ច្បាប់​ស្ដី​ពី​​”​សមាគម​​និង​​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​​ជិត​​អនុម័ត​​ជា​​ផ្លូវកា​រ​ហើយ​

16-06-2015 5:17 pm 1993

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​” ទៅ​កាន់​រដ្ឋសភា​ជាតិ​ហើយ កាលពី​ថ្ងៃ​ទី​១៥ មិថុនា​។ មាន​រយៈពេល​១០​ថ្ងៃ​ហើយ ដែល​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ដ្រី បានអនុម័ត លើ​សេចក្ដីព្រាងច្បាប់​នេះ​។ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​លោក​ផៃ ស៊ីផា​ន បានឲ្យដឹង តាមរយៈ​ហ្វេ​សប៊ុក​លោក ថា បន្ទាប់ពី​បាន​ផ្ទៀងផ្ទាត់​សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គ​ការ​មិនមែន​រដ្ឋាភិបាល​”​រួចរាល់ រាជរដ្ឋាភិបាល​បាន​បញ្ជូន​សេចក្ដីព្រាងច្បាប់​ផ្លូវការ​នេះ ទៅ​កាន់​រដ្ឋសភា​រួច​ហើយ ដើម្បី​ឲ្យ​រដ្ឋសភា​ពិភាក្សា និង​អនុម័ត​បន្ដ​។​តាម​នីតិវិធី​ក្រោយ​ពី រដ្ឋសភា ពិនិត្យ និង​អនុ​ម័ត​សេចក្តីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នឹង​ចេញ​ដាក់ឲ្យ​ប្រើប្រាស់ និង​អនុវត្ត​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​សួស្តី សូរិយា
​ចា​ស សួស្តី​វិសាល

 

​វិសាល​៖​សូរិយា បើ​តាម​ការសង្កេត និង​កត់សំគាល់ឃើញ​ថា សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​គឺជា​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​បំផុត​។  ចម្រូងចម្រាស ​ដោយ​សារ​​តែ មាន​ការ​មិន​ពេញចិត្ត ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​លើ សេចក្ដីព្រាងច្បាប់​មួយ​នេះ​។​ជា​សំណួរ​ដំបូង​របស់​ខ្ញុំ តើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដំណើរការ​ដល់​ណា​ហើយ រហូតមកដល់​ពេលនេះ​?

 

​សូរិយា​៖​ជា​ការពិត​វិសាល សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​គឺ​ពិតជា​សេចក្តីព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​ខ្លាំង​បំផុត​។​រហូតមកដល់​ពេលនេះ នៅ​មិនទាន់​បាន​សម្របសម្រួល បាន​១០០​ភាគរយ​នៅឡើយ​ទេ​។​ឆ្លើយ​សំណួរ​របស់​វិសាល ថា​តើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដំណើរការ​ដល់​ណា​ហើយ រហូតមកដល់​ពេលនេះ​? នាង​ខ្ញុំ​អាច​ឆ្លើយបាន​យោងតាម លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី បានឲ្យដឹង តាមរយៈ​ហ្វេ​សប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៥​មិថុនា​។ លោក​ផៃ ស៊ីផា​ន​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​” ទៅ​កាន់​រដ្ឋសភា​ជាតិ​ហើយ កាលពី​ថ្ងៃ​ទី​១៥ មិថុនា​។ មាន​រយៈពេល​១០​ថ្ងៃ​ហើយ ដែល​ទីស្ដីការគណៈរដ្ឋមន្ដ្រី បានអនុម័ត លើ​សេចក្ដីព្រាងច្បាប់​នេះ​។ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​លោក​ផៃ ស៊ីផា​ន បានឲ្យដឹង តាមរយៈ​ហ្វេ​សប៊ុក​លោក ថា បន្ទាប់ពី​បាន​ផ្ទៀងផ្ទាត់​សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​”​រួចរាល់ រាជរដ្ឋាភិបាល​បាន​បញ្ជូន​សេចក្ដីព្រាងច្បាប់​ផ្លូវការ​នេះ ទៅ​កាន់​រដ្ឋសភា​រួច​ហើយ ដើម្បី​ឲ្យ​រដ្ឋសភា​ពិភាក្សា និង​អនុម័ត​បន្ដ​។​តាម​នីតិវិធី​ក្រោយ​ពី រដ្ឋសភា ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នឹង​ចេញ​ដាក់ឲ្យ​ប្រើប្រាស់ និង​អនុវត្ត​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

 

​វិសាល​៖​ចឹង​មានន័យ​ថា សេចក្ដីព្រាងច្បាប់​ស្តីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ទៅ​ដល់​ដៃ​រដ្ឋសភា​ហើយ ?​បើ​សេចក្ដីព្រាងច្បាប់​ស្តីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ បាន​ទៅ​ដល់​ដៃ​រដ្ឋសភា មានន័យ​ថា នឹង​មាន​ការត្រួតពិនិត្យ និង​អនុម័ត ក្នុង​ពេល​ឆាប់ៗ​នេះ មែន​ដែររឺទេ សូរិយា​?

 

​សូរិយា​៖ ចំពោះ​បញ្ហា​នេះ ខ្ញុំ​បាន​ព្យាយាម ទាក់ទង​ទៅ លោក​ឈាង វ៉ុន អ្នក​នាំ​រដ្ឋសភា រួចហើយ ប៉ុន្តែ មិន​ការឆ្លើយតប​វិញ​នៅ​ឡើយ​ទេ បើ​គិត​មកដល់ពេលនេះ​។ ប៉ុន្តែ​បើ​តាម​នីតិវិធី រាល់​សេចក្តីព្រាងច្បាប់​ទាំងឡាយណា ដែល​បាន​មកដល់​ដៃ​រដ្ឋសភា ត្រួតពិនិត្យ និង​អនុម័ត មិនយូរ​មិនឆាប់​សេចក្តីប្រាងច្បាប់​នេះ នឹង​ត្រូវ​អនុម័ត​យក​មក​អនុវត្ត ជាក់​ជាមិនខាន គ្រាន់តែ​យូរ នឹង​ឆាប់​តែប៉ុណ្ណោះ អាស្រ័យ​លើ​ការ​ប្រែ​តិច​រឺ​ច្រើន​។ ជាទូទៅ រាល់​សេចក្ដីព្រាងច្បាប់​ភាគច្រើន ដូចជា​គ្មាន​ការកែ​តំរូវ​ច្រើន​នោះ​ទេ ដោយសារតែ សេចក្តីព្រាងច្បាប់​នីមួយៗ បាន​ឆ្លង​ហង​កាត់​ការត្រួតពិនិត្យ​ជា​ច្រើន​ដំណាក់កាល​រួចមកហើយ​។​យ៉ាងណាក៏ដោយ វិសាល នាង​ខ្ញុំ​សូម​បញ្ជាក់​ជូន​ប្រិយមិត្ត​អ្នក​ស្តាប់​បន្តិច​ថា សេចក្ដីព្រាងច្បាប់​ស្តីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​” ត្រូវបាន​ទីស្ដីការគណៈរដ្ឋមន្ដ្រី អនុម័ត​កាលពី​ថ្ងៃ​ទី​៥ មិថុនា ក្នុង​កិច្ចប្រជុំ​ពេញអង្គ​ក្រោម​អធិបតីភាព លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​។  សេចក្ដីព្រាង​ច្បាប់​ដើម​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​” គឺមាន​៩​ជំពូក និង​៤១​មាត្រា ក៏ប៉ុន្តែ​២​មាត្រា ត្រូវ​បាន​លុបចោល តាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​។ ក្រោយ​ពី​ព្រាង​ច្បាប់​នេះ​អនុម័ត​ភ្លាមៗ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​មូលមាត់គ្នា ដាក់​លិខិត​ទៅ​កាន់​រដ្ឋសភា ស្នើសុំ​ពិនិត្យមើល​សេចក្ដីព្រាងច្បាប់​។

លោក​តឹក វណ្ណា​រ៉ា នាយក​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ធ្លាប់បាន​លើកឡើង ថា​រដ្ឋសភា​នឹង​ពិចារណា លើ​សំណើរ​របស់​សង្គម​ស៊ីវិល ចំពោះ​ការសុំ​ពិនិត្យមើល​សេចក្ដីព្រាងច្បាប់​នេះ ហើយ​នឹង​អនុ​ញ្ញាត្ដ​ឲ្យ​សង្គម​ស៊ីវិល ចូលរួម​ពិគ្រោះ​យោបល់ នឹង​មុន​អនុម័ត​ទៅលើ​ច្បាប់​នេះ​ផង​ដែរ​។ កន្លងទៅ​អ្នកនាំពាក្យ​រដ្ឋសភា ធ្លាប់​បានបញ្ជាក់ ថា ប្រសិនបើ​សេចក្ដីព្រាងច្បាប់​អង្គការ មក​ដល់​រដ្ឋសភា​នោះ នឹង​អនុ​ញ្ញាត្ដ​ឲ្យ​សង្គម​ស៊ីវិល ចូលរួម​ពិភាក្សា និង​ផ្ដល់​យោបល់​លើ​សេចក្ដីព្រាងច្បាប់​នេះ​។​

 

​វិសាល​៖​កាល​ពី​បញ្ជាក់​ខាងដើម  គឺ​ថា​សេចក្ដីព្រាងច្បាប់​ស្តីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺជា​សេចក្តីព្រាងច្បាប់​មួយ​ដែល​មាន​ភាពចម្រូងចម្រាស​ខ្លាំងជាងគេ​។​បើ​តាម​ខ្ញុំ​ចាំ​មិន​ខុសគ្នា ការ​មិន​ពេញចិត្ត​លើ​សេចក្ដីព្រាងច្បាប់​មួយ​នេះ​មាន​ទាំង​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល​។​អ្វី​ជា​ប្រតិកម្ម​របស់​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ លើ​សេចក្ដីព្រាង​ច្បាប់​ពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​?

សូរិយា​៖​មិន​ខុស​នោះទេ ចំពោះ​ការលើកឡើង​របស់​វិសាល សេចក្ដីព្រាងច្បាប់​ស្តីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​គឺ​មាន​ការ​មិន​ពេញចិត្ត​ទាំង​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​។​នាង​ខ្ញុំ​សូម​លើក​ឡើង​ជា​ដំបូង​ចំពោះ​ប្រតិកម្ម​របស់​សង្គម​ស៊ីវិល​ជា​មុន​សិន​។​ពាក់ព័ន្ធ​នឹង​ការអនុម័ត លើ​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល មួយចំនួន​បាន សម្តែង​អារម្មណ៍​សោកស្តាយ ដោយសារតែ​រដ្ឋាភិបាល មិន​បាន​ផ្តល់​ឱកាស​ឲ្យមាន​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​។ លោក​តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា បានបញ្ជាក់​ថា ការសម្រេច​របស់​រដ្ឋាភិបាល ក្នុង​ការអនុម័ត​ច្បាប់​ស្តី​ពី​សមាគម​នេះ គឺ​មិន​បាន​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ ជាមួយនឹង​អង្គការ​សមាគម ដែល​ជា​ដៃគូ​អភិវឌ្ឍ​ប្រទេស​។  លោក​តឹក វណ្ណា​រ៉ា បាន​បន្តថា ទោះជា​យ៉ាងណា​ក៏ដោយ ច្បាប់​ស្តី​ពី​សមាគម​នេះ មិនទាន់​ត្រូវបាន​បញ្ជូន​ទៅ​កាន់​រដ្ឋ​សភា​នោះ​ទេ ដូច្នេះ​លោក​សង្ឃឹមថា រដ្ឋាភិបាល​អាច​នឹង​ពិចារណា​ម្តងទៀត ហើយ​ប្តូរ​ចិត្ត ផ្តល់ឱកាស​ឲ្យ​សង្គម​ស៊ីវិល ពិភាក្សា និង​ពិគ្រោះ​យោបល់​។ ម្យ៉ាងវិញទៀត​លោក​ក៏​សង្ឃឹម​ថា រដ្ឋសភា​ក៏​នឹង​ពិចារណា​ផងដែរ​លើ​ច្បាប់​មួយ​នេះ មុន​នឹង​សម្រេច​អនុម័ត​។​

 

​ដោយឡែក លោក​សួន ប៊ុន​សក្តិ អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រាប់​ដល់​វិទ្យុ​វាយោ​ថា វា​ហាក់បីដូចជា​យឺត​ពេល​ទៅហើយ ដែល​ច្បាប់​ស្តី​ពី​សមាគម​មួយ​នេះ ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​អនុម័ត​ជា​ផ្លូវការ​។ បើទោះបីជា​ទាមទារ​ឲ្យមាន​ការពិគ្រោះ​យោបល់ ក៏​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ដែរ​។ ទាំងនេះ​គឺជា​ឆន្ទៈ​នយោបាយ របស់​រដ្ឋាភិបាល ដែល​មិន​ចង់ឲ្យ​មាន​ការចូលរួ​ម​ពិភាក្សា ពិគ្រោះ​យោបល់​។​

 

​និយាយ​ពី​គណបក្ស​នយោបាយ​វិញ គឺ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា បាន​ប្រតិកម្ម​លើ​រឿងនេះ ដោយ​បាន​ប្រតិកម្ម​ជា​លាយល័ក្ខអក្សរ​។​នេះ​ជា​លើកទីមួយ​ហើយ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​បញ្ជាក់​ជំហរ លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​”​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ មិថុនា គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល ធានា​ឲ្យមាន​ការបើកចំ​ហ និង​តម្លាភាព​ក្នុង​ដំណើរការ​ព្រាង​ច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​” ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ឲ្យមាន​ការចូលរួម​ផ្ដល់​យោបល់​ពី​ប្រជាពលរដ្ឋ​ខ្មែរ ភាគី​ពាក់ព័ន្ធ​ជាពិសេស​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ក្នុងស្រុក និង​បរទេស ដែល​ជា​ក្រុម​ផលប្រយោជន៍​ផ្ទាល់ តាមរយៈ​ការរៀបចំ​វេទិកា​ពិគ្រោះ​យោបល់​សាធារណៈ នៅ​មុន​ពេល​សេចក្ដីព្រាងច្បាប់​នេះ​បញ្ជូន​មក​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​។ គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង ថា ការពារ​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន ជាពិសេស​សេរីភាព ក្នុង​ការបង្កើត​សហជីព សមាគម ឬ​អង្គការ​សង្គម ជា​គោលបំណង​ម​និង​សេរីភាព​ជា​មូលដ្ឋាន ជាពិសេស​សេរីភាព ក្នុង​ការបង្កើត​សហជីព សមាគម ឬ​អង្គការ​សង្គម ជា​គោលបំណង​មួយ​ដ៏​សំខាន់ នៃ​ច្បាប់​នេះ​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ ថា សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​”​នេះ គប្បី​ការពារ​នូវ​ឆន្ទះ​របស់​សហគមន៍​មូលដ្ឋាន សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្ដរជាតិ ដែល​កំពុង​ប្រតិ​បត្ដិការប​ម្រើ​ផលប្រយោ​ជន៍​សង្គម​ខ្មែរ​ទាំងមូល និង​ការចូលរួម​វិភាគទាន​របស់​ពួកគេ ក្នុង​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការការពារ​សិទ្ធិមនុស្ស សេរីភាព​ជា​មូលដ្ឋាន និង​ការអភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច និង​វប្បធម៌​។​នៅក្នុង​សេចក្ដីថ្លែងការណ៍​នោះ គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់ ថា គណបក្ស​របស់​ខ្លួន បន្ដ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ គាំទ្រ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​វិភាគទាន​ដ៏​មាន​តំលៃ​របស់​សង្គម​ស៊ីវិល​ជាតិ និង​អន្ដរជាតិ ក្នុង​ការជួយ​រាជរដ្ឋាភិបាល និង​សង្គមជាតិ​ទាំងមូល ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​កំពុង​ជួបប្រទះ នៅក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍន៍​ប្រទេស​។​

 

​ពាក់ព័ន្ធ​នឹង​សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​”​នេះ លោក​កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា ក៏​បាន​ជួប​សវនាការ​ជាមួយ​ឧបការី​រង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ទទួលបន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោកមុត ចន្ថា នាយក​ខុទ្ទកាល័យ​លោក​កឹម សុខ​។ លោក​មុត ចន្ថា បានឲ្យដឹង ថា នៅក្នុង​ជំនួប​នៅ​ឯ​ស្ថានទូត​អាមេរិក​នោះ ភាគី​ទាំងពីរ​បាន​ពិភាក្សាគ្នា​អំពី ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​ផ្ដោតលើ សេចក្ដីព្រាងច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ច្បាប់​ស្ដីពី​ឧក្រឹដ្ឋ​កម្ម​ព័ត៌មាន និង​ច្បាប់​ស្ដី​ពី​សហជីព ជាដើម​។

 

​វិសាល​៖ សូរិយា ឃើញថា​មាន​ការ​ប្រតិកម្ម​ពី​សំណាក់​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ ចំពោះ​សេចក្ដីព្រាងច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ចំពោះ​សេចក្ដីព្រាងច្បាប់​នេះ  កន្លងមក​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​មុខ​បញ្ជាក់ និង​លើក​ឡើង​អ្វីខ្លះ ជុំវិញ​សេចក្ដីព្រាងច្បាប់​ដ៏​ម្រូង​ចម្រា​ស​មួយ​នេះ​?

 

​សូរិយា​៖​បើ​តាម​ការបញ្ជាក់​នៅលើ​ទំព័​ហ្វេ​សប៊ុក​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត ទៅ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី “​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​” ដោយ​ក្នុង​នោះ​មានការ កែសម្រួល​ពាក្យពេជន៍​មួយចំនួន និង​លុប​ចោល​ចំនួន​០២​មាត្រា ជាការ​សំណូមពរ របស់​លោក​នាយករដ្ឋមន្ត្រី​។ លោកនាយក​រដ្ឋមន្ត្រី បាន​ចំណាយពេល​ច្រើន ក្នុង​ការបង្កើត​ភាពងាយស្រួល ដល់​អង្គការ ទាំង​ក្នុង​ការចុះបញ្ជី និង​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​។ លោក​ផៃ ស៊ីផា​ន ក៏​បាន​បញ្ជាក់បន្ថែម​ប្រាប់​ដល់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​០៥ មិថុនា​ថា សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ មិនមែន​រដ្ឋាភិបាល មិន​ចង់​ឲ្យ​ពិគ្រោះ​យោបល់​នោះទេ ប៉ុន្តែ​សេចក្តីព្រាងច្បាប់​មួយ​នេះ ត្រូវ​បាន​ចូលរួម​ពិគ្រោះ​យោបល់​ពី​អង្គការ​សមាគម​ធំៗ​ជាច្រើន​រួច​មក​ហើយ នៅ​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៣​។

 

​កាលពី​ថ្ងៃ​ទី​២៩ ឧសភា កន្លងទៅនេះ តំណាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ​ជាច្រើន បានរួម​គ្នា​ពិភាក្សា និង​ពិគ្រោះ​យោបល់ ស្តី​ពី​ផលប៉ះពាល់ នៃ​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ លោក​សឿង សារឿ​ន នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​(CCC) បាន​លើក​បង្ហាញ​ពី​ភាពមិនប្រក្រតី​ចំនួន​៣ នៅក្នុង​សេចក្តីព្រាងច្បាប់​នេះ​។ ទី​១​គឺ​ការឲ្យ​និយមន័យ​មិនទាន់​ច្បាស់លាស់​ស្តី​ពី​ការចុះបញ្ជី​របស់​អង្គការ​-​សមាគម ទី​២ ការកំណត់​នូវ​២៥%​នៃ​ប្រាក់​រដ្ឋបាល ដែល​រួម​បញ្ចូល​ទាំង​ប្រាក់ខែ​បុគ្គលិក និង​ទី​៣ ការ​កំណត់​សិទ្ធិ នៃ​ការចូលរួម​របស់​អង្គការ នៅតាម​មូលដ្ឋាន​។​

 

​យ៉ាងណាក៏ដោយ បើ​តាម​ការបង្ហាញ​ពី​រដ្ឋាភិបាល​បានបញ្ជាក់​ថា សេចក្ដីព្រាងច្បាប់​នេះ មាន​គោលបំណង​ធានា​ការពារ​សិទ្ធ​សេរីភាព ក្នុង​ការបង្កើត​សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន និង​ការពារ​ផលប្រយោជន៍​សាធារណៈ ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ក្នុង​ភាព​ជា​ដៃគូ​រវាង សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល ជាមួយ​អាជ្ញាធរ​សាធារណៈ និង​មាន​គោលដៅ​កំណត់​បែប​បទ​ទទួល ស្គាល់​តាម​ផ្លូវច្បាប់​ដល់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ក្នុង​ទស្សនៈ​នេះ រាជរដ្ឋាភិបាល​បាន​ទទួ​ល​ស្គាល់​ពី​សារៈសំខាន់ នៃ​ការចូលរួម​របស់​អង្គការ​សង្គម ស៊ីវិល ដោយ​ចាត់ទុកជា​ដៃគូ​មួយ​ដ៏​មាន​សក្ដានុពល និង​ប្រសិទ្ធភាព​ក្នុង​កិច្ចដំណើរការ​ស្ដារ និង​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និង​លើកស្ទួយ​គាំពារ​គោលការណ៍​ប្រជាធិបតេយ្យ​នូវ​ការគោរព​សិទ្ធមនុស្ស​។

គួរ​រម្លឹក​ជាថ្មី​ផងដែរ​ថា សេចក្ដីព្រាង​ច្បាប់​ដើម​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺមាន​០៩​ជំពូក និង​៤១​មាត្រា ក៏ប៉ុន្តែ​០២​មាត្រា ត្រូវ​បាន​លុបចោល ដូចនេះ​សេចក្ដីព្រាងច្បាប់​នេះ នៅសល់តែ​០៩​ជំពូក និង​៣៩​មាត្រ​តែប៉ុណ្ណោះ ៕

 

​វិសាល​៖ អរគុណ​សូរិយា
​សូរិយា​៖ ចា​ស អរគុណ​វិសាល

ព័ត៌មានផ្សេងទៀត