ក្រសួង​រ៉ែ​​នឹង​បំពាក់​ប្រព័ន្ធ​​GPS​​លើ​សា​ឡង់​​ដែល​​​ទទួលបាន​​​សិទ្ធិ​​បូម​​ខ្សាច់​​

12-06-2015 9:53 pm 1314

​កន្លងមក​មាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ជា​ច្រើន​មាន​ក្តីបារម្ភ​ថា នៅ​ពេល​ក្រុមហ៊ុន​បូម​ខ្សាច់​ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម ហើយ​បាន​បូម​ខ្សាច់​ហួស​បរិមាណ​កំណត់ ដែល​រឹតតែ​ធ្វើឲ្យ​ពួកគាត់​រង​ផលប៉ះពាល់​។ ទាក់ទង​នឹង​ការ​កំណត់​បរិមាណ​បូម​ខ្សាច់​នេះ លោ​កឌិត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​ថា ក្រសួង បាន​រៀបចំ​យន្តការ​ថ្មី ដោយ​បំពាក់​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព​GPS លើ​សា​ឡង់​បូម​ខ្សាច់​របស់ ក្រុមហ៊ុន ដែល​ទទួល​អាជ្ញា​បណ្ណ បូម ខ្សាច់​ទាំងអស់ ដើម្បី​ឃ្លាំ​មើល​ពី​ទីតាំង និង​បរិមាណ​នៃ​ការ​បូម​ខ្សាច់​។ វិធាន ការ​នេះ ដើម្បី​ធានា​ថា ក្រុមហ៊ុន​ទាំងនោះ មិន​រំលោភ​លើ​ការកំណត់​របស់​ក្រសួង ដែល​នាំ​ឲ្យ​រឹតតែ​បង្ក​ផលប៉ះពាល់ ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ និង​កត្តា​ផ្សេងៗ​ទៀត​។​

 

​លោ​កឌិត ទីណា បញ្ជាក់​ពី​វិធានការ​ថ្មី​នេះ នៅក្នុង​សន្និសីទ​បង្ហាញ​ពី​លទ្ធផល​បឋម នៃ​ការដេញថ្លៃ​អាជីវកម្ម​ខ្សាច់​នៅ​តំបន់​ប្រឡាយ​ស្តៅ​-​តា​ឯក ទាំង​៤​ឡូតិ៍ នា​ថ្ងៃ​ទី​១២ មិថុនា​នេះ​។​

សម្លេង​លោ​កឌិត ទីណា

 

​បច្ចុប្បន្ននេះ ក្រុមហ៊ុន​ដែល​ជាប់​ការដេញថ្លៃ កំពុង​ស្ថិត​ក្នុង​ការវាយតម្លៃ​បន្ថែម​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មុន​នឹង​សម្រេច​ផ្តល់​អាជ្ញា​បណ្ណ​ជា​ផ្លូវការ​។ ក្រោយពេល ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ហើយ គឺ​ក្រសួង​តម្រូវឲ្យ​ក្រុមហ៊ុន​ទាំងនោះ លក់​ខ្សាច់​ចេញ​ក្នុង​តម្លៃ​៣.៣$​ក្នុង​១​ម៉ែត្រគូប​។ ក្នុងករណី​ដែល​ក្រុមហ៊ុន​មិន​គោរព​ទៅតាម​ការកំណត់​របស់​ក្រសួង នោះ​ក្រសួង​នឹងមាន​វិធានការ​ដូច​ជា​ការ​ផ្អាក​មិនឲ្យ​ធ្វើ​អាជីវកម្ម​។ យ៉ាងណាក៏ដោយ លោ​កឌិត ទីណា បានបញ្ជាក់​ថា ករណី​ដែល​ក្រុមហ៊ុន​មិន​អាច​លក់​ចេញ​ក្នុង​តម្លៃ ៣.៣$​ក្នុង​១​ម៉ែត្រគូប គឺ​អាច​មាន​ហេតុផល​ជាច្រើន​ទៅ​ថ្ងៃមុខ​។ លោ​កឌិត ទីណា បញ្ជាក់​៖

សម្លេង​លោ​កឌិត ទីណា​

 

​ដោយឡែក និយាយ​ពី​លទ្ធផល​នៃ​ការដេញថ្លៃ​អាជីវកម្ម​ខ្សាច់​វិញ គឺ នៅ​ថ្ងៃ​ទី​១២​មិថុនា​នេះ ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រកាស​ពី​លទ្ធផល​បឋម​នៃ​ការដេញថ្លៃ​ធ្វើ​អាជីវកម្ម​ខ្សាច់ នៅ​តំបន់​ប្រឡាយ​ស្តៅ​-​តា​ឯក ចំនួន​៤​ឡូតិ៍ បន្ទាប់​ពី​ក្រសួង​បាន​ត្រួតពិនិត្យ និង​វាយតម្លៃ​រួចរាល់ ក្នុង​ជំហាន​ទី​២​។ ការពិនិត្យ និង​វាយតម្លៃ​នេះ ក្រសួង​រ៉ែ និង​ថាមពល បាន​វាយតម្លៃ​លើ​សមត្ថភាព​បច្ចេកទេស ហិរញ្ញវត្ថុ និង​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​។

 

​ក្រុមហ៊ុន​ដែល​ជាប់​ចំណាត់​លេខ​១ ក្នុង​តំបន់​ឡូ​តិ៍ទី​១ នោះ​គឺ​ក្រុមហ៊ុន ជីន លី​ង ខន​ស្ត្រា​ក់សិន ដែល​បាន​ដាក់​ប្រាក់​អត្ថប្រយោជន៍​បន្ថែមចំនួន​១៩២​សេន ទទួលបាន​៩៨​ពិន្ទុ​។ ក្រុមហ៊ុន​ជាប់​ចំណាត់ថ្នាក់​លេខ​២ គឺ​សហគ្រាស អ៊ុត ធី ដែល​បាន​ដាក់​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​១៥២​សេន ដោយ​ទទួលបាន​៨៧​ពិន្ទុ​។ សម្រាប់​ឡូ​តិ៍លេខ​១​នេះ គឺ​ក្រសួង​បាន​វាយតម្លៃ​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​៤​។​

ដោយឡែក​សម្រាប់​ឡូ​តិ៍លេខ​២​វិញ គឺ​ក្រុមហ៊ុន TAN KIMENG Co..,Ltd ជាប់​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ពិន្ទុ​៩៤ និង​បាន​ដាក់​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​១៧៥​សេន​។ ក្រុមហ៊ុន​ជាប់​លេខ​២ គឺ​ក្រុមហ៊ុន ខ្មែរ​អនុស្សា ខ​ប​ភើ​រេ​សិន ដែល​បាន​ដាក់​ប្រាក់​អត្ថប្រយោជន៍​បន្ថែមចំនួន​១៧០​សេន ដោយ​ទទួលបាន​៨១​ពិន្ទុ​។ ឡូ​តិ៍លេខ​២​នេះ ក្រសួង​ក៏​បាន​វាយ​តម្លៃ​ក្នុង​ចំណោម​៤​ក្រុមហ៊ុន​ផងដែរ​។​

 

​រីឯ​ឡូ​តិ៍លេខ​៣​វិញ ក្រុមហ៊ុន​ដែល​ជាប់​លេខ​១ ឈ្មោះ ខ្មែរ​អនុស្សា ខ​ប​ភើ​រេ​សិន ដែល​បាន​ដាក់​ប្រាក់​អត្ថប្រយោជន៍​បន្ថែមចំនួន​១៦០​សេន ទទួលបាន​ពិន្ទុ​៩១ និង​លេខ​២ បាន​ទៅ​លើ​ក្រុមហ៊ុន TAN KIMENG Co..,Ltd  ដែល​បាន​ដាក់​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​១៤៥​សេន ទទួល​៨៤​ពិន្ទុ​។ ឡូ​តិ៍លេខ​៣​នេះ ត្រូវបាន​វាយតម្លៃ​ក្នុងចំណោម​៣​ក្រុមហ៊ុន​។​

 

​ចំណែកឯ​ឡូ​តិ៍លេខ​៤ គឺមាន​តែ​១​ក្រុមហ៊ុន​ប៉ុណ្ណោះ គឺ​ក្រុមហ៊ុន TAN KIMENG Co..,Ltd ដែល​បាន​ដាក់​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​១៤៥​សេន​។​ ​បន្ទាប់​ពី​ប្រកាស​នូវ​លទ្ធផល​បឋម​នេះហើយ លោ​កឌិត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍ថា ក្រសួង​នឹង​រៀបចំ​គណៈកម្មការ​ដើម្បី​ផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​ដែល​ជាប់​ចំណាត់​លេខ​១ ប៉ុន្តែ​បើ​ក្រុមហ៊ុន​មិន​មក ឬក៏​បោះបង់ចោល​សិទ្ធិ​ក្នុង​ការធ្វើ​អាជីវកម្ម​នេះ នោះ​ក្រសួង​នឹង​ផ្ទេរសិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​ជាប់​ចំណាត់ថ្នាក់​២​។​


សូមជម្រាបថា ក្រសួង​រ៉ែ និង​ថាមពល នឹង​ប្រកាស​លទ្ធផល​ជា​ផ្លូវការ ជូន​ដល់​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​ឈ្នះ​ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជាក់ថា ក្រុមហ៊ុន​ដែល​បាន​ជាប់​ក្នុង​បញ្ជី​លទ្ធផល​ខាងលើនេះ ពុំ​មាន​ជាប់​ជំពាក់​បំណុល​រាជរដ្ឋាភិបាល​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត