ចិន​​តក់ស្លុត​​យ៉ាងខ្លាំង​​ក្រោយ​ហ្វីលីពីន​​ប្រៀបធៀប​ខ្លួន​​ដូច​របប​ណា​ហ្ស៊ី​​អាល្លឺម៉ង់​

04-06-2015 3:48 pm 1870
អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី​ហ៊ួ ឈុន​យី​ង

​និយាយ​ពី​របប​ណា​ហ្ស៊ី​អាល្លឺម៉ង់ នរណា​មិន​ដឹង​ថា​ជា​របប​ឃោ​ឃៅ សម្លាប់​មនុស្ស​យ៉ាង​រង្គាល ហើយ​របប​នេះ​ដឹកនាំ​ដោយ​លោក​អាដូ​ហ្វ ហ៊ី​ត្លែ ដែល​ជា​បុគ្គល​ល្បីល្បាញ​មួយ​រូប គ្រប់គ្រង​ស្ទើរ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ការរស់នៅ​របស់​ប្រជាជន​។ របប​ណា​ហ្ស៊ី​នេះ​ជា​រយៈពេល​ប្រវត្ដិសាស្ដ្រ​មួយ​របស់​អាល្លឺម៉ង់​ពី​ឆ្នាំ​១៩៣៣​ដល់​ឆ្នាំ​១៩៤៥​។​


​ដោយសារ​តែ​របប​ណា​ហ្ស៊ី​ជារ​បប​មួយ​តឹងរឹង​និង​ឃោ​ឃៅ​ផង​នោះ ទើប​ចិន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ហ្វីលីពីន​បាន​ប្រៀបធៀប​ខ្លួន​ដូច​របប​នេះ​។​ទីក្រុង​ប៉េកាំង​បាន​ព្រមាន​ទៅ​ហ្វីលីពីន​វិញ​ដែរ ដែល​និយាយ​សម្ដី​បែបនេះ​ទៅ​រួច​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី​ហ៊ួ ឈុន​យី​ង បាន​និយាយថា​ហ្វីលីពីន​បាន​ព្យាយាម​ចង់​កាន់កាប់​ប្រជុំ​កោះ​របស់​ចិន​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ ហើយ​បាន​ឃុបឃិត​ជាមួយ​ប្រទេស​ក្រៅ​តំបន់​ទៀត បង្កបញ្ហា​ដល់​ប្រទេស​ចិន​។


​ក្នុងពេល​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​ទី​០៣​មិថុនា​ម្សិលមិញ ប្រធាន​ធិបតី​ហ្វីលីពីន​លោក បេនី​ណូ អា​ហ្គី​ណូ បាន​ប្រៀបធៀប​ទង្វើ​របស់​ចិន ទៅ​នឹង​ការពង្រីក​ទឹកដី​របស់​ពួក​ណា​ហ្ស៊ី​អាល្លឺម៉ង់​មុន​ពេល​ផ្ទុះ​សង្គ្រាមលោកលើកទីពីរ​។​សម្ដី​នេះ លោក​ចង់​សម្ដៅលើ​ការទាមទារ​កាន់កាប់​ដែនសមុទ្រ​ចិន​ខាងត្បូង​របស់ចិន ដែល​ហ្វីលីពីន​ផ្ទាល់​និង​ប្រទេស​មួយចំនួន​ទៀត​កំពុងតែ​ឈ្លោះ​ជាមួយ​ចិន​។


​ដូច្នេះហើយ​ទើប​ចិន​កើតទុក្ខ​មិន​សុខចិត្ដ ព្រោះ​ចិន​ធ្លាប់​អះអាងថា ដែនសមុទ្រ​ចិន​ខាងត្បូង​ប្រមាណ​ជា​៩០​ភាគរយ​ជា​ដែន​អធិបតេយ្យ​របស់ខ្លួន​។ ម្យ៉ាងវិញទៀត ភាព​តានតឹង​ក៏​បាន​កើតឡើង​កាន់តែ​ខ្លាំង​ខណៈ​ហ្វីលីពីន រួម​ជាមួយ​អាមេរិក​និង​ជប៉ុន ដែល​អាមេរិក​និង​ជប៉ុន​គឺជា​ភាគី​មិន​ពាក់ព័ន្ធ​ក្នុង​តំបន់​សោះ តែ​បែរជា​រួមគ្នា​រិះគន់​ចិន​យ៉ាង​ចាស់ដៃ​រឿង​ដែនសមុទ្រ​ចិន​ខាងត្បូង​។


​ចិន​ក៏​បាន​ឆ្លើយតប​ទៅ​វិញ​ថា បើ​ចង់​និយាយ​ពី​បញ្ហា​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង ផែនការ​របស់​ខ្លួន​ផ្ដោតជាសំខាន់​ក្នុង​ការផ្ដល់​ដល់​ប្រជាជន​ទូទៅ​នូវ​សេវា​ផ្សេងៗ ដែល​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេស​ផ្សេងទៀត​ក្នុង​ពិភពលោក​ដែរ មិនមែន​រាំងស្ទះ​បង្កបញ្ហា​ដូច​ការចោទប្រកាន់​ឡើយ​៕​​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត