លោក​ហ៊ុន សែន​​ក្រើនរំលឹក​​ជា​​ថ្មី​​ឲ្យ​​ពលរដ្ឋ​​ការពារ​​ខ្លួន​​ពី​​គ្រោះ​ថ្នាក់​​ចរាចរណ៍​

02-06-2015 5:12 pm 3030

​ថ្លែង​នៅក្នុង​ឪ​កាស​បើកសម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវជាតិលេខ​៤១ នៅ​ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​០២​មិថុនា​លោក​ហ៊ុន សែន​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ថ្មី​ម្តងទៀត ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​។​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​រូបនេះ បាន​បន្តថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​មួយ​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​និង​គួរ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​លោក​ហ៊ុន សែន ជំរុញ​អោយ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាច​រណ៍ និង​គោរព​អាយុជីវិត​ខ្លួនឯង​ជា​ចំបង ដើម្បី​ជៀសអោយផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍​។​

សំឡេង លោក​ហ៊ុន សែន


​ដោយ​មើលឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​នាពេល​បច្ចុប្បន្ន មាន​ការកើនឡើង គួរឲ្យកត់សំគាល់ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ជំរុញ​ឲ្យ​គ្រួ​បង្គោល​នគរបាល​ចរាច​រណ៍​រាជធានី ក៏ដូចជា​គ្រូ​ថ្នាក់ជាតិ ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​ផ្សព្វផ្សាយ​ដល់​នគរបាល​ចរាចរណ៍​ពិសេស គឺ​ប្រជាពលរដ្ឋ ឲ្យបាន​យល់ដឹង​ដើម្បី​កាត់បន្ថយ​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យបាន​ប្រសើរ​ឡើង​។ បើ​តាម​ការ​ឲ្យដឹង​ពី​លោក​ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នឹង​កាត់បន្ថយ​បើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ត្រូវ​ផ្សារភ្ជាប់​នឹង​ការអនុវត្ត និង​ការសហការ​ពី​ប្រជាពលរដ្ឋ​។​ប៉ុន្តែ​បច្ចុប្បន្ន​នេះ អគ្គស្នងការ​នគរបាល​ជាតិ​កំពុង​តែ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​ខ្លាំងក្លា​ជាង​មុន​។​អ្វីខ្លះ​ជា​ផែនការ​របស់ អគ្គស្នងការ​នគរបាល​ជាតិ​?​សូម​ស្តាប់​ប្រសាសន៍​លោក លោក​ហ៊ឹម យ៉ាន​៖


​សំឡេង លោក​ហ៊ឹម យ៉ាន​


​បន្ថែម​លើ​ការប្តេជ្ញា និង​ជំរុញ​ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក​ហ៊ុន សែន​មានប្រសាសន៍​អោយដឹងថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​អោយមាន​ប្រសិទ្ធិភាព គឺ​ត្រូវតែ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​តឹងរឹង​ជាមួយ​ភាគី​ពាក់ព័ន្ធ ជាពិសេស​គឺ​ការចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​

សំឡេង លោក​ហ៊ុន សែន


​លោក​ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ​បានឲ្យដឹងថា ទោះបីជា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​បាន​បង្កើតឡើង​រួចរាល់​ហើយ​ក្តី ទោះបីជា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​មាន​ការ​រឹង​បន្តឹង​បែបណាក៏ដោយ បើ​គ្មាន​ការសហការ​ពេញដៃពេញជើង​ពី​ប្រជាពលរដ្ឋ​នោះទេ គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា ក៏​មិន​អាច​កាត់បន្ថយ​បានឡើយ​។ ដូចនេះ លោក​ហ៊ឹម យ៉ាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវការពារ​ជីវិត​ខ្លួនឯង​អោយបាន​គ្រប់ពេលវេលា និង​គោរព​ច្បាប់​ចរាចរណ៍​ផងដែរ​។​

 

​សំឡេង លោក​ហ៊ឹម យ៉ាន​


​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​បញ្ជាក់​អោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍ បាន​សម្លាប់​មនុស្ស​៤១៧​នាក់ គិត​ត្រឹម​រយៈពេល​តែ​២​ខែ​ដើមឆ្នាំ​២០១៥ ពោល​គឺ​ខែ​មករា និង​ខែកុម្ភៈ​ក្នុងចំនោម​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​៨៨៤​ករណី​។​ក្នុងចំនោម​គ្រោះថ្នាក់​ចរាចណ៍​៨៨៤​ករណី មាន​អ្នករងរបួស​ធ្ងន់​៧៨៨​នាក់ អ្នករងរបួស​ស្រាល​៧៩២​នាក់​៕

ព័ត៌មានផ្សេងទៀត