗ។ វិវាទទាក់ទងនឹងការបញ្ឈប់ ការចោទប្រកាន់ពីការរើសអើង ថ្នាក់ដឹកនាំសហជីព និងបញ្ហជាច្រើនទៀត ដែលទាក់ទងនឹង ការងារ សុខភាព និងសុវត្ថិភាព។
សម្លេងលោកម៉ែន និម្មិត
ក្នុងមួយឆ្នាំៗ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវចំណាយថវិកាប្រមាណ ៥សែនដុល្លារ សម្រាប់ផ្តល់សេវា ដោះស្រាយ វិវាទការងារដល់កម្មករ និងនិយោជក តាមរោងចក្រ ដោយមិនគិតថ្លៃ។ នៅឆ្នាំ ២០១៤ ការចំណាយបានកើនឡើង កាន់តែច្រើន ដោយសារតែការកើនឡើង នៃវិវាទការងារ ដែលមានជាង៣៦០សំណុំរឿង។ ជាង១១ឆ្នាំមកនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បាន ដោះស្រាយវិវាទការងារ ចំនួន ១៨៥០ករណីផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល នៅឆ្នាំ២០១៤។
យ៉ាងណាក៏ដោយ បើតាមការប៉ាន់ប្រមាណពីសំណាក់លោកម៉ែន និម្មិត បានឲ្យដឹងថា ករណីវិវាទ ក្នុងឆ្នាំ២០១៥នេះ អាចនឹងមានការកើនលើស ឬប្រហាក់ប្រហែល ករណីវិវាទក្នុងឆ្នាំ២០១៤។
សម្លេងលោកម៉ែន និម្មិត
គួរបញ្ជាក់ថា ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០១៦ ខាងមុខនេះ នឹងត្រូវធ្វើឡើងក្នុង៣ដំណាក់កាល គឺចាប់ពីខែកក្កដា ដល់ខែសីហា ដោយដំណាក់កាលទីមួយ គឺតម្រូវឱ្យសហជីពជួបជាមួយសហជីព ដើម្បីកំណត់ប្រាក់ឈ្នួលអប្បរមាដែលខ្លួនត្រូវការ។ ដំណាក់កាលទី២ តម្រូវឱ្យនិយោជកពិភាក្សាជាមួយនិយោជក ដើម្បីសិក្សាពីលទ្ធភាពដែលអាចផ្តល់ប្រាក់ឈ្នួលអប្បរមាដល់កម្មករ និងដំណាក់កាលទី៣ គឺរាជរដ្ឋាភិបាល ពិភាក្សាជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីសម្របសម្រួលឱ្យភាគីទាំងពីរគួរកំណត់ប្រាក់ឈ្នួលអប្បរមា ប៉ុន្មាន ក្នុងឆ្នាំ២០១៦ខាងមុខនេះ។ ក្នុងរយៈពេលនេះ ត្រូវបានគេមើលឃើញថា បញ្ហាវិវាទអាចនឹងកើតមាន៕ ដោយៈសៅ វិសាល