បាតុកម្ម​​កម្មករ​អូស​រទេះ​នៅ​​ប៉ោយប៉ែ​​ត​​ផ្ទុះ​​ហិង្សា​​ស្លាប់​​កម្មករ​​ម្នាក់​និង​​របួស​ធ្ងន់​​ម្នាក់​​

25-05-2015 5:23 pm 2753

​ស្ថានភាព​បាតុកម្ម​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ហើយ រហូត​ឈានដល់​ការស្លាប់​កម្មករ​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ហ៊ាន ត្រេ​ន តំណាង​កម្មករ​ម្នាក់​ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​វា​យោ​។ តំណាង​កម្មករ​ដដែល​បានឲ្យដឹងថា កម្មករ​ដែល​ស្លាប់ ដោយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច រហូត​ឈានដល់​ការផ្ទុះអាវុធ​គំរាម​ជាង ១០​គ្រាប់ ។​បន្ទាប់ពី​មាន​ការស្លាប់ កម្មករ​ក៏​បាន​ការ​ដុត​កង់ឡាន​នៅខាងមុខ​ទីស្នាក់ការ​គយ និង​បាន​សំរុកចូល​បំផ្លាញ​ទីស្នាក់ការ​គយ​ដោយ​ប្រើ​ដំ​ថ្មរ​គប់​បំផ្លាញ​រថយន្ត​និង​បំផ្លាញ​អាគារ​ស្នាក់ការ​គយ​ខូចខាត​ជា​ច្រើន​។​

 

សំឡេង​តំណាង​កម្មករ​៖

 

​ជា​ការកត់សម្គាល់ មកទល់ពេលនេះ​បាតុកម្ម​បាន​ផ្អាក​សកម្មភាព​ហើយ ដោយសារ​តែ​កម្លាំង​សមត្ថកិច្ច​បាន​ដេញ​បាញ់​កម្មករ​ឲ្យ​រត់​ខ្ចាត់ខ្ចាយ​អស់​។  តំណាង​កម្មករ​រូបនោះ​បានឲ្យដឹង​ទៀតថា ប្រសិនបើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​នោះទេ ពួកគេ​និង​លើក​យក​សាកសព​កម្មក​រ​ដែល​បាន​ស្លាប់​មក​ដាក់​នៅ​មុខ​ស្នាក់ការ​គយ ដើម្បី​បន្ត​ធ្វើ​បាតុកម្ម​ជា​បន្ត​ទៀត ។​

 

​សូម​ជម្រាប​ផងដែរ​ថា បាតុកម្ម​នេះ​កើតឡើង​ដោយសារ​តែ​មន្ត្រី​គយ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នោះ​បាន​គាប់​ទារ​ប្រាក់​ពន្ធ​ពី​កម្មករ​ដែល​ធ្វើការ​នៅ​ទីនោះ​ហួស​ពី​ប្រាក់កម្រៃ​ដែល​កម្មករ​រកបាន​។ តំណាង​កម្មករ​បាន​និយាយថា លោក​ឈួន ហៃ ដែល​ជា​ប្រធាន​គយ បាន​ធ្វើបាប​ដល់​កម្មក​រ​ដោយ​ចាប់​ទំនិញ និង​ផាកពិន័យ រហូតដល់​៣០ ទៅ​៤០​ម៉ឺន​រៀល ដែល​ចំនួន​នេះ​ច្រើន​ជាង​ការដឹកជញ្ជូន​ឥ​វ៉ាន់​របស់​កម្មករ​ទៅទៀត​។ ដូច្នេះ​ហើយ​ក្រុម​កម្មករ​ក៏​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​នេះ​តែម្ដង​។

 

សំឡេង​តំណាង​កម្មករ​៖

 

​ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​យើង​មិនអាច​ទាក់ទង​ជាមួយ​មន្ត្រី​គយ​ប្រចាំ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​បាន​នោះ​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា​ខណៈ​នេះ​កំពុងតែ​រវល់​ដោះស្រាយ​ករណី​បាតុកម្ម​មួយ​នេះ​។
​កម្មករ​ប្រមាណ​ជាង​១០០​នាក់ បាន​ចាប់ផ្ដើម​ឡើង​តាំងពី​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៥ ខែ​ឧសភា នៅខាងមុខ​ទីស្នាក់ការ​គយ​ក្រុង​ប៉ោយប៉ែត ដែល​ជំហាន​ដំបូង​គ្រាន់តែ​ជា​បាតុកម្ម​ដោយ​អហិង្សា​តែប៉ុណ្ណោះ ប៉ុន្តែ​រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​ក៏​មាន​ការផ្ទុះអាវុធ​កើតឡើង​ពី​សំណាក់​កងកម្លាំង​ប៉េអឹម និង​បាន​ធ្វើឲ្យ​មាន​ករណី​ហិង្សា​កើតឡើង​ជា​បន្តបន្ទាប់​ពី​ក្រុមបាតុករ ដែល​មាន​ដូច​ជា​ការដុត​ពូក ដុត​កង់ឡាន និង​បាន​ប្រើ​ដុំថ្ម​គប់​ចូល​ទៅក្នុង​ទីស្នាក់ការ​គយ​ដែល​ធ្វើឲ្យ​មាន​ការខូចខាត​យ៉ាងដំណំ​៕

(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត