ការបើកសំណើរដេញថ្លៃធ្វើអាជីវកម្មបូមខ្សាច់ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី០៣ មិថុនានេះ ដោយមានក្រុមហ៊ុនចំនួន៣០ចូលរួម។ ក្នុងចំណោមក្រុមហ៊ុនទាំង៣០នេះ មានក្រុមហ៊ុនតែ៤ប៉ុណ្ណោះ ដែលនឹងទទួលបានសិទ្ធិក្នុងការបូមខ្សាច់នៅតំបន់ឡូតិ៍ចំនួន៤ ស្ថិតក្នុងខេត្តកំពង់ចាម និងខេត្តកណ្តាល។ តើហេតុអ្វីចាំបាច់ឲ្យមានការដេញថ្លៃ? តើនេះជាកំណែទម្រង់ថ្មី របស់ក្រសួងរ៉ែ និងថាមពល ឬក៏យ៉ាងណា? សូមស្តាប់បទអន្តរាគមន៍ពីសៅ វិសាល
សួរស្តីវិសាល!
បាទសួរស្តីជាតា!
១.វិសាល ឃើញថានៅថ្ងៃទី០៣ មិថុនានេះ ក្រសួងរ៉ែ និងថាមពល បានរៀបចំពិធី បើកសំណើរដេញថ្លៃប្រកួតប្រជែងជាសាធារណៈជ្រើសរើសក្រុមហ៊ុន ដើម្បីធ្វើអាជីវកម្មខ្សាច់នៅតំបន់ប្រឡាយស្តៅ-តាឯក ចំនួន៤ឡូតិ៍។ តើហេតុអ្វីចាំបាច់ឲ្យមានការដេញថ្លៃ? តើការដេញថ្លៃនេះ គឺជាកំណែទម្រង់ថ្មី ដែលនាំមកនូវភាពខុសប្លែកយ៉ាងណា ពីការអនុវត្តនាពេលកន្លងមក?
បាទ ជាការពិតណាស់ជាតា នៅថ្ងៃទី០៣ មិថុនានេះ ក្រសួងរ៉ែ និងថាមពល បានរៀបចំពិធី បើកសំណើរដេញថ្លៃប្រកួតប្រជែងជាសាធារណៈជ្រើសរើសក្រុមហ៊ុន ដើម្បីធ្វើអាជីវកម្មខ្សាច់នៅតំបន់ប្រឡាយស្តៅ-តាឯក ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម ស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចំនួន៤ឡូតិ៍។ សម្រាប់សំនួរសួរថា តើហេតុអ្វីចាំបាច់ឲ្យមានការដេញថ្លៃ? ត្រង់ចំណុចនេះ ខ្ញុំសូមឆ្លើយដោយយោងទៅតាមការបញ្ជាក់របស់លោកឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលថា ដើម្បីឲ្យមានតម្លាភាព ក្នុងការផ្តល់អាជ្ញាបណ្ណ នៃការធ្វើអាជីវកម្មធនធានខ្សាច់ នៅលើទន្លេ និងដើម្បីចៀសវាង ការចោទប្រកាន់ ក្រសួងថា ពុករលួយ មានភាពលម្អៀង ផ្តល់សិទ្ធិឲ្យក្រុមហ៊ុនណាមួយ។ ពិតណាស់ថា នេះគឺជាការធ្វើកំណែទម្រង់ថ្មីរបស់ក្រសួងរ៉ែ និងថាមពល។ បើតាមការបញ្ជាក់ពីលោកឌិត ទីណា ដដែល បានអះអាងថា កន្លងមកការអាជីវកម្មខ្សាច់ មិនសូវមានអ្នកវិនិយោគប៉ុន្មាននោះទេ។ ប៉ុន្តែឥឡូវនេះ គឺមានភាពខុសប្លែក ដោយសារតែតម្រូវការខ្សាច់នៅលើទីផ្សារ និងការអភិវឌ្ឍលើវិស័យសំណង់ផ្សេងៗ។
២.តើមានក្រុមហ៊ុនប៉ុន្មានដែលបានចូលរួមដេញថ្លៃធ្វើអាជីវកម្មបូមខ្សាច់នេះ? ហើយក្រុមហ៊ុននីមួយៗ ចាំបាច់ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ ដើម្បីអាចចូលរួមដេញថ្លៃបាន?
បើតាមការបញ្ជាក់ពីលោកហូរ វិចិត្រ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាតំណាងឲ្យលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គិតចាប់ពីថ្ងៃដាក់ឲ្យដេញថ្លៃនៅថ្ងៃទី២២ ឧសភា រហូតមកដល់ថ្ងៃទី០៣ មិថុនា មានក្រុមហ៊ុនចំនួន៤០ក្រុមហ៊ុន បានទិញពាក្យពីក្រសួងចំនួន៦២ច្បាប់។ ប៉ុន្តែសម្រាប់តួលេខជាក់ស្តែង គឺមានក្រុមហ៊ុនចំនួន៣០ប៉ុណ្ណោះ បានមកដល់ពាក្យក្នុងថ្ងៃបើកសំណើរដេញថ្លៃធ្វើអាជីវកម្មបូមខ្សាច់នេះ។ ក្នុងចំណោមក្រុមហ៊ុនទាំង៣០នេះ គឺមាន៩ក្រុមហ៊ុន បានដាក់ពាក្យដេញថ្លៃនៅតំបន់ឡូតិ៍ទី១ ៨ក្រុមហ៊ុន នៅតំបន់ឡូតិ៍ទី២ ៧ក្រុមហ៊ុននៅតំបន់ឡូតិ៍ទី៣ និង៦ក្រុមហ៊ុននៅតំបន់ឡុតិ៍ទី៤។ សូមបញ្ជាក់ផងដែរថា មានតែក្រុមហ៊ុនចំនួន៤ ដែលនឹងផ្តល់សិទ្ធិធ្វើអាជីវកម្ម នៅតំបន់ឡូតិ៍ទាំង៤ ក្រោយឈ្នះការដេញថ្លៃ។
ដោយឡែកសម្រាប់លក្ខខណ្ឌដែលក្រុមហ៊ុននីមួយៗត្រូវបំពេញនោះ គឺក្រសួងរ៉ែ និងថាមពលទាមទារចំនួន១១ចំនុច។ ចំនុចទី១ គឺក្រុមហ៊ុនត្រូវដាក់ពាក្យដេញថ្លៃឲ្យទាន់ពេលវេលា គឺនៅត្រឹមម៉ោង៨ព្រឹក ថ្ងៃទី០៣ មិថុនា។ ចំនុចទី២ ចំនួនឯកសារដេញថ្លៃ ត្រូវមាន៣ច្បាប់។ ចំនុចទី៣ ក្រុមហ៊ុនត្រូវមានឯកសារសេចក្តីណែនាំចំពោះអ្នកដេញថ្លៃ ដែលមានចុះហត្ថលេខាត្រឹមត្រូវ ដោយអ្នកដេញថ្លៃ។ ទី៤ ក្រុមហ៊ុន ត្រូវមានប្រកាសស្តីពីលក្ខខណ្ឌនៃអាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការរដ្ឋានវាយថ្ម សម្រាប់គោលបំណងអាជីវកម្មរ៉ែសំណង់ ដែលមានបោះត្រាក្រុមហ៊ុន របស់អ្នកដេញថ្លៃ។ ទី៥ ក្រុមហ៊ុនត្រូវមានច្បាប់ចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម(ដោយមានការបញ្ជាក់ត្រឹមត្រូវ)។ទី៦ ក្រុមហ៊ុនត្រូវមានច្បាប់ចម្លងលក្ខន្តិកៈក្រុមហ៊ុន។ ទី៧ ត្រូវមានប៉ាតង់ថតចម្លងឆ្នាំ២០១៥។ ទី៨ ត្រូវមានវិញ្ញាបនបត្រចុះបញ្ជីអាករតម្លៃបន្ថែម។ ទី៩ ត្រូវមានរបាយការណ៍គណនេយ្យហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុង២០១៤កន្លងមកឬ សេចក្តីប្រកាសអំពីធនធានហិរញ្ញវត្ថុសម្រាប់គម្រោងអាជីវកម្មនេះ។ ទី១០ ត្រូវមានប្រាក់កក់ធានាការដេញថ្លៃ ចំនួន៥ម៉ឺនដុល្លារ មានសុពលភាព៣០ថ្ងៃយ៉ាងតិច បន្ទាប់ពីផុតសុពលភាពសំណើរដេញថ្លៃ និងត្រូវមានហត្ថលេខាលើលិខិតធានា។ និងចំនុចទី១១ ការប្រកាសដេញថ្លៃ, ក្រុមហ៊ុនត្រូវមានពាក្យសុំដេញថ្លៃ មានចុះហត្ថលេខា និងបោះត្រាត្រឹមត្រូវពីក្រសួង មានសុពលភាព៣០ថ្ងៃយ៉ាងតិច និងការប្រកាសដាក់តម្លៃដេញថ្លៃ។
រាល់ក្រុមហ៊ុនណា ដែលបំពេញបានគ្រប់លក្ខខណ្ឌទាំង១១ចំនុចនេះ ទើបក្រសួងអាចទទួលយកបាន។ ក្រុមហ៊ុនណា បំពេញមិនបាន តែ១ចំនុច នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ នេះជាការបញ្ជាក់បន្ថែមពីប្រធានក្រុមគណៈកម្មការត្រួតពិនិត្យលើការដេញថ្លៃអាជីវកម្មខ្សាច់។
៣.ដូចអ្វីដែលវិសាល បានលើកឡើងខាងលើនេះហើយថា មានក្រុមហ៊ុនចំនួន៣០ បានចូលរួមដេញថ្លៃ។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានតែ៤ក្រុមហ៊ុនប៉ុណ្ណោះ ដែលនឹងទទួលបានសិទ្ធិក្នុងការធ្វើអាជីវកម្មខ្សាច់នៅតំបន់ឡូតិ៍នីមួយៗ។ ក្រុមហ៊ុន៤ដែលឈ្នះការដេញថ្លៃ ត្រូវមើលទៅលើអ្វីខ្លះ? ដាក់ពិន្ទុបែបណា?
បាទជាតា! បើតាមការអះអាងពីលោករដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការបើកសំណើរដេញថ្លៃ នាថ្ងៃនេះ គ្រាន់តែជាដំណាក់កាល នៃការដេញថ្លៃដំបូងបំផុត។ ក្រសួងនឹងវាយតម្លៃបន្ថែម លើក្រុមហ៊ុនណាដែលបានជាប់ក្នុងការពិនិត្យ លើការបំពេញបាន រាល់លក្ខខណ្ឌដែលក្រសួងដាក់ឲ្យទាំង១១ចំនុចខាងលើ។ ការវាយតម្លៃ ត្រូវធ្វើលើគម្រោងផលិតកម្ម របស់ក្រុមហ៊ុន រួមនឹងការពិនិត្យមើលថា តើក្រុមហ៊ុនមានជាប់ពាក់ព័ន្ធបញ្ហាប្រាក់បំណុលជាមួយរដ្ឋ ដែលស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែរឬទេ និងមានចំនុចវាយតម្លៃជាច្រើនទៀត?
៤. នៅពេលក្រុមហ៊ុនទទួលបានសិទ្ធិធ្វើអាជីវកម្មហើយ តើក្រុមហ៊ុនទាំងនោះ ត្រូវអនុវត្តលក្ខខណ្ឌបែបណាខ្លះ? ចុះបើក្រុមហ៊ុនមិនគោរពទៅតាមលក្ខខណ្ឌ តើក្រសួងរ៉ែ និងថាមពលនឹងមានវិធានការបែបណាដែរ?
ពាក់ព័ន្ធនឹងសំនួរខ្ញុំឆ្លើយ យោងទៅតាមការប្រកាសរបស់ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីនេះថា នៅពេលដែលក្រុមហ៊ុនទាំង៤ ទទួលបានសិទ្ធិបូមខ្សាច់ហើយនោះ គឺក្រសួងតម្រូវឲ្យក្រុមហ៊ុនទាំងនោះ លក់ខ្សាច់ចេញក្នុងតម្លៃ៣.៣$ក្នុង១ម៉ែត្រគូប។ ទន្ទឹមនឹងនេះ ក៏មានការកំណត់នៅទីតាំងបូមខ្សាច់ រួមនឹងបរិមាណនៃការបូមខ្សាច់ផងដែរ។ ក្នុងករណីដែលក្រុមហ៊ុនមិនគោរពទៅតាមការកំណត់របស់ក្រសួង នោះក្រសួងនឹងមានវិធានការដូចជាការផ្អាកមិនឲ្យធ្វើអាជីវកម្ម។ ត្រង់ចំនុចនេះ ខ្ញុំសូមលើកពីផែនការយុទ្ធសាស្ត្ររបស់ក្រសួងរ៉ែ ដែលជាការបញ្ជាក់ពីលោកឌិត ទីណា ថា ក្រសួងនឹងបំពាក់លើសាឡង់បូមខ្សាច់របស់ របស់ក្រុមហ៊ុន ដែលទទួលអាជ្ញាបណ្ណបូមខ្សាច់ទាំងអស់ ដើម្បីឃ្លាំមើលពីទីតាំងនៃការបូមខ្សាច់ រួមនឹងបរិមាណនៃការបូមខ្សាច់ជាដើម។ វិធានការនេះ ដើម្បីធានាថា ក្រុមហ៊ុនទាំងនោះ មិនរំលោភលើការកំណត់របស់ក្រសួង ដែលនាំឲ្យរឹតតែបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ និងកត្តាផ្សេងៗទៀត។
៥.ជាសំនួរចុងក្រោយ តើការដេញថ្លៃនៅល្ងាចមិញនេះ មានលទ្ធផលហើយ ឬនៅ?
បាទជាតា! ដូចអ្វីដែលខ្ញុំបានជម្រាបជូនខាងលើនេះហើយថា ការបើកសំណើរដេញថ្លៃនេះ គឺជាដំណាក់កាលដំបូង។ ក្រសួងរ៉ែ ក៏បានប្រកាសហើយដែរថា បន្ទាប់ពីវាយតម្លៃរួចរាល់ លទ្ធផលនឹងត្រូវប្រកាសជាសាធារណៈ។ ក្រោយប្រកាសលទ្ធផល ប្រសិនបើក្រុមហ៊ុនណា យល់ថា មិនស្មើភាព និងមិនតម្លាភាព នោះក្រសួងក៏នឹងបើកឲ្យមានការតវ៉ាផងដែរ៕
អរគុណវិសាល ដែលបានអន្តរាគមន៍ ពាក់ព័ន្ធនឹងការដេញថ្លៃបូមខ្សាច់នាថ្ងៃនេះ។ ជម្រាបលាវិសាល!
ជម្រាបលាជាតា!