ជាការលើកឡើងពីសំណាក់លោកកឹម សុខា អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនមែនជាច្បាប់ ដែលត្រូវតែបន្ទាន់អនុម័តនោះទេ។ ប្រសិនបើអាចពន្យារបាន គួរតែពន្យារសិន។ កម្ពុជា នៅមានច្បាប់ជាច្រើនទៀត ដែលចាំបាច់ត្រូវធ្វើវិសោធនកម្មឡើងវិញ ពិសេសដូចជាច្បាប់ស្តីពី ប្រព័ន្ធតុលាការជាដើម។ ការលើកឡើងរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ ធ្វើឡើងក្រោយពីបញ្ចប់កិច្ចជំនួបពិភាក្សាជាមួយតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រមាណជា១០ស្ថាប័ន នៅថ្ងៃទី១៦ មិថុនា នៅវិមានរដ្ឋសភាជាតិ។
សម្លេងលោកកឹម សុខា
លោកកឹម សុខាបានបន្តលើកឡើងថា ក្នុងកិច្ចជំនួបជាមួយអង្គការសង្គមស៊ីវិលនេះ លោកមិនបានពិភាក្សាស៊ីជម្រៅ លើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះទេ ដោយសារតែរូបលោកមិនទាន់ទទួលបានសេចក្តីព្រាងច្បាប់មួយនេះ ជាផ្លូវការនៅឡើយ។ ប៉ុន្តែអ្វីជាការស្នើពីសមាគម និងអង្គការសង្គមស៊ីវិលទាំងនោះ គឺចង់ឲ្យសភា ពិនិត្យ និងពិភាក្សាឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តអនុម័ត។ លោកកឹម សុខា បន្ថែមថា ជាជំហររបស់គណបក្សសង្គ្រោះជាតិ ដែលមានអាសនៈក្នុងរដ្ឋសភាផងដែរនោះ នឹងស្នើឲ្យរដ្ឋាភិបាលបើកការពិគ្រោះយោបល់ជាសាធារណៈ ប្រសិនបើពង្រាងសេចក្តីមួយនេះ ពិតជាចាំបាច់ត្រូវតែអនុម័ត។ បើសិនជាមិនមានពេលគ្រប់គ្រាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងពិនិត្យស្វែងយល់បន្ថែម។
សម្លេងលោកកឹមសុខា
កន្លងមក នៅពេលដែលពង្រាងច្បាប់មួយនេះ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តជាផ្លូវការ លោកសួន ប៊ុនសក្តិ អគ្គលេខាធិការ នៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃសមាគមការពារសិទ្ធិមនុស្សកម្ពុជា ធ្លាប់បានបញ្ជាក់ថា វាហាក់បីដូចជាយឺតពេលទៅហើយ ដែលច្បាប់ស្តីពីសមាគមមួយនេះ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចអនុម័តជាផ្លូវការ។ បើទោះបីជាទាមទារឲ្យមានការពិគ្រោះយោបល់ ក៏មិនមានពេលវេលាគ្រប់គ្រាន់ដែរ។ ទាំងនេះគឺជាឆន្ទៈនយោបាយ របស់រដ្ឋាភិបាល ដែលមិនចង់ឲ្យមានការចូលរួមពិភាក្សា ពិគ្រោះយោបល់។
សម្លេងលោកសួន ប៊ុនសក្តិ
បើទោះបីជាច្បាប់អង្គការ ត្រូវបានអនុម័តពីគណៈរដ្ឋមន្ត្រី និងបញ្ជូនទៅកាន់រដ្ឋសភា ក៏ដោយ ក៏សេចក្តីព្រាងច្បាប់មួយនេះ មិនទាន់យឺតពេលសម្រាប់ពិគ្រោះយោបល់ ពីខ្លឹមសារដែរ។ មិនយឺតពេល ដោយសារតែសភា គឺជាកន្លែងដែលត្រូវពិគ្រោះយោបល់ និងពិនិត្យពីខ្លឹមសារ ឲ្យបានគ្រប់ជ្រុងជ្រោយ។ នេះជាទស្សនៈយល់ឃើញរបស់លោកអ៊ូ វីរៈ ប្រធានក្រុមអ្នកសិក្សាស្រាវជ្រាវគោលនយោបាយដើម្បីដោះស្រាយបញ្ហាជាតិ។
សម្លេងលោកអ៊ូ វីរៈ
លោកអ៊ូ វីរៈ បានបន្តលើកឡើងថា មែនទែនទៅ ការអនុម័តច្បាប់ មិនចាំបាច់ថា ទាល់តែច្បាប់នេះ សំខាន់ ឬមិនសំខាន់នោះទេ ប៉ុន្តែឲ្យតែខ្លឹមសារនៃសេចក្តីព្រាងច្បាប់នោះ មានលក្ខណៈសមស្រប និងមានតម្លាភាព។
សម្លេងលោកអ៊ូ វីរៈ
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានតំណាងក្រុមអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិជាច្រើន មើលឃើញថា នៅមានភាពខ្វះចន្លោះ និងតម្លាភាព។ ភាពមិនប្រក្រតីក្នុងពង្រាងច្បាប់មួយនេះ ដូចជាការឲ្យនិយមន័យមិនទាន់ច្បាស់លាស់ស្តីពីការចុះបញ្ជីរបស់ អង្គការ-សមាគម, ការកំណត់នូវ២៥%នៃប្រាក់រដ្ឋបាល ដែលរួមបញ្ចូលទាំងប្រាក់ខែបុគ្គលិក និងការកំណត់សិទ្ធិ នៃការចូលរួមរបស់អង្គការ នៅតាមមូលដ្ឋានជាដើម។
យ៉ាងណាក៏ដោយ បើតាមការបង្ហាញពីរដ្ឋាភិបាលបានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ មានគោលបំណងធានាការពារសិទ្ធសេរីភាព ក្នុងការបង្កើតសមាគម និង អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរវាង សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ និងមានគោលដៅកំណត់បែបបទទទួល ស្គាល់តាមផ្លូវច្បាប់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ក្នុងទស្សនៈនេះ រាជរដ្ឋាភិបាលបានទទួលស្គាល់ពីសារៈសំខាន់ នៃការចូលរួមរបស់អង្គការសង្គម ស៊ីវិល ដោយចាត់ទុកជាដៃគូមួយដ៏មានសក្ដានុពល និងប្រសិទ្ធភាពក្នុងកិច្ចដំណើរការស្ដារ និងអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងលើកស្ទួយគាំពារគោលការណ៍ប្រជាធិបតេយ្យនូវការគោរពសិទ្ធមនុស្ស។
គួររម្លឹកជាថ្មីថា សេចក្ដីព្រាងច្បាប់ដើមស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺមាន០៩ជំពូក និង៤១មាត្រា ក៏ប៉ុន្តែ០២មាត្រា ត្រូវបានលុបចោល ដូចនេះសេចក្ដីព្រាងច្បាប់នេះ នៅសល់តែ០៩ជំពូក និង៣៩មាត្រតែប៉ុណ្ណោះ ហើយត្រូវបញ្ជូនទៅរដ្ឋសភាដើម្បីពិនិត្យ និងអនុម័តរួចរាល់ហើយ នៅថ្ងៃទី១៥មិថុនា៕ដោយៈសៅ វិសាល