ពាក្យ​​សរសើរដ៏​​កម្រ​របស់​មេដឹក​នាំ​​បក្ស​ប្រឆាំង​ចំពោះ​លោក​ជា ​ស៊ីម​​

11-06-2015 6:18 pm 1689

​ធ្លាប់តែ​រិះគន់​មិន​សំចៃមាត់ និង​ធ្លាប់តែ​ឌឺដង ផ្លែផ្កា ពី​កង្វះខាត ភាព​អសមត្ថភាព ក្នុង​ការដឹកនាំ និង គ្រប់គ្រង​ប្រទេស​។ ពាក្យ​សរសើរ​ដែល​កំរ​កើតមាន បាន​លេចចេញ​ពី​មាត់​លោក​សម រង្ស៊ី ចំពោះ​លោក​ជាស៊ីម​។ ក្រោយ​មរណភាព​លោក​ជា ស៊ីម លោក​សម រង្ស៊ី​បាន​បានបង្ហាញ ពី​ការសោកស្តាយ និង​ពោល​ពាក្យ​សរសើរ​ចំពោះ​លោក​ជា ស៊ីម ថា​ជា​អ្នកតស៊ូ ស្ថាបនា​ជាតិ និង​បង្រួបបង្រួម​ជាតិ​។ បន្ថែម​ពីលើ​នេះ ឆ្លើយតប​នឹង​បណ្តាំ​លោក​ជា ស៊ីម​ឲ្យមាន​ការបង្រួបបង្រួម​ជាតិ ត្រូវ​លោក​សម រង្ស៊ី​បញ្ជាក់​ថា  ខ្មែរ​យើង​នឹង​ចាប់ដៃគ្នា​ដើម្បី​បង្រួបបង្រួម​ជាតិ ព្រោះ​ខ្មែរ​យើង​បាន​ឆ្អែត​គ្រប់គ្រាន់​ហើយ​ពី​ការបែកបាក់​គ្នា​។ ឥរិយាបថ​នេះ​ត្រូវបាន​លោក​អ៊ូ វី​រះ​ចាត់ទុក ជា​រឿង​មួយ​ល្អ ហើយ​ពាក្យ​សន្ទនា​ក៏​ជា​រឿង​មួយ​ល្អ​ផងដែរ​។ លោក​អ៊ូ វី​រះ​លើកឡើងថា សំដី​របស់​លោក​សម រង្ស៊ី សម​ហេតុ​សម​ផល​។ គួន​សំបូរ នឹង​ធ្វើ​ព័ត៌មាន​ពិស្តារ​ស្តីពី​រឿងនេះ​។​


​ក្រោយ​មរណៈភាព​របស់​លោក​ជា ស៊ីម​ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា សារ​រំលែក​ទុក្ខ​ជាច្រើន​បាន​ចេញ​ជា​បន្តបន្ទាប់ ក្នុងនោះ​ក៏​មាន​សារ​រំលែក​ទុក្ខ​របស់​លោក​សម​រង្ស៊ី​។ នៅក្នុង​សារ​រំលែក​ទុក្ខ របស់​លោក​សម រង្ស៊ី​បាន​រំលេច​នូវ​ពាក្យពេចន៍​សោកស្តាយ និង​ពាក្យ​សរសើរ​ពី​ការតស៊ូ​របស់​លោក​ជាស៊ីម ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ក្នុង​ការងារ​ស្ថាបនា​ជាតិ និង​បង្រួបបង្រួម​ជាតិ​។ សារ​របស់​លោក​សម​រង្ស៊ី​ត្រូវ​បាន​ឆ្លើយ​តប​ដោយ​លោក​ស ខេង​តំណាង​គ្រួសារ​សព​លោក​ជា ស៊ីម​។​


​នេះ​អាច​មិនមែន​ជា​រឿង​ចំលែក ក្នុងការ​ផ្ញើរ​សារ​រំលែក​ទុក្ខ ក៏ប៉ុន្តែ​ពាក្យ​សរសើ និង​ការទទួលស្គាល់ នូវ​ការតស៊ូ​លះបង់​របស់​លោក​ជា ស៊ីម ពី​លោក​សម រង្ស៊ី មិនមែន​ងាយ​នឹង​កើតឡើង​ទេ​។ មិន​ងាយ ដោយសារ​គណបក្ស​ទាំងពីរ ធ្លាប់​មាន​តែ​ពាក្យរិះគន់ មិន​សំចៃមាត់ ទៅវិញទៅមក ក្នុងការ​ឆ្លើយឆ្លង​គ្នា​។


​ជាមួយគ្នា​នេះ​គ្រា​ដែល​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​គោរព​វិញ្ញាណក្ខ័ន្ធ លោក ជា ស៊ីម លោក​សម រង្ស៊ី​នូវបាន រំលឹក ដល់​បណ្តាំ​ចុងក្រោយ​របស់​លោក​ជា ស៊ីម បាន​ផ្តាំផ្ញើ​លោក​ថា ឲ្យ​រួបរួម​គ្នា ជាមួយ​ខ្មែរ ដូចគ្នា​ទាំងអស់ ដែល​ស្រលាញ់​ជាតិ​ដូច​គ្នា​។​


​លោក សម រង្ស៊ី បាន​អះអាង​ថា លោក​នៅ​តែងតែ​គោរព និង​គាំទ្រ​ជំហរ​របស់​លោក ជា ស៊ីម ដោយ​ចាត់ទុក​លោក ជា ស៊ីម ជា​អ្នកនយោបាយ​ជើង​ចាស់​មួយ​រូប​នេះ ដែល​បាន​ជួយ​លើកតម្កើង​ការផ្សះផ្សា​យ​ជាតិ​កម្ពុជា​។ លោក​បាន​បន្តថា ចាប់​ពេលនេះ​ទៅ ខ្មែរ​យើង​និង​ចាប់ដៃគ្នា​ដើម្បី​បង្រួបបង្រួម​ជាតិ ព្រោះ​ខ្មែរ​យើង​បាន​ឆ្អែត​គ្រប់គ្រាន់​ហើយ​ពី​ការបែកបាក់​គ្នា​។​

សម្លេង​លោក​សម រង្ស៊ី​៖


​ដោយឡែក​លោក​អ៊ូ វីរៈ ប្រធាន​អ្នក​ស្រាវជ្រាវ​គោលនយោបាយ​សាធារណៈ​បាន​លើកឡើង​ថា តាមពិត រឿង​បង្រួបបង្រួម​ជាតិ​នេះ គឺជា​រឿង​មួយ​ល្អ ហើយ​ពាក្យ​សន្ទនា​ក៏​ជា​រឿង​មួយ​ល្អ​ផងដែរ​។ ប៉ុន្តែ​ជា​ទូទៅ បើ​យើង​បង្រួបបង្រួម​ជាតិ មិន​មានន័យថា មិនឲ្យ​មាន​ការរិះគន់​ពី​គណបក្ស​ប្រឆាំង​នោះ​ទេ​។ លោក​ថា ការលើកឡើង​របស់​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វា​សម​ពេល​វេលា សម​ហេតុ​សម​ផល ក៏​ប៉ុន្តែ​លោក​នៅតែ​សង្ឃឹមថា នាពេលខាងមុខ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ នឹង​ផ្តោត​ក្នុង​ការប្រកួតប្រជែង​គ្នា ច្រើន​ជាង​នេះ​ទៅទៀត​។​

​សម្លេង​លោក​អ៊ូ វីរៈ​៖

ព័ត៌មានផ្សេងទៀត