បញ្ហា​ព្រំដែន​រវាង​​កម្ពុជា​​និង​វៀតណាម​ប្រហែល​​មិន​ងាយស្រួល​​ក្នុង​ការ​ដោះស្រាយ​​

18-06-2015 4:58 pm 2572

មិនមែន​ជា​រឿង​ថ្មី​ទេ សម្រាប់​កំណត់​ទូត របស់​ប្រទេស​កម្ពុជា ផ្ញើរ​ទៅ​ភាគី​ប្រទេស​វៀតណាម ទាក់ទង បញ្ហា​ព្រំដែន​។ បើតាម​សម្តី​អ្នកនាំពាក្យ គណបក្ស​ប្រជាជន​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា​បាន​ចេញ​កំណត់​ទូត​របស់ខ្លួន​បាន​ចំនួន​៨​ដង​រួចមកហើយ នៅ​មិនទាន់​រាប់បញ្ចូល​កំណត់​ទូត​២​ចុង​ក្រោយ​កាលពីពេល​ថ្មីៗ​នេះ​ផង​។​ប៉ុន្តែ​សកម្មភាព​រំលោភ​ចូល​ដែន​អធិតេយ្យរប​ស់​កម្ពុជា ពី​សំណាក់​ភាគី​វៀតណាម បាន​កើតឡើង​ម្តង​ហើយ ម្តងទៀត​។ ការផ្គើន​របស់​ភាគី​វៀតណាម ជាក់ស្តែង​លើ​ករណី​ជីក​ស្រះ​នៅ​ខេត្ត​រតនគិរី និង ការជីក​ដី​ធ្វើ​គ្រឹះ សម្រាប់​ការសាងសង់​ប៉ុស្តិ៍​យោធា នៅត្រង់ ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល​។


​ការសាងសង់​ប៉ុស្តិ៍​យោធា​នេះ ក៏​ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា ចេញ​កំណត់​ទូត​ថ្មី​មួយទៀត ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៥ ស្នើសុំ​សារជាថ្មី​ចំពោះ​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ទាំងនេះ រហូត​ដល់​គណៈកម្មកា​រ​ចម្រុះ​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ បាន​បោះបង្គោល​ព្រំដែន ក្នុង​តំបន់​នេះ ចប់​ជា​ស្ថាពរ​។​


​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​លោករ​ស់ រ៉ាវុធ មានប្រសាសន៍ថា បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម គឺជា​ការលំបាក​មួយ ដែល​តម្រូវឲ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​។ ពិបាក​ត្រូវបាន​លោករ​ស់ រ៉ាវុធ ពន្យល់ថា ព្រំដែន​កម្ពុជា​-​វៀតណាម ជា​ព្រំដែន​អភ័ព្វ​មួយ តាំងពី​សម័យ​បារាំង​មក ដែល​ប្រទេស​បារាំង​បាន​ប្រើប្រាស់​ពាក្យ​ថា​ព្រំដែន​រដ្ឋបាល​។ បើ​តាម​លោករ​ស់ រ៉ាវុធ ព្រំដែន​កម្ពុជា​-​វៀតណាម​នេះ គឺ​កម្ពុជា ត្រូវតែ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​អន្តរជាតិ ដោយ​មិន​អាច​ដោះស្រាយ ដូច​ជា​មួយ​ប្រទេស​ថៃ​បាន​ទេ​។​


​សម្លេង​លោករ​ស់ រ៉ាវុធ​៖


​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ​បាន​បញ្ចេញ​យោបល់​ថា ការផ្ញើរ​កំណត់​ទូត​របស់​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម ជា​ការត្រឹមត្រូវ​ហើយ​។ ប៉ុន្តែ​ការដោះស្រាយ​នេះ នៅ​មាន​លក្ខណៈ​ស្លូត​ពេក កម្ពុជា​គួរតែ​ធ្វើ​កំណត់​ទូត​មួយទៀត ដើម្បី​អញ្ជើញ​ប្រមុខ​ការទូត​វៀតណាម​ប្រចាំ​កម្ពុជា មក​បំភ្លឺ​នៅ​ក្រសួងការបរទេស​កម្ពុ​ជា​។​


​សម្លេង​លោករ​ស់ រ៉ាវុធ​៖


​ដោយឡែក​លោក​ឈឹម ផល​វា​រុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ប្រាប់​វិទ្យុ​វាយោ​នៅថ្ងៃនេះ​ថា ព្រំដែន​កម្ពុជា​-​វៀតណាម រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កំពុង​ពុះពារ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការកំណត់​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​ឲ្យបាន​ឆាប់ៗ ដើម្បី​បញ្ចប់​ជម្លោះ​នៅ​តាម​ព្រំដែន ដែល​ជា​ជម្លោះ​ប្រវត្តិសាស្ត្រ​។​


​សម្លេង​លោក​ឈឹម ផល​វា​រុណ​៖


​អ្នកនាំពាក្យ​រូប​នេះ​បាន​បន្តថា មិនមែន​តែ​ព្រំដែន​កម្ពុជា​-​វៀតណាម​ទេ ព្រំដែន​កម្ពុជា​-​ថៃ ព្រំដែន​កម្ពុជា​-​ឡាវ ក៏​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធ្វើ​យ៉ាង​ពិតប្រាកដ មិនមែន​ធ្វើ​ដើម្បី​បោកប្រាស់​ប្រជារាស្ត្រ​នោះ​ឡើយ​។ យ៉ាងណា​ក៏​ដោយ​លោក​ឈឹម ផល​វា​រុណ បាន​សង្កត់ធ្ងន់ថា គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងការបរទេស បាន​ចេញ​កំណត់​ទូត​ទៅ​ឲ្យ​ប្រទេស​វៀតណាម យ៉ាង​ស្ងប់ស្ងាត់​បំផុត បាន​ចំនួន​៨​ដង​មក​ហើយ ចាប់ពី​ឆ្នាំ​២០១៣​មក រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម នេះ​មិន​ទាន់​គិត​កំណត់​ទូត​២ នៅ​ពេល​ថ្មីៗ​នេះ​ផង​។ លោក​ឈឹម ផល​វា​រុណ​បន្តថា មូលហេតុ​ដែល​រដ្ឋាភិបាល​ធ្វើ​កំណត់​ទូត​យ៉ាង​ស្ងប់ស្ងាត់​បែបនេះ គឺ​ដើម្បី​កុំឲ្យ​មាន​ចលាចល ដល់​ប្រជាជន​ខ្មែរ ទៅលើ​ប្រវត្តិសាស្ត្រ​ដើម​រវាង​ប្រទេស​ទាំង​ពីរ​ផងដែរ​។​


​សម្លេង​លោក​ឈឹម ផល​វា​រុណ​៖


​ទាក់ទង​នឹង​ការដោះស្រាយ បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក​ជុំ ស​ន្ទរី បាន​មានប្រសាសន៍ថា ការតវ៉ា​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​មិន​មែន​ងាយស្រួល​នោះ​ទេ ក្រសួង​ត្រូវការ​ពេលវេលា​ច្រើន​ក្នុង​ការដោះស្រាយ​។ ដូច្នេះ​យើង​ត្រូវ​អត់ធ្មត់​សិន រង់ចាំ​វិធានការ​ថ្មី បន្ថែម​ពីលើ​កំណត់​ទូ​តទៅ​វៀតណាម​។


​សម្លេង​លោក​ជុំ ស​ន្ទរី​៖


​គួរបញ្ជាក់​ថា កន្លងមកនេះ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយ​:​ក្រសួងការបរទេស បាន​ចេញ​កំណត់​ទូត​ជា​បន្តបន្ទាប់ ទៅកាន់​ប្រទេស​វៀតណាម ស្នើ​ដល់​រដ្ឋាភិបាល​វៀតណាម ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ទាំងឡាយ​ណា ដែល​រំលោភ​ចូល​ទឹកដី​ខ្មែរ រហូត​ដល់​គណៈកម្មកា​រ​ចំរុះ ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ បាន​បោះបង្គោល​ព្រំដែន តាម​តំបន់​រួចរាល់​ហើយ​។ ប៉ុន្តែ​កំណត់​ទូត​កម្ពុជា នៅ​មិនទាន់​ត្រូវបាន​ខាង​ភាគី​ប្រទេស​វៀតណាម ឆ្លើយ​តប​មក​វិញ​ទេ ខណះពេលដែល​បញ្ហា​ព្រំដែន​នេះ កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ ក​ញែក និង​ទស្សនះ​ខុសៗ​គ្នា​៕

 

(ដោយ៖គួន សំបូរ)

 

 


ព័ត៌មានផ្សេងទៀត