ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានអនុម័តរួចរាល់ហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោមវត្តមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាថ្ងៃទី០៥ មិថុនា។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅរដ្ឋសភា នៅសប្តាហ៍ក្រោយ។ ពាក់ព័ន្ធនឹងការអនុម័ត លើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយនេះ ស្ថាប័នអង្គការសង្គមស៊ីវិល មួយចំនួនបាន សម្តែងអារម្មណ៍សោកស្តាយ ដោយសារតែរដ្ឋាភិបាល មិនបានផ្តល់ឱកាសឲ្យមានការពិគ្រោះយោបល់ជាសាធារណៈ។
លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានបញ្ជាក់ថា ការសម្រេចរបស់រដ្ឋាភិបាល ក្នុងការអនុម័តច្បាប់ស្តីពីសមាគមនេះ គឺមិនបានបង្ហាញពីកិច្ចសហប្រតិបត្តិការ ជាមួយនឹងអង្គការសមាគម ដែលជាដៃគូអភិវឌ្ឍប្រទេស។
សម្លេងលោកតឹក វណ្ណារ៉ា
លោកតឹក វណ្ណារ៉ា បានបន្តថា ទោះជាយ៉ាងណាក៏ដោយ ច្បាប់ស្តីពីសមាគមនេះ មិនទាន់ត្រូវបានបញ្ជូនទៅកាន់រដ្ឋសភានោះទេ ដូច្នេះលោកសង្ឃឹមថា រដ្ឋាភិបាលអាចនឹងពិចារណាម្តងទៀត ហើយប្តូរចិត្ត ផ្តល់ឱកាសឲ្យសង្គមស៊ីវិល ពិភាក្សា និងពិគ្រោះយោបល់។ ម្យ៉ាងវិញទៀតលោកក៏សង្ឃឹមថា រដ្ឋសភាក៏នឹងពិចារណាផងដែរលើច្បាប់មួយនេះ មុននឹងសម្រេចអនុម័ត។
ដោយឡែក លោកសួន ប៊ុនសក្តិ អគ្គលេខាធិការ នៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃសមាគមការពារសិទ្ធិមនុស្សកម្ពុជា បានប្រាប់ដល់វិទ្យុវាយោថា វាហាក់បីដូចជាយឺតពេលទៅហើយ ដែលច្បាប់ស្តីពីសមាគមមួយនេះ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចអនុម័តជាផ្លូវការ។ បើទោះបីជាទាមទារឲ្យមានការពិគ្រោះយោបល់ ក៏មិនមានពេលវេលាគ្រប់គ្រាន់ដែរ។ ទាំងនេះគឺជាឆន្ទៈនយោបាយ របស់រដ្ឋាភិបាល ដែលមិនចង់ឲ្យមានការចូលរួមពិភាក្សា ពិគ្រោះយោបល់។
សម្លេងលោកសួន ប៊ុនសក្តិ
បើតាមការបញ្ជាក់នៅលើទំព័ហ្វេសប៊ុកលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័ត ទៅលើសេចក្តីព្រាងច្បាប់ស្តីពី “សមាគម និងអង្គការមិនមែនរដ្ឋាភិបាល” ដោយក្នុងនោះមានការ កែសម្រួលពាក្យពេជន៍មួយចំនួន និងលុបចោលចំនួន០២មាត្រា ជាការសំណូមពរ របស់លោកនាយករដ្ឋមន្ត្រី។ លោកនាយករដ្ឋមន្ត្រី បានចំណាយពេលច្រើន ក្នុងការបង្កើតភាពងាយស្រួល ដល់អង្គការ ទាំងក្នុងការចុះបញ្ជី និងកិច្ចប្រតិបត្តិការរបស់ខ្លួន។
លោកផៃ ស៊ីផាន ក៏បានបញ្ជាក់បន្ថែមប្រាប់ដល់វិទ្យុវាយោនៅថ្ងៃទី០៥ មិថុនានេះថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ មិនមែនរដ្ឋាភិបាល មិនចង់ឲ្យពិគ្រោះយោបល់នោះទេ ប៉ុន្តែសេចក្តីព្រាងច្បាប់មួយនេះ ត្រូវបានចូលរួមពិគ្រោះយោបល់ពីអង្គការសមាគមធំៗជាច្រើនរួចមកហើយ នៅឆ្នាំ២០១១ និងឆ្នាំ២០១៣។
សម្លេងលោកផៃ ស៊ីផាន
នៅថ្ងៃទី២៩ ឧសភានេះ កន្លងទៅនេះ តំណាងក្រុមអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិជាច្រើន បានរួមគ្នាពិភាក្សា និងពិគ្រោះយោបល់ ស្តីពីផលប៉ះពាល់ នៃសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លោកសឿង សារឿន នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា(CCC) បានលើកបង្ហាញពីភាពមិនប្រក្រតីចំនួន៣ នៅក្នុងសេចក្តីព្រាងច្បាប់នេះ។ ទី១គឺការឲ្យនិយមន័យមិនទាន់ច្បាស់លាស់ស្តីពីការចុះបញ្ជីរបស់អង្គការ-សមាគម ទី២ ការកំណត់នូវ២៥%នៃប្រាក់រដ្ឋបាល ដែលរួមបញ្ចូលទាំងប្រាក់ខែបុគ្គលិក និងទី៣ ការកំណត់សិទ្ធិ នៃការចូលរួមរបស់អង្គការ នៅតាមមូលដ្ឋាន។
យ៉ាងណាក៏ដោយ បើតាមការបង្ហាញពីរដ្ឋាភិបាលបានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ មានគោលបំណងធានាការពារសិទ្ធសេរីភាព ក្នុងការបង្កើតសមាគម និង អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរវាង សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ និងមានគោលដៅកំណត់បែបបទទទួល ស្គាល់តាមផ្លូវច្បាប់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ក្នុងទស្សនៈនេះ រាជរដ្ឋាភិបាលបានទទួលស្គាល់ពីសារៈសំខាន់ នៃការចូលរួមរបស់អង្គការសង្គម ស៊ីវិល ដោយចាត់ទុកជាដៃគូមួយដ៏មានសក្ដានុពល និងប្រសិទ្ធភាពក្នុងកិច្ចដំណើរការស្ដារ និងអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងលើកស្ទួយគាំពារគោលការណ៍ប្រជាធិបតេយ្យនូវការគោរពសិទ្ធមនុស្ស។
គួររម្លឹកជាថ្មីផងដែរថា សេចក្ដីព្រាងច្បាប់ដើមស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺមាន០៩ជំពូក និង៤១មាត្រា ក៏ប៉ុន្តែ០២មាត្រា ត្រូវបានលុបចោល ដូចនេះសេចក្ដីព្រាងច្បាប់នេះ នៅសល់តែ០៩ជំពូក និង៣៩មាត្រតែប៉ុណ្ណោះ ហើយនឹងត្រូវបញ្ជូនទៅរដ្ឋសភា នាដើមសប្តាហ៍ក្រោយនេះ៕ដោយៈសៅ វិសាល