តើ​អាមេរិក​​-​ចិន​​​អាច​ប្រើ​​កម្លាំង​យោធា​​ដាក់គ្នា​ទេ​​​រឿង​ជម្លោះ​​ដែនសមុទ្រ​​ចិន​​ខាងត្បូង​?​

04-06-2015 2:33 pm 2221
នាវាកងទ័ពជើង​ទឹក​អាមេរិក​ដែល​បញ្ជូនទៅ​ដែនសមុទ្រចិន​ខាងត្បូង

នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ​យើង​មាន​ការរាយការណ៍​ពី​ពេញ ផេង និយាយ​ពី​ស្ថានភាព​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​។ ដែន​សមុទ្រ​នេះ គឺជា​ដែនសមុទ្រ​ជម្លោះ​ប្រវត្ដិសាស្ដ្រ​រវាង​ចិន​ជា​មួយ​ប្រទេស​ពាក់ព័ន្ធ​៥​ទៀត មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ និង​ព្រុយ​នេ​។ ប៉ុន្ដែ​ថ្មីៗ​នេះ​អាមេរិក​ក៏​បាន​លូកដៃ​ចូល​ដែរ ដោយ​មាន​ទាំង​ការបញ្ជូន​នាវា​ទៅ​តំបន់​ជម្លោះ និង​ការហោះហើរ​ស៊ើបអង្កេត​ផង ដើម្បី​សម្របសម្រួល​ឱ្យ​ចិន​ឆ្លើយតប​ចំពោះ​សកម្មភាព​ក្នុង​ដែន​ជម្លោះ​នេះ​ឱ្យបាន​ច្បាស់លាស់​ទៅកាន់​អន្ដរជាតិ​។ តែ​សកម្មភាព​របស់​អាមេរិក ចិន​បាន​ប្រតិកម្ម​យ៉ាងខ្លាំង និង​លើកឡើង​ថា​វា​ជា​រឿង​មិន​ចាំបាច់​ឡើយ ដែល​អាមេរិក​ត្រូវ​ពាក់ព័ន្ធ​នឹង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ តើ​ចិន​-​អាមេរិក​ចោទ​ដាក់​គ្នា​យ៉ាងណា​ខ្លះ​លើ​បញ្ហា​នេះ​?​តើ​ភាព​តានតឹង​រវាង​មហាអំណាច​ទាំង​ពីរ​នៅក្នុង​ដែនទឹក​មួយ​នេះ អាច​ឈាន​ដល់​ការប្រើប្រាស់​យោធា​ដែរ​ទេ​?


​ដើម្បី​ជ្រាប​ច្បាស់​ព័ត៌មាន​នេះ ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង​ដូចតទៅ​៖

សំឡេង៖


​និយាយ​ពី​ដែនសមុទ្រ​ចិន​ខាងត្បូង យើង​ប្រាកដជា​នឹកឃើញ​នូវ​ជម្លោះ​ប្រវត្ដិសាស្ដ្រ​ដែល​ចិន​មានជាមួយ​ប្រទេសពាក់​ព័ន្ធ​ដូចជា​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ និង​ព្រុយ​នេ​។ កន្លង​មក​ចិន​បាន​អះអាង​ថា ៩០​ភាគរយ​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​គឺជា​ដែន​អធិបតេយ្យ​របស់ខ្លួន​។ ប៉ុន្ដែ​សម្ដី​នេះ​ធ្វើឱ្យ​ភាគី​​ដទៃ​ទៀត​មិន​សុខចិត្ដ​ឡើយ ពួកគេ​យល់ថា​ចិន​រំលោភ​លើ​ដែនទឹក​របស់ខ្លួន ដែល​វា​ជា​សិទ្ធិ​អំណាច​របស់​ពួកគេ​ដែរ​។


​តែ​មិន​ខ្វល់​ពី​ការប្រឆាំង​ឬក៏​ការទាមទារ​របស់​អ្នកដទៃ ចិន​នៅ​តែ​បន្ដ​សកម្មភាព​របស់​ខ្លួន​ជា​បន្ដបន្ទាប់ រហូត​ឈានដល់​ការប្រើ​ហិង្សា​ដាក់​គ្នា​ថែមទៀត​។ ជាក់ស្ដែង​កាលពី​ឆ្នាំ​២០១៤ នាវា​របស់​ចិន​និង​នាវា​របស់​វៀតណាម​បាន​ប៉ះទង្គិច​គ្នា​នៅក្នុង​ដែន​សមុទ្រ​នេះ ដោយសារ​ការ​ចោទ​គ្នា​ថា​បាន​រំលោភ​ដែនទឹក​រៀងៗ​ខ្លួន​។ កាលណោះ​ក៏​ឈាន​ដល់​ការតវ៉ា​នៅក្នុង​ប្រទេស​វៀតណាម​ទៀតផង ដោយ​ប្រជាជន​វៀតណាម​នាំ​គ្នា​ដុត​បំផ្លាញ​រោងចក្រ​របស់​ចិន​ជា​ច្រើន​រោងចក្រ ហើយ​ប្រជាជន​ចិន​ក៏​បាន​ជម្លៀស​ខ្លួន​ចេញ​ពី​ទឹកដី​វៀតណាម​រាប់ពាន់នាក់​ដែរ​។


​រឿងរ៉ាវ​ដាច់ដោយឡែក​មួយ​ទៀតរ​វាង​ចិន​-​វៀតណាម​ក្រៅពី​ជម្លោះ​ដែនទឹក នៅ​មាន​ជម្លោះ​ដែន​កោះ​ស្ព្រែត​លី​និង​ប៉ា​រ៉ា​សែ​ល ដែល​ភាគី​ទាំង​ពីរ​ដណ្ដើម​គ្នា​កាន់កាប់​ផងដែរ​។ រហូតដល់​បច្ចុប្បន្ន ដែន​កោះ​ទាំង​ពីរ​នៅ​ពុំ​ទាន់​ដាច់​ស្រឡះ​ថា​នរណា​ជា​ម្ចាស់​នៅឡើយ​ទេ​។


​ថ្មីៗ​នេះ ចិន​បាន​ធ្វើ​សកម្មភាព​បន្ដ​ទៀត​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នៅ​ជិត​ប្រជុំ​កោះ​ស្ព្រែត​លី គឺ​ការចាក់​ខ្សាច់​បំពេញ​ធ្វើ​កោះ​សិប្បនិម្មិត​នៅ​ទីនោះ​។ ស្រប​ពេល​ចិន​កំពុង​បង្ហាញ​ភាពខ្លាំង​របស់​ខ្លួន​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ជា​ការឆ្លើយតប​អាមេរិក​ក៏​មិន​នៅ​ស្ងៀម​ដែរ ដំបូង​ឡើយ​អាមេរិក​បញ្ជូន​វា​នា​កងទ័ព​ជើង​ទឹក​មួយ​គ្រឿង​ចូល​ក្នុង​តំបន់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់​មក​អាមេរិក​ក៏​បញ្ជូន​យន្ដហោះ​ស៊ើបការណ៍​មួយ​ផ្សេង​ទៀត​ហោះ​ក្បែរ​ទីតាំង​ដែល​ចិន​សាងសង់​កោះ​សិប្បនិមិ្មត​។ នរណា​ទៅ​ដឹង​ទៅ​ថា​គ្រាន់តែ​អាមេរិក​ហោះ​នៅលើ​ដែនអាកាស​អន្ដរជាតិ​សោះ ប៉ុន្ដែ​ចិន​បាន​ព្រមាន​ដល់​ទៅ​៨​ដង ឱ្យ​យន្ដហោះ​អាមេរិក​ចាកចេញ​ជាបន្ទាន់​។ ចិន​មិន​បាន​គិត​ដូច​អាមេរិក​ទេ ផ្ទុយទៅវិញ​ចិន​ថា​អាមេរិក​រំលោភ​លើ​ដែនអាកាស​របស់ខ្លួន ដូច្នេះ​យន្ដហោះ​អាមេរិក​គួរ​ចាក​ចេញ​ជា​បន្ទាន់​ដើម្បី​ចៀសវាង​ការយល់ច្រឡំ​។


​រឿងរ៉ាវ​យ៉ាង​ក្ដៅគគុក​នេះ ហាក់​រុញច្រាន​ឱ្យ​ប្រទេស​មហាអំណាច​ទាំង​ពីរ​ឈាន​ចូល​ក្នុង​ល្បែង​សង្គ្រាម​ជាមួយ​គ្នា​បន្ដ​ទៀត​ហើយ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង ដោយ​អាមេរិក​ចង់​ដើរតួ​ជា​អ្នកសម្របសម្រួល រីឯ​ចិន​វិញ​ជា​ភាគី​ដែល​ត្រូវ​គេ​ចោទប្រកាន់​។​


​តាម​ទស្សនរ​បស់​ចិន សកម្មភាព​សាងសង់​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង គឺជា​រឿង​ស្របច្បាប់ ជា​សកម្មភាព​ចាំបាច់​មួយ ហើយ​វា​ក៏​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​ដែរ​។​ក្នុងនាម​ជា​រដ្ឋមន្ដ្រី​ការបរទេស​ចិន លោក​វ៉ាង យី បាន​និយាយ​កាលពី​ខែ​មីនា​ឆ្នាំ​២០១៥​នេះ​ថា ប្រទេស​ចិន​គ្រាន់​តែ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ដែន​ជា​កម្មសិទ្ធិ​ខ្លួន​ប៉ុណ្ណោះ​។ លោក​ថា ចិន​មាន​សិទ្ធិ​គ្រប់យ៉ាង ធ្វើ​សកម្មភាព​ត្រឹមត្រូវ​ស្រប​តាម​ផ្លូវច្បាប់​។


​ដោយឡែក​បើ​តាម​ទស្សន​អាមេរិក​វិញ ការចង់​សាងសង់​អ្វី​មួយ​របស់​ចិន​ក្នុង​ដែនទឹក​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​គំរាមកំហែង​មិន​ត្រឹមតែ​ប្រទេស​ពាក់ព័ន្ធ​ដូចជា​វៀតណាម ហ្វីលីពីន ជា​សម្ព័ន្ធមិត្ដ​អាមេរិក​ប៉ុណ្ណោះទេ ប៉ុន្ដែ​វា​ក៏​គំរាមកំហែង​ដល់​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ក្នុង​ដែន​សមុទ្រ​នេះ​ដែរ​។ វា​ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​មមាញឹក​បំផុត​របស់​ពិភពលោក​។ តាម​ការយល់ឃើញ​របស់​ទីក្រុង​វ៉ាស៊ីនតោន ការឆ្លើយតប​ដ៏​ត្រឹមត្រូវ​នឹង​រឹងមាំ​ទាក់ទង​នឹង​បញ្ហា​នេះ ត្រូវតែ​មាន​ជា​បន្ទាន់​។


​សង្គ្រាមពាក្យសម្ដី​រវាង​មហាអំណាច​ទាំងពីរ ពិតជា​គ្មាន​ភាគី​ណាមួយ​ចុះចាញ់​ដោយ​ងាយៗ​ឡើយ​។​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក​មួយ​ដែល​កំពុង​រីកចម្រើន ចិន​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន និង​ការប្ដេជ្ញាចិត្ដ​ដើម្បី​ការ​ពារ​អត្ថប្រយោជន៍​ស្នូល​របស់​ខ្លួន​។​ក្នុង​កិច្ច​ជំនួប​ជាមួយ​រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក​ថ្មីៗ​នេះ លោក​រដ្ឋមន្ដ្រី​ការបរទេស​ចិន​វ៉ាង យី​បាន​និយាយថា ការប្ដេជ្ញាចិត្ដ​របស់​ចិ​ន​ក្នុង​ការការពារ​ដែន​អធិបតេយ្យ​របស់ខ្លួន គឺ​រឹងមាំ​ដូចជា​ថ្ម​អញ្ចឹង​មិន​អាច​រង្គោះរង្គើ​ឬក៏​ប្រែប្រួល​ឡើយ​។ ប៉ុន្ដែ​អាមេរិក​វិញ ដោយ​ចង់​រក្សា​ឋានៈ​របស់​ខ្លួន​ក្នុង​នាម​ជា​មេដឹកនាំ​ពិភពលោក អាមេរិក​បាន​ប្ដេជ្ញា​ចិត្ដ​ដើម្បី​បង្ហាញ​ពី​ភាពជឿជាក់​របស់ខ្លួន ដែល​មាន​តួនាទី​ដូច​ជា​ប៉ូលិស​អន្ដរជាតិ​ចូល​អន្ដរាគមន៍​ទីតាំង​ដែល​មាន​ជម្លោះ​។​


​ច្បាស់​ណាស់​ថា​អាមេរិក​មិន​ចង់ឱ្យ​មាន​សង្គ្រាម​ជាមួយ​ចិន​ទេ ហើយ​ចិន​វិញ​ក៏​មិន​ចង់ឱ្យ​មាន​ការប្រើប្រាស់​ក​ង​ទ័ព​ដាក់​អាមេរិក​ដែរ​។ អាមេរិក​គ្រាន់តែ​ចង់​ឱ្យ​ចិន​ទទួលស្គាល់​ភាពជា​អ្នក​ដឹកនាំ​របស់​អាមេរិក នៅក្នុង​ឆាក​អន្ដរជាតិ​ប៉ុណ្ណោះ​។​


​ប៉ុន្ដែ​វា​ក៏​ជា​ផលប្រយោជន៍​របស់​អាមេរិក​ដែរ ដែល​មាន​ចេតនា​បង្កើត​ឱ្យមាន​ភាព​តានតឹង​ខ្លះ​ជុំវិញ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ហេតុផល​សំខាន់​នោះ​គឺ​មាន​ចំនួន​បី​។ ទីមួយ ភាព​ជោគជ័យ​នៃ​យុទ្ធសាស្ដ្រ​តុល្យភាព​របស់​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា អាស្រ័យ​លើ​លទ្ធភាព​របស់​អាមេរិក​ដែល​អាច​ទាញយក​ចំណាប់​អារម្មណ៍​សម្ព័ន្ធមិត្ដ​របស់ខ្លួន និង​ភាគី​ផ្សេង​ទៀត​ឱ្យ​ផ្ដោត​លើ​បញ្ហា​សន្ដិសុខ ជៀស​ឱ្យ​ឆ្ងាយ​ពី​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​។ ដូច្នេះ​ការកើនឡើង​នូវ​ភាព​តានតឹង​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង អាច​ជួយ​ឱ្យ​សម្រេចបាន​គោលបំណង​នេះ​។


​ទី​ពីរ ការអំពាវនាវ​របស់​ចិន​លើ​គម្រោង​មួយចំនួន កំពុងតែ​កើនឡើង​ជា​បន្ដបន្ទាប់​ដោយ​យុទ្ធសាស្ដ្រ​និង​គម្រោង​ទាំងនោះ ក៏​មាន​ជាន់​លើ​គម្រោង​មេ​របស់​អាមេរិក​ដែរ ដែល​មាន​ដូចជា​ផែនការ​បណ្ដាក់​ទុន​ជាមួយ​ធនាគារ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​អាស៊ី​ជាដើម​។ ដូច្នេះ ការ​ទាញ​ចំណាប់​អារម្មណ៍​ចិន​ឱ្យ​ពាក់ព័ន្ធ​នឹង​សកម្មភាព​បង្ក​ភាពផុយស្រួយ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង អាច​ជា​វិធីសាស្ដ្រ​មួយ​មាន​ប្រសិទ្ធភាព​បន្ធូរបន្ថយ​ការអំពាវនាវ​ក៏ដូចជា​ការប្រកួតប្រជែង​របស់​ចិន​ជាមួយ​អាមេរិក​។


​ទី​បី សម្រាប់​អាមេរិក នេះ​គឺជា​វិធីសាស្ដ្រ​មាន​ប្រសិទ្ធភាព​បំផុត ដែល​អាច​ទាញ​ចិន​ឱ្យ​ពាក់ព័ន្ធ​ជាមួយ​អាមេរិក ពី​ព្រោះ​រឿង​បញ្ជូន​នាវាចម្បាំង យន្ដហោះ​ហោះ​ស៊ើបការណ៍​ទៅកាន់​ដែន​អធិបតេយ្យ​របស់​ចិន អាច​ឱ្យ​ចិន​ភ័យខ្លាច​ខ្លះ ប៉ុន្ដែ​វា​មិន​ប៉ះពាល់​អ្វី​ដល់​ភាគី​អាមេរិក​ឡើយ​។


​ទាំងអស់នេះ អាចនិយាយបាន​ថា​ជា​យុទ្ធសាស្ដ្រ​របស់​អាមេរិក ដែល​ចង់ឱ្យ​ចិន​ប្រឈមមុខ​ជាមួយ​បញ្ហា និង​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​ឱ្យ​សាក​សម​នឹង​ភ្នែក​អន្ដរជាតិ រួម​ទាំង​ប្រទេស​មាន​ជម្លោះ​ជាមួយ​ចិន​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ដែល​កំពុង​រង់ចាំ​ចម្លើយ​យ៉ាង​អន្ទះសារ​។ តែ​ក៏​មិនមែន​មានន័យថា ចិន​ដាច់ខាត​ត្រូវតែ​ប្រើ​យោធា​គំរាម​អាមេរិក​វិញ​ដែរ ព្រោះ​រឿង​វា​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​នេះ​ទេ គ្រាន់​តែ​ចិន​ហាក់​ត្រូវ​រង​សម្ពាធ​ខ្លាំង​បន្ដិច​ប៉ុណ្ណោះ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត