ចិន​នៅ​តែ​​មាន​មហិច្ឆតា​​ចង់​ក្រសោប​​ក្រុង​ហុងកុង​​ក្នុង​ដៃ​​មិន​ឱ្យ​​បម្រាស​រួច​

18-06-2015 4:04 pm 3546
ទិដ្ឋភាព​ក្នុង​ក្រុង​ហុងកុង

​នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ថ្ងៃ​នេះ ពេញ ផេង​នឹង​បញ្ជាក់​ជូន​លោក​អ្នក​ឡើងវិញ ពី​ការតវ៉ា​ក្នុង​ក្រុង​ហុងកុង​។ កន្លង​មក​ចលនា​តវ៉ា​ក្នុង​ក្រុង​ហុងកុង​បានបញ្ចប់​កាលពី​ចុងឆ្នាំ​២០១៤​ហើយ ប៉ុន្ដែ​វា​បាន​កើតឡើង​ជា​ថ្មី​ម្ដងទៀត​។ មូលហេតុ​ដែល​ប្រជាជន​ហុងកុង​នាំគ្នា​តវ៉ា ដោយសារ​ចង់បាន​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ក្រុង​ដោយ​សេរី មិន​ស្ថិត​ក្រោម​ការបង្គាប់បញ្ជា​ពី​ចិន​។ ប៉ុន្ដែ​លទ្ធផល​នៅ​មិនទាន់​បាន​សម្រេច​ឡើយ ព្រោះ​កន្លងមក​ចិន​តែងតែ​ជំទាស់​ហើយ​បង្ហាញ​ជំហរ​ថា​រដ្ឋាភិបាល​ហុង​កុង​មិនអាច​អនុវត្ដ​លទ្ធិប្រជាធិបតេយ្យ​បាន​ជាដាច់ខាត​។ តើ​ក្នុង​ន័យ​នេះ ចិន​ចង់បង្ហាញ​ថា​ខ្លួន​នៅតែ​មាន​គោលដៅ​ឱបក្រសោប​យក​ក្រុង​ហុងកុង​ឬ​យ៉ាងណា​? តើ​អាច​ទៅរួច​ទេ​ចំពោះ​ការទាមទារ​របស់​ប្រជាជន​ហុងកុង​?


​ទាក់ទង​នឹង​ព័ត៌មាន​នេះ​បន្ថែម ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង ដូចតទៅ​៖

សំឡេង៖


​បើ​គិត​ពី​ចលនា​តវ៉ា​នៅ​ក្នុង​ក្រុង​ហុងកុង​បាន​កើត​ឡើង​តាំងពី​ថ្ងៃ​ទី​២២​ខែ​កញ្ញា​ឆ្នាំ​២០១៤​មក​ម្លេះ​។ ចលនា​តវ៉ា​នេះ ត្រូវបាន​គេ​ដាក់​ឈ្មោះ​ថា​ជា​ចលនា​ឆ័ត្រ ឬក៏​បដិវត្ដ​ឆ័ត្រ​។ ស្ដាប់លឺ​ឈ្មោះ​នេះ​ហើយ ប្រហែល​ជា​ឆ្ងល់​ព្រោះ​ថា​ឈ្មោះ​នេះ​មិន​ធ្លាប់​លឺ​ឬក៏​មាន​ចលនា​តវ៉ា​ណាមួយ​យកឈ្មោះ​ឆ័ត្រ​ទៅ​ប្រើ​ឡើយ​។ ចលនាឆ័​ត្រឬក៏​បដិវត្ដឆ័​ត្រចង់​សដៅ​ថា ក្រុមបាតុករ​បាន​ប្រើប្រាស់​ឆ័ត្រ​ក្នុង​ការតវ៉ា ដើម្បី​ការពារ​ខ្លួន​ពី​ផ្សែង​បង្ហូរទឹកភ្នែក​ដែល​ប៉ូលិស​បាន​បាញ់​មក​លើ​ពួកគេ​។


​ដំបូង​ឡើយ​ការតវ៉ា​ធ្វើឡើង​ធម្មតា​ប៉ុណ្ណោះ គឺ​ក្រុមបាតុករ​បាន​ដង្ហែរ​គ្នា​តាម​ដងផ្លូវ ឆ្ពោះទៅ​ទីស្នាក់ការ​កណ្ដាល​រដ្ឋាភិបាល​ហុងកុង​ដើម្បី​សុំ​អន្ដរាគមន៍​។ សុំ​អន្ដរាគមន៍ ទាក់ទង​នឹង​ការប្រកាស​របស់​គណៈកម្មាធិកា​រ​អចិន្ដ្រៃយ៍​សភា​ប្រជាជាតិ​ហុងកុង បានប្រកាសថា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ដើម្បី​ជ្រើស​មេដឹកនាំ​ក្រុង​ហុងកុង​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នឹង​ត្រូវ​កំណត់​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​


​គ្រាន់តែ​លឺ​ដូច្នេះហើយ ប្រជាជន​ហុងកុង​ដែល​ដឹកនាំ​ដោយ​សហព័ន្ធ​និស្សិត​បញ្ញវន្ដ ក៏​ក្រោកឈរ​តវ៉ា​ប្រឆាំង ព្រោះ​ថា​ពួកគេ​មិន​ចង់ឱ្យ​មាន​ការកំណត់​សមាសភាព​មេដឹកនាំ​ទេ​។ ពួក​គេ​ចង់​បាន​ការបោះ​ឆ្នោត​មួយ​ដែល​ធ្វើឡើង​ដោយ​សេរី តាម​ការសម្រេចចិត្ដ​របស់​ប្រជាជន ពោល​គឺ​ឱ្យតែ​អ្នក​មាន​សមត្ថភាព​ហើយ​មាន​ការគាំទ្រ​ពី​ប្រជាជន​ភាគច្រើន អ្នក​នោះ​អាច​ធ្វើជា​អ្នក​គ្រប់គ្រង​បាន​ហើយ​។ ម្យ៉ាងវិញទៀត ប្រជាជន​ហុងកុង​ជា​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ ស្អប់​របប​កុ​ម្មុយ​និ​ស្ដ ហើយ​ពួកគេ​មិន​សុខចិត្ដ​ឡើយ បើ​របប​កុ​ម្មុយ​និ​ស្ដ​ចិន​មាន​វត្ដ​មាន​ក្នុង​ក្រុង​ហុងកុង​។ ទាក់ទង​នឹង​មូលហេតុ ត្រូវបាន​ប្រជាជន​ហុងកុង​លើកឡើងថា ស្ថិត​ក្រោម​ការគ្រប់គ្រង​បែប​កុ​ម្មុយ​និ​ស្ដ​ចិន​នៅ​តែ​មាន​ការប្រព្រឹត្ដិ​អំពើ​ពុករលួ​យ មាន​ការរំលោភបំពាន និង​មាន​អំពើ​ភេរវកម្ម​កើតឡើង​ជា​បន្ដបន្ទាប់​។ ហេតុនេះហើយ​ទើប​ពួកគេ​ខ្លាច​បញ្ហា​ទាំងអស់ ជះឥទ្ធិពល​លើ​ពួកគេ ប្រសិនបើ​ទទួលយក​ការគ្រប់គ្រង​បែប​កុ​ម្មុយ​និ​ស្ដ​។


​ចលនា​តវ៉ា​របស់​ក្រុមបាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​ស្ងប់ស្ងាត់​ទៅ​វិញ​នៅ​ខែ​ធ្នូ​ឆ្នាំ​២០១៤​។ តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ ការតវ៉ា​បាន​កើតឡើង​ជា​ថ្មី​ម្ដងទៀត ដោយ​មាន​ប្រជាជន​រាប់ពាន់​នាក់​នាំគ្នា​ដើរ​ដង្ហែ​ក្បួន​ក្នុង​ក្រុង​។ ក្បួន​របស់​ពួកគេ​ធ្វើឡើង​មុនពេល​កិច្ច​ពិភាក្សា​របស់​សមាជិក​សភា​ហុងកុង ពិភាក្សា​ពី​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ក្រុង​ហុងកុង​នៅ​ឆ្នាំ​២០១៧​។ កិច្ច​ពិភាក្សា​របស់​សមាជិក​សភា​ហុងកុង​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ​ទី​១៧​មិថុនា​នេះ ហើយ​បើ​តាម​ការលើកឡើង​ប្រជាជន​ហុងកុង ពួក​គេ​ចង់​ឱ្យ​សភា​ហុងកុង​អនុម័ត​ការធ្វើកំណែទម្រង់​ការបោះ​ឆ្នោត តាមរយៈ​កិច្ចពិភាក្សា​នេះ​។​


​មហិច្ឆតា​ចិន​នៅតែ​ចង់​គ្រប់គ្រង​ក្រុង​ហុងកុង​ដដែល​


​ការតវ៉ា​ម្ដង​ជា​ពីរ​ដង​នេះ មិនបាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពេញចិត្ដ​ឡើយ ហើយ​ថែមទាំង​បាន​គំរាម​ដល់​ក្រុម​បដិវត្ដន៍​ក្នុងក្រុង​ហុងកុង​ថែមទៀត​។ ចិន​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១៦​មិថុនា​ថា សកម្មភាព​របស់​ក្រុមប្រឆាំង​បានធ្វើឱ្យ​បញ្ហា​កាន់តែ​ធ្ងន់​ជាង​មុន និង​កំពុង​បង្ក​ឱ្យ​កើត​ហិង្សា​ជាថ្មី​។ ដូច្នេះ កងកម្លាំង​ក្នុង​ក្រុង​ហុងកុង​ត្រូវតែ​ដាក់​ពង្រាយ​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ ត្រៀម​ទប់ទល់​នឹង​សកម្មភាព​របស់​ក្រុម​តវ៉ា​។ ចំពោះ​ការទាមទារ​របស់​ក្រុមបាតុករ​វិញ ទីក្រុង​ប៉េកាំង​ក៏​បាន​បដិសេធ​ម្ដង​ជា​ពីរ​ដង​ដែរ ហើយ​បញ្ជាក់​ជំហរ​ថា​មិន​អាច​ទៅរួច​ជាដាច់ខាត​។ យើង​ត្រូវ​យល់​ទាំងអស់គ្នា​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុងមាន​មហិច្ឆតា​ចង់​គ្រប់គ្រង​ក្រុង​ហុងកុង រឿ​អី​ដែល​ចិន​ព្រម​ឱ្យ​ហុងកុង​មាន​ការបោះឆ្នោតជ្រើ​រើស​មេដឹកនាំ​ដោយ​សេរី​។ ជាពិសេស​គឺ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​សភា​ប្រជាជាតិ​ហុងកុង ទទួលបន្ទុក​លើ​ការរៀបចំ​សមាសភាព​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត គឺ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រុង​ប៉េកាំង​។ បើទោះបីជា​ទីក្រុង​ប៉េកាំង​មិន​បាន​ចេញ​មុខ​ដោយ​ផ្ទាល់​ក៏ដោយ ប៉ុន្ដែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុងតែ​ចេញ​មុខ​ដោយ​ប្រយោល ហើយ​អាច​និយាយបាន​ថា កពុង​តែ​គំរាម​ដោយ​ប្រយោល​ទៅលើ​ក្រុង​ហុងកុង​។


​ការតវ៉ា​កាលពីមុន គ្រាន់តែ​អាមេរិក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ហុង​កុង​រក​វិធីសាស្ដ្រ​ដោះស្រាយ​កុំឱ្យ​កើត​មាន​ហិង្សា ព្រោះ​វា​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស ចិន​បាន​ឆ្លើយតប​ជំនួស​ហុងកុង​ថា អាមេរិក​មិន​គួរ​លូក​ដៃ​ក្នុង​រឿង​នេះ​ទេ វា​ជា​រឿង​ផ្ទៃក្នុង​ហុងកុង​។ នេះ​សបញ្ជាក់​រឹតតែ​ច្បាស់​ថា ចិន​ពិតជា​មិន​ចង់ឱ្យ​អន្ដរជាតិ​ប្រឡាក់ប្រឡូស​ជាមួយ​ហុងកុង​ទេ​។ បើសិន​ជា​អន្ដរជាតិ​លូកដៃ ច្បាស់​ណាស់​ថា អន្ដរជាតិ​នឹង​ដាក់​សម្ពាធ​លើ​ចិន​ឱ្យ​ចាន់​វិធានការ​ជាបន្ទាន់​។ ម្យ៉ាវិញទៀតវា​ក៏​នឹង​ធ្វើ​ឱ្យ​ចិន​ខាតបង់ ដោយ​គោលដៅ​គឺ​ចង់​គ្រប់គ្រង​លើ​ហុងកុង​បន្ដទៀត​។


​ជារួម​ទៅ វា​ពិតជា​មិន​ងាយស្រួល​ឡើយ​សម្រាប់​ក្រុម​តវ៉ា​ជា​ប្រជាជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​ដែល​ចង់​ងាក​ចេញពី​ចិន ហើយ​វា​ក៏​ជា​រនាំង​ដ៏​ក្រាស់​សម្រាប់​ប្រជាជន​ប្រជាធិបតេយ្យ​ហុងកុង ដែល​ចង់​ផ្លាស់ប្ដូរ​គោលនយោបាយ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ ព្រោះ​ចិន​បានដាក់រ​បាំង​យ៉ាង​រឹង ហើយ​កំពុង​អូសទាញ​រដ្ឋាភិបាល​និង​ប្រជាជន​ហុងកុង​ឱ្យ​ដើរ​លើ​ផ្លូវ​ជាមួយ​ខ្លួន​គឺ​ផ្លូវ​កុ​ម្មុយ​និ​ស្ដ​តែមួយ​គ្មាន​ទេ​លទ្ធិប្រជាធិបតេយ្យ​៕ (​ដោយ​៖​ពេញ ផេង​)

 

 


ព័ត៌មានផ្សេងទៀត