អ្នកវិភាគ​៖​​ភារកិច្ច​​ដែល​​លោក​​សម រង្ស៊ី​​​ត្រូវ​ដោះ​​​ស្រាយ​​​ដំបូង​​​បំផុត​​គឺ​​បញ្ហា​​ផ្ទៃ​ក្នុង​​បក្ស​​​

10-06-2015 5:59 pm 2196

​ក្រោយពី​ការវិលត្រឡប់​មក​ដល់​ទឹកដី​កម្ពុជា ពី​សំណាក់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​សាធារណៈមតិ​ជាច្រើន បាន​ចោទ​ជា​សំនួរ​ថា តើ​លោក​សម រង្ស៊ី ពិភាក្សា​លើ​បញ្ហា​អ្វី​ជា​ចំបង​មុនគេ​។ យ៉ាងណាក៏ដោយ សម្រាប់​ភារកិច្ច​មុនដំបូង​បំផុត​របស់​លោក​សម រង្ស៊ី នឹង​ធ្វើ​នោះ​គឺ​ការគោរព​វិញ្ញាណក្ខន្ធ​សព​លោក​ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​១១ មិថុនា​។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​សម រង្ស៊ី ដោយផ្ទាល់​។​

 

​យ៉ាងណាមិញ​បើ និយាយ​ពី​បញ្ហា​នយោបាយ​វិញ លោក​អ៊ូ វីរៈ ប្រធាន​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​គោលនយោបាយ​សាធារណៈ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ បាន​មើលឃើ​ថា ភារកិច្ច​ធំចំបង​ដែល​លោក​សម រង្ស៊ី នឹង​ត្រូវ​ដោះស្រាយ​មុន​គេ​នោះ គឺ​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​។ លោក​អ៊ូ វីរៈ​អះអាង​បែបនេះ ដោយសារតែ​លោក​មើលឃើញ​ពី​ភាពកម្សោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ការចេញ​ទៅ​ក្រៅ​ប្រទេស​ញឹកញាប់ ពី​សំណាក់​ថ្នាក់ដឹកនាំ ដែល​ធ្វើ​ឲ្យ​ខ្វះ​ការពង្រឹង​ផ្ទៃក្នុង​បក្ស និង​ការមិនយល់​ពី​តួនាទី​របស់​ខ្លួន​ជា​ដើម​។ ដូច្នេះ​បញ្ហា​ខាងក្រៅ ដូចជា​បញ្ហា​ព្រំដែន ជា​ដើម​នោះ មិន​សំខាន់​ដូច​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។​

សម្លេង​លោក​អ៊ូ វីរៈ​

 

​សម្រាប់​លោក​កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម មិន​បាន​មើលឃើញ​ពី​គម្រោង​ផែនការ របស់​លោក​សម រង្ស៊ី ដែល​នឹង​ត្រូវបំពេញ ក្រោយពី​មាន​វត្តមាន​នៅក្នុង​ប្រទេស​នោះទេ​។ ប៉ុន្តែ​លោក​កែម ឡី បាន​បញ្ជាក់​ពី​តួនាទី​របស់​អ្នកតំណាងរាស្ត្រ​។ លោក​កែម ឡី ថា តំណាងរាស្ត្រ​មាន​តួនាទី ធ្វើជា​តំណាងឲ្យ​ប្រជាពលរដ្ឋ នៅពេល​មាន​បញ្ហា​ណាមួយ​។ តំណាងរាស្ត្រ​ជា​អ្នកត្រួតពិនិត្យ​ការអនុវត្ត​របស់​រដ្ឋាភិបាល​ឲ្យបាន​ពេញលេញ និង​លើក​ឡើង​ពី​ចំនុច​ខ្វះចន្លោះ​របស់​រដ្ឋាភិបាល ក្នុងន័យ​ជួយ​កែលម្អ​។ តំណាងរាស្ត្រ​ក៏មាន​តួនាទី​ស្នើ​ធ្វើ​សេចក្តីព្រាងច្បាប់ និង​ពិនិត្យ​រាល់​ដំណើរកា​រតាក់​តែ​ច្បាប់​។​

សម្លេង​លោក​កែម ឡី​

ពិតណាស់ថា បញ្ហា​កំពុង​កើតមាន​នៅ​កម្ពុជា និង​ជា​ចំណុច​ដ៏​រសើប​នោះ គឺ​បញ្ហា​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម​។ មានប្រសាសន៍​ប្រាប់​ដល់​វិទ្យុ​វា​យោ នា​ថ្ងៃ​ទី​១០ មិថុនា​នេះ លោក​យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​រង​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ប្រាកដ​ណាស់​ថា លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ផែនការ ក្នុង​ការដោះស្រាយ​បញ្ហា​ផ្សេង​ជាច្រើន ដូចជា​បញ្ហា​ការរៀបចំ​ការបោះឆ្នោត​។ ប៉ុន្តែ​បញ្ហា​ចំបង​ដែល​នឹង​ត្រូវ​រក​ដំណោះស្រាយ​ដំបូង​នោះ គឺ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។​ លោក​យ៉ែម បុញ្ញ​ឫទ្ធិ បាន​បញ្ជាក់បន្ថែម​ថា ពិត​ណាស់​ការដោះស្រាយ​បញ្ហា​ទាំងនេះ ចាំបាច់​ត្រូវ​ប្រើប្រាស់​វប្បធម៌​សន្ទនា​។​

សម្លេង​លោក​យ៉ែម បុញ្ញ​ឫទ្ធិ​​


យ៉ាងណាក៏ដោយ គេ​នៅ​រង់ចាំ​មើល​ថា ការប្រើប្រាស់​វប្បធម៌​សន្ទនា​រវាង​ក្រុម​តំណាងរាស្ត្រ​មតិ​ភាគតិច និង​មតិ​ភាគច្រើន នៅ​រដ្ឋសភា អាច​នឹង​ផ្តល់​ដំណោះស្រាយ​វិជ្ជមាន កម្រិតណា លើ​បញ្ហា​ដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន​នេះ​។ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត