នៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ លោកហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំប្រជុំពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ជាការប្រជុំដើម្បីត្រៀមដាក់បញ្ជូនទៅរដ្ឋសភាធ្វើការអនុម័តនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ទាក់ទងសេចក្តីព្រាងច្បាប់នេះ ក្រុមអង្គការ សង្គមស៊ិវិលមួយចំនួនបានស្នើឲ្យរាជរដ្ឋាភិបាល បញ្ឈប់ការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងទាមទារឲ្យមានការចូលរួចផ្តល់មតិយោបល់ពីសង្គមស៊ីវិល និងទាមទារឲ្យរដ្ឋាភិបាលបង្ហាញសេចក្តីព្រាងច្បាប់នេះ ជាសាធារណៈ។
យោងតាមលោកផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់សារព័ត៌មានថា ច្បាប់ស្តីពីសមាគម និងអង្គការមមិនមែនរដ្ឋាភិបាល គឺការពារអង្គការសង្គមស៊ីវិល ដើម្បីប្រាសចាកពីការរំលោភរបស់បុគ្គល។ សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺមានគោលបំណងធានា ការពារសិទ្ធសេរីភាព និងលើកកម្ពស់ចលនាបង្កើតសមាគម អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូររវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយរាជរដ្ឋាភិបាលកម្ពុជា។
អង្គការ សមាគម មិនមែនរដ្ឋាភិបាល ដែលកំពុងតែធ្វើសកម្មភាពនៅកម្ពុជា តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន បានចុះបញ្ជីនៅក្រសួងមហាផ្ទៃមមានចំនួន សរុប ៤.៤៩៧ ក្នុងនោះមានសមាគមចំនួន ១.៧៣៩ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ២.៧៥៨។កាលពីពេលថ្មីទនេះ ឈាង វុន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន រឺជាដែលជាគណៈកម្មការទី៥នៃរដ្ឋសភាបានបញ្ជាក់ថា រហូតមកដល់ពេលនេះ សេចក្តីព្រាងច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាលនៅមិនទាន់មកដល់រដ្ឋសភា។តាមនីតិវិធីរាល់សេចក្តីព្រាងច្បាប់នីមួយៗ ត្រូវឆ្លងកាត់ការប្រជុំគណៈអចិន្ត្រៃ បន្ទាប់មក គណៈអចិន្ត្រៃនិងប្រគល់ទៅអោយគណៈកម្មការជំនាញណាមួយត្រួតពិនិត្យបន្ត មុននឹងប្រគល់ ទៅអោយរដ្ឋសភាពិនិត្យ និងអនុម័ត។
លោកឈាង វុន បន្តថាលោកមិនអាចឆ្លើយបានថា សេចក្តីព្រាងច្បាប់នេះ នឹងមកដល់រដ្ឋសភានៅពេលណានៅឡើយទេ។ហើយលោកក៏មិនអាចបញ្ជាក់ថា សេចក្តីព្រាងច្បាប់មួយនេះ អាចស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយ ក្រុមការងារ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរឺយ៉ាងណាឡើយ។ ចម្លើយគឺត្រូវរង់ចាំ ការសម្រេចពី គណៈអចិន្ត្រៃជាមុនសិន។ប៉ុន្តែបើសិនជា ក្រុមការងារ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានជាអ្នកត្រួតពិនិត្យ លោកនឹងធ្វើដូចអ្វីដែលបានសន្យាជាមួយក្រុមអង្គការសង្គមស៊ីវិល។ លោកឈាង វុនថា នឹងមានការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រុមសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរមតិយោបល់អោយគ្នាទៅវិញទៅមកលើសេចក្តីព្រាងច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាលដ៏ចម្រូងចម្រាសមួយនេះ។
កាលពីពេលថ្មីៗនេះ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា(CCC) បានដាក់សំណើនេះទៅកាន់ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា លោក ឈាង វុន ដែលមកពីគណបក្សប្រជាជនកម្ពុជា។ យោងតាមលិខិតនេះ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ចង់ឲ្យគណៈកម្មការទី៥នៃរដ្ឋសភាជូនដំណឹងមកសង្គមស៊ីវិលវិញនៅពេលដែលសេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ជូនមកដល់គណៈកម្មការទី៥។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងថាច្បាប់ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនឹងត្រូវឆ្លងគណៈរដ្ឋមន្ត្រី ក្នុងខែឧសភា ឆ្នាំ២០១៥ខាងមុខនេះ។
គម្រោងពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងច្បាប់នេះ គឺខណៈពេលដែល ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ គ្រោងនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា។ នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកឧបការីរង រដម្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងជួបជាមួយមន្ត្រីរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីពិភាក្សាបញ្ហាមួយចំនួន ដូចជាពង្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាល សិទ្ធិការងារ និងប្រធានបទផ្សេងទៀត ទាក់ទងនឹងសិទ្ធិមនុស្ស។
សេចក្តីព្រាងច្បាប់នេះ ក្រសួងមហាផ្ទៃបានដាក់ឲ្យមានការពិភាក្សាពិគ្រោះយោបល់ជាសាធារណៈនៅក្នុងអង្គសិក្ខាសាលាថ្នាក់ជាតិ ដែលមានតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិចូលរួម។ ហើយនៅមុនពេលធ្វើសិក្ខាសាលា និងក្រោយពេលធ្វើសិក្ខាសាលា ក្រុមការងារក្រសួងមហាផ្ទៃបានជួបពិភាក្សាដោយឡែកជាមួយតំណាងសមាគម និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាមួយតំណាងស្ថានទូតមួយចំនួន និងជាមួយតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចំនួន៣លើក, ជាមួយតំណាងស្ថានទូតជប៉ុនចំនួន២លើក, តំណាងសហគមន៍អឺរ៉ុប ចំនួន១លើក តំណាងអង្គការសមាគម មានអង្គការមេឌីខាំ NGOs Forum CCC ចំនួន៥លើក,តំណាងទូតចិនចំនួន១លើក តំណាងស្ថានទូតអាមេរិកចំនួន១លើក អូស្ត្រាលីចំនួន១លើកនិងសហគមន៍អឺរ៉ុបចំនួន១លើកនិងតំណាងអង្គការផ្សេងៗជាច្រើន។ ជារួមរាល់កិច្ចពិភាក្សា ជាមួយតំណាងស្ថានទូត និងតំណាងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ បានប្រព្រឹត្តទៅយ៉ាងរលូន ហើយមានការយល់ស្របគ្នាស្ទើរគ្រប់បញ្ហាដែលបានលើកឡើងផងដែរ៕